ទឹកគឺជាអំណោយដ៏វិសេសវិសាលពីធម្មជាតិ ដែលបានផ្តល់ចំពោះជីវិតទាំងអស់នៅលើផែនដី។ ទឹកបានដើរតួនាទីគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។
គ្រប់សកម្មភាពទាំងអស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកយើង
ទាំងនៅកន្លែងការងារ
ផ្ទះសម្បែង កសិកម្ម ឧស្សាហកម្មជាដើមសុទ្ធតែត្រូវការទឹក។ ក្នុងរាងកាយរបស់មនុស្សសត្វ មានបរិមាណទឹករហូតដល់ទៅពីរភាគបីឯណោះ។
ផ្អែកតាមស្ថាប័នស្រាវជ្រាវមួយរបស់អាមេរិកឈ្មោះ U.S. Geological Survey បានបង្ហាញរបាយការណ៍របស់ខ្លួន និងដែលត្រូវបានយកមកចុះផ្សាយដោយគេហទំព័រ
livescience.com កាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១០
កន្លងទៅនេះថា លើផែនដីយើងនេះមានប្រមាណជា៩៧%ត្រូវបានគ្របដណ្តប់ដោយដែនទឹក(ទឹកសមុទ្រ)។ ចំណែកឯទឹកសាបដែលមានមិនដល់៣%ផងនោះវិញមានប្រមាណជា៧០%
នៃទឹកនោះស្ថិតនៅក្នុងផ្ទាំងទឹកកក។ មានប្រទេសចំនួន៦ដែលត្រូវបានចាត់ទុក ថាមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់
និងផ្គត់ផ្គង់តម្រូវការនានា រួមមានប្រទេស ប្រេស៊ីល កាណាដា ឥណ្ឌូនេស៊ី រុស្ស៊ី ចិន និង កូឡុំបៀ។ ទឹកស្អាតក្នុងពិភពលោកមានត្រឹមតែ
២,៥% ប៉ុណ្ណោះ ហើយទឹកដែលអាចប្រើប្រាស់បានមានត្រឹមតែប្រហែលជា១%។ សព្វថ្ងៃនេះ
បរិមាណទឹកសាបប្រមាណ០,០០៧% អាចចឹញ្ចឹមមនុស្សបានប្រមាណជា៦,៨ពាន់លាននាក់។
នេះបើផ្អែកតាម Nationalgeographic.com។
ទោះបីជាផែនដីមានបរិមាណទឹកសាប និងទឹកប្រៃច្រើនបែបនេះក៏ដោយ
ក៏សព្វថ្ងៃនេះការខ្វះទឹកសាបស្អាតប្រើប្រាស់បែរជាកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោកទៅវិញ ជាពិសេសនៅតំបន់អាហ្រ្វិក ការខ្វះខាតទឹកបានក្លាយជាបញ្ហាប្រឈមប្រចាំថ្ងៃរបស់ពួកគេទៅហើយ។ ផ្អែកតាម cfr.org ចេញផ្សាយកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៦កន្លងទៅបង្ហាញថា ប្រជាជនអាហ្រ្វិក៦៤%ប្រើប្រាស់ទឹកមានកំណត់។
ផ្ទៃដីដាំដុះនៅអាហ្វ្រិកប្រមាណជា៤០%ខ្វះខាតទឹកស្រោចស្រពជារៀងរាល់ឆ្នាំ ចំណែកឯប្រជាជនប្រមាណជា២៥%ពុំមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ឡើយ។
ទន្ទឹមគ្នានេះ ប្រទេសដែលមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់មួយចំនួនទំនងជាមិនទាន់យល់ដឹងច្បាស់ពីសារៈសំខាន់នៃទឹកនៅឡើយ ហើយពួកគេក៏មិនធ្លាប់ដែលប្រឈមនឹងការខ្វះទឹកប្រើប្រាស់
ទើបពួកគេប្រើប្រាស់ទឹកដែលពួកគេមានយ៉ាងខ្ជះខ្ជាយជារៀងរាល់ថ្ងៃ ក្នុងសកម្មភាពខ្លះៗដែលមិនចាំបាច់ទាល់តែសោះ។
ថ្វីត្បិតថាទឹកគ្របដណ្ដប់ភាគច្រើន
លើផ្ទៃពិភពលោកក៏ពិតមែន ប៉ុន្ដែទឹកសាបមានប្រហែលតែប្រមាណជាជាង២%ឬតិចជាងនេះប៉ុណ្ណោះ។ កង្វះទឹកសាបប្រើប្រាស់កំពុងតែកើតមានទាំងបច្ចុប្បន្ន
