2020-04-13 17:30:35 / PANG Vanthown
នីកូឡូ
ម៉ាឃីយ៉ាវែលី (១៥៣២) អ្នកវិទ្យាសាស្ដ្រនយោបាយអ៊ីតាលី បានលើកឡើងប្រមាណជា ៥០០
ឆ្នាំមុនថារដ្ឋមួយខ្លាំង គឺរដ្ឋដែលមានទាហាន និងអាវុធខ្លាំង
ព្រោះកាលនោះការលើកទ័ពរបស់ប្រទេសខ្លាំង ក្នុងការវាយវាតទីយកទឹកដីជារឿងទូទៅ។ កាលនោះអំណាចទាំងអស់ជាទម្រង់នៃអំណាចផ្ដាច់ការ
ជាអំណាចអាជ្ញាបញ្ជា មិនមែនជាប្រភេទនៃការបែងចែកអំណាច ក្នុងន័យមានតុល្យភាពអំណាច
រវាងអ្នកកាន់ការងាររដ្ឋ និងពលរដ្ឋ ក្រោមយន្ដការប្រជាធិបតេយ្យដូចសម័យនេះឡើយ។ កាលនោះពលរដ្ឋជាអ្នកដើរតាម
ក្នុងពេលដែលសង្គមប្រជាធិបតេយ្យ ទាមទារឲ្យមានពលរដ្ឋយល់ដឹង (informed citizen) មកចូលរួមក្នុងកិច្ចការសង្គមកាន់តែច្រើនឡើងៗ។
តើរដ្ឋមួយខ្លាំងដោយផាត់ពលរដ្ឋចោល
ឲ្យនៅល្ងង់បានទៀតទេសម័យនេះ?
ទោះបីជាសង្គមប្រជាធិបតេយ្យ
ត្រូវការការចូលរួមពីពលរដ្ឋយ៉ាងណាក៏ដោយ ក៏មិនមែនចេះតែពីប្រមូលមនុស្សឲ្យដើរតាមខ្លួនបានច្រើន
ហើយថាខ្លួនប្រជាធិបតេយ្យនោះដែរ។ ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ
ត្រូវមានគុណសម្បត្ដិមួយចំនួនដែលខ្វះមិនបាន នោះគឺមានទឹកចិត្ដល្អចេះជួយយកអាសារគ្នា
មានចំណេះជំនាញចិញ្ចឹមជីវិត និងចេះគិតត្រិះរិះពិចារណាប្រកបដោយហេតុផល។ ពលរដ្ឋយល់ដឹង ជាអ្វីដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស។
ប្រសិនបើគ្មានពលរដ្ឋយល់ដឹង ដែលចេះគិតត្រិះរិះពិចារណាប្រកបដោយហេតុផលទេ
នោះរាល់បទបញ្ជានានារបស់រដ្ឋាភិបាល មុខជាលំបាកអនុវត្ដណាស់ ព្រោះនិយាយគ្នាស្ដាប់មិនបាន
ប្រៀបដូចចាប់ក្ដាមដាក់ចង្អេរអ៊ីចឹង។
ជាក់ស្ដែងរឿងបទបញ្ជាផ្អាកចរាចរណ៍ពីខេត្ដមួយទៅខេត្ដមួយ ដែលទើបតែចូលជាធរមានកាលពីម៉ោង ០០
ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០ នេះ។ រដ្ឋាភិបាលមានចេតនាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ដល់សហគមន៍
ជាពិសេសបញ្ជៀសការចម្លងជាយថាហេតុ ពីពលករដែលនឹងវិលត្រឡប់ពីប្រទេសថៃ ក្នុងកំឡុងបុណ្យចូលឆ្នាំនេះ។
ប៉ុន្ដែពលរដ្ឋយើងមួយចំនួនធំ បែរជាមើលឃើញរឿងនេះ ថាជាការបង្ខំដាក់កម្រិតសេរីភាពដើរហើររបស់ខ្លួនទៅវិញ
