ប្រជាធិបតេយ្យតាមលំនាំ អាប្រាហាម លីនខុន៍

2020-10-01 12:48:52 / KHEM Srors

Photo from OregonLive


ពេលដែលនិយាយពីប្រជាធិបតេយ្យ គេច្រើនសំដៅដល់ប្រព័ន្ធនៃការដឹកនាំរដ្ឋមួយ ដែលប្រជាពលរដ្ឋនៃរដ្ឋនោះ មានតុល្យភាពអំណាច ជាមួយអ្នកកាន់ការងារប្រទេសជាតិ។ មុននឹងនិយាយអំពីតុល្យភាពអំណាច យើងគួរតែពិនិត្យមើល ពី​ប្រទេសដែលជាស្ថាបនិកនៃប្រព័ន្ធប្រជាធិបតេយ្យជាមុន។ ប្រព័ន្ធនៃការដឹកនាំរដ្ឋនីមួយៗក្នុងពិភពលោក ទាំងកាលពីអតីតកាល ក៏ដូច​ជាបច្ចុប្បន្នកាល មិនសុទ្ធតែយកតាមលំនាំប្រព័ន្ធ ប្រជាធិបតេយ្យមកដឹកនាំប្រទេសដូចគ្នាទាំងអស់នោះទេ។ មានប្រទេសខ្លះ ដឹកនាំតាមប្រព័ន្ធកុម្មុយនីស្ត និងតាមប្រព័ន្ធផ្សេងៗទៀត ដោយយោងទៅតាមបរិបទសង្គម របស់គេតែ    រៀងៗខ្លួន។


ប្រជាធិបតេយ្យដំបូង ត្រូវបានគេដឹងថាមានដើមកំណើតនៅប្រទេសក្រិក (Greece) កើត​​ចេញពីទស្សនៈលោក ឃ្លី អីសស៊ើនស៍ (Cleisthenes, 508-570) ជាបិតាប្រជាធិបតេយ្យដ៏ល្បីមួយ​រូបរបស់ក្រិក។ ក្នុងភាសាក្រិក ពាក្យថា Isonomia (σονομία)មានន័យថា សិទ្ធិស្មើគ្នាក្នុងរឿងនយោ​បាយ។ ចំពោះពាក្យថា ប្រជាធិបតេយ្យ (Democracy) កើតចេញពីភាសាក្រិក Demoscraticដែលពាក្យថា Demos មានន័យថា ប្រជាជនចំណែកឯពាក្យ ”cratic” មានន័យថាអំណាច។ បើរួមពាក្យទាំងពីរនេះចូលគ្នា នោះមានន័យថា អំណាចប្រជាជន (Rule of people)។ ក្នុងន័យនេះ យើងអាចទាញអត្ថន័យជារួមបានថា ប្រជាធិបតេយ្យគឺជាទម្រង់នៃ​ការគ្រប់គ្រងរដ្ឋមួយ ដែលសិទ្ធិ និងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេស ស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ដែលដាច់ខាតត្រូវមានប្រព័ន្ធមួយ ដែលធានាដល់ការប្រើប្រាស់សិទ្ធិ និងអំណាចជាម្ចាស់ របស់ប្រជាពលរដ្ឋជាអចិន្រ្តៃយ៍។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៥១ ថ្មី វាក្យខណ្ឌទី២ ចែងថា “ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន”។


បើទោះបីជាប្រជាធិបតេយ្យ មានដើមកំណើតនៅក្រិក និងមានអាយុកាលច្រើនពាន់ឆ្នាំហើយក៏ពិតមែន ក៏ប៉ុន្តែវាមានការប្រែប្រួល និងមានបន្ថែមបន្ថយចំណុចខ្វះខាតខ្លះៗ ពីក្រុមអ្នកប្រាជ្ញបណ្ឌិត ដែលយល់ឃើញថាប្រព័ន្ធនេះ នៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយ។ ប្រទេស​​ជាច្រើនក្នុងលោក បានយកប្រព័ន្ធនេះមកអនុវត្តន៍ ក្នុងនោះក៏មានសហរដ្ឋអាមេរិក ផងដែរ ដែល​បានផ្តើមបោះឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួនដំបូងនៅឆ្នាំ ១៧៨៩ ដែលកាលណោះលោក ចច វ៉ាស៊ិងតោន (George Washington,1732-1799) បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី១។ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក បានអនុវត្តន៍ប្រព័ន្ធនេះអស់រយៈពេលជាង២០០ឆ្នាំមកហើយ។ សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជា បិតាប្រជាធិបតេយ្យ។ លោកប្រាហាម លីនខូនន៍ (Abraham Lincoln,1809-1865) ប្រធានាធិបតីសហរដ្ឋអាមេរិកទី១៦ បានថ្លែងនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៨៦៣ ថា រដ្ឋាភិបាលប្រជាធិបតេយ្យ ត្រូវកើតចេញពីប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ”។


