តើសហរដ្ឋអាមេរិក នៅបន្ដរើសអើងពណ៌សម្បុររហូតដល់ពេលណា?

2021-01-11 12:32:47 / អត្ថបទដោយ៖ ផាត់ ម៉ឺន និងឃឹម ស្រស់

លោកម៉ាធីន លូធឺឃីង ជាមេដឹកនាំដែលបានផ្លាស់ប្ដូររបត់ប្រវត្តិសាស្ត្រដ៏សំខាន់នៃការប្រកាន់ពូជសាសន៍របស់សហរដ្ឋអាមេរិច ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន

តើយើងត្រូវកាត់ទោសហ៊ីត្លែរដោយទោសអ្វី? នេះជាសំណួរមួយដែលសួរឡើងដោយអ្នកកាសែតម្នាក់ ក្រោយពេលបិទបញ្ចប់សង្រ្គាមលោកលើទី២ (១៩៣៩-១៩៤៥) ដែលបានសាកសួរទៅកាន់យុវតីស្បែកខ្មៅមួយរូប។ គ្រានោះនាងបានឆ្លើយតបយ៉ាងគ្រោតគ្រាតថា "លាបពណ៌លើខ្លួនគាត់ឱ្យខ្មៅ រួចនាំមកកាន់ទីនេះមក"។ កំហឹងរបស់នាងកើតចេញពីការឈឺចាប់ ដែលទទួលរងនូវការប្រមាថ ដោយត្រូវបានគេចាត់ទុករូបនាង ជាមនុស្សលំដាប់ទីពីរក្នុងសង្គមអាមេរិក ដែលត្រូវហាមឃាត់សិទ្ធិដោយបង្គាប់ថា អ្នកមិនអាចទៅរៀននៅសាលានេះបានទេ អ្នកមិនអាចធ្វើការប្រភេទនោះបានទេ អ្នកមិនអាចរស់នៅក្នុងផ្ទះនេះបានទេ ហើយ​បង់អង្គុយលេងក្នុងសួនច្បារនេះ ក៏អ្នកគ្មានសិទ្ធិអង្គុយដែរ។ល។ ហេតុផលចម្បងនៃការគ្មានសិទ្ធិទាំងនោះ គឺមកតែពីសម្បុរស្បែកពណ៌ខ្មៅនោះឯង។ ពាក្យផ្លូវការមួយសម្រាប់ពិពណ៌នាទង្វើខាងលើ គឺពាក្យ សេហ្គ្រីហ្គេហ្ស៊ីន (Segregation)ដែលមានន័យថា “ការផាត់ចេញ ឬការបែងចែកក្រុមមនុស្សស្បែកខ្មៅ” ចេញពីសហគមន៍ ហើយបំបិទសិទ្ធិជាច្រើនរបស់ពួកគេ ដែលមនុស្សម្នាទូទៅគួរតែទទួលបាន។

ក្នុងអំឡុងឆ្នាំ១៩៤០ ប្រជាជនស្បែកខ្មៅមានចំនួនប្រមាណជា១០លាននាក់ នៃចំនួនប្រជាជនសរុប១៣លាននាក់ បន្តរស់នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក ដោយភាគច្រើននៃពួកគេរងគ្រោះដោយសារភាពក្រីក្រ។ គិតត្រឹមឆ្នាំ១៩៧០ ស្ថានភាពហាក់មានការប្រែប្រួល ដោយអត្រាកំណើនកំណើតរបស់ពួកគេ ដែលកាលនោះចំនួនប្រជាជនស្បែកខ្មៅ បានកើនឡើងដល់ប្រហែលជា ២៤លាននាក់។ ក្នុងនោះមាន២០លាននាក់ រស់នៅខាងក្រៅតំបន់ភាគខាងត្បូង ដោយសារតែភាគច្រើននៅតំបន់ប៉ែកខាងជើងជាទីក្រុងឧស្សាហកម្ម។ ការធ្វើចំណាកស្រុកក៏កើនឡើងយ៉ាងច្រើនគំហុក ដោយប្រជាជនស្បែកខ្មៅរស់នៅភាគខាងត្បូងប្រហែលជា៤,៥លាននាក់ បានធ្វើដំណើរតាមឡានក្រុង និងរថភ្លើង ឆ្ពោះទៅកាន់ភាគខាងជើង និងទៅកាន់រដ្ឋកាលីហ្វញ៉ា។