ទើបយប់មិញគេនាំគ្នាសម្រុកចេញពីទីក្រុងភ្នំពេញទាំងតាមឡាន និងម៉ូតូទាំងភ្លៀង
ធ្វើដូចថានៅភ្នំពេញនឹងមានសង្គ្រាម ត្រូវរត់ទៅនៅស្រុកទើបបានសុខអ៊ីចឹង។ ព្រឹកថ្ងៃទី១០នេះ
នៅតែមានអ្នកទទូចសុំចេញពីទីក្រុងដដែល។ និយាយស្ដាប់គ្នាមិនបានសោះបែបនេះ បើលោតែសមត្ថកិច្ចអនុវត្ដបទបញ្ជាដោយកម្លាំងបាយ
មុខជានាំគ្នាស្រែកថាគេប្រើអំណាចរំលោភលើ “ពលរដ្ឋស្លូតត្រង់” មិនខាន។ ប៉ុន្ដែពលរដ្ឋមើលមិនឃើញឡើយ
ថាវាកើតមកតែពីរឿងនិយាយស្ដាប់គ្នាមិនបានរបស់ពលរដ្ឋខ្លះ
ដែលថាខ្លួនស្លូតត្រង់តែមុខរឹងចចេស។
រឿងនេះកើតឡើងដូច្នេះ
ក៏ព្រោះតែពលរដ្ឋមិនយល់ថាតើរដ្ឋាភិបាលចង់ធ្វើអ្វី ទើបមិនសហការអនុវត្ដបទបញ្ជា
ដែលចេញដោយរដ្ឋាភិបាល។ នេះហើយពលរដ្ឋដ៏សែនល្ងង់ខ្លៅ និងមុខរឹងរបស់យើង។ ខ្លះមានជំនឿឥតហេតុផល
ខ្លះឈូឆរ ពេលខ្លះខ្លាចនោះខ្លាចជ្រុល ជឿនោះជឿជ្រុលហើយបើលោតែហ៊ាននោះក៏ហ៊ានជ្រុល ខ្លះខ្លាំងជាងគង់ហ៊ានទៅទៀត។
គេខ្លាចរឿងដែលមិនគួរខ្លាច តែគេហ៊ានរឿងដែលគួរខ្លាច។ គេហៅឲ្យក្រោកស្ងោរសណ្ដែកទាំងយប់
ក៏ជ្រើមដាស់កូនដាស់ចៅឲ្យស្ងោរហូបតាមគ្នា។ គេហៅឲ្យស្ងោរពងមាន់ហូបទាំងអាធ្រាតក៏ស្រ៊ូស្រធ្វើតាមគេ
ទាល់តែពងឡើងថ្លៃ។ តែលុះគេឲ្យផ្អាកការប្រមូលផ្ដុំ ផ្អាកការធ្វើដំណើរដែលមិនចាំបាច់
គេឲ្យរក្សាអនាម័យ បែរជាមិនស្ដាប់គេទៅវិញ។ តើមកពីហេតុអ្វី? នោះក៏ព្រោះតែភាពល្ងង់ខ្លៅរបស់ពលរដ្ឋទូទៅ។
គ្រាន់តែរឿងលាងដៃខ្លួនឯង លាងរួចស្អាតខ្លួនឯង សុវត្ថិភាពខ្លួនឯង កុំឲ្យប្រមូលផ្ដុំគ្នា
ឲ្យផ្អាកការផឹកស៊ី ផ្អាកការធ្វើដំណើរដែលមិនចាំបាច់ ដើម្បីសុវត្ថិភាពខ្លួនឯង
គ្រួសារឯង និងសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូលសោះ
ម្ដេចក៏ក៏ឲ្យគេលំបាកប្រាប់ហើយប្រាប់ទៀតខ្លាំងម្ល៉េះ? ខែចែត្រឆ្នាំក្រោយនៅមានទេតើ បើចង់ចូលឆ្នាំខ្លាំងនៅចូលបានទេតើ
តែបើឆ្លងជំងឺកូវីត១៩ហើយ ក្រែងលោតែលែងមានឱកាសដកដង្ហើមដល់ខែចែត្រឆ្នាំក្រោយ។
ត្រឹមប្រយ័ត្នខ្លួនផ្អាករឿងដែលធ្លាប់ធ្វើប៉ុន្មានថ្ងៃ ដើម្បីសុវត្ថិភាពមនុស្សជុំវិញ
តើពិតជាធ្វើមិនបានមែនឬ?
