ប្រវត្តិរបស់លោក ចច ដាប់ប៊ែលយូ ប៊ូស (Gorge W. Bush)

2021-02-05 06:04:21 / ដោយ ឃឹម ស្រស់


មានគ្រួសារអ្នកជំនួញជាច្រើន តែងតែឱ្យកូនរបស់ខ្លួនស្នងដំណែងរបស់ខ្លួន នៅពេលដែលកូនៗពួកគេធំឡើង។ បែរមកមើលលោកប្រធានាធីបតី ចច ដាប់ប៊ែលយូ ប៊ូស (Gorge W. Bush) វិញ គ្រួសាររបស់លោកជាអ្នកជំនួញផង និងជាអ្នកនយោបាយផង។ ជីតារបស់លោក ជាអតីតសមាជិកព្រឹទ្ធសភា ឪពុករបស់លោកជាអតីតប្រធានាធីបតី ចំណែកបងប្រុសរបស់លោក ឈ្មោះ ជែប (Jeb) ជាអតីតអភិបាលរដ្ឋ។

កាលពីឆ្នាំ២០០១ លោក ដាប់ប៊ែលយូ ប៊ូស (W. Bush) បានក្លាយជាប្រធានាធីបតីទី៤៣ របស់សហរដ្ឋអាមេរិក។ លោកជាបុគ្គលទី២ ដែលមានឪពុកជាអតីតប្រធានាធីបតី ហើយក្រោយមកខ្លួនក៏បានក្លាយជាប្រធានាធីបតីដែរ។ ចំណែកបុគ្គលមួយរូបទៀត គឺអតីតប្រធានាធីបតី ចន ឃ្វីនស៊ី អាដាម (John Quincy Adams)។

លោក ចច វ៉លឃើ ប៊ូស (Gorge Walker Bush) កើតថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៤៦ នៅញ៉ូហាវែន (New Haven) រដ្ឋខនណិកទីឃូត (Connecticut) ប៉ុន្តែលោកធំដឹងក្តីឡើង នៅរដ្ឋតិចសាស់។ លោកជាកូនច្បងគេ ក្នុងចំណោមបងប្អូន៦នាក់។ ឪពុករបស់លោកឈ្មោះ ចច ហឺប៊ឺត វ៉លឃើ ប៊ូស (George Herbert Walker Bush) និងម្តាយឈ្មោះ បាបារ៉ា ព្យែរ៍ ប៊ូស (Barbara Pierce Bush)។ ក្រោយមកគាត់បានត្រឡប់ទៅកាន់ណសអែស (Northeast) ដើម្បីបន្តការសិក្សាថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យនៅទីនោះ។ នៅឆ្នាំ១៩៧៥ ដាប់ប៊ែលយូ ប៊ូស បានទទួលសញ្ញាបត្របរិញ្ញាបត្រធុរកិច្ច នៅសាកលវិទ្យាល័យ ហាវើដស៍។ 

ក្រោយពេលត្រឡប់ទៅកាន់រដ្ឋតិចសាស់វិញ លោកក៏បានរៀបការជាមួយនឹងលោកស្រី លួរ៉ា វ៉ែលឈ៏ (Laura Welch) ជាអ្នកធ្វើការនៅបណ្ណាល័យ និងជាគ្រូបង្រៀន ។ បន្ទាប់មក លោកបានចាប់ផ្តើមបើករកស៊ីប្រេង។ នៅឆ្នាំ១៩៨៩ ដាប់ប៊ែលយូ ប៊ូស បានក្លាយជាម្ចាស់ភាគហ៊ុនរបស់ Texas Rangers baseball team។ លោកជាអ្នកគាំទ្រកីឡាបាល់បោះ ហើយលោកតែងចំណាយពេលលេងកីឡានេះ រហូតបានក្លាយជាប្រធានក្រុមតែម្ដង។ គាត់អាចរកចំណូលបានយ៉ាងច្រើនពីការងារនេះ ហើយក្រោយមកក្រុមនេះ បានលក់ចេញនៅឆ្នាំ១៩៩៨។

នាឆ្នាំ១៩៩៤ ដាប់ប៊ែលយូ ប៊ូស បានក្លាយជាអភិបាលរដ្ឋតិចសាស់ ដែលលោកជាសមាជិកមកពីគណបក្សសាធារណរដ្ឋ។ កាលណោះគាត់បានផ្តួលគូប្រជែងដ៏មានប្រជាប្រិយភាពម្នាក់ មកពីគណបក្សប្រជាធិបតេយ្យ។ ដាប់ប៊ែលយូ ប៊ូស បានក្លាយជាអភិបាលរដ្ឋដ៏មានប្រជាប្រិយភាពមួយក្នុងការដឹកនាំ។ ការនេះ ក៏បានធ្វើឱ្យគាត់ជាប់ឆ្នោតម្តងទៀតនៅឆ្នាំ១៩៩៨។ 

