គម្រូម៉ូឌែលគ្រប់គ្រងប្រទេសចិនរបស់លោក ស៊ី កំពុងមានបញ្ហា តើហេតុអ្វីបានជាភាពជោគជ័យរបស់គម្រូម៉ូឌែលនោះ បែរជាកំពុងតែប្រែក្លាយទៅជាឧបសគ្គ បង្អាក់ដំណើររីកចម្រើនសេដ្ឋកិច្ចចិនទៅវិញ?

2020-05-24 14:59:29 / បកប្រែអត្ថបទ៖ Phatt Mern

ប្រភពរូប៖ Financial Time


អត្ថបទវិភាគស្រាវជ្រាវដោយ អែលលីហ្សាប៊ែត ស៊ី អេកូណូមី, Elizabeth C. Economy ចុះផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៩

នៅពេលដែលសភាប្រជាជនចិននិងអង្គភាពផ្តល់យោបល់របស់ខ្លួន ពោលគឺក្រុមប្រឹក្សាយោបល់ផ្នែកខាងនយោបាយរបស់ប្រជាជនចិន បានជួបប្រជុំគ្នាកាលពីខែ មីនា កន្លងទៅនេះក្នុងទីក្រុងប៉េកាំង នាសមយ័ប្រជុំពីរសប្តាហ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលប្រទេសកំពុងជួបប្រទះ និង មាគ៌ាឆ្ពោះទៅមុខ ស្របពេលដែលលោកប្រធានាធិបតីស៊ី ជិងពីង ក៏ទំនងជាមានបំណង់ ចង់ប្រារព្ធនូវជ័យជំនះរបស់ខ្លួនផងដែរ។ ស្ថិតក្នុងដំណែងដំបូងរយៈពេលប្រាំឆ្នាំរបស់ខ្លួន លោក ស៊ី បានត្រួសត្រាយដាក់ចេញនូវរបៀបដឹកនំាផ្ទាល់របស់លោក លើនយោបាយចិន ហើយជាចុងក្រោយលោកក៏បានដាក់ចេញ នូវគម្រូម៉ូឌែលមួយ ដែលវាត្រូវបានបង្កើតឡើង អស់រយៈពេល ៣០ ឆ្នាំកន្លងទៅហើយ ដោយបុរសខ្លាំង តេង សៀវពីង។ ដូចទៅនឹងអ្វីដែលអ្នកវិភាគរូបនេះបានសរសេរ កាលពីឆ្នាំកន្លងទៅ ក្នុងអត្ថបទមួយ នៃទស្សនាវដ្ដីកិច្ចការបរទេស ក្រោមចំណងជើងថាបដិវត្តថ្មីរបស់ប្រទេសចិនដែលបានចេញផ្សាយក្នុងខែឧសភា និង ខែមិថុនា ឆ្នាំ ២០១៨ ដែលក្នុងនោះបានរំលេចថា លោក ស៊ី បានខិតចេញឆ្ងាយ ពីគោលការណ៍នៃការសម្រេចចិត្ត ដែលផ្អែកលើការស្រុះស្រួលរបស់ តេង និងបានក្រសោបអំណាចរដ្ឋ (institutional power) មកទុកក្នុងដៃរបស់ខ្លួន។ លោកបានជំរុញឲ្យបក្សកុម្មុយនីស្ដចិន (CCP) ខិតចូលកាន់តែជ្រៅ ទៅក្នុងជីវិតរបស់ប្រជាជនចិន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និង នយោបាយ ព្រមទាំងបានរឹតត្បិតឥទ្ធិពលនៃគំនិតបរទេស និងការប្រកួតប្រជែងសេដ្ឋកិច្ចផងដែរ។មួយវិញទៀត លោកក៏បានបោះបង់ចោល នូវគោលនយោបាយការបរទេស​​​ដែលមិនមានប្រជាប្រិយភាពរបស់លោក តេង ដោយងាកទៅគាំទ្រគោលនយោបាយថ្មីមួយទៀត ដែលមានមហិច្ឆតាបើកចំហំខ្លាំង និងមានវិសាលភាពធំទូលំទូលាយជាង។

ក៏ប៉ុន្តែ បរិយាកាសក្នុងទីក្រុងប៉េងកាំងសព្វថ្ងៃនេះ ហាក់ស្ថិតឆ្ងាយពីភាពជោគជ័យខ្លាំងណាស់ ដ្បិតថានៅពេលដែលលោក ស៊ី ផ្តើមអាណត្តិទីពីរដែលមានរយៈពេល ៥ ឆ្នាំរបស់គាត់ ក្នុងនាមជាអគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានាធិបតី ក៏មានលេចឡើងនូវសញ្ញាថា ភាពជោគជ័យដ៏ខ្លាំងនៃគម្រូម៉ូឌែលថ្មីនេះ កំពុងតែប្រែក្លាយទៅជាឧបសគ្គរាំងស្ទះ ដល់ការអភិវឌ្ឍប្រទេសទៅវិញ

ការគ្រប់គ្រង់ខ្លាំងជ្រុលហួសពេក ពីសំណាក់បក្សទៅលើការដឹកនាំប្រទេស បាននាំប្រទេសទៅរកភាពស្ទក់ទ្រឹងផ្នែកសេដ្ឋកិច្ច (stagnant economy) រួមនឹងក្តីទោមនស្សក្នុងសង្គម​ទៅវិញ។ លើសពីនេះ មហិច្ឆិតាលើសលុបពេកនេះ ក៏បណ្ដាលឲ្យភាពក្លៀវក្លា ដែលមានពីដើមដំបូងៗ ដែលគ្រប់គ្នាក្នុងសហគមន៍អន្តរជាតិ បានទទួលស្វាគមន៍ ថានោះជាចក្ខុវិស័យរបស់លោក ស៊ី លើសណ្ដាប់ធ្នាប់ពិភពលោកថ្មីតាមលំនាំចិនធ្លាក់ចុះ។

