ទ្រុងគំនិត

2020-06-11 15:14:00 / PANG Vanthown

ប្រភពរូប៖ Pexels.com


មិនថាតែពីអតីតកាល ឬក៏បច្ចុប្បន្ននេះទេ មនុស្សភាគច្រើនហាក់ដូចជានៅជាប់គាំងនឹងគំនិតទស្សនៈ គាំងទ្រឹងនឹងទ្រីស្តីរបស់អ្នកប្រាជ្ញណាមួយ ដែលខ្លួនបានអាន បានរៀនសូត្រតាម រហូតទៅមុខមិនរួច។ អ្នកខ្លះមិនជាប់គាំងនឹងគំនិតរបស់អ្នកដទៃ ដែលខ្លួនពេញចិត្ដទេ តែគឺគេផុងជាប់នឹង​គំនិតរបស់ខ្លួនគេផ្ទាល់តែម្ដង។ ការជាប់គាំងនឹងគោលគំនិតណាមួយ គឺគំនិតរបស់បុគ្គលនោះ ​លែងទៅមុខរួច ដោយគេបិទខ្លួនគេ ថាមានតែគំនិតនោះទេដែលប្រសើរបំផុត ដោយគេលែងពិចារណាបន្ថែមលើគំនិតនោះ ឬបើពិចារណា ក៏ទៅណាមិនរួចចេញពីរង្វង់គំនិតនោះដែរ ព្រោះគេបានដំស្នឹងគំនិតរបស់គេ នៅទីនោះរួចបាត់ទៅហើយ។ មនុស្សបែបនោះច្រើនតែយល់ថា គំនិតទស្សនៈដែលនៅជាប់នឹងខ្លួនគេនោះ ជារបស់ដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃ និងពុំអាចកែប្រែបាន ហើយគេច្រើនតែលើកបុគ្គលម្ចាស់គំនិតដែលជាគ្រូនៃគំនិតនោះ ថាជាបុគ្គលដ៏អស្ចារ្យដែលមិនអាចរិះគន់បាន។ ប្រសិនបើមាននរណាហ៊ានមករិះគន់ពីចំណុចអវិជ្ជមាន ពីគុណវិបត្ដិ ពីភាពអសកម្ម ឬពីកំហុសរបស់បុគ្គលដែលជាទីអាងរបស់គេ នោះគេនឹងកម្ចាត់អ្នកនោះជាពុំខាន។

មនុស្សប្រភេទនោះបិទក្បាលខ្លួនចោលលែងពិចារណា ឬបើមានពិចារណាខ្លះ ក៏គេពិចារណាតែក្នុងរង្វង់គំនិត (ក្នុងទ្រុងគំនិត) ដែលម្ចាស់គំនិតបានចាក់សោរឃុំរួចជាស្រេចតែប៉ុណ្ណោះ។ លើសពីនេះ គេក៏លើកតម្កើងអ្វីដែលខ្លួនគិតថាល្អនោះ ទាំងមិនដឹងថាអ្វីដែលគេថាល្អនោះ មានន័យបែបណាឱ្យពិតប្រាកដថែមទៀត។ ធ្ងន់បំផុតនោះគឺនៅត្រង់គេយល់ថា គ្មានអ្វីល្អជាងអ្វីដែលគេបានដឹងរួចហើយនោះឡើយ។ ការយល់ឃើញបែបនេះ មិនខុសអ្វីនឹងកង្កែបក្នុងអណ្តូងនោះទេ។ បរិវេណដែលកង្កែបអាចមើលឃើញពីបាតអណ្ដូងដែលខ្លួនកំពុងនៅ គឺធំប៉ុនមាត់អណ្ដូងនោះ។ ដូច្នេះហើយទើបកង្កែបយល់ថា មេឃមានទំហំធំប៉ុនមាត់អណ្ដូងដែលខ្លួនបានឃើញប៉ុណ្ណោះ។ បើកង្កែបមិនលោតចេញពីបាតអណ្ដូងនោះទេ នោះគំនិតថាមេឃធំប៉ុនមាត់អណ្ដូង នៅតែដោតជាប់ក្នុងគំនិតរបស់វារហូត។ ទោះកង្កែបនោះមានក្បាលឆ្លាតប៉ុណ្ណាក៏ដោយ ពេលគិតពីអ្វី ក៏ក្បាលវាជាប់នឹងស្នឹងថាមេឃធំប៉ុនមាត់អណ្ដូងដែរ។ ដូច្នេះគំនិតដែលមនុស្សកង្កែបគិតឃើញ គឺនៅវ៉ល់ៗតែម្ដុំមេឃធំប៉ុនមាត់អណ្ដូងតែរហូត។