 អ្វីដែលទាក់ទាញខ្លាំងបំផុត ឱ្យពួកគេធ្វើចំណាកស្រុក គឺការទទួលបានការងារដែលមានប្រាក់បៀរវត្សរ៍ខ្ពស់ នៅតាមបណ្តារោងចក្រជាច្រើនក្នុងរដ្ឋឈីកាហ្គោ ( Chicago) ផីតស្បើហ្គ (Pittsburgh) និងដេត្រ័ត (Detroit) ជាដើម។ តែក៏នៅមានហេតុផលផ្សេងទៀត លើការសម្រេចចិត្តធ្វើចំណាកស្រុក​ ចោលផ្ទះសំបែង ទៅកាន់ភាគខាងត្បូង និងភាគខាងលិចរបស់ពួកគេ នោះគឺដោយសារតែក្តីរំពឹង ដែលពួកគេមិនត្រឹមតែចង់គេចចេញ ពីភាពក្រីក្រតែមួយមុខនោះទេ តែក៏គឺដើម្បីគេចចេញឲ្យផុត ពីទុក្ខលំបាកវេទនា និងការប្រមាទមើលងាយ ដែលតែងតែកើតមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដែលរស់នៅប៉ែកខាងជើង។ទាក់ទងនឹងរឿងនេះ ជនចំណាកស្រុកស្បែកខ្មៅម្នាក់បានសរសេរថា“ខ្ញុំមិនខ្វល់ថាត្រូវទៅឆ្ងាយប៉ុណ្ណានោះទេ ឲ្យតែជាទីដែល​គ្មានការប្រកាន់រើសអើង នោះខ្ញុំនឹងទៅឱ្យដល់”។

ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ នៅខាងក្រៅតំបន់ភាគខាងត្បូង ស្ថានភាពនៃការប្រកាន់ពណ៌សម្បុរ ហាក់រាងធូរស្រាលជាងមុនបន្ដិច ត្បិតថារោងចក្រផលិតអាវុធយុទ្ធភ័ណ្ឌនានា មានការមមាញឹកខ្លាំង ដែលតម្រូវឲ្យពួកគេត្រូវការបុគ្គលិកថ្មីៗជាច្រើននាក់ទៀត។ ហេតុអ៊ីចឹងហើយទើបជនស្បែកខ្មៅ អាចមានឱកាសបានចូលទៅធ្វើការងារ រួមជាមួយពួកស្បែកស ព្រមទាំងអាចទទួលបានប្រាក់បៀរវត្សរ៍សមរម្យទៀតផង​។ នាកាលនោះទាហានស្បែកខ្មៅមិនត្រឹមតែអាច ចូលរួមក្នុងសមរភូមិប្រយុទ្ធបាននោះទេ តែពួកគេក៏អាចហូបចុក និងសម្រាករួមជាមួយនឹងយុទ្ធមិត្តស្បែកសផងដែរ។ ដោយសារតែបែបនោះហើយ ទើបមានអ្នកសង្កេតការណ៍ម្នាក់ បានសរសេរក្នុងឆ្នាំ ១៩៤៦ថា"វាពិតជាច្បាស់ណាស់ថា ដល់ថ្ងៃបញ្ចប់ការប្រកាន់រើសអើងពណ៌សម្បុរ និងចាត់ទុកពួកស្បែកខ្មៅ ថាជាសត្វចៀមទៀតហើយ”។

ការតស៊ូទាមទារសិទ្ធិស្មើភាពគ្នារបស់ជនជាតិខ្មៅ ក៏មានការរីកសុះសាយ រហូតបង្កើតបានជា ចលនាដើម្បីសិទ្ធិជនស៊ីវិល។ របត់ដ៏សំខាន់ផ្នែកច្បាប់ ដែលសម្រេចក្នុង១៩៥៤​​ ចំពោះករណីលេខ ១១២ ប្រោន វី តូប៉េកា (Brown V.​ Topeka) ដោយតុលាការកំពូលបានប្រកាសសាលដីកាថា រាល់សាលារៀនណាដែលបែងចែកសិស្សស្បែកស និងស្បែកខ្មៅ ជាសាលាខុសច្បាប់ ហើយសាលដីកានោះក៏បានបង្គាប់ថា កុមារស្បែកខ្មៅត្រូវបានអនុញ្ញាតិ ឱ្យចូលរៀនសាលាណាក៏បានតាមចិត្ត ដូចកុមារស្បែកសដែរ។