និងបន្ដកាន់តែធ្ងន់ធ្ងរទៅៗនាអនាគតដ៏ខ្លីខាងមុខ ហើយបញ្ហានេះត្រូវបានលើកឡើងជាប្រធានបទនៃការពិភាក្សាជាបន្ដបន្ទាប់ ដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗចាត់វិធានការណ៍ក្នុងការប្រើប្រាស់គោលនយោបាយទឹកប្រកបដោយនិរន្តភាព
ដើម្បីការពារការជួបប្រទះនូវប្រឈមក្នុងថ្ងៃអនាគត។
ដោយឡែក កិច្ចប្រជុំនានាពាក់ព័ន្ធទៅនឹងការអាស្រ័យផលទឹក ក៏ត្រូវបានធ្វើឡើងស្ទើរជារៀងរាល់ឆ្នាំ
ដោយប្រទេសដែលនៅជាប់ដងទន្លេមេគង្គ។ ប្រជាជនចំនួន៦០លាននាក់ កំពុងតែរស់នៅនិងទទួលបានផលប្រយោជន៍ពីទន្លេនេះ។
ចំពោះប្រទេសកម្ពុជា មានប្រជាជនប្រមាណជា៤០%កំពុងតែអាស្រ័យផលពីបឹងទន្លេសាប ក្នុងនោះទន្លេមេគង្គកម្ពុជា
ក៏នឹងទទួលបានទឹកប្រមាណជា បីភាគបួន (៣/៤) ពីប្រទេសឡាវ សម្រាប់ប្រយោជន៍សហគមន៍ ដែលរស់នៅតាមដងទន្លេនោះ។
នេះបើយោងតាមរបាយការណ៍មួយមានចំណង ជើងថា ”The Mekong River and People’s livelihood”។
យើងមានប្រភពទឹកសាបតិចតួចស្រាប់ទៅហើយ
ហើយយើងនៅត្រូវមកប្រឈមមុខនឹងបញ្ហាកង្វះទឹក
ដោយសារតែឥទ្ធិពលអវិជ្ជមាន នៃបញ្ហាប្រែប្រួលអាកាសធាតុ(ការឡើងកម្ដៅភពផែនដី) និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗមិនឈប់ថែមទៀត ដែលការណ៍នេះកាន់តែសំលៀងបញ្ហានៃការខ្វះទឹកស្អាតប្រើប្រាស់ឲ្យកាន់តែស្រួចស្រាល់ទៅៗ។
ផ្អែកតាម CDC បង្ហាញថា មនុស្សប្រមាណជា ៧៨០លាននាក់លើពិភពលោកយើងនេះ មិនទទួលបានលទ្ធភាពប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ឡើយ
ហើយមនុស្សប្រមាណជា២,៥លាននាក់ ពុំទទួលបានអនាម័យប្រសើរឡើយ។ ទោះបីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ
បានដាក់ចេញដោយកំណត់ថា ត្រឹមឆ្នាំ ២០១៥ វិបត្តិកង្វះទឹកស្អាតប្រើប្រាស់ នឹងត្រូវលុបបំបាត់ឲ្យបានក្ដី
ក៏ប៉ុន្តែបញ្ហាទាំងនេះ នៅតែជាបញ្ហាប្រឈមដដែល។ ប្រជាជនប្រមាណជា
៧៩០ លាននាក់ (ស្មើនឹង ១១% នៃចំនួនប្រជាជនក្នុងពិភពលោក) ពុំទទួលបានការផ្គត់ផ្គង់ទឹកស្អាតឡើយ។
ចំណែកប្រជាជន ១,៨ លាននាក់ (ស្មើនឹង ២៥% នៃចំនួនប្រជាជនក្នុងពិភពលោក)
កំពុងតែរស់នៅដោយគ្មានអនាម័យ។ បើតាម
World Economic Forum បង្ហាញ ថាពីទសវត្សឆ្នាំ១៩៩០ដល់ឆ្នាំ២០១២ តម្រូវការទឹកស្អាតមានការកើនឡើង ពីចន្លោះ
៧៦%ទៅ ៧៩% ឯណោះ។ ចំណែករបាយការណ៍របស់អង្គការសុខភាពពិភពលោក(WHO)
បានផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅបញ្ជាក់ថាមនុស្សប្រមាណ២,១ពាន់លាននាក់ក្នុងពិភពលោកពុំមានលទ្ធភាពប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់ឡើយ។
បញ្ហាកង្វះទឹកសាប មុខជានឹងកើតឡើង ខណៈពេលដែលចំនួនប្រជាជនកំពុងតែបន្ដកើនឡើង