រាល់គំនិត ទស្សនៈ និងទ្រឹស្តីនានា ដែលបានឆ្លងកាត់ការសិក្សារបស់យើង គឺវាគ្រាន់តែត្រួសត្រាយផ្លូវឱ្យយើង បានឈានទៅធ្វើការសិក្សាស្វែងយល់ពីវា ហើយទៅឲ្យហួសពីវាតែប៉ុណ្ណោះ។ បើយើងរៀនអ្វីមួយ ហើយបញ្ចប់ខ្លួនឯងត្រឹមអ្វីដែលខ្លួនបានរៀន ដោយជាប់ផុងនឹងទ្រឹស្ដីនោះ ថាអញជាបណ្ឌិត ឬអញមិនមែនជាបណ្ឌិតទេ តែអញមានក្បាលគិតខ្លាំងលើសបណ្ឌិតជាដើម នោះហើយជាការដាក់ទ្រុងខ្លួនឯងយ៉ាងពិតប្រាកដ។ ទ្រុងអ្វីមិនស្មើនឹងទ្រុងគំនិតឡើយ។ អ្នកប្រាជ្ញបណ្ឌិតពិតប្រាកដ បង្កើតទ្រឹស្តីណាមួយមក មិនបានមានបំណងឱ្យយើង លើកទូលគំនិតរបស់គាត់មកដាក់ទុកលើហឹង ដើម្បីគោរពប្រតិបត្តិបូជា ទាំងមិនដឹងថាអ្វីដែលគាត់លើកឡើងនោះ មានន័យដូចម្តេចនោះឡើយ។

ទ្រឹស្ដីទាំងឡាយច្រើនតែអាចអនុវត្ដ​បាន ចំពោះតែលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ ជាការកម្រណាស់ ដែលទ្រឹស្ដីមួយអាចមានតម្លៃ និងផ្តល់អត្ថប្រយោជន៍​ ដល់មនុស្សផងគ្នាគ្រប់ពេលវេលា។ ក្នុងន័យនេះ មិនមែនរាល់ទ្រឹស្តីក៏ដូចជាគតិ និងទំនៀមទម្លាប់ពីបូរាណទាំងអស់់ សុទ្ធ​តែ​ត្រឹមត្រូវគ្រប់ចំណុច និងអាចអនុវត្ដបានគ្រប់សម័យកាលនោះឡើយ ។ ភាគច្រើនអ្វីដែលអ្នក​ប្រាជ្ញម្នាក់បានលើកឡើងពីបញ្ហាអ្វីមួយ អាចត្រឹមត្រូវតែនៅក្នុងបរិបទ នៃសម័យកាលណានោះតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែទស្សនៈគំនិតនោះ ចេះតែបន្ដប្រើក្នុងសម័យក្រោយៗទាំងឆ្គាំឆ្គង ដោយគ្មាន​នរណាហ៊ានលើកឡើងពីភាពឆ្គាំឆ្គងនោះ និងម្យ៉ាងដោយសារតែទម្លាប់រស់បែបតាមគេតាមឯង បែបចូលស្ទឹងតាមបទ ទើបគ្មានអ្នកហ៊ានគិតចេញឲ្យផុតពីទ្រុងគំនិតចាស់ ហើយគេក៏ចេះតែអនុវត្តត្រាប់តាមគ្នាទាំងមិនដឹងខ្លួន។