តាំងតែពីដើមមក
ខ្មែរយើងមិនសូវទម្លាប់និយាយពន្យល់គ្នាឲ្យយល់ឡើយ ចេះតែក្បួនបំភ័យគ្នា ទើបពលរដ្ឋយើងចូលដល់កម្រិតមួយថា
រាងពិបាកនិយាយគ្នាបន្ដិច។ បើពលរដ្ឋខ្មែរចូលចិត្ដតាមដានព័ត៌មានជាតិ និងអន្ដរជាតិ
ចូលចិត្ដគិតពិចារណា ចេះស្ដាប់ហេតុផល នោះម្ល៉េះរដ្ឋាភិបាលមិនតឹងទ្រូងបែបនេះទេ គឺមុខជាស្ដាប់គ្នាបានមិនខាន
ឬបើមានអ្នកលើ្មសក៏តិចតួច។
ច្បាស់ណាស់ថាពលរដ្ឋដែលជ្រួលបុកចេញពីភ្នំពេញឲ្យបានមុនម៉ោង១២យប់ថ្ងៃទី៩
ភាគច្រើនគ្មានការអីក្រៅពីចង់វិលទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារវិញ។ នោះក៏ព្រោះតែពួកគាត់ស្រឡាញ់គ្រួសារ
តែអ្នកមិនដឹងទេថាការស្រឡាញ់គ្នាបែបនេះ មានតែនាំទុក្ខស្លាប់ឲ្យគ្នាប៉ុណ្ណោះ។ មើលទៅពលរដ្ឋមិនទាន់យល់ទេថា
ការឆ្លងជំងឺកូវីត១៩ដល់សហគមន៍មានន័យដូចម្ដេច។
ភាគច្រើនអ្នកឆ្លងជំងឺទាំងជាង១០០នាក់ក្នុងប្រទេសយើង សុទ្ធតែចម្លងមកពីបរទេស និងពីជនបរទេស។
ដោយសារការខិតខំខ្នះខ្នែងទប់ស្កាត់ និងស្វែងរកមុខសញ្ញាបានទាន់ពេលវេលា ទើបជំងឺនេះមិនផ្ទុះក្នុងចំណោមពលរដ្ឋយើង។
មានម្ដងដែរដែលជំងឺនេះមានឱកាសឆ្លងដល់សហគមន៍ គឺក្នុងសហគមន៍ខ្មែរឥស្លាម
តាមរយៈអ្នកដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ីធ្វើពិធីសាសនា តែដោយសាររដ្ឋាភិបាលចាប់មុខសញ្ញាបានទាន់ពេល
ទើបមិនផ្ទុះការរីករាលដាលឆ្លង។ ម្យ៉ាងបងប្អូនខ្មែរ និងខ្មែរឥស្លាម ក៏មិនរស់នៅនែបនិត្យជិតគ្នាណាស់ណាដែរ
គឺរបាំងសាសនាបានឃាំងចែកឲ្យនៅដាច់ពីគ្នា ទើបមិនផ្ទុះការឆ្លង។ ផ្ទុយមកវិញ បើមានពលករខ្មែរមកពីថៃជាដើមមានឆ្លងជំងឺនេះ
នោះគេនឹងចម្លងវាភ្លាមទៅឲ្យក្រុមគ្រួសារ សាច់ញាតិ និងអ្នកជិតខាងខ្លួនមិនខានឡើយ។
ម្យ៉ាងខ្មែរយើងឥឡូវមានទម្លាប់អាក្រក់មួយ ពេលជួបជុំគ្នាគឺគ្មានអីក្រៅពីស៊ីផឹក
(ច្រាស់ស្រា) ឡើយ។ ការជួបគ្នាផឹកទឹកសាបជជែកគ្នាលេងអី ដូចកម្រឃើញណាស់។ បើកម្មករកម្មារិនីសម្រុកទៅលេងស្រុកដូចរាល់ឆ្នាំ
ហើយទៅដល់ជុំគ្នាផឹកស៊ីហើយមានឆ្លងជំងឺ នោះវានឹងឆ្លងក្នុងទ្រង់ទ្រាយធំ ដែលយើងមុខជានឹងលំបាកគ្រប់គ្រងមុខសញ្ញាបានមិនខាន។
នោះហើយជាការឆ្លងដល់សហគមន៍ គឺអ្នកក៏ឆ្លង
ប្ដីប្រពន្ធកូនចៅឪពុកម្ដាយក្មួយអ៊ំពូមីងយាយតា អ្នកជិតខាងរបស់អ្នកក៏ឆ្លងទាំងអស់។
អ្នកជិតខាងរបស់អ្នកដែលឆ្លងពីអ្នក ក៏ចម្លងជំងឺទៅក្រុមគ្រួសារគេបន្ដដែរ។
តើនេះឬហៅថាអ្នកស្រឡាញ់ក្រុមគ្រួសារ? តើការក្លាយជាឃាតករឈាមត្រជាក់សម្លាប់គ្នាទាំងពូជបែបនេះឬ
ដែលអ្នកចង់ទៅស្រុកជួបជុំគ្រួសារ? បើឆ្លងឈានដល់កម្រិតនោះ
សូមកុំបន្ទោសថារដ្ឋាភិបាលមិនទទួលខុសត្រូវ ព្រោះបើទោះជាចង់ទទួលខុសត្រូវ
ក៏គេទទួលលែងឈ្នះដែរ។ តើបានពេទ្យច្រើនមកពីណា មកមើលថែព្យាបាលអ្នកម្ដងទាំងពូជបែបនោះ?
