តើលោក George H.W. Bush ជានរណា?

2020-10-19 12:50:35 / KHEM Srors

Photo from BBC News


លោក​ George H.W. Bush (George Herbert Walker Bush) (ជួនកាលគេហៅគាត់ថា លោកប៊ូសឪពុក) ជាប្រធានាធិបតីទី៤១ របស់សហរដ្ឋអាមេរិក​ ដែលបានជាប់ឆ្នោតត្រឹមតែមួយអាណ្ណត្តិប៉ុ​ណ្ណោះ(១៩៨៩-១៩៩៣)ហើយលោកក៏ជាមេដឹកនាំសហរដ្ឋអាមេរិកមួយរូប​ ដែលផ្តោតសំខាន់ទៅលើ “គោលនយោបាយការបរទេសជាចម្បងអំឡុងពេលលោកកាន់តំណែង។ តើលោក ប៊ូស មានប្រវត្តិបែ​បណា?

លោក ប៊ូស​ កើតនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៩២៤ ក្នុងទីក្រុង មីលតុន (Milton) រដ្ឋ ម៉ាសាឈូសេ​ត​ (Massachusetts)។ លោក ប៊ូស បានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ​ Philips Academy Andover ។ មានដើមកំណើត​មក​ពីគ្រួសារ​ ដែល​មាន​ទម្លាប់​ចូល​រួមក្នុង​ការ​បម្រើកិច្ច​ការងារ​សាធារណៈ​ លោក​ ​ប៊ូស​ យល់ច្បាស់​អំពី​ទំនួល​ខុសត្រូវ​របស់លោក​ ​ក្នុង​ការ​រួម​ចំណែកចំពោះ​ប្រទេសជាតិ​ ទាំង​ក្នុង​ពេល​មាន​សង្រ្គាម និង​ពេលសន្តិភាព​។ ក្នុង​ថ្ងៃខួប​កំណើត​វ័យ១៨ ឆ្នាំ​របស់ខ្លួន​ លោក ប៊ូស បានចូលធ្វើ​ជាទា​ហា​ន​ ក្នុង​កងកម្លាំង​ប្រដាប់​អាវុធអាមេរិកាំង​ ដោយ​បាន​បម្រើ​ការងារ ក្នុងកងនាវាសហរដ្ឋអាមេរិក​ នា​សម័​យ​សង្រ្គាមលោកលោកលើកទី២(១៩៣៩-១៩៤៥)។​ អំឡុង​សង្រ្គាម​លោកលើក​ទី​២​លោក ប៊ូស​ ជាអ្ន​ក​​បើកបរ​យន្តហោះ​វ័យ​ក្មេង​ជាង​គេបំផុត​។ គាត់បាន​បើកបរ​យន្តហោះ​ ក្នុង​បេសកកម្ម​ប្រយុទ្ធចំនួន​៥៨ លើ​ក​ ដឹកជញ្ជូន​ស្បៀង​ចំនួន១២៦ លើក​ ដោយ​ធ្វើ​ការ​ហោះហើរ​ច្រើនម៉ោង​ រហូត​ដល់​ទៅ ​១,២២៨ ​ម៉ោ​ង​​។​ ក្នុង​ពេល​បំពេញ​បេសកកម្ម​បើកយន្ត​ហោះ​របស់​លោក​ ត្រូវ​បាន​បាញ់ទម្លាក់​ដោយ​កងទ័ព​ជប៉ុន​ នៅជុំវិ​ញ​​តំបន់​កោះ​ បូនីន ​(Bonin) ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ នាថ្ងៃទី០២​ ខែកញ្ញា​ ឆ្នាំ១៩៤៤។​ អំឡុង​ហេតុកា​រណ៍​នោះ​ យន្តហោះ​របស់​លោក​ ប៊ូស​ ត្រូវ​បាន​គេ​បាញ់​​ និង​វាយ​ប្រហារ​ឥត​ឈប់​ឈរ។​ ក៏ប៉ុន្ដែ​លោក​ ប៊ូស​ នៅ​តែបន្តដំណើរ​ទៅ​កាន់​គោលដៅ​របស់​លោក​ ​គឺ​ស្ថានីយ៍​វិទ្យុរបស់​ជប៉ុន​ និង​បាន​បំផ្ទុះ​ទីនោះ​​ដោយ​ជោ​គ​ជ័យ មុនពេលដែល​​លោកលោត​ចុះ​ពី​លើ​យន្តហោះ​។​ ជាសំណាង​ល្អ​ លោក​ ប៊ូស​  ពុំ​​បាត់​បង់​ជីវិតដោយហេ​តុការណ៍នាកាលនោះ​ឡើយ។​ លោក​ត្រូវ​បាន​ជួយ​សង្រ្គោះ​ទាន់​ពេល​ ដោយ​កង​ទ័ព​ជើង​ទឹក​របស់​សហរ​ដ្ឋ​​អាមេរិក​។​ លោក​ ប៊ូស​ បាន​ទទួល​រង្វាន់​ចំពោះការហោះហើរ​​ដ៏ចំណាន​ ប្រកប​ដោយ​ភាព​ក្លាហាន​ក្នុង​ការ​ប្រ​យុទ្ធរបស់លោក​ ដោយ​​ទទួល​បាន​មេដាយ​ចំនួន​០៣ គ្រឿង​ពី​កង​ទ័ព​អាកាស ​អំឡុង​ពេល​បម្រើ​ការងារ​យោ​ធា​ក្នុង​សង្រ្គាម​លោកលើក​ទី ​២។​