កើតចេញពីប្រជាពលរដ្ឋ (by the people)៖ ក្នុងន័យនេះ រដ្ឋាភិបាលដែលឈានដល់ដំណាក់កាលនៃការដឹកនាំរដ្ឋ គឺកើតចេញពីការពេញចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត​ម្នាក់មួយសន្លឹកៗ ចូលទៅក្នុងធុងឆ្នោត។ ក្រៅពីបោះឆ្នោតរើសបេក្ខជនម្នាក់ៗ ទៅតាមគុណសម្បត្ដិរបស់បេក្ខជនទាំងនោះហើយ ការបោះឆ្នោតជ្រើសរើសនោះ ក៏ផ្អែកលើគោលនយោ​បាយរបស់បក្សនៃបេក្ខជននោះ ដែលសន្យាថានឹងដោះស្រាយបញ្ហា ជាតិ តំបន់ ក៏ដូចជានយោ​បាយ​អន្ដរជាតិបែបណាមួយ នៅពេលដែលក្រុមខ្លួន បានឈ្នះឆ្នោតចូលកាន់ការងារស្រុកទេស។ ក្នុង​សង្គមប្រជាធិបតេយ្យ ត្រូវតែមានពហុបក្ស ឬគណបក្សចាប់ពី ២ គណបក្សឡើងទៅចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ គណបក្សទាំងនោះ ត្រូវស្វែងរកសម្លេងគាំទ្រ ដោយផ្អែក​លើគោលនយោបាយបក្សរបស់ខ្លួន ដោយធ្វើយ៉ាងណា អាចទាញចិត្ដម្ចាស់ឆ្នោត ឱ្យបែរមកធ្វើ​ការពិចារណា ថាតើគោលនយោបាយរបស់គេ បម្រើប្រជាពលរដ្ឋយ៉ាងណាខ្លះ។ លើសពីនេះទៅទៀត ការបោះឆ្នោតជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី ឬប្រធានាធិបតេយ្យ ត្រូវធ្វើឡើងដោយ​មិន​លំអៀង ដោយសម្ងាត់ ដោយមិនរងគំនាបពីបណ្តាបក្សនយោបាយណាមួយឡើយ និយាយ​ជារួម។


របស់ប្រជាពលរដ្ឋ (of the people)ក្រោយពេលដែលបេក្ខភាពនាយករដ្ឋមន្រ្តី ឬ​ប្រធា​នាធិប​តី មកពីគណបក្សមួយ ត្រូវបានជ្រើសរើសមកកាន់ការងារក្នុងជួររដ្ឋាភិបាល ពួកគេត្រូវដឹងថា ការឡើងកាន់ដំណែងនោះ កើតចេញពីការសម្រេចចិត្តរបស់ពលរដ្ឋ ឱ្យមកធ្វើជាតំណាងឱ្យ​ពួក​គេ ក្នុងការចាត់ចែងកិច្ចការទាំងឡាយក្នុងនាមប្រជាពលរដ្ឋ ទាំងកិច្ចការក្នុងប្រទេស និងក្រៅ​ប្រទេស ដោយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយរបស់ខ្លួនដែល​បានដាក់ចេញ អំឡុងពេលឃោសនារកសម្លេងគាំទ្រ។ លោក អ៊ែនឌ្រូ ជែកសុន (Andrew Jackson,1767-1845) អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៧ ធ្លាប់បានលើកឡើងថាខ្ញុំសូមនិយាយ​ដោយស្មោះត្រង់ចុះថា ឋានៈប្រធានាធិបតីគឺជា ទាសករ ដែលប្រកបដោយកិត្តិយស។ ច្បាស់​ណាស់ថា ពេលឡើងកាន់ដំណែងក្នុងជួររដ្ឋាភិបាល បុគ្គលទាំងនោះ មិនមែនជាចៅហ្វាយរបស់​ប្រជាពលរដ្ឋឡើយ។