តើអ្នកឈឺតែម្នាក់ឯងមិនសប្បាយ ត្រូវការឈឺស្លាប់ទាំងពូជទើបសប្បាយឬ? នេះហើយជាផលវិបាកនៃការឆ្លងជំងឺដល់សហគមន៍។
រដ្ឋាភិបាលចង់បញ្ជៀសរឿងបែបនេះ សូមមេត្ដាបងប្អូនជួយយល់ផង
កុំឲ្យដល់ថ្នាក់គេនិយាយថាមិនឃើញក្ដារមជ្ឈូសមិនស្រក់ទឹកភ្នែក។
ការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា
ការកម្រិតហាមការជួបជុំស៊ីផឹក ការកម្រិតការដើរហើរ
ការចាប់ពលករចំណាកស្រុកដែលវិលមកវិញដាក់នៅដាច់ដោយឡែកតាមមូលដ្ឋានដែលរដ្ឋាភិបាលអនុវត្ដពេលនេះ
ជាវិធានការណ៍សមស្រប ដើម្បីកាត់ផ្ដាច់ប្រភពនៃការរីករាលដាលពីតំបន់មួយទៅតំបន់មួយ។
ធ្វើបែបនេះ បើមានការឆ្លងជំងឺនេះខ្លះមែនក៏ដោយ ក៏យើងអាចគ្រប់គ្រងបានតាមតំបន់គ្រប់គ្រងនីមួយៗរបស់អាជ្ញាធរដែនដី
មិនមែនរីករាលដាលពេញផ្ទៃប្រទេសរកមុខមិនឃើញនោះទេ។ ក៏ប៉ុន្ដែមើលទៅទោះរដ្ឋាភិបាលប្រឹងស្រែកដល់បែកបំពង់ក
ក៏ពលរដ្ឋយើងមួយចំនួន ពិសេសអ្នកដែលរៀនសូត្របានតិច អ្នកមិនសូវតាមដានព័ត៌មានទាំងជាតិ
និងអន្ដរជាតិ អ្នកមិនសូវចេះគិតពិចារណា អ្នកដែលចាំតែត្រចៀកស
អ្នកដែលរឹងមានះមិនចេះស្ដាប់គេឯង នៅតែធ្វើពើយមិនខ្ចីយកត្រចៀកស្ដាប់ដដែល។
នេះហើយកូនល្ងង់! ចាស់ថាមានកូនល្ងង់ ដំបៅទ្រូងជាងមានកូនស្លាប់មិនខុសទេ។ បើកូនស្លាប់នោះយើងនឹងកើតទុក្ខតែម្ដងពេលកូននោះស្លាប់
តែបើមានកូនល្ងង់វិញ នោះមុខតែរីងខ្លួនតាមឃ្វាលមិនខាន
ព្រោះកូនល្ងង់មិនត្រឹមតែនាំទុក្ខរាល់ៗថ្ងៃដល់ខ្លួនទេ នៅនាំទុក្ខដល់គ្រួសារ អ្នកជុំវិញ
និងសង្គមទាំងមូលថែមទៀត។
ក្នុងសង្គមប្រជាធិបតេយ្យ
រដ្ឋាភិបាលមិនមែនជាឪពុកម្ដាយរបស់ពលរដ្ឋឡើយ ព្រោះរដ្ឋាភិបាលកើតពីសភា ដែលសភានោះជាកូនដែលកើតពីកណ្ដាប់ដៃពលរដ្ឋ។
ក្នុងន័យនេះរដ្ឋាភិបាលមានតួនាទីដែលពលរដ្ឋផ្ដល់ឲ្យ មកបំពេញកិច្ចការងារដឹកនាំប្រទេស។
យ៉ាងណាក៏ដោយ ក៏មិនមែនថារដ្ឋាភិបាលជាអ្នកបម្រើពលរដ្ឋនោះដែរ។
ដោយសារតែគំនិតថាគេជាបម្រើរបស់ខ្លួននោះហើយ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនធ្វើឫកឡូយថាមិនបាច់ធ្វើអ្វីទេ
ក្នុងរឿងកិច្ចការប្រទេសជាតិ គឺដេកចាំតែអ្នកបម្រើធ្វើទៅបានហើយ។ ចំណែកឯការយល់ថារដ្ឋាភិបាលជាឪពុកម្ដាយរបស់ពលរដ្ឋវិញ