ឆ្នាំ១៩៩៩ ដាប់ប៊ែលយូ ប៊ូស បានជាប់ជាបេក្ខភាពប្រធានាធិបតី មកពីគណបក្សរបស់លោក និងបានចូលរួមធ្វើយុទ្ធនាការ ឃោសនាស្វែងរកការគំាទ្រគោលនយោបាយរបស់លោក ទៅដល់ប្រជាពលរដ្ឋអាមេរិក។

លុះដល់ឆ្នាំ២០០០ ដាប់ប៊ែលយូ ប៊ូស បានឈ្នះការបោះឆ្នោតយ៉ាងចម្រូងចម្រាស់បំផុត ដោយការរាប់សន្លឹកឆ្នោតពេលនោះមានភាពមិនប្រក្រតី រហូតត្រូវតុលាកាកំពូលបិទបញ្ឈប់ការរាប់សន្លឹកឆ្នោត ដោយជ័យជំនះបានមកលោក។ ដាប់ប៊ែលយូ ប៊ូស ត្រូវបានចាត់ទុកថាជាប្រធានាធីបតីអាមេរិកទី២ ដែលមានការសន្លឹកឆ្នោតគាំទ្រតិចតួចបំផុត ពោលគឺបានតែចំនួន ៥១ភាគរយគាំទ្រ ទល់នឹង៤១ភាគរយគាំទ្រអនុប្រធានាធីបតី អាល់ហ្គ័រ ជេអរ (Al Gore Jr.)។ សន្លឹកឆ្នោតគាំទ្រតិចតួចនេះ គឺដូចទៅនឹងសន្លឹកឆ្នោតដែលគាំទ្រលោកអតីតប្រធានាធីបតី បែនចាមីន ហារីសុន(Benjamin Harrison)ដែរ។

ដោយគោរពតាមការសន្យា នាកំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត ដែលលោកបានសន្យាថានឹងកែប្រែប្រព័ន្ធអប់រំអាមេរិក ឱ្យកាន់តែប្រសើរឡើង ទើបក្រោយពេលជាប់ឆ្នោតភ្លាម លោកក៏បានបង្កើតច្បាប់ដោយផ្អែកលើគោលនយោបាយ គឺសិស្សចាំបាច់ត្រូវតែធ្វើតេស្ត មុននឹងឡើងទៅកម្រិតបន្ទាប់ ដើម្បីតម្រង់ទិសដៅសមត្ថភាពរបស់ពួកគេ ព្រមទាំងធ្វើការពិន័យទៅលើគ្រឹះស្ថានណា ដែលពុំកែលម្អបរិយាកាសសិក្សាក្នុងគ្រឹះស្ថានខ្លួនឱ្យល្អប្រសើរ។


បញ្ហាប្រឈម និងដំណោះស្រាយនានាក្នុងរដ្ឋបាលលោក ដាប់ប៊ែលយូ ប៊ូស

ក្នុងតំណែងជាប្រធានាធីបតី លោក ដាប់ប៊ែលយូ ប៊ូស បានផ្តោតខ្លាំងបំផុត លើការកាត់បន្ថយពន្ធ ដែលមានកញ្ចប់ថវិកាប្រមាណ១,៣៥ពាន់ពាន់លានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានោះ លោកបានបង្កើនថវិការជាតិលើវិស័យសិក្សាធិការ និងកងកម្លាំងប្រដាប់អាវុធ។ គោលនយោបាយនៃការកាត់បន្ថយពន្ធដែលអាចធ្វើទៅបាន គឺមកពីលោកបានទទួលការគាំទ្រពីសមាជិកព្រឹទ្ធសភា ដែលភាគច្រើនមកពីបក្សប្រជាធិបតេយ្យ។ បន្ថែមពីនេះ លោកបានធ្វើការដោះស្រាយបញ្ហាប្រឈមរបស់រដ្ឋាភិបាល គឺជួយសម្រាលបន្ទុកជនងាយរងគ្រោះ ដោយមួយផ្នែកសុំឱ្យមានការជួយ ពីសំណាក់អង្គការសប្បុរសធម៌ពីផ្នែកខាងសាសនា។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ពួកភេរវករបានប្លន់យន្តហោះអាមេរិកចំនួនបួនគ្រឿង។ កាលណោះក្រុមភេរវករ បានប្រើយន្តហោះដែលពួកគេប្លន់បានទាំងនោះ ក្នុងគោលបំណងវាយប្រហារទៅលើទីតាំងសំខាន់ៗមួយចំនួនដូចជា មន្ទីរប៉ង់តាហ្គោន ដែលជាការិយាល័យគ្រប់គ្រងទិន្នន័យធំបំផុតរបស់សហរដ្ឋអាមេរិក និងអគារពាណិជ្ជកម្មនៅទីក្រុង ញូវយ៉ក ដោយបានបណ្តាលឱ្យមនុស្សចំនួន ៣,០០០នាក់បានស្លាប់បាត់បង់ជីវិត។ 