លោក ស៊ី បានផ្តល់នូវសញ្ញាមួយចំនួនជាសាធារណៈ ថាផែនការរបស់ខ្លួន មិនបានសម្រេចទៅតាមការគ្រោងទុកនោះទេ ដូចជាតាមរយៈសុន្ទរកថាដំបូង នៃអាណត្តិទីពីររបស់ខ្លួនលោកបានលើឡើងថា៖ លោកកំពុងតែពង្រីងឱ្យបានកាន់តែខ្លាំងខ្លា លើលើយុទ្ធសាស្រ្តនាពេលបច្ចុប្បន្នរបស់ខ្លួន ការធ្វើដូច្នេះនឹងធ្វើឱ្យបញ្ហានានា ដែលកំពុងតែលេចឡើងមកនោះ មានសភាពកាន់តែធ្ងន់ធ្ងរឡើងៗតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែ ក៏រាប់ថាជាភព្វសំណាងដែរ ដែលបញ្ហាជាច្រើនដែលប្រទេសកំពុងតែប្រឈមនាពេលសព្វថ្ងៃ គឺបង្កឡើងដោយលោក ស៊ី ខ្លួនឯងតែម្តង។ ហេតុនេះ គាត់នៅមានពេលវេលា និងអំណាចគ្រប់គ្រាន់ ក្នុងការកែតម្រូវផែនការនោះជាថ្មី។

អ្វីៗទាំងអស់ស្ថិតក្នុងដៃលោកស៊ី!

សមិទ្ធផលនានាដែលបានសម្រេច តាំងពីពេលចាប់ផ្ដើមកាន់អំណាច រហូតមកដល់ពេលបច្ចុប្បន្នរបស់លោក ស៊ី គឺជារឿងមួយដែលគេមិនអាចប្រកែក ថាមិនទទួលស្គាល់បានឡើយ។ ដ្បិតថាការខិតខំរបស់លោក ក្នុងការក្រសោបយកអំណាចមកទុកក្នុងដៃ វាបានចេញជាផ្លែផ្កាកាលពីខែ មីនា ឆ្នាំ ២០១៨ កន្លងទៅនេះ ដែលកាលនោះក្រោមឥទ្ធិពលរបស់លោក បក្សបានសម្រេចលុបបំបាត់ចោល គោលនយោបាយកំណត់ត្រឹមតែពីរអាណត្តិ លើតំណែងប្រធានាធិបតី ដែលការសម្រេចបាននេះ អាចធានាបានថាលោក ស៊ី នៅតែអាចបន្តក្ដោបក្តាប់មុខដំណែង ដ៏មានឥទ្ធិពលខ្លាំងក្លារបស់លោកចំនួន ៣ សំខាន់ៗបន្ដទៀត។ មុខតំណែងទាំង ៣ នោះរួមមាន៖ អគ្គលេខាធិការបក្សកុម្មុយនីស្ដ ប្រធានគណៈកម្មការយោធាកណ្តាល និងជាប្រធានាធិបតី ដែលយ៉ាងហោចណាស់ ក៏អាចធានាថា គាត់អាចរក្សាវាបាន រហូតដល់ឆ្នាំ ២០២៧ ដែរ។ យុទ្ធនាកាប្រឆាំងអំពើពុករលួយរបស់លោក ក៏កំពុងតែបន្តពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរ ដោយក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ មានមន្រ្តីប្រមាណជា ៥២៧,០០០ នាក់ ត្រូវបានចាប់ឃុំខ្លួន ហើយក្នុងឆ្នាំ ២០១៨ មានមន្រ្តីរហូតដល់ទៅចំនួន ៦២១,០០០ នាក់ ត្រូវបានកាត់ទោស។ ទន្ទឹមនឹងនោះ មានសកលវិទ្យាល័យមួយចំនួន បានប្រកួតប្រជែងគ្នា លើការដាក់មុខវិជ្ជាសិក្សារបស់ខ្លួន លើគោលគំនិតរបស់លោក ស៊ី ជិនពីង តែម្ដង ដោយគេបានបង្កើតនូវវិទ្យាស្ថាន និងមុខវិជ្ជាតាមផ្នែករបស់សកលវិទ្យាល័យតែម្ដង ដោយផ្តោតជាចម្បង លើសេចក្ដីប្រកាស ១៤ ចំណុចរបស់លោក ស៊ី រួមមាន៖ ភាពមិនគួរបំពានលើការដឹកនាំរបស់បក្សកុម្មុយនីស្ដ នីតិរដ្ឋ វឌ្ឃនភាពលើសន្តិសុខជាតិ និង សង្គមនិយមតាមលំអានចិន ព្រមទាំងការប្តេជ្ញាចិត្តធំៗដទៃទៀត។