ការលើកយកទ្រឹស្តី និងទស្សនៈគំនិតចាស់ៗនានា របស់អ្នកប្រាជ្ញ និងការលើកយកទំនៀមបុរាណមួយចំនួន មកពិភាក្សាវែកញែកដោយអ្នកជំនាន់ថ្មី បានក្លាយទៅជារឿងធម្មតាទៅហើយ ក្នុងសង្គមស៊ីវីល័យដែលបើកចំហររាល់ការបញ្ចេញមតិ និងការយល់ឃើញរបស់មនុស្ស ដើម្បីឈានទៅរកអ្វីដែលថ្មីផង និងក៏ដើម្បីយកគំនិតចាស់ពីមុនៗ មកប្រើបន្ដឲ្យបានជាប្រយោជន៍ផង។ គំនិតទស្សនៈ ឬទំនៀមទម្លាប់ចាស់ៗ អាចបន្ដមានអត្ថិភាពនាសម័យថ្មីទៅបាន លុះត្រាតែវាត្រូវបានទទួលយកដោយមនុស្សសម័យថ្មី ហើយដើម្បីឲ្យគេអាចទទួលយកវាបាន លុះត្រាតែវាអាចប្រើបានជាប្រយោជន៍នាសម័យថ្មី។ ដូច្នេះមិនលែងឡើយ ដែលវាទាមទារនូវការដុសលាងកែលម្អ និងសម្រួលជាថ្មី ឲ្យវាស៊ីនឹងរសនិយមរបស់មនុស្សសម័យថ្មីផង និងឲ្យវាត្រឹមត្រូវផង។

រាល់ការលើកឡើងដែលមិនស្រប ឬផ្ទុយនឹងទស្សនៈចាស់ៗ ទោះមិនច្រើនក៏តិច គឺវាតែងតែប៉ះពាល់ដល់មនុស្សមួយក្រុមផ្សេងទៀត ដែលប្រកាន់ខ្ជាប់នឹងទ្រឹស្តី ឬទស្សនៈចាស់ៗទាំងនោះ។ ក៏ប៉ុន្ដែ គេកម្របង្កជាជម្លោះឈ្លោះទាស់ទែងគ្នា ក្រៅតែអំពីឈ្លោះគ្នាលើគោលគំនិតណាស់ បើគេប្រឈមមុខគ្នា តែអំពីទស្សនៈដែលពួកគេយល់ឃើញខុសគ្នា។ លក្ខខណ្ឌនៃជម្លោះទស្សនៈងាយបំផុត គឺបើអ្នកយល់ស្របរឿងអ្វីមួយ ឬបើចង់បដិសេធគំនិតណាមួយ បុគ្គលនោះ ឬក្រុមនោះ គ្រាន់តែលើកជាអំណះអំណាងមកបង្ហាញ និងពន្យល់ភាគីម្ខាងទៀត ឲ្យគេយល់ពីគំនិតរបស់ខ្លួនគឺចប់ហើយ។ បើភាគីម្ខាងទៀតមិនអាចទទួលយកបានទេ គេក៏បង្ហាញ និងពន្យល់អំណះអំណាង ដើម្បីការពារគំនិតរបស់ខ្លួនតបវិញបាន។ នេះជាបែបផែននៃជម្លោះទស្សនៈ។