ឪពុករបស់លោក ដែលជាអតីតប្រធានាធីបតីទី៤១របស់អាមេរិក មានប្រសាសន៍ថា លោក ដាប់ប៊ែលយូ ប៊ូស ត្រូវប្រឈមនឹងបញ្ហា(បញ្ហាដែលត្រូវដោះស្រាយ)ច្រើនជាងប្រធានាធីបតីណាៗទាំងអស់កន្លងមក។ បញ្ហាប្រឈមលើកនោះ គឺអាចប្រដូចទៅនឹងសម័យនៃការដឹកនាំរបស់លោក អាប្រាហាម លីនខុន (Abraham Lincoln)។

ស្ថិតក្នុងកាលៈទេសៈនោះ ដាប់ប៊ែលយូ ប៊ូស បានឆ្លើយតបភ្លាមៗនឹងបញ្ហាដែលកំពុងប្រឈម តាមរយៈការបង្កើតគណកម្មការមួយ ដែលមានឈ្មោះថា ការិយាល័យសន្ដិសុខមាតុភូមិកំណើត (Office of Homeland Security)។ ការបង្កើតគណកម្មការនោះ គឺក្នុងគោលបំណងដោះស្រាយចំពោះប្រជាពលរដ្ឋអាមេរិក ដែលទទួលរងគ្រោះដោយការវាយប្រហារ។ ជាការឆ្លើយតបមួយទៀត គឺការតាមសម្លាប់មេភេរវករ ដែលបានបង្កឱ្យមានភាពវឹកវរឈ្មោះ អូសាម៉ា ប៊ីនឡាឌិន(Osama bin Mohammed bin Awad bin Laden)។ លោកផ្តើមផ្តួលរំលំរដ្ឋាភិបាលអាហ្គានីស្ថាន ដែលជាកន្លែងលាក់ខ្លួនមេភេរវកររូបនេះ។ រដ្ឋាភិបាលអាហ្គានីស្ថាន ត្រូវបានបង្កើតថ្មីដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។ ចំណែក ប៊ីនឡាឌិន មិនត្រូវបានរកឃើញឡើយ ប៉ុន្តែចុងក្រោយបែរជាត្រូវបានរកឃើញ និងសម្លាប់ចោល ដោយកងកុម្មង់ដូរពិសេសរបស់អាមេរិក នាសម័យលោកប្រធានាធីបតី អូបាម៉ា ទៅវិញ។ ក្នុងសង្រ្គាមអាហ្គានីស្ថាន សហរដ្ឋអាមេរិកបានចំណាយកញ្ចប់ថវិការអស់ប្រមាណជា ៩៧៨ពាន់លានដុល្លារ។ 