ក្នុងខែកញ្ញា ឆ្នាំ១៩៥៧ មានករណីមួយបានកើតឡើង គឺមានក្រុមសិស្សស្បែកស ខឹងសម្បារយ៉ាងខ្លាំងជាមួយក្មេងស្បែកខ្មៅម្នាក់ ដែលព្យាយាមចូលរៀនក្នុងវិទ្យាល័យលីតថលរ៉ុក (Little Rock) ក្នុងតំបន់អាកឃេនសាស (Arkansas) ដែលពីមុនជាសាលាសម្រាប់តែពួកក្មេងស្បែកសរៀនតែប៉ុណ្ណោះ។ ដោយក្រុមមនុស្សទាំងនោះ បានប្រមូលផ្តុំគ្នារារាំងយ៉ាងដាច់អហង្ការ មិនឱ្យក្មេងស្បែកខ្មៅរូបនោះ បានចូលរៀនឡើយ ព្រមទាំងស្រែកថា ពួកស្បែកខ្មៅជាទាសករថោកទាប មិនសមរៀនសាលាជាមួយក្រុមស្បែកស ដែលជាពួកមូលធនដ៏ថ្លៃថ្នូរនោះឡើយ។ លោកប្រធានាធិបតី អែសែនហ៊ូវឺ (Eisenhower) បានបញ្ជាក្រុមទាហាន ទៅបង្ខំឱ្យក្រុមដែលកំពុងតវ៉ានោះ គោរពតាមសេចក្តីសម្រេចរបស់តុលាការកំពូល ដែលបានសម្រេចកាលពីឆ្នាំ១៩៥៤ ហើយចុងក្រោយក្មេងៗទាំងនោះ ក៏ព្រមទទួលតាមការបង្គាប់នោះ។ ផ្តើមពីព្រឹត្តិការណ៍នោះ បាននាំទៅរកការតស៊ូទាមទារសិទ្ធិស្មើភាពគ្នាក្នុងវិស័យអប់រំ ហើយការតស៊ូនោះនៅតែបន្តមានរហូតដល់៣០ឆ្នាំក្រោយមកទៀត។

មានព្រឹត្តិការណ៍មួយទៀត ដែលចារក្នុងប្រវត្តិសាស្ត្រ នៃការតស៊ូទាមទារសិទ្ធិជនស្បែកខ្មៅនេះដែរ គឺព្រឹត្ដិការណ៍ដែលផ្តើមកើតឡើងដំបូង ក្នុងថ្ងៃទី​១ ខែធ្នូ ឆ្នាំ១៩៥៥ ដោយកាលនោះ លោកស្រី   រ៉ូហ្សា ផាកស៍ (Rosa Parks) ជាស្រ្តីស្បែកខ្មៅ បានជិះឡានក្រុងមួយក្នុងតំបន់ដែលមានការប្រកាន់ និងរើសអើងយ៉ាងខ្លាំងលើជនស្បែកខ្មៅ គឺនៅក្រុងភាគខាងត្បូងនៃតំបន់ម៉នហ្គូមឺរី ( Montgomery) រដ្ឋអាឡាបាម៉ា (Alabama)។ កាលនោះលោកស្រីបានទៅអង្គុយ នៅកៅអីទំ​នេ​រ​ជួរខាងមុខ។ លោកស្រីមិនព្រមបោះបង់ កន្លែងដែលលោកស្រីបានអង្គុយ​នៅជួរមុខនោះ  ដែលកៅអីនោះគឺសម្រាប់​តែជនជាតិ​ស្បែកសអង្គុយប៉ុណ្ណោះ។ ការបដិសេធរបស់លោកស្រី ក្នុងការផ្លាស់ប្ដូរ​កន្លែ​ង​​អង្គុយ ​ទៅផ្នែកខាងក្រោយរបស់​ឡានក្រុង គឺបានបំពានទៅលើលក្ខន្តិកៈ របស់អាជ្ញាធរនៃ​រដ្ឋអាឡាបាម៉ា​។

តៃកុងឡានក្រុងនោះបានដេញនាង ឲ្យប្រគល់កៅអីឱ្យទៅឲ្យអ្នកដំណើរស្បែកស។ ក៏ប៉ុន្ដែលោកស្រី ផាកស៍ គិតថាវាជាទង្វើអយុត្តិធម៌មួយចំពោះរូបនាង ទើបនាងប្រកែកយ៉ាងដាច់អហង្ការ ថានាងនឹងមិនដូរចេញជាដាច់ខាត។ នាងក៏ត្រូវបានចាប់ឃុំខ្លួន ដោយសារការប្រកែកមិនងើបចេញពីកៅអីនោះ។