ទើបតម្រូវការទឹកក៏កើនឡើងដូចគ្នា ព្រមជាមួយនឹងកង្វះការការពារដែលប្រកបដោយប្រសិទ្ធភាព។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសនានាក្នុងលោក នាំឱ្យមានតម្រូវការទឹកកាន់តែខ្លាំង ទាំងក្នុងវិស័យឧស្សាហកម្ម
កសិកម្ម និងវិស័យផ្សេងទៀត ហើយវាក៏កំពុងតែធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងទាំងបរិមាណ
និងគុណភាពទឹកថែមទៀត។
វេលានេះយើងគួរតែចូលរួមគ្នា
ចាត់វិធានការណ៍មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ តាមដែលអាចធ្វើទៅបានហើយ។
ការសន្សំសំចៃទឹកតាមវិធីអភិរក្ស ជាវិធីល្អមួយ ដោយយើងរួមគ្នាប្រើប្រាស់ទឹកដោយសន្សំសំចៃ
និងរួមគ្នាការពារប្រភពទឹកសាបដែលមានស្រាប់ ដើម្បីបំពេញតម្រូវការប្រើប្រាស់ទាំងពេលបច្ចុប្បន្ន និងអនាគត។
ដើម្បីធានាឲ្យមនុស្សជំនាន់ក្រោយ មានឱកាសមានទឹកស្អាតប្រើប្រាស់ ដូចដែលយើងកំពុងតែមានប្រើសព្វថ្ងៃនេះដែរ
យើងគ្រប់គ្នាដែលជាមនុស្សជំនាន់នេះ ដែលនឹងក្លាយជាដូនតាគេនាអនាគត ត្រូវតែចូលរួមគ្នាការពារប្រភពទឹកដែលមានស្រាប់
ដោយការទទួលខុសត្រូវខ្ពស់។ នេះជាការទទួលខុសត្រូវមួយរបស់យើង ដែលត្រូវធានានិរន្ដភាពនៃការប្រើប្រាស់ទឹក
ដល់មនុស្សជំនាន់ក្រោយ។
ប្រសិនបើយើងមិនចាត់វិធានការណ៍ការពារ
និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា
និងមានប្រសិទ្ធភាពទេ នោះកង្វះទឹកសាបមុខជានឹងក្លាយជាបញ្ហាប្រឈមកាន់តែខ្លាំង
នាអនាគតដ៏ខ្លីខាងមុខមិនខានឡើយ។
ការមិនកាប់បំផ្លាញព្រៃឈើ ការមិនបំផ្លាញដែនជំរកសត្វព្រៃ ទាំងក្នុង និងលើទឹក ការមិនបង្ហូរសារជាតិពុលចូលក្នុងស្ទឹង
បឹង ទន្លេជាដើម ជាវិធីដ៏ល្អមួយ ក្នុងការចូលរួមថែរក្សាប្រភពទឹកដែលមានស្រាប់។ រីឯក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើងវិញ គប្បីប្រើប្រាស់ទឹកដោយសន្សំសំចៃ
រួមទាំងការបោកគក់សម្លៀកបំពាក់ ការងូតទឹក
ការប្រើប្រាស់ក្នុងបង្គន់អនាម័យជាដើម។
ការចូលរួមគ្នាធ្វើបែបនេះ អាចជួយកាត់បន្ថយបរិមាណទឹកដែលប្រើផង ក៏ដូចជាកាត់បន្ថយការចំណាយប្រាក់កាសលើថ្លៃទឹកដែលប្រើប្រាស់ប្រចាំខែផងដែរ។
ថ្នាក់ដឹកនាំនៅតាមបណ្តារប្រទេសនីមួយៗ និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា
គួរតែបង្កើនសកម្មភាពរបស់ខ្លួនថែមមួយកម្រិតទៀត
ក្នុងការបញ្ជ្រាបនូវការយល់ដឹងពីបញ្ហានេះ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋ
បានយល់ដឹងកាន់តែទូលំទូលាយ ហើយចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការចេះប្រើប្រាស់ទឹកដោយសន្សំសំចៃទាំងអស់គ្នា។
បញ្ហាទឹកមិនមែនជាបញ្ហាដាច់ដោយឡែករបស់នរណាម្នាក់ ឬរបស់ប្រទេសណាមួយដាច់មុខឡើយ
តែនេះជាបញ្ហាប្រឈមចំពោះមុខរបស់យើងទាំងអស់គ្នា ដែលវាទាមទារឲ្យមានចូលរួមដោះស្រាយពីយើងគ្រប់ៗគ្នា៕