នៅ​ថ្ងៃទី០៦​ ខែ​មករា​ ឆ្នាំ ​១៩៤៥​ លោក ប៊ូស​ បាន​ឈប់បម្រើការ​ពី​កង​ទ័ព​ជើង​ទឹក​ ហើយ​បាន​រៀប​កា​រ​​ជាមួយ​នឹង​លោកស្រី​ បាបារ៉ា ព្យែរ៍ (Barbara Pierce) ក្នុង​ទី​ក្រុង ​ញូយ៉ក​។​ អ្នក​ទាំង​ពីរ​មាន​កូន​ចំនួន​០៦ នា​ក់​ រួមមាន George, Robin, John (Jeb), Neil, Marvin និង​ Dorothy។​ បន្ទាប់​​ពី​បញ្ចប់​ការ​ងារ​យោធា​សា​ធារណៈ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ ​១៩៤៥ ​មក​ លោក​ ប៊ូស​ ក៏​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ យ៉េល​ (Yale)​ សិក្សា​​ជំនាញ​សេដ្ឋកិច្ច​។​ ក្រោយ​ពី​បញ្ចប់​ការសិក្សានៅឆ្នាំ​ ១៩៤៨​​ លោក​ ប៊ូស​ បានប្ដូរ​ទៅរស់​នៅ​រដ្ឋ ​តិចសាស់​ ជាទី​កន្លែង​ដែល​លោក​បាន​ចាប់​ផ្ដើម​រីកចម្រើន​ការងារ ​ក្នុង​វិស័យឧស្សាហកម្មប្រេង​ និង​បា​ន​ក្លាយ​​ជា​នាយក​ប្រតិបត្តិ​ នៃ​ក្រុម​ហ៊ុន​ឯករាជ្យ​រុក​រក​ប្រេង​ និង​រ៉ែ​ នៅឯនាយ​សមុទ្រ​ផង​ដែរ​។​ ជាអតីត​អ្ន​ក​​ជំនួញ​ប្រេង​ដ៏​មាន​ឥទ្ធិពល​មួយរូប​ លោក​ ប៊ូស ក៏​បាន​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ក្នុង​តំណែង​ជាអ្នក​តំ​ណា​​ង​រាស្រ្ត​នៅ​ក្នុង​ឆ្នាំ​១៩៦៧។​ ដូចឪពុក​របស់​លោក​គឺ​លោក​ ​​​ប្រេស្កត​ ប៊ូស​ (Prescott Bush) ដែល​បា​ន​​ជាប់​ឆ្នោត​ជាសមាជិក​ព្រឹទ្ធសភា​នៃរដ្ឋ​ ខន់និចធីខាត់​ (Connecticut) ក្នុង​ឆ្នាំ ​១៩៥២​ ដែរ លោក​ ប៊ូស​ មា​នការ​ចាប់​អារម្មណ៍​ក្នុង​កិច្ចការងារ​សាធារណៈ​ និង​នយោបាយ​ជាខ្លាំង។​

