ការស៊ីជោរ និងអំនួត

2020-09-22 12:39:38 / PANG Vanthown

From pexels-Marius Venter


និយាយចំពោះមនុស្សដែលមានប្រាជ្ញា ក្នុងកម្រិតទូទៅ មានការព្យាយាម មានអំណត់ និងការតស៊ូ មនុស្សបែបនេះ ច្រើនតែមិនមានបញ្ហាអ្វីចោទច្រើនឡើយ ក្នុងការប្រឈមមុខនឹងបញ្ហានានា។ ពោលគឺបើមានបញ្ហាណាមួយកើតឡើង មនុស្សបែបនោះ ច្រើនតែមានគំនិតវិជ្ជមានឈានទៅមុខ និងតស៊ូជំនះឧបសគ្គមិនរាថយ មិនរត់ចោលសមរភូមិ មិនងាយបាក់ទ័ព មិនងាយលើកទង់ជ័យស និងមិនចុះចាញ់    សង្គ្រាមណាមួយងាយៗឡើយ។ និយាយចំពោះមនុស្សបែបនេះ ពេលមានរឿងមិនបញ្ហា បញ្ហាតែពេលគ្មានរឿងទៅវិញ។ ហេតុអ្វី?


នោះក៏ព្រោះតែពេលគ្មានបញ្ហា មនុស្សច្រើនតែសប្បាយ ហើយក៏ភ្លេចខ្លួន ដោយអាងថាគ្មានរឿងអីផង និងពេលខ្លះគេមានអំនួតនឹងខ្លួនឯង ថាបើមានរឿងអ្វីកើត ក៏ខ្លួនមានសមត្ថភាពដោះស្រាយរួចបាន (ចេះតែគិតថា អ្វីៗក៏សុទ្ធតែអាចស៊ីផុយ) ដោយគេចេះតែស៊ីជោរនឹងការលើកយក កាលគ្រាដែលគេយកឈ្នះបញ្ហាធំណាមួយ មកដាក់ពីមុខ។  មនុស្សបែបនេះច្រើនតែកើតមានបញ្ហា មកពីការស៊ីជោរ និង         អំនួតរបស់គេ ដែលមិនខុសអីពីហៅថា “ពេលឈ្នះ ជាពេលចាញ់” នោះឡើយ។


មនុស្សកាលណាបើស៊ីជោរហើយ នោះគេគ្មានថ្ងៃបានស្ដាប់ឮពាក្យពិត ចេញពីមាត់មនុស្សជុំវិញឡើយ ព្រោះមនុស្សជុំវិញដឹងថាគេស៊ីជោរ និយាយពាក្យពិតមិនចូលត្រចៀក ក៏ចេះតែនាំគ្នាបញ្ជោរទៅ ហើយសាមីខ្លួនដល់តែឆ្ងាញ់នឹងគេបញ្ជោរខ្លាំងពេកទៅ ក៏ប្រែជាលែងចេះស្ដាប់ពាក្យពិតតែម្ដង គឺកាលណាតែឮពាក្យពិត ទៅជាក្ដៅឆេវថាគេមិនគោរព គេមិនឲ្យតម្លៃ គេប្រមាថខ្លួនជាដើម (ពាក្យពិតរែងស្លែង)។ នេះជាការបើកទ្វារ យកជំងឺមហារីកមកដាក់ខ្លួនដោយខ្លួនឯង។


លុះតែគេលែងចេះស្ដាប់ពាក្យពិតហើយ អ្នកដទៃក៏ចេះតែហុចពាក្យបញ្ជោរមិនពិតឲ្យគេ ដែលវាកាន់តែធ្វើឲ្យមនុស្សនោះកើតអំនួត ឬហៅថាកើតបូសក្លៀក ដើរហែកក្លៀកស្មានថាក្លៀកខ្លួនធំមិនខាន។ មនុស្សអំនួតគ្មានថ្ងៃស្គាល់ខ្លួនឯងឡើយ ព្រោះមនុស្សបែបនេះខ្លាចបំផុតគឺការពិត ជាពិសេសការពិតដែលថាក្លៀកគេ គ្មានកើតបូសទេ ប៉ុន្ដែគឺខ្លួនគេទេ ដែលចេះតែច្រឡំដើរបើកក្លៀកខ្លួនឯង ស្មានថាក្លៀកខ្លួនធំ។ មនុស្សបែបនេះគ្មានចាញ់ចិត្ដនរណាឡើយ តែគឺគេចាញ់ចិត្ដខ្លួនឯង និយាយឲ្យចំគឺគេជាមនុស្សខ្លាចអន់។ គេមិនដឹងទេថាមនុស្សដែលខ្លាចអន់ មិនទទួលស្គាល់ចំណុចអន់របស់ខ្លួននោះហើយ ជាមនុស្សដែលអន់បំផុតនោះ។


កាលណាគេកើតបូសក្លៀកហើយ គេដើរទៅណាមកណា ចេះតែត្រដាងដៃចេញឆ្ងាយពីខ្លួន វាសទៅវាសមក ឲ្យគេឃើញថាខ្លួនអស្ចារ្យ។ ហើយតែកាលណាវាសមិនឈប់ លែងអីមិនទៅប៉ះនឹងអ្នកកើតបូសក្លៀកដូចគ្នា? ដូច្នេះរឿងអីមិនប្រាវ!