ពិតណាស់ថា ក្រោមការដឹកនាំរបស់លោក ស៊ី បច្ចុប្បន្ននេះបក្សកុម្មុយនីស្ដចិន​ មានភ្នែកត្រចៀកនៅគ្រប់ទីកន្លែង តួយ៉ាងមានកាមេរ៉ាសុវត្ថិភាព ចំនួនរហូតដល់ទៅប្រមាណជា ២០០លានគ្រឿង ត្រូវបានដំឡើងរួចជាស្រេចនៅក្នុងប្រទេសចិន សម្រាប់ត្រួតត្រាមើលសកម្មភាពនានាប្រចាំថ្ងៃរបស់ប្រជាជន ក្នុងគោលដៅលុបបំបាត់ឧក្រិដ្ឋកម្ម និងក៏ដើម្បីត្រួតពិនិត្យមើល ចលនានៃការងើបឡើង នៃភាពមិនប្រក្រតីណាមួយក្នុងសង្គមចិន។ បច្ចេកវិជ្ជាឃ្លាំចាំឈ្លបមើល ដើរតួនាទីយ៉ាងសំខាន់មួយផងដែរ លើការដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិក្នុងឆ្នាំ២០២០។ ប្រព័ន្ធនេះក៏ជាផ្នែកមួយ នៃជំនឿជឿជាក់សង្គម ដែលវានឹងធ្វើការវាយតម្លៃលើប្រជាពលរដ្ឋ នូវភាពគួរជឿទុកចិត្ដបានផ្នែកសេដ្ឋកិច្ច និងនយោបាយ ជាមួយនឹងការផ្តល់ជារង្វាន់ ឬការដាក់ទោសទៅតាមនោះផងដែរ។ សព្វថ្ងៃនេះបក្សកុម្មុយនីស្ដ ក៏បានបង្កើតគណកម្មការបក្ស នៅក្នុងសហគ្រាស និងវិនិយោគទុនរួម បានរហូតដល់ទៅជិត ៧០% ហើយ ក្នុងគោលដៅធានាឱ្យបានថា រាល់អាជីវកម្មទាំងឡាយដែលកំពុងតែដំណើរការ ត្រូវតែធ្វើឱ្យមានភាពជឿនលឿន រីចម្រើន ដល់ប្រយោជន៍របស់រដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានសម្រេចជោគជ័យ លើការរាំងខ្ទប់ឥទ្ធិពលបរទេសក្នុងប្រទេសចិនផងដែរ។ ជាឧទាហរណ៍ ចំនួនអង្គការបរទេសក្រៅរដ្ឋាភិបាល ដែលប្រតិបត្តិការលើទឹកដីចិន កាន់តែបន្តធ្លាក់ចុះពីប្រមាណប្រហែលជា ៧,០០០ អង្គការ ចុះមកនៅសល់ត្រឹមតែប្រមាណ ៤០០ អង្គការតែប៉ុណ្ណោះ។ ទាំងនេះគឺជាផ្លែផ្កាដ៏ត្រចះត្រចង់ ដែលកើតចេញពីច្បាប់មួយ ដែលត្រូវបានអនុម័តកាលពី ២ ឆ្នាំកន្លងទៅ។

ផលិតក្នុងប្រទេសចិនឆ្នាំ ២០២៥ (Made in China 2025) ជាឈ្មោះនៃផែនការរបស់រដ្ឋាភិបាលចិន លើការគាំពារក្រុមហ៊ុនក្នុងស្រុក ពីការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនវិនិយោគបរទេស លើវិស័យបច្ចេកវិជ្ជាទំនើបៗចំនួន ១០ ដោយ​​ផែនការនេះ កំពុងតែដំណើរការទៅយ៉ាងរលួន តួយ៉ាងថ្នាក់ដឹកនាំខេត្ត ស៊ីឈួន បានដាក់លក្ខខណ្ឌថា រាល់មន្ទីរពេទ្យទាំងអស់ នឹងត្រូវបានទូទាត់សងវិញ តែលើប្រតិបត្តិការណា ដែលបានប្រើប្រាស់បរិក្ខារពេទ្យចំនួន ១៥ ប្រភេទដែលផលិតនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

កិច្ចខិតខំរបស់លោក ស៊ី លើការបង្កើតការគ្រប់គ្រងយ៉ាងខ្លាំងក្លាក្នុងស្រុកនេះ ត្រូវបានវាស់វែងទៅលើចំណាត់ការយ៉ាងសម្បើក្នុងការធានាដល់ការគ្រប់គ្រង លើតំបន់ដែលចិនចាត់ទុកថាជាបូរណភាពដែនដីរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ លោក ស៊ី ក៏បានដាក់ពង្រឹងកងយោធា លើផ្នែកសំខាន់ៗនៅកោះសិប្បនិម្មិតចំនួន ៧ របស់ខ្លួន ក្នុងសមុទ្រចិនខាងត្បួងផងដែរ ក្នុងខែ មករា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ មាននាវិកចិនមួយរូប បានផ្តល់យោបល់ថា ចិនអាចនឹងពង្រីកកោះកាន់តែច្រើនថែមទៀត ប្រសិនបើចិនយល់ឃើញថា ខ្លួនត្រូវបានគំរាមគំហែង។ ទីក្រុងប៉េកាំងបានធ្វើការចរចា លើក្រឹត្យក្រមសមុទ្រខាងត្បួងមួយជាមួយអាស៊ាន ដោយខ្លួនចង់ដកចេញ រាល់ក្រុមហ៊ុនសាជីវកម្មណា ដែលមិនមែនជារបស់អាស៊ាន ឬរបស់ចិន ចេញពីការរុករកប្រេង និងហាមមិនឱ្យកងកម្លាំងបរទេសណាមួយ ចូលមកធ្វើសមយុទ្ធយោធាលើដែនដីខ្លួនបានឡើយ បើមិនមានការយល់ព្រម ពីសំណាក់ប្រទេសហត្ថលេខីទាំងអស់ជាមុនទេ ជាមួយគ្នានោះដែរ លោក ស៊ី ក៏បានបង្កើនការគ្របគ្រងរបស់ខ្លួន លើដែនដីហុងកុង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ដោយហាមឃាត់គណបក្សនយោបាយមួយ ដែលគាំទ្ររឿងស្វ័យភាពដែនដីហុងកុង ហើយដែលបានធ្វើការអំពាវនាវដល់បណ្តាញផ្សាយព័ត៌មានហុងកុង ទប់ទល់នឹងសម្ពាធពីកម្លាំងខាងក្រៅ​ ដើម្បីធ្វើការរិះគន់ និងប្រឈមតតាំងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ព្រមទាំងបានបង្កើតឱ្យមានចំណងផ្លូវរទេះភ្លើង នៅលើទឹកដីហុងកុង ដោយចិនជាអ្នកធ្វើការត្រួតពិនិត្យ លើអតិថិជនទាំងឡាយ ដែលបានធ្វើដំណើរមកកាន់ចិនដីគោក។ លោកស៊ី ក៏បានអនុម័ត លើបណ្តុំនៃគោលនយោបាយ ដែលមានលក្ខណៈចាប់បង្ខំផ្នែកនយោបាយ និងសេដ្ឋកិច្ច ទៅលើកោះតៃវ៉ាន់ ក្នុងនោះរួមមានការកាត់បន្ថយចំនួនភ្ញៀវទេសចរណ៍ចិន-តៃវ៉ាន់ មកកាន់ប្រទេសចិន។ ចិនក៏បានទទួលជោគជ័យផងដែរ លើការបញ្ចុះបញ្ចូលដល់បណ្តាអន្តរជាតិមួយចំនួន លើការឈប់ទទួលស្គាល់ តៃវ៉ាន់ ថាជារដ្ឋបំបែកចេញពីចិន ហើយក៏បានបញ្ចុះបញ្ចូលប្រទេសចំនួន ៥ ឱ្យផ្តាច់ទំនាក់ទំនងការទូត ជាមួយតៃវ៉ាន់ ដោយបែរទៅរកការគាំទ្រ គោលនយោបាយចិនតែមួយ ជំនួវិញ។ បច្ចុប្បន្ននេះ គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលជាផែនការតភ្ជាប់យ៉ាងមហាសាលរបស់ប្រធានាធិបតី ស៊ី  បានលាតសន្ធឹងលើសពីទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ហើយបានឈានទៅរកអាមេរិឡាទីនថែមទៀត។ កាលពីឆ្នាំកន្លងទៅ ទាហានរំដោះប្រជាជនចិន បានបង្កើតមូលដ្ឋានភស្តុភារមួយកន្លែង ស្ថិតក្នុងប្រទេសជីប៊ូទី (Djibouti) ក្នុងកិច្ចសន្ទនាជាឯកជនសំងាត់មួយ។ មន្រ្តីយោធាចិនបានទទួលស្គាល់ថាការសាងសង់មូលដ្ឋានបែបនេះ នឹងមានជាបន្តបន្ទាប់ទៀត នាអនាគតខាងមុខដ៏ខ្លី