ដើម្បីប្រជាពលរដ្ឋ (for the people)ចំពោះរដ្ឋាភិបាលដែលបានដឹកនាំប្រទេស រដ្ឋា​ភិបាល​នោះ ត្រូវប្រាកដថាអ្វីដែលខ្លួនធ្វើ គឺមិនមែនដើម្បីតែប្រយោជន៍របស់ក្រុមខ្លួន បក្ខពួក​ខ្លួន ឬសមាជិកខ្លួនមួយក្តាប់តូចនោះឡើយ។ នៅពេលដែលមេដឹកនាំ គិតតែប្រយោជន៍ផ្ទាល់ខ្លួន  មនុស្សក្នុងសង្គមនោះនឹងលែងមានភាពជាប្រជាពលរដ្ឋហើយ តែជាបក្ខពួករបស់អ្នកមានអំណាចនោះ​តែ​ប៉ុណ្ណោះ។ សញ្ញា​នេះ​នឹង​នាំឱ្យមានរលកនៃការរើសអើង រហូត​កើត​មាន​ចលាចល​ក្នុង​សង្គម នៅពេលណាមួយដោយ​ចៀស​មិនផុត។ ដើម្បីប្រជាពលរដ្ឋ គឺមានន័យថាមេដឹកនាំធ្វើអ្វីៗ  ដើម្បី​ប្រយោជន៍​រួម​ទាំង​អស់​គ្នា​។ ម្យ៉ាងទៀត ពាក្យថាដើម្បីប្រជាពលរដ្ឋ មិនមែនមេដឹក​នាំ​ចេះ​តែ​​អាចធ្វើអ្វីៗបានស្រេចតែចិត្ត ហើយ​លើកជាលេសឡើងមកថា ខ្លួនធ្វើដើម្បីប្រជាពលរដ្ឋនោះ​ទេ។ មានប្រទេសប្រជាធិបតេយ្យមួយចំនួន បាន​ជ្រើសរើសយកការធ្វើប្រជាមតិ ដើម្បី​រក​មើល ថាតើអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើនោះ ពិតជា​ឆ្លើយ​តបទៅនឹងការចង់បានរបស់​ប្រជា​ពល​រដ្ឋដែរឬក៏អត់។ ជាងនេះទៅទៀតនោះ ដើម្បី​ឆ្លើយ​តប​ទៅនឹងការចង់បានរបស់ប្រជា​ពល​រដ្ឋ​ខ្លួន ជាតិសាសន៍ខ្លួន ក៏​មិន​មែន​មាន​ន័យ​រដ្ឋាភិបាល​/​មេ​ដឹក​នាំប្រទេសមួយត្រូវតែ​ធ្វើអ្វីៗ​​ ដោយ​​ពុំ​​បានគិតពីផលប៉ះពាល់ ចំពោះប្រជាជាតិផ្សេង ឱ្យតែបាន​ប្រយោជន៍មកជាតិខ្លួននោះ​ដែរ​។ បានសេចក្តីថា ការចង់បានប្រយោជន៍ដល់ជាតិសាសន៍ខ្លួន គប្បីទទួលបានមកដោយ​ពុំ​ប៉ះពាល់​ដល់ប្រយោជន៍នរណាម្នាក់  ឬប្រទេសណាមួយឡើយ ព្រោះ​បើពុំដូច្នេះទេ វាអាចនឹងនាំ​ឱ្យ​កើត​មាននូវអរិយភាព រវាងជាតិសាសន៍ដទៃជាពុំខាន។