ករណីអ្នកស្រី ផាកស៍ បានធ្វើឱ្យមានសន្ទុះនៃពួកជនជាតិស្បៃកខ្មៅនៅម៉នហ្គូមឺរី (Montgomery) ជាច្រើន ចេញមកតវ៉ាឱ្យដោះលែងលោកស្រី។ សមាគមន៍ជាតិដើម្បីវឌ្ឍនភាពពលរដ្ឋស្បែកខ្មៅ (NAACP) បានចេញមុខជួយជំរុញឱ្យខាងតុលាការ ដោះលែងអ្នកស្រីផាកស៍ពីពន្ធនាគារ ព្រមទាំងបានធ្វើយុទ្ធនាការ ប្រឆាំងនឹងការបែកចែកពួកស្បែកខ្មៅ និងស្បែកស លើរថយន្តក្រុងថែមទៀត។ យុវបុរសម្នាក់ឈ្មោះ ម៉ាទីន លូធឺធីង (Martin Luther king) ជាអ្នកដឹកនាំយុទ្ធនាការនោះ ដោយផ្តើមធ្វើពហិការ របស់ជនស្បែកខ្មៅទាំងអស់ ឲ្យផ្អាកប្រើប្រាស់សេវាឡានក្រុងរយៈពេលមួយឆ្នាំ។ ជាចុងក្រោយគឺក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៦ តុលាការកំពូលបានចេញសេចក្តីសម្រេចថា ការបែងចែកកៅអី រវាងពួកស្បែកខ្មៅនឹងស្បែកស ក្នុងសេវារថយន្តក្រុងសាធារណៈ គឺជារឿងមិនស្របច្បាប់។ ហេតុនេះការបែងចែកកន្លែងអង្គុយដូចមុន មិនត្រូវឱ្យមានជាដាច់ខាត ក្នុងសេវារថយន្តក្រុងក្នុង រដ្ឋម៉នហ្គូមឺរី ទាំងមូល។

ភាពជោគជ័យលើការធ្វើពហិការមិនជិះរថយន្តក្រុង ក្នុងរដ្ឋម៉នហ្គូមឺរី ពិតជាកម្លាំងជំរុញឱ្យជនស្បែកខ្មៅនៅតំបន់ផ្សេងៗទៀត ងើបឡើងតវ៉ាប្រឆាំង នឹងការប្រកាន់ពណ៌សម្បុរដែរ ដូចជាពហិការមិនទិញឥវ៉ាន់ក្នុងហាងណា ដែលមិនទទួលជនស្បែកខ្មៅបម្រើការងារ ពហិការមិនព្រមបង់ថ្លៃជួលផ្ទះ បើកាលណាម្ចាស់ផ្ទះមិនសម្រួលលក្ខខណ្ឌនៃការរស់ និងតម្លៃជួលឱ្យបានសមរម្យ។ ពួកគេក៏បានចូលទៅតវ៉ាប្រឆាំង ចំពោះភោជនីយដ្ឋានណា ដែលមិនព្រមលក់អាហារ ជូនភ្ញៀវជនជាតិស្បែកខ្មៅផងដែរ។ យុទ្ធនាការប្រឆាំងនឹងការរើសអើងនាពេលនោះ ទទួលបានជោគជ័យពីមួយកន្លែងទៅមួយកន្លែង រហូតដល់កើតមានជាចលនាសិទ្ធិជនស៊ីវិលមួយ ជាលក្ខណ:ទ្រង់ទ្រាយធំ។

នៅថ្ងៃមួយនៃរដូវក្តៅ ខែសីហា មនុស្សជាង ២០០,០០០នាក់ មានទាំងស្បែកស និងខ្មៅ បានប្រមូលផ្តុំគ្នា ធ្វើមហាបាតុកម្មនៅទីក្រុងវ៉ាស៊ិនតោន ដើម្បីទាមទារសិទ្ធិស្មើគ្នាពេញលេញបរិបូរណ៍ រវាងជនស្បែកស និងស្បែកខ្មៅ ។