នៅ​ឆ្នាំ១៩៦៤​ លោក​ ប៊ូស ក៏បាន​ឈ្នះ​ការ​ប្រកួត​ប្រជែង​តំណែង​ ជាសមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ​ តិចសា​ស់​។​ ក៏ប៉ុន្ដែ លោក​បាន​ចាញ់​ក្នុង​ការ​បោះ​ឆ្នោត​ជាសកលនៅ​២ឆ្នាំ​ក្រោយ​មក​ទៀត​។​ នៅ​ឆ្នាំ១៩៧០​ លោ​ក​ ប៊ូស​ បាន​ឈ្នះ​ការ​បោះ​ឆ្នោតព្រឹទ្ធសភា​ ​តែក៏​នៅតែ​ចាញ់​ការ​បោះ​ឆ្នោត​សកលជាថ្មី​ម្ដង​ទៀត​ដដែល។​ អំ​ឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ លោក​ ប៊ូស​ បាន​កាន់​តំណែង​ជាច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​។ ក្នុង​អាណ្ណត្តិ​របស់​លោ​ក​ប្រធានាធិបតី​ រីឆាត​ និចសុន​ លោក​ ប៊ូស​ ត្រូវ​បាន​គេតែង​តាំង​ជា​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក​ ប្រចាំនៅ​​អង្គការ​សហប្រជាជាតិ​។​ លុះដល់ក្នុង​អាណត្តិ​ប្រធានាធិបតី​ លោក​ ជឺរាល់​ ហ្វតដ៍​ (Gerald Ford)​ លោ​ក​ ប៊ូស​ ត្រូវ​បាន​តែង​តាំង​ជាប្រធាន​​ការិយាល័យ​ទំនាក់​ទំនង​ ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិតចិន​ (Chief of the U.S. Liasion Office in the People’s Rpublic of China)។​ ​ចំណែកឯក្នុង​អាណត្តិ​ប្រ​ធា​នាធិបតី​ លោក​ ជីមមី​ កាទ័រ​ ​​(Jimmy Carter) វិញ លោក​ ប៊ូស​ បាន​លាលែង​ចេញ​ពី​តំណែង ​ជា​នាយក​នៃ​​ទី​ភ្នាក់​ងារ​ស៊ើបការណ៍​កណ្ដាល​ (CIA: Central Intelligence Agency) នាខែមករា​ ឆ្នាំ​១៩៧៧។​  ជា​មួ​យ​គ្នានេះ​ លោក​ ប៊ូស​ ក៏​បាន​កាន់​តំណែង​ជា​អនុប្រធានាធិបតី​ចំនួន២ ​អាណត្តិ​ផង​ដែរ​ ក្នុង​រដ្ឋបាល​​របស់​ប្រ​ធានាធិបតី​ទី ៤០​ លោក​ រ៉ូណាល់​ រីហ្គេន (Ronald Reagan, ១៩៨១-១៩៨៩)។​ លុះថ្ងៃទី២០ ខែម​ក​រា ឆ្នាំ ១៩៨៩ លោក ប៊ូស ក៏បានជាប់ឆ្នោតជាប្រធានាធិបតីទី៤១​​។

