ពាក្យចុងក្រោយប្រធានាធិបតី ចន អេហ្វកេណ្ណឌី និយាយទៅកាន់ភរិយា

2020-10-17 11:10:03 / KHEM Srors

Photo from Politico


អតីតប្រធានាធីបតីសហរដ្ឋអាមេរិក គឺលោក ចន អេហ្វ កេណ្ណឌី បានប្រាប់ទៅភរិយា គឺលោកស្រី ជែ​​កឃី (Jackie) ដែល មើលទៅហាក់ដូចជា សញ្ញាត្រូវព្រាត់ជាលើកចុងក្រោយ ដែលកាលនោះ លោ​ក​ស្រីស្ថិតក្នុងសម្លៀកបំពាក់ពណ៌ផ្កាឈូក អមដំណើរស្វាមី។ លោកស្រីក៏មិននឹកស្មានថា នោះគឺជាពាក្យចុ​​ង​ក្រោយរបស់ស្វាមីខ្លួនដែរ។

ស្នេហារវាងលោក ចន អេហ្វ កេណ្ណឌី និងភរិយារបស់លោក គឺលោកស្រី ជែកឃី ដែលកា​លណោះ​កំពុងតែមានភាពផ្អែមល្អែម។ ប៉ុន្តែ មិនបានប៉ុន្មានផង ជីវិតគូរបស់អ្នកទំាងពីរ ត្រូវបានកាត់ផ្តាច់ ដោ​​យសារតែគ្រាប់កាំភ្លើងរបស់ឃាតករ ក្នុងឆ្នាំ ១៩៦៣។ បើទោះបីជាបែបនេះក្តី ក៏រឿងរ៉ាវស្នេហារបស់អ្ន​កទាំង​ពីរ ត្រូវបានរៀបចំ និងចងក្រងឡើង ជាកម្រងឯកសារស្នេហាផ្អែមល្អែមដ៏អស្ចារ្យ ដោយមានទាំងកម្រងរូ​ប​ថតថែមទៀតផង។ មានសញ្ញាចុងក្រោយមួយរបស់លោកប្រធានាធិបតី ដែលត្រូវបានបង្ហាញ មុនពេលត្រូវ ឃាតករបាញ់ប្រហារ

កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៦៣ លោកប្រធានាធិបតី ចន អេហ្វ កេណ្ណឌី កំពុងតែអង្គុយក្បែ​រភរិយាដ៏ស្រស់ស្អាតរបស់លោក ដោយកាលនោះលោកស្រីបានស្លៀកសម្លៀកបំពាក់ ព្រមជាមួយមួកព​ណ៌ផ្កាឈូក ដោយមានទាំងកម្រងផ្កាកុលាបពណ៌ក្រហម ហើយលោកស្រីបានងាកទៅស្វាគមន៍អ្នកគាំទ្រជាច្រើនដោយក្តីគោរព។ អ្នកទាំងពីរអង្គុយលើកៅអីខាងក្រោយពណ៌បៃតង ចំណែកឯលោក ចន ខុនណាលី (John Connally) អភិបាលរដ្ឋ តិចសាស់ និងភរិយា នែលី (Nellie) អង្គុយនៅកៅ​អីខាងមុខ ក្នុ​ង​រថយន្តម៉ាក Lincoln Continental ផលិតនៅឆ្នំា ១៩៦១។ ភរិយារបស់លោកប្រធានាធិបតី កំពុងតែលើ​កដៃគ្រវីស្វាគមន៍ពលរដ្ឋអាមេរិក   ដែលកំពុងឈរអមនៅតាមដងផ្លូវ នៃក្បួនរបស់ប្រធានាធិបតី។