ចិនមិនត្រឹមតែបានខិតខំពង្រីក នូវហេដ្ឋារចនាសម្ពន្ធ័មើលឃើញនានា ដូចជាកំពង់ផែ ផ្លូវរថភ្លើង មហាវីថីនិងបំពង់បង្ហូរប្រេងតែប៉ុណ្ណោះនោះទេ តែលើសពីនេះ ចិនក៏កំពុងតែក្លាយខ្លួនជាតួអង្គសំខាន់មួយ លើវិស័យបច្ចេកវិទ្យាផងដែរ។ ក្រុមហ៊ុនចិនជាច្រើនដូចជា៖ អាលីបាបា (Alibaba) ,ឡេណូវ៉ូ (Lenovo), និង ហូវៃ (Huawei) ជាដើមដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញកម្រិតពិភពលោក រួមនឹងក្រុមហ៊ុនធំៗជាច្រើនទៀត ដែលនឹងល្បីឈ្មោះនាពេលខាងមុខ។ សៀវភៅមួយក្បាលដែលសរសេរដោយលោក កៃហ៊្វូ លី (Kai-Fu Lee) នៃក្រុមហ៊ុន Chinese tech guru បានប្រកាសថា ចិននឹងក្លាយជាប្រទេសឈានមុខគេ លើរឿងបញ្ញាសិប្បនិម្មិត (AI ) យ៉ាងពិតប្រាកដ ហើយវាពិតជាគ្មានអ្វីចម្លែកនោះទេ ដែលសៀវភៅនេះ ស្ថិតនៅក្នុងចំណោមសៀវភៅដែលលក់ដាច់បំផុតលើឆាកអន្តរជាតិ។ បើទោះបីជាការព្យាករណ៍របស់លោក លី មិនទាន់ចេញជារូបរាងពិតប្រាកដក៏ពិតមែន តែចិនកំពុងតែសាងគ្រឹះលើភាពជាអ្នកដឹកនាំផ្នែក AI ដោយពីរភាគបីនៃការវិនិយោគរបស់ពិភពលោកក្នុងវិស័យ AI គឺនៅក្នុងប្រទេសចិននេះឯង។ ហើយចិនក៏បានអួតសរសើរ ឧបករណ៍បញ្ជាបច្ចេកវិជ្ជាជាច្រើនផ្នែករបស់ខ្លួន តួយ៉ាងដូចជា ដ្រូន ព្រមទាំងបច្ចេកវិជ្ជាស្គែនមុខជាដើម។

ភាពជោគជ័យទាំងនេះ បានធ្វើឲ្យចិនក្លាយជាប្រទេសគួរជាទីចាប់អារម្មណ៍ ពីសំណាក់ប្រទេសតូចៗ មិនត្រឹមតែក្នុងភាពជាដៃគូរសេដ្ឋកិច្ចតែប៉ុណ្ណោះនោះទេ តែប្រទេសទាំងនោះ ថែមទាំងជាអ្នកកាន់យកស្ដង់ដារ នៃមនោគមន៍វិជ្ជាចិនថែមទៀត។ លោក ស៊ី បានដាស់តឿនថា អ្វីដែលហៅថាគម្រូម៉ូឌែលចិននេះ នឹងផ្តល់ជូននូវមាគ៌ាផ្សេងថ្មីមួយទៀត សម្រាប់អភិវឌ្ឃនបណ្តាប្រទេសណា ដែលមានការខកចិត្ត ជាមួយនឹងប្រព័ន្ធប្រជាធិបតេយ្យទីផ្សារសេរីរបស់លោកខាងលិច។ សារនេះមានភាពកងរំពង ទៅដល់បណ្តាប្រទេសមួយចំនួនដូចជា៖

ប្រទេសអេស្យូពី (Ethiopia), ប្រទេសតង់ហ្សានៀ (Tanzania) និងប្រទេស អ៊ូហ្គាន់ដា ( Uganda) ជាដើម ដោយមន្ត្រីរបស់ពួកគេ កំពុងតែសិក្សាពីសំណាក់សមភាគីចិន នូវរបៀបគ្រប់គ្រង់លើបណ្តាញផ្សព្វផ្សាយ ព្រមទាំងវិធីខ្ទប់សម្លេងប្រឆាំងខាងនយោបាយផងដែរ។

ពីមហាអំណាចមកជាមហាបញ្ហា!