ការប្រកាន់ខ្ជាប់គំនិតផ្ទាល់ខ្លួនហួសហេតុ ក្រោមហេតុផលថាគំនិតរបស់ខ្លួនពិតជាឡូហ្សិកត្រឹមត្រូវ ជាពិសេសដោយសំអាងថាខ្លួនជាអ្នកប្រាជ្ញបណ្ឌិត ខ្លួនមានក្បាលវៃឆ្លាត ជាមនុស្សលើមនុស្សជាដើម ហើយបិទរាល់ការរិះគន់ ជាទម្រង់មួយនៃការមិនចេះប្រើក្បាលរបស់ខ្លួនឲ្យបានត្រឹមត្រូវ​។ មនុស្សបែបនោះងប់ស្លុបនឹងគំនិតរបស់ខ្លួន ដោយគេយល់ថាវាឥតខ្ចោះ បើទោះបីជាអ្នកផ្សេង​ ថាវានៅខ្វះត្រង់នេះ គប្បីកែត្រង់នោះចេញ ក្នុងចេតនាដើម្បីកែលម្អទាំងអស់គ្នាក៏ដោយ ក៏​គេមិនអើពើពិចារណាដែរ។​ ផ្ទុយទៅវិញ គេមានតែមើលងាយមើលថោកគេថែមទៀត។ នោះក៏ព្រោះតែគេកំពុងតែពុលនឹងគំនិតរបស់ខ្លួន ថាខ្លួនអស្ចារ្យលើសគេ ដែលជារឿយៗក៏ឈានដល់ការប្រើប្រាស់សម្ដីមិនសមរម្យ ពេលឆ្លើយតបទៅភាគីម្ខាងទៀត ដោយវាលែងទៅជាការជជែកវែកញែកគំនិតទស្សនៈទាំងនោះ ដើម្បីរកសុក្រឹតភាពនៃគំនិត ឬដើម្បីឲ្យគេយល់ពីគំនិតខ្លួនហើយ តែវាប្រែទៅជាយកអ្នកដទៃ មកធ្វើជារន្ធបង្ហុយកំហឹង និងគំនុំផ្ទាល់ខ្លួនរបស់គេទៅវិញ។

មិនតិចដងទេ ដែលយើងឃើញអ្វីដែលគេលើកឡើងមិនត្រឹមត្រូវ តែដើម្បីកុំឱ្យចាញ់ចិត្ត​ដែលថា “ ខ្លួនគឺតែងតែត្រូវរហូត” គេក៏នៅតែបន្ដក្រាញននៀល ប្រកាន់យកតែគំនិតខ្លួន​លែងដឹងទិសតំបន់ ព្រោះតែខ្លាចអន់។ តើនោះមិនមែនជាអំនួត មិនមែនជាអស្មិមានះទេឬ? ចំណែកឯភាគីម្ខាងទៀត ដែលថាគំនិតអ្នកនេះ អ្នកនោះមិនត្រឹមត្រូវវិញ តើមានដឹងថាតើហេតុអ្វីទើបខ្លួនថាគំនិតទាំងនោះខុសដែរទេ? ឬមួយនោះក៏គ្រាន់តែជាចិត្ត ដែលចង់តែឈ្នះគេរបស់ខ្លួនដែរ ទើបទៅបន្ដុះបង្អាប់គេ ឲ្យគេឃើញថាខ្លួនគ្រាន់បើជាងគេ? ទាំងពីរភាគីសុទ្ធតែគ្មានលក្ខណៈសម្បត្ដិ ​ជាភាគីនៃជម្លោះទស្សនៈ​។

មនុស្សទូទៅច្រើនតែជឿនរណាម្នាក់ ព្រោះតែគេនោះជាគ្រូរបស់ខ្លួន ហើយគ្រូនោះនិយាយប្រាប់ថារឿងណានោះវាបែបនោះ គេក៏ជឿយកតែម្ដង។ ដោយសារតែទុកចិត្ដគ្រូរបស់ខ្លួនពេកថាត្រឹមត្រូវ គេហាក់ដូចជាភ្លេចប្រើក្បាលរបស់ខ្លួនពិចារណា ពីអ្វីដែលគ្រូខ្លួនប្រាប់។ ពេលខ្លះគេក៏បានគិតពិចារណាដែរ តែគេបានត្រឹមតែគិតពិចារណារឿងនានា តាមតែស្នាមគំនូសព្រំដែន ដែលគ្រូរបស់គេអូសតម្រុយឲ្យគេគិតតែប៉ុណ្ណោះ។ មានន័យថាគ្រូរបស់គេអូសតម្រុយគំនិតជាមុន ហើយជំរុញឲ្យអ្នកដើរតាមខ្លួនយកទៅគិត ថាវាមុខជាគិតឃើញបែបនោះ។ មែនទែនទៅ បើគេគិតក្នុងរបៀបនោះ គេមុខជាអាចគិតឃើញដូច ឬស្រដៀងនឹងគ្រូនោះនាំគេទៅគិតមែន ហើយបន្ទាប់មកគេក៏លែងហ៊ានគិតទៅមុខទៀត។ នេះជាការដាក់ទ្រុងគំនិត ហើយនេះក៏ជាលំនាំនៃខ្ញុំកញ្ជះគំនិតដែរ។ គំនិតដែលចាំតែគិតតាមគេអូសតម្រុយឲ្យគិតជាកញ្ចប់បែបនោះ អាចហៅបានថាជាគំនិតជជុះ ឬជាគំនិតមួយទឹក (second hand thought)