លោក ប៊ូស ជាមេដឹកនាំមួយរូប ដែលផ្តោតជាសំខាន់ទៅលើគោលនយោបាយការបរទេស។ គេនៅ​ចាំបានថា សហរដ្ឋអាមេរិក បានដើរតួជាបងធំពិភពលោកដោយកាលនោះ​ អាមេរិកបានចាប់មេដឹ​ក​នាំ​អ៊ីរ៉ាក់​ លោក សាដាម ហ៊ូសេន (Saddam Hussein, ១៩៩៧-២០០៣) ក្រោមលេសថា ​ប្រទេសអ៊ីរ៉ាក់​ បាន​ចូលឈ្លានពានប្រទេស ប្រទេសគុយវ៉ែត (Kuwait) ក្នុងឆ្នាំ១៩៩០ដែលជាប្រទេសដ៏សម្បូរប្រេងមួយក្នុងលោកការឈ្លានពាននោះ ត្រូវបានលោក ហ៊ូសេន រិះគន់ថាជា “ទង្វើដ៏អាក្រាតនៃការឈ្លានពាន។ មិនត្រឹ​មតែប៉ុណ្ណោះ វាជារឿងដ៏គួរឲ្យខ្មាស់អៀនបំផុត និងមិនអាចទទួលយកបាន ដែលសហរដ្ឋអាមេរិកប្រៀបធៀ​បរូបលោក ទៅនឹងអតីតមេដឹកនាំផ្តាច់ការនៃប្រទេសអាល្លឺម៉ង់ អាឌុល អ៊ីត្លែរ៍ (Adolf Hitler, ១៩៣៩-១៩៤៥)ទង្វើនាពេលនោះ បានធ្វើឲ្យបណ្តាមេដឹកនាំប្រទេសអារ៉ាប់ ហើយក៏មានប្រទេសរុស្ស៊ីចូលរួមផ​ង​ដែរនោះ បាននាំគ្នាថ្កោលទោស ចំពោះការឈ្លានពានរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែផ្ទុយពីការលើកឡើងនោះ លោកប្រធានាធិបតី​ ប៊ូស ដែលជាអតីតទាហានក្នុងសម័យសង្រ្គាមលោកលើកទី ២ បែរជាហៅវិបត្តិនោះ​ថា “ជាឱកាសនៃការរៀបចំសណ្តាប់ធ្នាប់ថ្មីមួយរបស់ពិភពលោក ដែលនីតិរដ្ឋមិនមែនជាច្បាប់នៃការគ្រប់គ្រងព្រៃឈើឡើយ តែជាការគ្រប់គ្រងប្រជាជាតិនានាទៅវិញ។

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ប៊ូស នាពេលនោះ បានធ្វើការទម្លាក់គ្រាប់បែក ទៅលើ​ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីលោក សាដាម ហ៊ូសេន បាន​បដិសេធ និងតម្រូវឲ្យអង្គការសហប្រជាជាតិ ប្រចាំនៅ​ប្រទេសអ៊ីរ៉ាក់​បិទស្នាក់ការរបស់ខ្លួន ដែលនឹងត្រូវផុតអាណត្តិនៅពាក់កណ្តាលខែ មករា ឆ្នាំ១៩៩១។ កា​រចំណាយពេលបើក​ការវាយប្រហារអស់រយៈ​ពេល​៥ សប្ដាហ៍​តាមផ្លូវ​អាកាស​ និង​ការវាយប្រយុទ្ធលើផ្ទៃដីអស់​​រយៈពេល១០០ ម៉ោង ត្រូវ​បានបញ្ចប់​ក្នុង​ខែកុម្ភៈ ដោយ​ការចុះចាញ់​របស់​កងទ័ពអ៊ីរ៉ាក់ និង​ការផ្តល់សេរីភា​ព​​ដល់ប្រទេសគុយវ៉ែត ។ ការប្រឈមមុខ​ដាក់គ្នានេះ បានធ្វើឲ្យទាហានសហរដ្ឋអាមេរិក បាត់បង់ជីវិតអ​ស់​ចំនួន៤០០ នាក់។ ចំណែកឯ​កងទ័ពប្រទេសអ៊ីរ៉ាក់វិញ បានស្លាប់អស់រាប់ម៉ឺននាក់ឯណោះ។