តែទោះបីជាជោគជ័យយ៉ាងណាក្ដី ក៏រាល់ភាពជោគជ័យរបស់ចិនមកទល់នឹងសព្វថ្ងៃនេះ ប្រាកដជាក់ច្បាស់ថាមកពី គម្រូម៉ូឌែលស៊ី (Xi model) ដែលសម្បូរពោរពាសទៅដោយរឿងរ៉ាវល្អពេកនោះ ការគ្រប់គ្រងពីសំណាក់បក្សជ្រុលពេក ដូចជាការប្រមូលផ្តុំអំណាច លើដៃរបស់លោកស៊ីជាដើម បានបង្កទៅរកភាពស្ទក់ទ្រឹងផ្នែកសេដ្ឋកិច្ចទៅវិញ។ លំហូរជាបន្តបន្ទាប់នៃសេចក្តីបង្គាប់ ស្តីពីវិធានការណ៍ប្រកួតប្រជែងជាញឹកញាប់ ពីសំណាក់ទីក្រុងប៉េកាំង បានធ្វើឲ្យមានភាពស្ពឹកស្រពន់ នៅកម្រិតថ្នាក់មូលដ្ឋានទៅវិញ។ នៅក្នុងខែ សីហា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រសួងហិរញ្ញវត្ថុចិន បានដាក់ចេញនូវសេចក្តីបង្គាប់មួយ ដោយអំពាវនាវដល់ថ្នាក់ដឹកនាំតាមតំបន់ ឲ្យចេញអាជ្ញាប័ណ្ណឱ្យកាន់តែច្រើន ក្នុងការគាំទ្រដល់រាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅជួយបង្កើនដល់សេដ្ឋកិច្ច ដែលកំពុងតែមានភាពយឺតយ៉ាវនោះ តែក៏នៅតែមានថ្នាក់ដឹកនាំជាច្រើន បានជំទាស់នឹងសេចក្តីអំពាវនាវ ពីសំណាក់រដ្ឋាភិបាលផងដែរ ដ្បិតថាគម្រោងទាំងនោះ មានផលចំណេញមកវិញយឺតយ៉ាវណាស់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក៏នៅក្នុងខែដដែលនោះ ទីក្រុងប៉េកាំងបានប្រកាសថា រាល់មន្រ្តីដែលមិនធ្វើតាមគោលនយោបាយរបស់រដ្ឋ អាចនឹងត្រូវប្រឈមនឹងការដកហូតដំណែង ព្រមទាំងបណ្តេញចេញពីបក្សតែម្ដង។

ទំនោររបស់លោក ស៊ី លើការគ្រប់គ្រងផ្នែកសេដ្ឋកិច្ច ក៏បានបង្អាក់ដល់ប្រសិទ្ធភាពរបស់វិស័យឯកជនលើដើមទុនផងដែរ។ ក្តីប្រាថ្នារបស់លោក ពោលគឺការគ្រប់គ្រងបក្សឲ្យប្រសើរឡើងក្នុងផ្ទៃក្នុងក្រុមហ៊ុន បាននាំឱ្យសហគ្រាសដែលជាកម្មសិទ្ធិរបស់រដ្ឋ ឈានទៅរកការបិទទ្វារជាបន្ដបន្ទាប់ទៅវិញ។ លោកបានផ្តល់ជាអនុសាសន៍ជាសម្ងាត់ថា គណៈកម្មាធិការបក្សចង់ធ្វើការសម្រេចចិត្ត តែមិនទទួលយកទំនោរខុសត្រូវ ពេលដែលបរាជ័យនោះទេ។ ក៏មានភស្តុតាងដទៃជាច្រើនទៀត ចំពោះរឿងការយឺតយ៉ាវផ្នែកសេដ្ឋកិច្ចនេះដែរ។ រដ្ឋាភិបាលកំពុងតែលុបចោលស្ថិតិនានា ពីបញ្ជីកត់ត្រាសាធារណៈ ដែលរឿងនេះពិតណាស់ថា វាជាសញ្ញាណបញ្ជាក់ថា រឿងរ៉ាវពិតជាមិនបានប្រព្រឹត្តទៅតាមផ្លូវត្រឹមត្រូវនោះឡើយ។ សេដ្ឋវិទូម្នាក់បានផ្តល់ជាយោបល់ថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៨ ធ្លាក់ចុះដល់ ១.៦៧% ហើយទីផ្សារមូលប័ត្រសៀងហៃ ស្ថិតក្នុងសភាពគ្រោះថ្នាក់ បើធៀបនឹងទីផ្សារមូលប័ត្រដទៃក្នុងលោក។ ក្រៅពីនេះ តាំងពីឆ្នាំ ១៩៦១ មក អត្រាកំណើតជាតិប្រចាំឆ្នាំ ដែលវាទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលអាចដំណើររលូននោះ  ក៏បានបន្តធ្លាក់ចុះទៅរកអត្រាទាបបំផុតផងដែរ។ បន្ទាប់ពីមានភាពជោគជ័យមួយចំនួននៅដើមដំបូងៗ ទីក្រុងប៉េកាំងបានដកនូវគោលដៅកាត់បន្ថយការបំពុលខ្យល់របស់ខ្លួន ចេញពីមុខព្រួញរបស់បក្ស ព្រោះថាវិធានការណ៍គ្រប់គ្រងលើការបំពុលនេះ អាចបន្តឱ្យមានភាពស្ទក់ទ្រឹងផ្នែកសេដ្ឋកិច្ចបន្ថែមទៀត។

