ចន្លោះឆ្នាំ១៩០០មុន
គ.ស មនុស្សដែលរស់នៅតំបន់ជ្រលងភ្នំឥណ្ឌូស(Indus) បានផ្តើមបោះបង់ទីក្រុង និងភូមិនានារបស់ខ្លួន។ តើបណ្តាលមកពីមូលហេតុអ្វី
បានជាបណ្ដាលឱ្យពួកគេចាកចេញ ពីទីដែលខ្លួនបានចំណាយពេលរស់យ៉ាងយូរ ហើយផ្លាស់ទៅទីកន្លែងថ្មីបែបនោះ?
បុរាណវិទូបានធ្វើការបកស្រាយ
ដោយសំអាងទៅលើហេតុផលសំខាន់ៗមួយចំនួនថា មូលហេតុដែលពួកគេបោះបង់ទីតាំងកំណើតរបស់ពួកគេបែបនេះ
ក៏ដោយសារតែនៅប៉ុន្មានរយឆ្នាំចុងក្រោយនោះ នៅទីនោះចេះតែខ្សោះទឹកភ្លៀង ពីមួយឆ្នាំទៅមួយឆ្នាំ
ហើយបញ្ហានេះក៏បានធ្វើឱ្យដំណាំរបស់ពួកគេខូចខាត រហូតធ្វើឱ្យប្រជាជនដែលរស់នៅទីនោះ ត្រូវរស់នៅដោយភាពអត់ឃ្លាន។
ការរញ្ជួយដី និងទឹកជំនន់ បណ្តាលឱ្យមនុស្សស្លាប់អស់ជាច្រើននាក់ ចំណែកទន្លេឥណ្ឌូស ក៏មិនអាចផ្តល់ការផ្គត់ផ្គង់ពួកគេតទៅទៀតបានគ្រប់គ្រាន់។
បញ្ហាធំៗទាំងនេះហើយ បានធ្វើឱ្យក្រុមមនុស្សដែលគេបានហៅថា អារ្យាន់ ចាប់ផ្តើមធ្វើដំណើរទៅរកទីតាំងថ្មី។
ស្របពេលជាមួយគ្នានាពេលនោះ ការរួមបញ្ចូលគ្នានៃជនជាតិថ្មីក៏ផ្តើមកើតមានឡើង។
អម្បូរនៃពួក
អារ្យាន់ មិនត្រូវបានគេចាត់ទុកថាជាជាតិសាសន៍ ឬក្រុមជនជាតិភាគតិចអ្វីនោះទេ។ ប៉ុន្តែ
ផ្អែកតាមលោក ចូស៍សៅ ជេ ម៉ាក់ (Joshua
J. Mark) បានពន្យល់ថា
ពាក្យ អារ្យាន់ មានន័យស្មើនឹង ស៊ីវីល័យ ឬអភិជន ឬ អ្នកជា។ ប្រវត្តិវិទូជាច្រើនជឿជាក់ថា
ភាសានៃអម្បូរអារ្យាន់ ជាផ្នែកដ៏ធំមួយ នៃក្រុមភាសាមួយដែលត្រូវបានគេស្គាល់ថា ក្រុមភាសាឥណ្ឌូ-អឺរ៉ុប។ អម្បូរគ្រួសារភាសា គឺជាក្រុមមួយដែលមានន័យថា ការនិយាយមានលក្ខណៈស្រដៀងគ្នា។
ភាសាជាច្រើនរបស់ជនជាតិឥណ្ឌាជាច្រើន តួយ៉ាងដូចជាភាសា ហិនឌី (Hindi) គឺសុទ្ធតែជាផ្នែកមួយនៃអម្បូរក្រុមភាសា
ឥណ្ឌូ-អឺរ៉ុប។ មានភាសាអឺរ៉ុបជាច្រើន រួមទាំងភាសាអង់គ្លេសផង ក៏ជាផ្នែកមួយនៃអម្បូរភាសា
ឥណ្ឌូ-អឺរ៉ុបដូចគ្នា។ ភាសារបស់អម្បូរអារ្យាន់ ជាប្រភពដើមនៃភាសាឥណ្ឌូ-អឺរ៉ុប។
អម្បូរនៃក្រុមមនុស្ស
ឥណ្ឌូ-អឺរ៉ុប បានរស់នៅក្នុងអាស៊ីកណ្តាល ប៉ុន្តែក្រោយមកពួកគេក៏បានធ្វើអន្តោប្រវេសន៍
ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត។ ពួកគេខ្លះក៏បានទៅបោះទីតាំងថ្មីនៅអឺរ៉ុបប៉ែកខាងលិច
ឬនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់សព្វថ្ងៃ។ ចំណែកអម្បូរនៃក្រុម អារ្យាន់វិញ បានទៅតាំងទីលំនៅថ្មីនៅឥណ្ឌា។
ចំពោះអម្បូរនៃក្រុមមនុស្ស ឥណ្ឌូ-អឺរ៉ុប និងអម្បូរនៃក្រុម អារ្យាន់ មានលក្ខណៈដូចគ្នានៅត្រង់ថា
ពួកគេចេះចិញ្ចឹមគោ ក្របី ដើម្បីកាប់យកសាច់ យកទឹកដោះគោ និងចេះធ្វើទៅជាប៊័រជាដើម។ ជាតិពិន្ធុទាំងនេះ
បានធ្វើការផ្លាស់ប្តូរទីតាំងពីមួយកន្លែងទៅមួយកន្លែង ដើម្បីស្វែងរកវាលស្មៅ និងទឹក ដើម្បីសត្វចិញ្ចឹមរបស់ពួកគេ។
ចំណែកក្រុមអម្បូរអារ្យាន់ មានជំនាញពិសេសដូចជា ពូកែខាងប្រណាំងសេះ និងប្រមាញ់ ប្រៀបបាននឹងអ្នកចម្បាំងដ៏កាចសាហាវថែមទៀត។
ពេលខ្លះពួកនេះ តែងធ្វើការវាយឆ្មក់ទៅលើភូមិនានា ដែលនៅក្បែរទីតាំងរបស់ខ្លួន ដើម្បីប្លន់យកស្បៀងអាហារ។
ចន្លោះពីឆ្នាំ១៥០០
ដល់ឆ្នាំ១០០០មុន គ.ស ក្រុមអារ្យាន់ ត្រូវបានបញ្ឈប់ មិនឱ្យធ្វើអន្តោប្រវេសន៍មកប្រទេសឥណ្ឌាតទៅទៀត។
អម្បូរទាំងនេះបានរួមបញ្ចូល ជាមួយនឹងសាច់ញាតិរបស់ពួកគេ គឺក្រុមមនុស្សដែលរស់នៅក្នុងជ្រលងភ្នំ
ឥណ្ឌូស។ ជាមួយគ្នានោះ
ពួកគេបានបង្កើតនូវវប្បធម៌ថ្មីមួយ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ បានធ្វើឱ្យក្រុមអារ្យាន់នេះ
សម្របខ្លួនជាមួយនឹងជីវិតថ្មី។ ពួកគេបានបង្កបង្កើតទីលំនៅមួយកន្លែង ហើយបានប្រែក្លាយខ្លួនទៅជាកសិករ។
ទោះជាបែបនេះក្តី ពួកគេនៅតែចិញ្ចឹមសត្វ ដែលជាទម្លាប់ចាស់របស់គេដដែល។ ប៉ុន្តែ
ពួគេបានយល់ឃើញថា សត្វគោជាសត្វដ៏ពិសិដ្ឋ ហើយពួកនេះក៏ហាមឃាត់ការបរិភោគសត្វគោជាអាហារ។
ពួកអារ្យាន់
បានយកដែកមកបង្កើតជាសម្ភារៈប្រើប្រាស់ជាច្រើន ដើម្បីកាប់ឆ្ការព្រៃបង្កើតធ្វើជាកសិដ្ឋាន។
ជាងនេះទៀត ពួកគេក៏ចេះបង្កើតប្រព័ន្ធធារាសាស្រ្តថែមទៀត។ បន្តិចម្តងៗ ដីនៅត្រង់ទន្លេហ្គែង