អ្វីដែលសហរដ្ឋអាមេរិក បានធ្វើដោយជោគជ័យលើការឈ្លានពាននោះ កើតចេញពីបទពិសោធន៍កា​លពីខែធ្នូ ឆ្នាំ១៩៨៩​។​ កាលនោះ​ លោក​ ប៊ូស​ បាន​ប្រើ​អំណាច​យោធា​ ក្នុង​ប្រតិបត្តិ​ការ​នៅ​ប្រទេស​ប៉ាណា​ម៉ា​ និង​ឈូង​សមុទ្រពែក្ស​។​ សហរដ្ឋអាមេរិកបានឈ្លានពានប្រទេសប៉ាណាម៉ា និង​បាន​ផ្ដួលរំលំ​របប​ផ្ដា​ច់​ការ​ពុករលួយ​របស់​លោក​ ឧត្តមសេនីយ៍​ ម៉ានូអែល ណូរីហ្កា ​(Manuel Noriega, ១៩៣៤-២០១៧) ដែ​លត្រូវ​បាន​ចាត់​ទុក​ថា​ជាគ្រោះ​ថ្នាក់​ចំពោះ​សន្តិសុខ​ របស់​ប្រជាជន​អាមេរិកាំង​ដែលរស់​នៅ​ទី​នោះ​ ព្រម​ទាំ​ង​ការ​ចរាចរ​ណ៍គ្រឿង​ញៀន ​ទៅ​កាន់​សហរដ្ឋអាមេរិក​ផង​ដែរ​។​ បន្ទាប់ពីនោះ លោក​ ណូរីហ្កា​ ​ត្រូវបាន​ប​ញ្ជូ​នទៅកាន់ទីក្រុង ម៉ៃអាមី ដើម្បីប្រឈមនឹងបទ​ចោទប្រកាន់ពីការជួញដូរគ្រឿងញៀន។

ខណៈ​ពេល​ដែលលោក​ ប៊ូស​ បាន​ទទួល​ការ​គាំទ្រ​ពី​សាធារណៈជនអាមេរិកាំង​ សម្រាប់​គំនិត​ផ្ដួច​ផ្ដើ​ម​​នយោបាយ​ក្រៅ​ប្រទេស​របស់លោក​​ ផ្ទុយទៅ​វិញ​ ប្រជាប្រិយភាព​នៅក្នុង​ស្រុក​របស់​លោក​ ត្រូវ​បាន​​ថ​យ​ចុះ​។​ ​ក្រឡេកមកមើល​នៅ​ក្នុងសហរដ្ឋអាមេរិក លោក​ ប៊ូស បានជួបការលំបាកជាមួយនឹង​សភា ដែលគ្រ​ប់​គ្រងដោយបក្សប្រជាធិបតេយ្យ និងមួយផ្នែកទៀត គឺបញ្ហា​បំណុលជាតិដែលកាន់តែកើនឡើង។ ពលរដ្ឋអា​មេរិកាំង​ប្រមាណជា ២៥០,០០០នាក់ គ្មានផ្ទះសំបែងនៅ រដ្ឋផ្លូរីដា​ (Florida State) ចំណែកឯ​អំពើហិ​ង្សា​​ក្នុងទីក្រុង បាន​ឈានដល់កម្រិត​មួយកាន់តែខ្ពស់។ បើយោងតាម​ការស្ទង់មតិមួយនៅឆ្នាំ ១៩៩២​  បាន​ប​ង្ហា​ញថា ប្រជាប្រិយភាពរបស់លោក ប៊ូស ត្រូវបានធ្លាក់ចុះជាលំដាប់។ ការខិតខំ​ប្រឹងប្រែងពង្រីក​ឥទ្ធិពល​នៅ​​ក្រៅ​តំបន់​របស់​លោក​ ប៊ូស​ បាន​ធ្វើ​ឲ្យ​ចរន្ត​នយោបាយ​របស់​សហរដ្ឋអាមេរិកមាន​ភាព​មិន​នឹង​ន ពិសេសគឺ​​បញ្ហា​សេដ្ឋកិច្ចតែម្ដង។​ ការពង្រីងនយោបាយក្រៅប្រទេសរបស់លោក ប៊ូស​ នាពេលនោះ ត្រូវបានក្លាយទៅ​ជាផ្ទាំងស៊ីប របស់គណបក្សប្រជាធិបតេយ្យ ដើម្បីរិះគន់ពេលឃោសនារកសំឡេង​ឆ្នោតទៅវិញ។ នៅ​ក្នុ​ង​​ឆ្នាំ​ ១៩៩២​ លោក​ ប៊ូស​ បាន​បាត់​បង់​ឱកាស​ប្រជែង​តំណែង​ សម្រាប់​ការ​បោះ​ឆ្នោត​ជាថ្មី ​ជាមួយនឹង​អ​ភិ​បា​ល​មក​ពី​រដ្ឋ​ អាកាន់សាស(Arkansas) នោះ​គឺ​លោក​ ប៊ីល​ គ្លីនតុន។​