វិបត្តិសេដ្ឋកិច្ចក៏បានជំរុញឱ្យមាន ក្តីទោមស្សក្នុងសង្គមផងដែរ។ ដ្បិតថាការតវ៉ាជាច្រើននៅតាមបណ្តាខេត្តនានា បានញ៉ាំងឱ្យមានការតវ៉ា ពីសំណាក់ក្រុមអ្នកប្រតិបត្ដិការឡានស្ទូច បុគ្គលិកផ្នែកដឹកជញ្ជូនអាហារ និងអ្នកបើកបរឡានដឹកទំនិញ។ កូដកម្មមួយដែលធ្វើឡើងដោយក្រុមអ្នកបើកឡានដឹកទំនិញទូទាំងប្រទេស បានផ្ទុះឡើងក្នុងរដូវក្តៅនាឆ្នាំ ២០១៨ ព្រោះក្រុមហ៊ុន ម៉ាន់បាង (Manbang) បានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីតាមប្រព័ន្ធអិនធ័រណេត ដោយបង្កើតជាប្រព័ន្ធដេញថ្លៃប្រកួតប្រជែមួយ ដែលប្រើទម្ងន់ថយចុះ លើតម្លៃដឹកឥវ៉ាន់ ដែលវាបានគូសបញ្ជាក់ពីលទ្ធភាព នៃឥទ្ធិពលរំខានដល់ប្រព័ន្ធកិច្ចសន្យាការងាររយៈពេលខ្លី របស់កម្លាំងពលកម្មចិន។ តែទោះបីជាយ៉ាងណា បញ្ហាប្រឈមខ្លាំងចំពោះលោក ស៊ី អាចទំនងជាព័ត៌មានដែលថា ក្រុមម៉ាក្សនិយមតាមសកលវិទ្យាល័យ (university Marxist groups)បានប្រមូលផ្តុំគ្នានៅរោងចក្រ ចាហ្ស៊ីក តិចណូឡូជី (Jasic Technology) ក្នុងក្រុង ស៊ីនជីន (Shenzhen) ដើម្បីចូលរួមជួយក្រុមកម្មករ និងកម្មាភិបាលបក្សដែលចូលនិវត្តន៍ លើការគាំទ្រដល់សកម្មភាពរៀបចំ បង្កើតសហជីកម្មករឯករាជ្យ។ ទោះបីជាបាតុកម្មត្រូវបានបង្ក្រាបភ្លាមៗក៏ពិតមែន តែការទាមទារស្របច្បាប់ប្រកបដោយសីលធម៌ (moral legitimacy) របស់ពួកគេត្រូវបានរដ្ឋាភិបាលទទួលយកទៅដោះស្រាយ។ ស្របពេលគ្នានោះដែរ ចលនាសង្គមដ៏ធំមួយដែលមានអ្នកចូលរួមចម្រុះគ្រប់ស្រទាប់វណ្ណៈ ដូចជាក្រុមគ្រាំទ្រសិទ្ធិស្រ្តី និងសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាជាដើម បានលេចឡើងតាមលំអានបាតុកម្មពីមុនៗ ជុំវិញបញ្ហាបរិស្ថាន ប្រាក់ឈ្នួល និង ប្រាក់សោធន៍និវត្តន៍

ការប្រមូលផ្តុំអំណាចរបស់លោក ស៊ី មិនត្រឹមតែធ្វើឱ្យខាប្រយោជន៍ផ្នែកសេដ្ឋកិច្ចចិនតែប៉ុណ្ណោះនោះទេ តែវាថែមទាំងបានបង្កជាមន្ទិលសង្ស័យ លើសហគ្រាសនានារបស់ចិន នៅឯបរទេសផងដែរ។ ការជ្រៀតចូលកាន់តែជ្រៅរបស់បក្ស ទៅក្នុងអាជីវកម្មរបស់ពលរដ្ឋចិន បានធ្វើឱ្យក្រុមហ៊ុនចិនជាច្រើន ត្រូវបានគេចាត់ទុកថាជាដៃជើងរបស់បក្ស។ ក្រុមហ៊ុន និងរដ្ឋាភិបាលបរទេស លែងមានទំនុចិត្ត ទៅលើក្រុមហ៊ុនចិនទាំងនោះទៀតហើយ បើទោះបីជាក្រុមហ៊ុនឯកជន ឬមិនមែនក៏ដោយ ថាគេអាចនឹងធ្វើការប្រឆំាងជំទាស់ ទៅនឹងសេចក្តីបង្គាប់របស់បក្សកុម្មុយនីស្ដ។ ផ្អែកលើមូលដ្ឋានវាយតម្លៃទាំងនេះ ធ្វើឱ្យក្រុមហ៊ុនបរទេស កាន់តែមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ឡើងៗ ក្នុងការទទួលយកបច្ចេកវិទ្យានានា ដែលផ្តល់ដោយក្រុមហ៊ុនយក្សចិនហូវៃ Huawei ទៅបំពាក់ក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ពួកគេ។

បើទោះបីជាគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ មានហានិភ័យក្នុងការរក្សាទម្ងន់ដ៏ធ្ងន់ធ្ងរ នៃមហិច្ឆិតារបស់ចិនក៏ដោយ តែវាក៏បានបណ្តាលឲ្យប្រទេសមួយចំនួនដូចជា៖ បង់ក្លាដែស (Bangladesh) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា ( Myanmar) ប៉ាគីស្ថាន (Pakistan) និងសារ៉ាឡេអូន (Sierra Leone) ជាដើម ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត បានទទួលយកកិច្ចព្រមព្រៀង ដែលពួកគេធ្វើឡើងជាមួយប្រទេសចិន ដោយបំណុលរបស់ពួកគេដែលជំពាក់ចិនកាន់តែមានចំនួនច្រើនឡើងៗ ហើយក្តីកង្វល់ពីបញ្ហានានា ដូចជាបញ្ហាបរិស្ថាន ពលកម្ម និង អភិបាលកិច្ចជាដើម នៅតែបន្តមិនបានដោះស្រាយដដែល។ អ្នកជំនាញមួយចំនួនក្នុងបញ្ហាចិននាពេលបច្ចុប្បន្ន បានចោទសួរលើគោលគំនិតនៃការវិនិយោគបរទេសរបស់ប្រទេសចិន ព្រោះសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋជាច្រើន បានជួយជំរុញគម្រោងផ្លូវសូត្រ បាននឹងបន្តកើនឡើងយ៉ាងគំហុក នូវបំណុលឈានទៅរកសមភាគទ្រព្យ ដោយលើសពីអ្វីដែលបានកើតមានលើបណ្តាក្រុមហ៊ុនបរទេសដទៃ។