(Ganges River) បានក្លាយទៅជាទីតាំង នៃដំណាំកសិកម្មដ៏មានសក្តានុពល។ ចំណែកនៅភាគខាងជើង កសិករបានដាំគ្រាប់ធុញ្ញជាតិ
មានដូចជាស្រូវសាឡី និងដំណាំនានាជាច្រើនប្រភេទទៀត។ គ្រាប់ធុញ្ញជាតិម្យ៉ាងដែលគេឱ្យឈ្មោះថា
Millet បានក្លាយជាអាហារដ៏សំខាន់មួយក្នុងពិភពលោក។
ស្រូវត្រូវបានកសិករដាំដុះនៅក្បែរស្ទឹង
ដែលដីនៅទីនោះសម្បូរទៅដោយជីវជាតិ។ ចំណែកនៅប៉ែកខាងត្បូង កសិករបានដាំដុះគ្រាប់ធុញ្ញជាតិជាច្រើនប្រភេទដូចជា
កប្បាស បន្លែ ម្ទេស ខ្ញី និងដើមស៊ីណាម៉ុន (cinnamon ឈើអែម)។
ពួកអារ្យាន់
រស់នៅក្នុងលក្ខណៈជាកុលសម្ព័ន្ធ។ ក្នុងកុលសម្ព័ន្ធនីមួយៗ ដឹកនាំដោយមេដឹកនាំម្នាក់
ដែលគេហៅថា រាជា (raja) ឬស្តេច។ ស្តេចទាំងនោះបានបង្កើតនូវរាជាណាចក្រតូចៗ
ហើយរាជាណាចក្រតូចៗទាំងនោះ ជាទូទៅតែងច្បាំងគ្នា ដោយអ្នកឈ្នះទទួលបានទ្រព្យសម្បត្តិ
ពីក្រុមម្ខាងទៀតដូចជាសត្វគោ ក្របី រតនៈសម្បត្តិមានតម្លៃនានា ព្រមទាំងអាចកាន់កាប់ដែនដីនោះផងក៏មាន។
ដូចទៅនឹងចរកជនដទៃទៀតដែរ
ពួកអារ្យាន់គ្មានអក្សរសម្រាប់ប្រើប្រាស់ឡើយ។ ប៉ុន្តែ ក្រោយពីពួកគេបានតាំងទីលំនៅពិតប្រាកដ
ទើបពួកគេបានបង្កើតអក្សរ សម្រាប់ធ្វើការកត់ត្រា ដែលអក្សរនោះមានឈ្មោះថា សំស្រ្កឹត
(Sangkrit)។ ភាសាសំស្រ្កឹតនេះបានកត់ចំណាំ នូវរាល់សកម្មភាពផ្សេងៗដូចជា
ការលក់ដូរ ពាណិជ្ជកម្ម និងម្ចាស់កម្មសិទ្ធិដីធ្លីជាដើម។ ក្រោយមកទៀត ពួកអារ្យាន់ បានចារទុកនូវបទចម្រៀង
សម្រាប់ច្រៀងថ្វាយអាទិទេព រឿងរ៉ាវនានា កំណាព្យ និងពាក្យសម្រាប់បែរបន់សុំសេចក្តីសុខចម្រើនជាដើម
សុទ្ធតែត្រូវបានសរសេរទុក ជាភាសាសំស្រ្កឹត។ បន្ទាប់មកទៀត ពួកគេបានធ្វើការកត់ចំណាំ
និងប្រមូលចងក្រងអត្ថបទសំខាន់ៗជាច្រើនទៀត ដែលគេហៅថា គម្ពីវេទ (Vedas)។ គម្ពីរវេទនៅបន្តអត្ថិភាព
រហូតមកដល់សព្វថ្ងៃនេះនៅឡើយ។ ចំពោះការបន់ស្រន់នៅក្នុងគម្ពីរវេទ គឺជាថ្វាយដង្វាយដល់អាទិទេព
ដើម្បីសុំឱ្យអាទិទេពជួយផ្តល់សេចក្តីសុខចម្រើនដល់ពួកគេ៕
ស្ដាប់អត្ថបទទាំងស្រុងជាសំឡេង៖ សូមចុចនៅទីនេះ