អំនួតជាពពុះសុទ្ធសាធ។ វាកើតឡើងពីការប៉ោងជោរនៃចិត្ដ ដែលស៊ីជោរប៉ុណ្ណោះ។ វាកើតពីសម្ដីប្លមរបស់មនុស្សជុំវិញខ្លួន ដែលចេះតែនិយាយបញ្ជោររកប្រយោជន៍។ ផ្ទុយទៅវិញ បើចិត្ដមានលំនឹង អាចបែងចែកបានថាពាក្យណាជាពាក្យពិត ពាក្យណាជាពាក្យមិនពិត និងអាចសម្គាល់សភាពប៉ោងជោរណាមួយក្នុងចិត្ដរបស់ខ្លួន នោះគេនឹងដឹងភ្លាមថា អំនួត គឺប្រៀបបាននឹងពពុះទឹក ដែលវាប៉ោងឡើងហើយក៏បែកទៅវិញ គ្មានន័យខ្លឹមសារអ្វីឡើយ តែវាគឺជាអន្ទាក់ទាក់ចិត្ដឲ្យមុតថ្ពក់ជាប់នឹងវាតែប៉ុណ្ណោះ។ អំនួត មានជាតិញៀន ដែលបើកាលណាបានទទួលទានម្ដងហើយ គេមុខតែញ៉ាមឃ្លានចង់បានវាម្ដងហើយម្ដងទៀត រហូតដល់ភ្លេចខ្លួនថាមានជំងឺស៊ីជោរ និងអំនួត។ ពេលនោះហើយជាពេលដែលកើតបញ្ហា ហើយបញ្ហានោះមិនដូចបញ្ហាដែលពីដំបូងគេអាចយកបញ្ញា យកភាពអំណត់ និងការតស៊ូ មកដោះស្រាយបានឡើយ។ មានតែជោះយកភាពប៉ោងជោរ ព្រោះតែអំនួតចេញពីចិត្ដទេ ទើបចិត្ដចុះស្គម អាចមើលស្គាល់ចិត្ដខ្លួនឯងបានតាមភាពពិត។


បើអ្នកសំលឹងមើលជុំវិញខ្លួនមួយត្រួស គ្មានឃើញអ្នកនៅជុំវិញណាម្នាក់ ហ៊ាននិយាយការពិតជា​មួយ​ខ្លួនសូម្បីតែម្នាក់សោះ នោះកុំឆ្ងល់អី ថាតើខ្លួនជាមនុស្សស៊ីជោរ និងមានអំនួតឬអត់? គេថាបើចង់ស្គាល់មនុស្សណាម្នាក់ ថាជាមនុស្សបែបណា សូមមើលតែមនុស្សជុំវិញមនុស្សនោះទៅ ក៏អាចដឹងបានខ្លះដែរ។


ចាស់ថា “ដំរីជើងបួនគង់មានភ្លាត់”។ ដំរីវាភ្លាត់តែពេលណា ដែលវាគិតថាខ្លួនវាមិនចេះភ្លាត់។ ក្នុងន័យនេះ រឿងពេលឈ្នះ ជាពេលចាញ់ គឺជារឿងជំពប់ជើងរបស់មនុស្សខ្លាំង មិនមែនជារឿងមនុស្សខ្សោយ​ទេ ព្រោះមនុស្សខ្សោយបានចាញ់មុនទៅដល់ទីរួចទៅហើយ គ្មានឱកាសបានមកស៊ីជោរ និងកើតអំនួត ដូចមនុស្សខ្លាំងដែលឈ្នះឡើយ។ ដោយសារតែបែបនេះហើយ ទើបពេលឈ្នះ ជាពេលចាញ់។


ការស៊ីជោរ នាំឲ្យកើតអំនួត ហើយអំនួតធ្វើឲ្យម្ចាស់អំនួតអន់ និងចាញ់នៅពេលឈ្នះ។ ដូច្នេះហើយទើបខ្ញុំជ្រើសរើសមិននិយាយ បើពេលណាខ្ញុំដឹងថាខ្ញុំមិនអាចនិយាយការពិតបាន ដោយជៀសមិនទៅនិយាយបញ្ចើចបញ្ចើរលើកជើងនរណាម្នាក់ឡើយ ព្រោះខ្ញុំដឹងថាសម្ដីលើកជើងតែប៉ុន្មានមាត់ អាចបណ្ដាលឲ្យមនុស្សម្នាក់ភ្លេចខ្លួន ស្មានពពុះថាជារបស់ពិតមែនទែន ហើយទៅជាកើតរោគស៊ីជោរ និងឡើង​បូសក្លៀកខូចមនុស្សឥតអំពើ៕