ឆ្នាំ ១៩៩៣ លោកប្រធានាធិបតី George H.W. Bush មិនបានជាប់ឆ្នោតក្នុងអាណត្តិទី២ ឡើយ​។​ កាលនោះ លោក​ ប៊ូស​ បាន​ប្រជែងចាញ់បេក្ខជនដ៏មានប្រជាប្រិយភាពមួយរូប ដែលមកពីគណបក្សប្រ​ជា​ធិបតេយ្យ គឺលោក​ ប៊ីល​ គ្លីនតុន (Bill Clinton, ១៩៩៣-២០០៣)។ ក្នុងអាណត្តិរបស់លោក ប៊ូស ច្បា​ប់​មួយចំនួនត្រូវបានអនុម័ត និងបង្កើតឡើង ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីជនពិការ និងការរើសអើង និងវិ​សោ​ធនកម្មច្បាប់ស្តីពីការបំពុលខ្យល់កាលពីឆ្នាំ១៩៩០​ ដែលផ្តោតជាសំខាន់ ទៅ​លើការធ្វើឲ្យប្រសើរឡើ​ង​ស្រទាប់អូហ្សូន និងការបំពុលដោយទឹកអាស៊ីត។ លោក ប៊ូស ក៏បានបង្កើតយន្តការជួយសង្រ្គោះ តាមរយៈ​គោលការណ៍ឧបត្ថម្ភ ដល់ក្រុមហ៊ុនឧស្សាហកម្មខ្នាតតូចផងដែរ។

លោក ប៊ូស បាន​ទទួលមរណភាពនៅ ថ្ងៃសុក្រ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្នុងអាយុ ៩៤ ​ឆ្នាំ ដោ​យជំងឺសួត និងរលាកទងសួតរ៉ាំរ៉ៃធ្ងន់ធ្ងរ។ បុណ្យសព​របស់លោកត្រូវបានប្រារព្ធឡើង យ៉ាងសាកសមជា​រដ្ឋបុរសមួយរូប​របស់សហរដ្ឋអាមេរិក និងបានធ្វើឲ្យពលរដ្ឋអាមេរិកចងចាំលោកមិនភ្លេចឡើយ​។ លោក George W. Bush ដែល​ជាកូនប្រុស​របស់​លោក​ បានបញ្ជាក់ថា លោក George H.W. Bush “ ជាឪពុកដ៏​ល្អម្នាក់។  លោក ប៊ូសកូនលើកឡើងថាសម្រាប់យើង គាត់ជាមនុស្សដ៏ល្អមួយរូប បើទោះជាមិនល្អឥតខ្ចោះទាំងស្រុងក៏ដោយ។ នេះតាមការចុះផ្សាយរបស់កាសែតThe Washington Post នៅថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៨នេះ  ។ នៅ​ក្នុងពិធីនោះដែរ គេឃើញមានការអញ្ជើញ​ចូលរួមពីសំណាក់ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកមួយចំនួន រួមមាន លោកប៊ីល គ្លីនតុន និងភរិយា, លោក បារ៉ា​ក់ អូបាម៉ា និងភរិយា, លោកប្រធានាធិបតី ដូណាល់ ត្រាំ និង​ភរិយា និងលោក George W. Bush ដែលត្រូ​វ​ជាកូនប្រុសបង្កើត​ និងភរិយារបស់លោកដែលត្រូវ​ជាកូនប្រសារស្រី​ ព្រមទាំងឥស្សរជនជាន់ខ្ពស់ដទៃជាច្រើនទៀ​តផងដែរ​។