បន្ទាប់មកទៀត ដាប់ប៊ែលយូ ប៊ូស បានរុញច្រានឱ្យសហរដ្ឋអាមេរិក ចូលប្រឡូកក្នុងសង្គ្រាមអ៊ីរ៉ាក់ថែមទៀត ដោយជំនាន់នោះមេដឹកនាំផ្តាច់ការរបស់ប្រទេសនោះឈ្មោះ សាដាម ហ៊ូសេន។ លោកបានចោទប្រកាន់មេដឹកនាំអ៊ីរ៉ាក់រូបនោះ ថាបានលួចផលិតអាវុធពោលគឺលោកបារម្ភថា អ៊ីរ៉ាក់ប្រហែលជានឹងលក់អាវុធទាំងនោះទៅឱ្យក្រុមភេរវករ។ អ្វីដែលបានដាក់ជាចម្ងល់នៅពេលនោះគឺថា ប្រទេសអឺរ៉ង់ និងកូរ៉េខាង ជើងក៏មានអាវុធមហាប្រល័យដោយពួកគេកំពុងផលិតថែមទៀត។ ស្របពេលជាមួយគ្នានោះ រដ្ឋមន្រ្តីការ បរទេសអាមេរិកគឺលោក ខូលីន ផាវ៉ែល (Colin Powell)បង្ហាពីការគោរពចំពោះប្រទេសប្រទេសអ៊ីរ៉ង់ និង កូរ៉េ ខាងជើងដោយលោកបង្ហាញថា ពុំមានគម្រោងណាមួយក្នុងការធ្វើសង្រ្គាមជាមួយប្រទេសទាំងពីរ ខាងលើឡើយ ប៉ុន្តែលោកពុំបានសំដែងការគោរពចំពោះប្រទេសអ៊ីរ៉ាក់ឡើយ។

ដោយមានការគាំទ្រពីអង់គ្លេស សហរដ្ឋអាមេរិក បានបញ្ជូនទាហានរបស់ខ្លួនដោយបង្ខំ ចូលទៅក្នុងទឹកដីអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។ ការចូលឈ្លានពាននោះ ធ្វើឡើងក្រោមហេតុផលថា ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សាដាម ហ៊ូសេន។ តាមរយៈការស្រាវជ្រាវផ្លូវការមួយ រវាងរដ្ឋាភិបាលអាមេរិក និងអង់គ្លេសបានបង្ហាញថា អ៊ីរ៉ាក់ក្នុងរដ្ឋបាល ហ៊ូសេន មានការលួចផលិតអាវុធដ៏សែនមហាប្រល័យ ក៏ប៉ុន្តែនៅទីបំផុត ពួកគេពុំបានរកឃើញដូចទៅនឹងអ្វី ដែលខ្លួនបានអះអាងនោះឡើយ។ នេះជាការសម្រេចចិត្តដ៏ខុសឆ្គងមួយរបស់អាមេរិកនាពេលនោះ។

មានការលើកឡើងថា ការសម្រេចចិត្តឈ្លានពានប្រទេសអ៊ីរ៉ាក់កាលណោះ មិនទទួលបានការគាំទ្រណាមួយឡើយ ពីសំណាក់មន្រ្តីស្ទើរតែគ្រប់ផ្នែកទាំងអស់ ក្នុងរដ្ឋបាលរបស់លោក។ តែការសម្រេចនោះ គឺកើតចេញពីការប្រើប្រាស់អភ័យឯកសិទ្ធិ របស់ប្រធានាធីបតីផ្ទាល់មកបញ្ជា។ ហេតុផលផ្សេងទៀត គឺកើតចេញពីហេតុផលរបស់លោក ដាប់ប៊ែលយូ ប៊ូស ផ្ទាល់ដែលអះអាងថា ហ៊ូសេន ធ្លាប់រៀបគម្រោងធ្វើឃាតឪពុកលោក គឺលោក ចច អេចដាប់ប៊ែលយូ ប៊ូស (Gorge H.W. Bush) កាលពីឆ្នាំ១៩៩២ តែមិនបានសម្រេច។

សហរដ្ឋអាមេរិកបានបង្កើតរដ្ឋាភិបាលថ្មីនៅអ៊ីរ៉ាក់។ ប៉ុន្តែនៅមានក្រុមភេរវករមួយចំនួនទៀត នៅតែបន្តវាយប្រហារមកលើពលរដ្ឋអាមេរិក និងជនបរទេសដទៃទៀត។ អំពើហិង្សាដែលកើតមានជាញឹកញាប់ និងស្ទើរជាប្រចាំ បានធ្វើឱ្យអ៊ីរ៉ាក់ធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់ និងកាន់តែពិបាកក្នុងការអភិវឌ្ឍន៍ប្រទេសនេះឡើងវិញ។ កញ្ចប់ថវិការដែលបានចំណាយលើសង្គ្រាមនៅអ៊ីរ៉ាក់កាលណោះ គឺច្រើនជាង ១,០៦ពាន់ពាន់លានដុល្លារ។

ចូលមកដល់អាណត្តិទី២ ដាប់ប៊ែលយូ ប៊ូស បានធ្វើកំណែទម្រង់ជនអន្តោប្រវេសន៍ ដោយសារតែការរិះគន់ពីក្រុមអភិរក្សនិយម និងការធ្វើកំណែទម្រង់កិច្ចការបរិស្ថាន ដែលមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសេរីនិយម។ រដ្ឋបាលរបស់លោក ក៏ត្រូវបានរិះគន់ផងដែរចំពោះការមិនឆ្លើយតប