ក្នុងចំណោមចលនានេះ កិច្ចខិតខំរបស់លោក ស៊ី លើគ្រោងការណ៍អំណាចទន់របស់ចិន(soft power) ក៏ពើបប្រទះនឹងភាពបរាជ័យដូចគ្នា ដ្បិតថាចំណាត់ការយ៉ាងព្រៃផ្សៃ ពីសំណាក់ទីក្រុងប៉េកំាង ទៅលើក្រុមជនជាតិភាគតិចម៉ូស្លឹមវីហ្គឺ (Uighur) ក្នុងតំបន់ ស៊ីនជាំង និងការឃុំខ្លួនជនបរទេសក្នុងទឹកដីចិន តួយ៉ាង ជនជាតិស៊ុយអ៊ែតលោក ហ្គ័រ មីនហៃ (Gui Minhai) ព្រមទាំងជនជាតិកាណាដាពីររូបទៀត គឺលោក មីឆែល កូវរីហ្គ (Michael Kovrig) និង លោក មីឆែល ស្បាវ័រ (Michael Spavor)។ រឿងនេះពិតជាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក ស៊ី ក្នុងការកសាងរូបភាពវិជ្ជមានរបស់ខ្លួន លើទំនាក់ទំនង និងការដឹកនំាលើឆាកអន្តរជាតិ កាន់តែធ្លាក់ចុះខ្សោយជាងមុន។ ជាងនេះទៅទៀត ចលនារបស់និស្សិតចិននៅក្រៅប្រទេស លើវត្ថុបំណរឿងសេដ្ឋកិច្ច និងនយោបាយ ដោយការផ្តល់ព័ត៌មានដល់និស្សិតឯទៀតៗ ដែលមិនដើរតាមខ្សែបន្ទាត់បក្សកុម្មុយនីស្ដ បានដឹកនាំគ្នាប្រឆាំងនឹងរដ្ឋាភិបាលចិន នៅតាមបណ្តាប្រទេសមួយចំនួន។ ម្យ៉ាងវិញទៀត បទបញ្ញត្ដិរបស់លោក ស៊ី ក៏បានបង្កជាបរិយាកាសពិបាក ដល់រាល់ប្រតិបត្តិការរបស់ការអង្គការក្រៅរដ្ឋាភិបាល និងជំនួញបរទេស ដែលមជ្ឈដ្ឋានទាំងពីរនេះ ផ្តល់ការគាំទ្រយ៉ាងច្រើន ក្នុងការចូលរួមឲ្យកាន់តែខ្លាំងក្លា ក្នុងការរីកចម្រើនសេដ្ឋកិច្ចប្រទេសចិន។

កត្តាលោកត្រាំ គឺជាឧបសគ្គក្នុងការបោះជំហានរបស់ចិន!

ប្រតិកម្មទៅលើលោក ស៊ី ពីសំណាក់រដ្ឋបាលរបស់លោក ត្រាំ ពិតជាបានបង្កជាផលអាក្រក់ដល់រដ្ឋាភិបាលទីក្រុងប៉េកាំង។ប្រាកដណាស់ថា វិធានការណ៍ពន្ធគយដែលមានតម្លៃ២៥០ ពាន់លានដុល្លាររបស់រដ្ឋាភិបាលអាមេរិក ទៅលើទំនិញចិនដែលនាំចូលទឹកដីអាមេរិក គឺជាវិធានមួយ ដែលធ្វើឲ្យថមថយទំនុកចិត្ត ពីសំណាក់អតិថិជនមកលើទំនិញចិន និងបានបង្កឱ្យក្រុមហ៊ុនសាជីវកម្មធំៗមួយចំនួន សម្រេចចិត្តប្តូរតាំងរោងចក្រផលិតរបស់គេ ចេញពីប្រទេសចិន ហើយឆ្ពោះទៅកាន់ប្រទេសផ្សេងជំនួសវិញ។ រឹតតែខ្លាំងជាងនោះទៅទៀតនោះ រដ្ឋបាល​លោក ត្រាំ និងសភាអាមេរិក ក៏បានអនុម័តយុទ្ធសាស្រ្តដោយគ្មានការអល់ឯក លើភាពម៉ឹងម៉ាត់ជាសកលរបស់ចិន ដូចជាសេតវិមានបានពង្រីងចំណងទំនាក់ទំនងជាមួយតៃវ៉ាន់បង្កើតសេរីភាពចរាចរណ៍នាវា ក្នុងសមុទ្រចិនខាងត្បួង បង្ការវិនិយោគចិនក្នុងវិស័យបច្ចេកវិទ្យាស្នូអាមេរិក ផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំង លើការអនុវត្តសិទ្ធិមនុស្ស និងការផ្តើមប្រកួតប្រជែងផ្ទាល់ ជាមួយគម្រោងផ្លូវសូត្រ តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ លើភាពជាដៃគូរជាមួយបណ្តាលប្រទេសដទៃដូចជា៖ អូស្រ្តាលី ជប៉ុន និងញ៉ូហ្សឺឡែន តាមរយៈការបង្កើតស្ថាប័នហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍ថ្មីមួយ ពោលគឺសាជីវកម្មហិវញ្ញវត្ថុសម្រាប់អភិវឌ្ឃន៍អន្តរជាតិសហរដ្ឋអាមេរិក (U.S International Development Finance Corporation)។