លោក ប៊ូស​​ ជា​ប្រធានាធិបតី​មួយរូប​ ដែល​បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ ឆ្លង​កាត់​ដំណាក់​កាលចុងក្រោ​យ​នៃសង្រ្គាមត្រជាក់​ ដែលអូសបន្លាយយ៉ាង​ជូរចត់​ ​អស់រយៈ​ពេល​​ជាង ៤០ ​ឆ្នាំ​។​ ពិភព​លោក​នាសតវ​ត្ស​រ៍ទី ​២១ នេះ​ជាពិភពលោក​នៃ​ការ​ទំនាក់​ទំនង​គ្នា​រវាងប្រជាជាតិ​នានា​ លើវិស័យ​សេដ្ឋកិច្ច​ ការទូត​ នយោ​បា​យ​ សន្ដិសុខ​។ល។​ បញ្ហានៃ​ប្រទេសមួយ​ ក៏អាចជាប្រែជាវិបត្តិដ៏ធ្ងន់ធ្ងរនៃ​ពិភពលោកទាំង​មូល​ក៏ថាបាន ប្រ​សិនបើ​គ្មានគោលនយោបាយ​ដ៏ប្រសើរ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នោះទេ។ លោក​ ប៊ូស​ យល់អំ​ពី​បញ្ហា​នេះ​​យ៉ាងច្បាស់​។​ ហេតុនេះ​ហើយ​ ទើប​លោក​ប្រឹង​ប្រែង​ខ្លាំង​បំផុត​ក្នុង​ការ​ដាក់ចេញ​ និង​អនុវត្ត​នូវ​គោលន​យោ​បាយ​ការបរទេស​ទាំងអស់នោះ​។​ ​ទន្ទឹម​នឹង​ការ​ខិតខំ​អនុវត្ត ​និង​ពង្រឹង​គោលនយោបាយ​ការបរទេស​ លោ​ក​ ប៊ូស​ ក៏​ទទួលរង​នូវ​ការរិះគន់​​​មិនពេញចិត្ត​ពី​ពលរដ្ឋ​អាមេរិកាំងជាច្រើនផង​ដែរ​។​ ដោយសារតែលោក​ ប៊ូ​ស​ បាន​ផ្ដោតជាសំខាន់​តែ​​ទៅលើបញ្ហា​ក្រៅស្រុក ​ច្រើន​ជាងបញ្ហាក្នុង​ស្រុក​។​ កត្តានេះ​​ បាន​បណ្ដាលឲ្យ​ប្រ​ទេ​ស​ជាតិ​ ធ្លាក់ចូលទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ ហើយរូប​លោកផ្ទាល់​​ ក៏​ទទួល​បរាជ័យ​ក្នុង​ការ​ប្រជែង​តំណែង​ប្រ​ធា​នាធិបតី ​សម្រាប់​អាណត្តិ​ថ្មី​បន្ទាប់តែម្ដង​៕