ការដែលទៅគិតរឿងដែលគេនាំយើងទៅគិត ក្នុងទ្រុងគំនិត ក្នុងសំណាញ់គំនិត ដែលគេហ៊ុមព័ទ្ធជាមុនរួចស្រេច នោះគេមុខជាគិតឃើញត្រឹមតែអ្វី ដែលគេនាំយើងទៅគិតប៉ុណ្ណោះ។ បែបនោះមិនមែនជាការបង្រៀនគ្នាឲ្យចេះគិតមែនទែនទេ តែវាជាការបង្រៀនមនុស្សឲ្យចេះគិតត្រាប់តាមគ្នាតែប៉ុណ្ណោះ។ នោះជាអន្ទាក់ទាក់កមនុស្ស ឲ្យជាប់ក្នុងសំណាញ់គំនិតរបស់គេ។ ជាបញ្ហាបំផុត បើយើងនៅស្អិតជាប់នឹងគំនិតរបស់ខ្លួន ជាពិសេសគឺគំនិតដែលថា អញចេះគិតគូរច្បាស់លាស់ល្អជាងគេ (ជាងគេលើលោក) និងអញគឺជាកំពូលអ្នកនាំគេគិត។ល។ ការឈរនៅពីក្រោយគំនិតដែលកំពុងគិត ទើបយើងអាចមើលឃើញពីលំនាំគំនិតរបស់ខ្លួនបានច្បាស់ ថាតើគំនិតនោះគិតចេញពីគំនិតអ្វី? និងតើគំនិតដែលកំពុងតែគិតនោះ វាចង់បានអ្វីចេញពីការគិតនោះ?

យើងតែងតែប្រឹងគិតរឿងអ្វីមួយ តែយើងមិនដែលបានឈរមើលគំនិតរបស់យើង ពេលវាកំពុងតែហូរពេលដែលកំពុងតែគិតពីរឿងនោះៗទេ។ រឿងដែលយើងត្រូវគិតរកដំណោះស្រាយ វាមិនសំខាន់ស្មើនឹងថាតើ យើងកំពុងតែគិតពីដំណោះស្រាយនោះ ដោយលំនាំគំនិតបែបណានោះឡើយ។ ទំនងជាមានអ្នកគិតថា បើមានរឿងត្រូវដោះស្រាយ ហើយរវល់តែឈរមើលគំនិតដែលកំពុងតែហូរគិត អំពីរឿងដែលកំពុងតែប្រឈមនោះ អ៊ីចឹងបែបគ្មានពេល ឬខាតពេលគិតពីដំណោះស្រាយមិនខាន។ ផ្ទុយស្រលះ ពេលដែលក្បាលរបស់យើងអាចនៅស្ងៀមចាកគំនិត ពិនិត្យមើលលំហូរនៃគំនិតរបស់ខ្លួន វាបែរជាលេចចេញនូវពន្លឺដំណោះស្រាយនៃបញ្ហាដែលខ្លួនកំពុងតែប្រឈមទៅវិញ។ នេះជាការដោះទ្រុងគំនិតចេញពីក្បាល។