ប្រមុខដឹកនាំចលនាវ័យក្មេង គឺលោកម៉ាធីន លូធឺឃីង បានអង្រួនដួងចិត្តប្រជាជនស្បែកខ្មៅ ឱ្យក្រោកឈរឡើង គៀកស្មាគ្នារៀបចំសង្គមស្មើភាពមួយ សម្រាប់ជនានុជនជំនាន់ក្រោយ កុំឱ្យកើតមកស្គាល់តែទុក្ខវេទនា ដោយសារតែការរើសអើងពណ៌សម្បុរដូចពួកគេ។ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៦៣ លោកបានថ្លែងសុន្ទរកថាជាប្រវត្តិសាស្រ្តមួយ ដែលបង្ហាញពីមនោសញ្ចេតនាអាណិតអាសូរដ៏ជ្រាលជ្រៅ ចំពោះជនរួមឈាមខ្លួន ដែលត្រូវប្រឈមមុខនឹងការប្រមាថមើលងាយសឹងគ្រប់ពេល និងការស្អប់ខ្ពើមនូវទង្វើនៃការរើសអើង ពីសំណាក់ពួកស្បែកស។ នៅចំពោះមុខប្រជាជនអាមេរិកជាច្រើនលាននាក់ ដែលកំពុងស្ដាប់ និងខ្លះមើលតាមទូរទស្សន៍ ប្រមុខដឹកនាំរូបនោះបានថ្លែងថា៖

“ខ្ញុំមានក្តីសុបិនថានៅថ្ងៃមួយ ជាតិសាសន៍យើងនឹងអាចរស់នៅក្នុងសេចក្តីពិតមួយថា រាល់មនុស្សទាំងអស់កើតមកស្មើភាពគ្នាពីកំណើត។ ខ្ញុំមានក្តីសុបិនថា នៅថ្ងៃណាមួយកូនៗរបស់ជនស្បែកខ្មៅ ដែលជាអតីតទាសករនៅតំបន់ហ្គចហ្គៀរ (Georgia) និងកូនជនស្បែកសដែលជាអតីតម្ចាស់ដី (ចៅហ្វាយនាយ) អាចអង្គុយតុជាមួយគ្នាក្នុងភាតរភាព (ភាពជាបងប្អួន)។ ខ្ញុំមានក្តីសុបិនមួយថា ថ្ងៃណាមួយកូនតូចៗ​ទាំ​ងបួននាក់របស់ខ្ញុំ អាចរស់នៅក្នុងសង្គមមួយដែលមិនវាយតម្លៃមនុស្សដោយពណ៌សម្បុរស្បែក ប៉ុន្តែដោយគុណសម្បត្តិនៃការប្រព្រឹត្តរបស់ពួកគេ។ នេះជាក្តីស្រមៃរបស់ខ្ញុំនាថ្ងៃនេះ។”

ការចូលរួមតស៊ូរបស់ជនជាតិអាមេរិកស្បែកខ្មៅជាច្រើននាក់ តួយ៉ាងដូចជាលោកស្រី ម៉ាយ៉ា អង់  ហ្គេឡូ ( Maya Angelou, 1928–2014) លោកម៉ាល់ ខមអ៊ិចស៍ (Malcolm X, 1925–1965) លោកម៉ាទីន លូធើឃីង (Martin Luther King Jr., 1929–1968) និងបណ្តាជនជាតិអាមេរិកស្បែកខ្មៅជាច្រើនរូបទៀត ព្រមទាំងមានការជួយជ្រោមជ្រែង ពីសំណាក់មេដឹកនាំសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាលោក ហ្រ្វែងគ្លីន រ៉ូស្វែល ចន អេហ្វកេណ្ណឌី និងលោក ប៊ីលគ្លីនតុន ជាដើម សុទ្ធតែបានចូលចំណែកយ៉ាងសកម្ម ក្នុងការជួយផ្លាស់ប្តូរផ្នត់គំនិត ដែលធ្លាប់ប្រកាន់ចំពោះជនស្បែកខ្មៅ ឲ្យសាបរលាបបន្តិចម្តងៗ។

ជាងនេះទៀត ការប្រកាន់ពណ៌សម្បុរនៅសហរដ្ឋអាមេរិក ស្ទើរតែត្រូវបានបញ្ចប់ទាំងស្រុង ពេលដែលលោកបារ៉ាក់ អូបាម៉ា ជាជនជាតិស្បែកខ្មៅ ក្លាយជាប្រធានាធិបតីអាមេរិកទី៤៤។ ទាក់ទងទៅនឹងសារបញ្ឈប់ការរើសអើងនេះ លោកអូបាម៉ា បានថ្លែងក្នុងមជ្ឈមណ្ឌលធម្មនុញ្ញជាតិអាមេរិកថា “... សិទ្ធិស្មើគ្នារបស់ពលរដ្ឋ ត្រូវបានធានាដោយច្បាប់កំពូល ទាំងសេរីភាព និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប... យើងអាចដោះស្រាយបញ្ហាប្រឈមទៅបាន លុះត្រាតែយើងធ្វើការរួមគ្នា... យើងមើលទៅមិនដូចគ្នា ប្រហែលមកពីយើងមកពីកន្លែងផ្សេងៗគ្នា ប៉ុន្តែយើងចង់ធ្វើការផ្លាស់ប្តូរឆ្ពោះទៅរកទិសដៅមួយរួមគ្នា សម្រាប់អនាគតល្អប្រសើរដល់កូនចៅជំនាន់ក្រោយរបស់ពួកយើង”។