ក្នុងការទប់ស្កាត់ទាន់ពេលលើព្យុះកំណាចឈ្មោះ ក្រាទីណា(Katrina)ដែលបានបក់បោកមកលើរដ្ឋចំនួន៨នៅអាមេរិកកាលពីឆ្នាំ២០១២ ដោយកាលនោះធ្វើឱ្យរដ្ឋាភិបាលខាតបង់ថវិកាប្រមាណ១៦០ពាន់ លានដុល្លារអាមេរិក។ គ្រោះកំណាចនេះក៏បានធ្វើឱ្យមនុស្ស១,២០០នាក់បាត់បង់ជីវិត និងមនុស្សប្រមាណ ជាង១.២លានអ្នកត្រូវបានជម្លៀសទាន់ពេល ចំណែកទីក្រុងក្នុងរដ្ឋ ញូវអ័កឡែន ត្រូវបានគ្របដណ្តប់ដោយ ទឹក៨០ភាគរយ។


សមិទ្ធផលរបស់លោកប៊ូស

មានការកត់សម្គាល់ជាច្រើនបង្ហាញថា ក្នុងរដ្ឋបាលរបស់ខ្លួន ដាប់ប៊ែលយូ ប៊ូស បានសម្រេចកិច្ចការមួយចំនួនតួយ៉ាង សង្រ្គាមប្រឆាំងក្រុមភេរវកម្មពិភពលោក។ សហរដ្ឋអាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត បានជួយរំដោះប្រជាជនជាង ៥០លាននាក់ ពីរបបព្រៃផ្សៃ និងពួកភេរវករ។ មិនតែប៉ុណ្ណោះ ការពង្រីកនូវប្រជាធិបតេយ្យភាវូនីយកម្ម ក្នុងសកលលោកកាន់តែប្រសើឡើង។ លោកប្រធានាធីបតីរូបនេះ បានចាត់វិធានការណ៍ដែលមិនធ្លាប់មានពីមុនមក ដើម្បីបញ្ឈប់ការរីករាលដាលការផលិតអាវុធ ដែលមានចេតនាបំផ្លាញពិភពលោក។ ចំណែកកងកម្លាំងរបស់អាមេរិក ក៏ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់ប្រទេសជាដៃគូ។ ការដាក់ពង្រាយមីស៊ីល នៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិក គឺដើម្បីធានាសុវត្ថិភាពគ្នាទៅវិញទៅមកពីសំណាក់សត្រូវ។ 

ជាងនេះ ដាប់ប៊ែលយូ ប៊ូស បានបង្កើនកញ្ចប់ថវិការ និងបង្កើនកម្លាំងកងទ័ពសម្រាប់វិស័យការពារជាតិ ឱ្យកាន់តែប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងសតវត្សទី២១ ព្រមទាំងបានប្រកាសរៀបចំឡើងវិញ នូវរចនាសម្ព័ន្ធយ៉ាងទូលំទូលាយ នៃកងយោធាអាមេរិកនៅក្រៅប្រទេស បន្ទាប់ពីសង្រ្គាមកូរ៉េត្រូវបានបិទបញ្ចប់។

តួនាទីរបស់អាមេរិក គឺលើកកម្ពស់សេរីភាព ហើយការមានសេរីភាពនឹងនាំមកនូវសន្តិភាព។ អាមេរិកត្រូវដឹកនាំពិភពលោកដោយកម្លាំង និងទំនុកចិត្តខ្ពស់។ ចំពោះបញ្ហាសាសនាវិញ គឺមិនត្រូវបានហាមឃាត់ឡើយ។ រដ្ឋាភិបាលអាមេរិក បានលើកកម្ពស់ និងបង្កបរិយាកាសល្អប្រសើរ ចំពោះអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាងនេះ ក្នុងរយៈពេល៨ឆ្នាំនៃអាណត្ដិរបស់ខ្លួន លោកប្រធានាធីបតី ចច ដាប់ប៊ែលយូ ប៊ូស បានបង្កើនការងារជូនពលរដ្ឋអាមេរិក បានប្រមាណជា ៥.៧លាននាក់ គឺកើនឡើងប្រមាណជា ៤.២ភាគរយ៕

ស្ដាប់អត្ថបទទាំងស្រុងជាសំឡេង៖ សូមចុចទីនេះ