មិនចេះគិតត្រិះរិះពិចារណា គឺជាបញ្ហាមួយ ដែលជាលទ្ធផល បុគ្គលនោះតែងតែងាយចាញ់បោកគេ ដែលគេច្រើនតែប្រៀបធៀបនឹងរឿងថា ទឹកតែងតែហូរពីទីខ្ពស់ទៅកាន់ទីទាប និងខ្លះនិយាយថា ទីណាមានជនល្ងង់ខ្លៅ ទីនោះមានការបោកប្រាស់។ តែមិនថាអ្នកអាចគិតពីរឿងមួយចេញ ដោយគំនិតដ៏អស្ចារ្យប៉ុណ្ណានោះទេ ក៏វាមិនលើសពីរឿងនៅតែគិតដដែល គ្រាន់តែវិសាលភាពនៃខួរក្បាលអ្នកខ្លះ អាចរាងធំទូលាយជាងអ្នកខ្លះ តាមភាពឆ្លាតវាងវៃ តាមចំណេះដឹង តាមបទពិសោធន៏រៀងៗខ្លួន ទើបគេអាចគិតឃើញរាងជ្រៅជាងគ្នា។ ក៏ប៉ុន្តែ អ្វីៗក៏សាមញ្ញធម្មតាៗ (គ្មានគំនិតណាអស្ចារ្យជាងគំនិតណា) ពេលដែលយើងអាចឈរមើលលំហូរគំនិតរបស់ខ្លួន។ ដែលថាគ្មានគំនិតណាអស្ចារ្យជាងគំនិតណា គឺព្រោះតែគំនិតសុទ្ធតែកើតចេញពីការគិត ដែលវាដាមដិតជាប់តែនឹងរឿងគិតៗៗ ដោយគេតែងតែយករូបគេផ្ទាល់ធ្វើជាគោល ហើយទាញបានជាមានអ្នកដទៃផ្សេងអំពីខ្លួន។

គំនិតតែងតែស្រឡាញ់ម្ចាស់គំនិតណាស់ ហើយដូចគ្នាដែរ ម្ចាស់គំនិតច្រើនតែងប់នឹងគំនិតរបស់ខ្លួនដែរ។ គេថាគំនិតរបស់គេអស្ចារ្យ ក៏ព្រោះតែគំនិតរបស់គេបានគូសវាស អំពីរូបរាងនៃទីឋានមួយ ឲ្យគំនិតរបស់គេបានទៅពួនជ្រក កុំឲ្យវាលហេលហាលចិត្ដពេក។ ឆ្អឹងខ្នងនៃទីឋាននោះ គឺកើតពីលំនឹកគិតរំពៃទៅរករឿងរ៉ាវពីអតីតកាល និងការស្រមៃទៅរករឿងដែលមិនទាន់មាន ដោយយករឿងដែលបានកើតរួចជាគោល ដោយមិនចាំបាច់ទទួលខុសត្រូវចំពោះមុខបច្ចុប្បន្ន​កាលឡើយ ព្រោះគេគិតថាបើនៅនឹងបច្ចុប្បន្នកាល ដូចគ្មានន័យព្រោះមិនបានបោះជំហានទៅមុខ។ គេក៏ចាប់ផ្ដើមគូសវាសចេញជាទីឋានថ្មីមួយ មកធ្វើជាជម្រកគំនិតរបស់គេកុំឲ្យរងា។