បើទោះជាមានការបញ្ជាក់ក្នុងច្បាប់ច្បាស់ៗ ស្ដីពីការលុបបំបាត់ការរើសអើងពណ៌សម្បុរបែបណាក្តី តែក្នុងការអនុវត្តន៍ជាក់ស្តែងវិញ ឃើញថានៅតែមិនទាន់ឆ្លើយតបទាំងស្រុងឡើយ។ ពោលគឺក្នុងឆ្នាំ២០២០នេះ យើងឃើញថារលកនៃការតវ៉ាប្រឆាំង នឹងការរើសអើងពណ៌សម្បុរនៅអាមេរិក បានកម្រើកឡើងវិញបន្តិច រហូតមានការធ្វើបាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីព្រឹត្ដិការណ៍ដែលមន្រ្តីប៉ូលីស ចាប់ឃាត់ខ្លួនបុរសស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្ល័យ (George Floyd) ប៉ុន្ដែប៉ូលីសបានអនុវត្តន៍ជ្រុល រហូតដល់បុរសនោះស្លាប់។ ម្យ៉ាងទៀតក្នុងពេលឃោសនារកសម្លេងឆ្នោត របស់បេក្ខជនប្រធានាធិបតី ប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០នេះ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោក ចូបៃឌិន បានធ្វើការរិះគន់ចំៗទៅកាន់លោកត្រាំ ថាជាប្រធានាធិបតីអាមេរិកទីមួយខាងរើសអើង ដោយលោកបង្ហាញថា ស្ថាប័នធ្វើការក្នុងរដ្ឋបាលលោកត្រាំមានការរើសអើង ហើយការនេះក៏បានធ្វើឱ្យសង្គមអាមេរិកដើរថយក្រោយ។

ក្នុងន័យនេះ យើងអាចកត់សម្គាល់បានថា ឥរិយាបទនៃការរើសអើងពណ៌សម្បុរនៅអាមេរិក មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងនៅឡើយ។

ទម្រាំមានថ្ងៃនេះ សហរដ្ឋអាមេរិកត្រូវចំណាយពេល​រាប់​រយ​ឆ្នាំ ដើម្បីផ្លាស់ប្តូរផ្នត់​គំនិតបែបអភិរក្សនិយម ដែលប្រកាន់ពណ៌សម្បុរនេះបានប៉ុណ្ណេះ។ ការកាត់ផ្តាច់​ទាំង​ស្រុង​ពីការរើសអើង ពិតជាពិបាកធ្វើទៅរួចណាស់ និយាយជារួម។ ទាក់ទងនឹងរឿងនេះ គេអាចបង្កើត​កម្ម​វិធី​នានា ទាក់ទង​ទៅ​នឹង​ការលុបបំបាត់ការរើសអើងនេះ ដល់យុវជនអាមេរិកជំនាន់ក្រោយ ក្នុងវត្ថុបំណង​​ឱ្យ​យុវជន​​ទាំង​នោះ​បាន​ដឹង អំពីគុណវិបត្តិនៃការរើសអើង ថាវាផ្តល់ផលអវិជ្ជមានដូចម្តេចខ្លះ ក្នុងសហគមន៍​របស់​ពួកគេ។ ចំណុច​សំខាន់មួយទៀត គឺការធ្វើការរួមគ្នារបស់យុវជន មិនថាពួកគេមានសម្បុរស្បែកពណ៌អ្វីឡើយ ឲ្យតែពួកគេសញ្ជាតិអាមេរិក ដើម្បីបង្ហាញឱ្យពួកគេដឹងដែរថា ភាពជោគជ័យណាមួយដែលបានសម្រេច ពុំកំណត់​ត្រឹម​ពណ៌​សម្បុរ​ឡើយ៕

ស្ដាប់អត្ថបទទាំងស្រុងជាសំឡេង៖ សូមចុចទីនេះ