ផ្អែកតាមគោលសំខាន់ នៃសង្គមប្រជាធិបតេយ្យទាំងបីខាងលើ នៅពេល​ដែល​ប្រទេស​ប្រជាធិបតេយ្យណាមួយ​ អាចអនុវត្តន៍នូវចំណុចសំខាន់ទាំងបីខាងលើព្រមគ្នាទៅបាន នោះមុខ​ជា​អាចធានាដល់ស្ថេរភាពប្រជាធិបតេយ្យនៃជាតិនោះ។ យ៉ាងណាក៏ដោយ រឿងនេះអាចសម្រេចទៅ​បាន លុះត្រាតែប្រជាពលរដ្ឋនៃប្រទេសនោះ មានចំណេះដឹងគ្រប់គ្រាន់ ក្នុង​ការ​វាយ​តម្លៃ តាម​ដាន នូវរាល់ការអនុវត្តន៍ការងាររបស់រដ្ឋាភិបាល ដែលបានកើតចេញពីសន្លឹកឆ្នោតដ៏មានតម្លៃ របស់​ប្រ​ជាពលរដ្ឋម្នាក់មួយសន្លឹកនោះ។ ដោយកុំ​បណ្ដោយឱ្យ​រដ្ឋាភិបាល នៅដាច់​ឆ្ងាយ​ផុតពី​ក្រសែ​ភ្នែករបស់ប្រជាពលរដ្ឋ តាមរយៈយន្ដការមួយដែលគេដាក់ឈ្មោះថា ជាយន្ដការតុល្យភាព​អំណាច​។ ក្នុងន័យនេះ យន្ដការតុល្យភាព​អំណាច បង្កើតឡើងដើម្បីធានា​ឱ្យមានតុល្យភាពអំណាច​របស់ប្រ​ជាពលរដ្ឋ និងអំណាចរបស់អ្នកកាន់ការងារប្រទេសជាតិ ជៀសវាងអ្នកដឹកនាំប្រទេស​​រំលោភអំណាច។ មានន័យថាប្រព័ន្ធនៃការអនុវត្តន៍ច្បាប់ មិនត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក ពី​ប្រព័ន្ធ​នៃការត្រួតពិនិត្យការអនុវត្តន៍ច្បាប់ឡើយ។ បើពុំដូច្នោះទេ ប្រជា​ធិបតេយ្យ​ដែល​កំពុង​តែអនុវត្តន៍នោះ នឹងមានតែឈ្មោះតែប៉ុណ្ណោះ (រូបភាពក្បត់ខ្លឹមសារ)។ ខ្មែរយើង ធ្លាប់​បាន​ឆ្លង​កាត់ប្រព័ន្ធបែបនោះ ក្នុងចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ម្តងរួចមកហើយ។ យើងពិតជា​ពុំ​ចង់​ឃើញ​របៀបដឹកនាំប្រទេសដ៏សាហាវយង់ឃ្នងបែបនោះកើតឡើងជាថ្មីម្ដងទៀត លើទឹកដីយើង ឬ​ក៏នៅទីណាមួយលើលោកនេះឡើយ។


បើទោះបីជាបណ្តាប្រទេសភាគច្រើនក្នុងពិភពលោក នៅពុំទាន់អនុវត្តន៍បានពេញលេញ ឬ​អនុវត្ដទៅតាមស្តង់ដារប្រជាធិបតេយ្យមួយដូចគ្នាក្តី ក៏ប៉ុន្តែយ៉ាងហោចណាស់ ក៏គេអាច​មើល​ឃើញថា​នៅតាមបណ្តាប្រទេសប្រជាធិបតេយ្យនានា ជាទូទៅមេដឹកនាំប្រទេស តែងតែចុះ​ចេញ​ពី​​ដំណែង​​ដោយសន្តិវិធី នៅពេលណាដែលកើតមានការតវ៉ាប្រឆាំង ពីប្រជាពលរដ្ឋរបស់គេ។ ការ​ធ្វើ​បែប​នោះ ជាការទទួលខុសត្រូវរបស់អ្នកដឹកនាំ ចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងជាការបញ្ជាក់ពីភាពមិនអាចក្រាញ់អំណាចបាន ក្នុងសង្គមប្រជាធិបតេយ្យ៕