គេគិតថា ជម្រកនោះសម្រាប់ឲ្យគេ អាចទៅពួនជ្រកនាអនាគត តែការពិត គឺគេកំពុងតែរកជម្រកឲ្យចិត្ដហេលហាល ក្នុងពេលបច្ចុប្បន្នរបស់គេតែប៉ុណ្ណោះ។ បើគេពិតជានៅនឹងបច្ចុប្បន្ន​មែន នោះគេមុខជាគ្មានពេលទៅគិតស្រមៃ ពីជម្រកនាអនាគតឡើយ ព្រោះគេដឹងថាមានតែរស់នៅនឹងបច្ចុប្បន្នប៉ុណ្ណោះ ទើបជាការរស់ពិតប្រាកដ ក្រៅពីនេះគឺសុទ្ធតែជាភាពមាយា ដែលកើតពីគំនិតទាំងអស់។ តាំងពីពេលដែលគេរកបានជម្រកនោះមក គេក៏ជាប់ក្នុងទ្រុងនៃទីឋាន ដែលកើតពីគំនិតដែលគេប្រឌិដ្ឋនោះ ហើយគេនឹងប្ដូរផ្ដាច់ការពារជម្រកនោះ មិនឲ្យនរណាមកប៉ះឡើយ។ ទីឋានដែលគេគិតស្រមៃប្រឌិដ្ឋចេញមកនោះ ជាជម្រកតាំងនៅនៃ “អញ” របស់គេ។ ​ដូចដឹងស្រាប់ហើយ ថាតើអ្នកដទៃឯណា ដែលអាចមកប៉ះ “អញ” របស់មនុស្សម្នាក់ៗបាន? ពិសេសអញរបស់មនុស្សមានះ ​និងអំនួត។ ដូច្នេះហើយទើបគេនឹងខ្ញាល់ភ្លាមថា “វាមើលងាយអញៗ”។ ឲ្យតែគំនិតថាមានគេមើលងាយ “អញ” របស់ខ្លួន ចូលមកគ្របសង្កត់លើគំនិតរបស់គេហើយ (មានន័យថាក្នុងការគិតរបស់គេ នៅសល់ត្រឹមតែរឿងថា មានគេមើលងាយអញប៉ុណ្ណោះ) បន្ដទៅទៀត គឺមុខជាគ្មានជម្លោះទស្សនៈណាមួយ អាចអើតក្បាលមកបានឡើយ។ នោះក៏ព្រោះតែ “អញ” គឺ “គំនិត” ហើយ “គំនិត” គឺ “អញ”។

អាចមើលគំនិតរបស់ខ្លួនកំពុងតែគិត នោះទើបអាចដោះខ្លួនពីទ្រុងគំនិតបាន។ ពេលនោះទើបអាចមើលឃើញ ពីភាពកន្លះគ្រហែតនៃគំនិត ទើបអាចមើលឃើញពីមាយាភាពនៃសំណាញ់គំនិត។ ភាពមាយានៃគំនិតនោះទៀតសោត មិនមែនជាមាយារបស់អ្នកដទៃនោះទេ តែគឺមាយានៃគំនិតរបស់ខ្លួនយើងផ្ទាល់។ ក្នុងន័យនេះ ឲ្យតែកង្កែបបានលោតចេញពីមាត់អណ្ដូង (ចេញរួចពីទ្រុងគំនិត) នោះមិនបាច់មាននរណាមកប្រាប់គេទេថា នែ! កង្កែប! មេឃធំជាងមាត់អណ្ដូងដែលជាពិភពដែលឯងធ្លាប់រស់នៅទៀតនោះទេ តែគឺកង្កែបនោះនឹងបានឃើញមេឃ ដោយខ្លួនវាផ្ទាល់តែម្ដង។ ពេលនោះ រឿងមេឃធំប៉ុណ្ណា នឹងលែងជារឿងសំខាន់ចាំបាច់ក្នុងការទៅរៀបរាប់ប្រាប់កង្កែប ជាងរឿងដែលកង្កែបនោះលែងជាប់ស្អិត លែងជាប់ក្បាលក្នុងទ្រុងគំនិត ដែលវាចេះតែគិតស្រមៃមិនឈប់ ថាមេឃមានទំហំប៉ុណ្ណាៗ តាមតែគំនិតរបស់វាទៀតហើយ។ កង្កែបនោះនឹងដឹងថា មេឃមិនបានចេះតែធំប៉ុណ្ណាៗ តាមតែគំនិតរបស់វាខំប្រឹងគិតពីមេឃនោះទេ។ មេឃនៅក្នុងភាពជាមេឃ តាមសភាពរបស់វា។ មេឃមិនបានប្រែប្រួលទំហំ តាមគំនិតលោតចុះលោតឡើងរបស់កង្កែបឡើយ៕