ក៏ធ្វើឲ្យពលរដ្ឋដេកចាំពឹងឪពុកម្ដាយមើលថែខ្លួនដូចខ្លួនជាកូនង៉ា ហើយខ្លួនមិនបាច់ធ្វើអ្វី
គឺទុករឿងនយោបាយឲ្យគេចាត់ចែងស្រេចចិត្ដ។
ពលរដ្ឋល្ងង់មិនដែលចេះល្មមឡើយ។
បញ្ហាជំងឺកូវីត១៩ដែលកើតឡើងពេញពិភពលោកពេលនេះ ជាឧទាហរណ៍មួយដ៏ជាក់ស្ដែង។ ពលរដ្ឋខ្មែរហាក់ដូចជាមិនជាសូវអើពើប្រុងប្រយ័ត្ន
ឲ្យសមនឹងទំហំនៃការរីករាលដាលនៃជំងឺនេះនៅឡើយ គឺរាងមើលងាយសភាពការណ៍ថាវាមិនស្អីទេ។
តែពេលមានវិធានការណ៍តឹងរឹងពីរដ្ឋាភិបាល ក៏ចាប់នាំគ្នាជ្រួលច្របល់ប្រឹងស្ទុះចេញពីទ្រុងទាំងទទឹងទិស។
នេះបើពលរដ្ឋយើងទូទៅចេះគិតពិចារណាប្រកបដោយហេតុផល ចេះទទួលខុសត្រូវទង្វើរបស់ខ្លួន
ម្ល៉េះសមរដ្ឋាភិបាលមិនល្វីងមុខដូចចាប់ក្ដាមដាក់ចង្អេរឡើយ ព្រោះពលរដ្ឋយល់ដឹង
ដឹងពីសិទ្ធិខ្លួន ស្គាល់កាតព្វកិច្ចជាពលរដ្ឋត្រូវធ្វើ និងចេះទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន។
អាស្រ័យហេតុនេះវាហួសសម័យហើយ ដែលចង់ទុកមនុស្សឲ្យល្ងង់នឹងអាលខ្លួនគ្រប់គ្រងដូចសម័យមុន។
ពេលជាតិមានអាសន្ន ពលរដ្ឋល្ងង់អាចធ្វើរឿងដែលនឹកស្មានមិនដល់មិនខាន។ រដ្ឋាភិបាលគួរតែរៀនបានពីមេរៀនចាប់ក្ដាមដាក់ចង្អេរលើកនេះ។
បើចង់ធ្វើម៉ែឪពលរដ្ឋ ត្រូវគិតរឿងកូនល្ងង់នាំឲ្យដំបៅទ្រូង
បើចង់ធ្វើខ្ញុំបម្រើពលរដ្ឋ ត្រូវគិតរឿងម្ចាស់ល្ងង់។ តែសម័យនេះហើយ
តើនៅមានខ្ញុំបម្រើដាច់ថ្លៃមានម្ចាស់អីទៀត? មានពលរដ្ឋយល់ដឹង
ទើបរដ្ឋាភិបាលមិនប្រេះទ្រូងចាប់ក្ដាមដាក់ចង្អេរ។
មានតែការផ្ដល់ព័ត៌មានត្រឹមត្រូវគ្រប់គ្រាន់ពីរឿងសង្គម
និងប្រើទម្លាប់និយាយពន្យល់គ្នា ឲ្យរៀនចេះគិតត្រិះរិះពិចារណា ឲ្យចេះស្គាល់កាតព្វកិច្ចក្នុងនាមជាពលរដ្ឋ
ឲ្យចេះទទួលខុសត្រូវពីទង្វើខ្លួនទេ ទើបយើងអាចកសាងបាននូវធនធានមនុស្ស ដែលអាចយកមកចូលរួមកសាងសង្គមជាតិបាន។
រដ្ឋមួយខ្លាំងត្រូវតែមានពលរដ្ឋខ្លាំង ដែលមានទាំងចំណេះជំនាញ មានទាំងការគិតពិចារណា
មានទាំងការទទួលខុសត្រូវ មានទឹកចិត្ដល្អចេះជួយអាសារគ្នា។
ពេលនោះពលរដ្ឋនឹងចូលរួមអនុវត្ដគោលនយោបាយ ជាមួយរដ្ឋាភិបាលយ៉ាងសកម្មមិនខានឡើយ។
ពលរដ្ឋបែបនោះមិនមែនជាប្រភេទពលរដ្ឋដែលរវៀម ដូចចាប់ក្ដាមដាក់ចង្អេរឡើយ
ហើយក៏មិនមែនជាប្រភេទដែលចាំតែ បាទមេ! នោះដែរ៕