មិនមែនតែសហរដ្ឋអាមេរិកតែឯងនោះទេ ដែលប្រឆាំងនឹងអំណាច (charm) របស់លោក ស៊ី។ កាលពីនិទាឃរដូវឆ្នាំ ២០១៨ មានការស្ទង់មតិមួយ ដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវភូ (Pew Research Center) បានរកឃើញថា ពាក់កណ្តាលនៃប្រទេសចំនួន ២៥ មាន៦៣% បាននិយាយថាពួកគេពេញចិត្ត ឱ្យសហរដ្ឋអាមេរិកដឹកនាំពិភពលោក ខណៈមានត្រឹមតែ ១៩% ប៉ុណ្ណោះ ដែលចង់ឲ្យតួនាទីនោះទៅប្រទេសចិន តែលទ្ធផលក៏បានរកឃើញផងដែរថា លោក ត្រាំ មានការគាំទ្រតិចតួច បើធៀបនឹងប្រជាប្រិយភាពរបស់លោក ស៊ី។ ប្រទេសកាន់របបប្រជាធិបតេយ្យទីផ្សារសេរី បានអនុម័តវិធានជាច្រើន ស្រដៀងទៅនឹងអ្វីដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត ហើយបើទោះបីជាលោក ត្រាំ ចោទសួរលើភាពសំខាន់របស់ដៃគូរ និងសម្ព័ន្ធមិត្តយ៉ាងណាក៏ដោយចុះ ក៏ក្រុមរបស់លោកបានបង្ហាញនូវភាពប៉ិនប្រសព្វ លើការសម្របសម្រួលយុទ្ធសាស្រ្ត លើបណ្តាប្រទេសទាំងអស់នោះដែរ។ បើទោះបីជានៅក្នុងប្រទេសចិន ក៏មានបញ្ញវន្ត និងបណ្តាសហគ្រិនមួយចំនួន បានផ្តើមប្រាប់ទៅកាន់អ្នកទេសចរណ៍បរទេសនានា ថារដ្ឋបាលលោក ត្រាំ បានផ្តល់នូវកំពែងការពារ ប្រឆាំងនឹងការអនុវត្តដ៏អាក្រក់បំផុត នៃគម្រូម៉ូឌែលចិន ក្រោមការដឹក​នាំ​របស់លោក ស៊ី នាពេលបច្ចុប្បន្ន។

ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងជាបន្តបន្ទាប់ ដែលលេចចេញពីគម្រូម៉ូឌែលនយោបាយ ដែលខ្លួនបានបង្កើតមកនោះ ក៏លោក ស៊ី ត្រូវតែប្រកាន់យកការកែតម្រូវសកម្មភាពដ៏សំខាន់មួយ និងផ្លាស់ប្តូរការផ្ដួចផ្តើមដំបូងៗរបស់ខ្លួន កាលពីអាណត្តិទីមួយជាច្រើនចំណុច។ នៅលើសមរភូមិសេដ្ឋកិច្ច រឿងជាអាទិភាពដែលគាត់គួរធ្វើ នោះគឺការបញ្ចូលកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដោយផ្តល់ការអនុគ្រោះដល់វិស័យឯកជន ជាងសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងបង្កើតឱ្យមានលក្ខខណ្ឌស្មើភាពគ្នា ដល់ក្រុមហ៊ុនអន្តរជាតិនានា ដែលមានបំណងមករកស៊ីជាមួយចិន។ លោកគួរតែប្រើយុទ្ធសាស្រ្តកែលម្អ គម្រោងផ្លូវសូត្រដោយប្រើប្រាស់ស្តង់ដារអន្តរជាតិ លើការគ្រប់គ្រង ដូចជាយន្តការតម្លាភាព ការគ្រប់គ្រងហានិភ័យ ស្តង់ដារបរិស្ថាន ព្រមទាំងច្បាប់ពលកម្មជាដើម។ ក្នុងន័យនេះ នយោបាយមុខមាត់ និងអំណាចទន់របស់ប្រទេសចិន អាចនឹងប្រសើរថ្លៃថ្លាឡើង ប្រសិនបើចិនអាចកាត់បន្ថយការប្រើប្រាស់ពលរដ្ឋខ្លួននៅបរទេស ជាឧបករណ៍របស់រដ្ឋាភិបាល ក្រោមគោលបំណងនយោបាយ និងសេដ្ឋកិច្ច។ មួយវិញទៀត លោកក៏គួរតែដកចេញនូវគោលនយោបាយបង្ខិតបង្ខំ ចេញពីហុង កុង និងតៃវ៉ាន់ ព្រមទាំងកាត់បន្ថយជាបន្ទាន់ នូវគោលនយោបាយសង្កត់សង្កិន លើពលរដ្ឋខ្លួននៅតំបន់ ស៊ីងជើង និងទីបេ។

បែរមកសេចក្តីបរិយាយ លើភាពជាអ្នកដឹកនាំរបស់លោក ស៊ី វិញ គឺថាគាត់ចូលចិត្តប្រើប្រាស់វិធីដូចទៅនឹងការរត់ប្រណាំងបណ្តាក់គ្នា ដោយអ្នករត់ទីមួយកាន់ដំបងរត់ក្នុងរយៈចម្ងាយមួយ រួចក៏ហុចវាបន្ដទៅឲ្យអ្នករត់នៅខាងមុខខ្លួនរត់បន្ដ ដោយអ្នករត់ម្នាក់ៗអាចធ្វើអ្វីក៏បាន តាមតែខ្លួនចង់ធ្វើ ឲ្យតែខ្លួនអាចផ្តល់ជាប្រយោជន៍ដល់ក្រុមអ៊ីចឹងដែរ។សព្វថ្ងៃនេះ ដំបងបានធ្លាក់មកលើដៃលោក ស៊ី ទើបរដ្ឋាភិបាលចិនបានពង្រីងដែនឥទ្ធិពលរបស់ខ្លួន ទាំងក្នុង និងក្រៅប្រទេស។ តែផលអវិជ្ជមាននៃយុទ្ធសាស្រ្តរបស់លោក ស៊ី គឺភាពអសកម្មភាពរបស់មន្រ្តីមូលដ្ឋាន ការធ្លាក់ចុះអត្រាកំណើត សម្លេងប្រឆាំងពីសំណាក់អន្តរជាតិ និងកត្ដាមួយចំនួនទៀតដែលវាបានផ្តើមទាញប្រទេសចិន ឱ្យឃ្លាតចាកឆ្ងាយចេញពីខ្សែព្រ័ត្រ។ ហេតុនេះ លោក ស៊ីចាំបាច់ត្រូវតែធ្វើការកែលម្អ ឬអាចថាគាត់គួរតែហុចដំបងនោះ ទៅឲ្យអ្នកបន្ទាប់ដំណើរការបន្ដវិញម្តង៕