ហេតុការណ៍ដ៏គួរព្រឺព្រួចមួយបានកើតឡើង។ នៅពេលដែលក្បួនប្រធានាធិបតី បានចេញផុតពីដ​ងផ្លូវ ដាឡាស់ (Dallas) ចូលដល់ដងផ្លូវ អ៊ឹម (Elm) ភ្លាម ក៏ស្រាប់តែមានសម្លេងយ៉ាងខ្លាំងបានពន្លឺឡើ​ង​ដូចជាផាវផ្ទុះ ឬរថយន្តបែកកង់ជាច្រើនគ្រាប់។ គ្រានោះលោកប្រធានាធិបតី បានដួលឈ្ងោកទៅមុ​ខ ដូ​ច​គ្មានកម្លាំងអ្វីទប់។ ភ្លាមនោះលោកស្រី ជែកឃី បានយកដៃមកត្រកងស្វាមីរបស់ខ្លួន។ ក្រោយម​កមានស​ម្លេងផ្ទុះជាបន្តបន្ទាប់ លោកស្រី ជែក ក៏បានលោតចេញពីរថយន្ត ហាក់កំពុងតែឈោងទៅរករបស់អ្វីមួយ។

ព្រឹត្តិការណ៍ដែលត្រូវឃាតករបាញ់សម្លាប់ស្វាមីរបស់ខ្លួន គឺជារូបភាពដែលលោកស្រី ជែកឃី មិនអា​ចបំភ្លេចបានឡើយ។ ឃ្លាចុងក្រោយ ដែលស្វាមីលោកស្រីបាននិយាយមកកាន់លោកស្រីគឺ “ជែក, ជែក ប​ងស្រឡាញ់អូននេះបើយោងតាមការចុះផ្សាយដោយការសែត ញូយ៉ក ឌៀលី ញូ (New York Daily News) ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី ជែកឃី នៅឆ្នាំ ១៩៦៣។ នៅតាមដងផ្លូវទៅកាន់មន្ទីរពេ​ទ្យ ផាក់លែន (Parkland Hospital) ដែលជាកន្លែងត្រូវយកលោកប្រធានាធិបតីទៅសង្គ្រោះបន្ទាន់ លោ​កស្រីត្រូវបានគេប្រាប់ថា លោកប្រធានាធិបតីបានស្លាប់បាត់ទៅហើយ។ ពេលនោះលោកស្រីគ្មានស្មា​រតី​សោះ គឺលោកស្រីឭតែពាក្យដែលស្វាមីហៅលោកស្រីថា “ជែក, ជែក អូនស្តាប់ឭបងនិយាយទេ? បងស្រ​ឡាញ់អូន

អស់រយៈពេល១០ឆ្នាំក្រោយការស្លាប់របស់ស្វាមី លោកស្រី ជែកឃី បានបញ្ជាក់ថា "ពាក្យសម្ដីចុ​ង​របស់ស្វាមីលោកស្រី ហាក់មិនទាន់ឃ្លាតទៅណាឆ្ងាយពីត្រចៀកលោកស្រីនៅឡើយ។ អ្នកទាំងពីរពិតជា​មិននឹកស្មាន ថានឹងមានរឿងបែបនេះទេ។ អ្នកប្រវត្តិវិទូបានលើកឡើងថា ពាក្យចុងក្រោយដែលលោកស្រី ជែក បាននិយាយមុនពេលដែលស្វាមីត្រូវបានឃាតករបាញ់គឺ "ទេ! វាពិតជាមិនអាចទេ។ តើហេតុអ្វីបានជាលោកស្រីពោលដូច្នោះ?

នៅក្នុងរថយន្ត លោកប្រធានាធិបតីមិនបាននិយាយអ្វីច្រើនទេ។ ប៉ុន្តែ គ្រានោះភរិយាយរបស់អភិ បា​លរដ្ឋតិចសាស់ គឺលោកស្រី នែលី (Nelli) បាននិយាយថា លោកប្រធានាធិបតី! លោកមិនអាចនិ​យា​យ​ថាពលរដ្ឋនៅដាឡាស់ (Dallas) មិនបានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបលោកបានឡើយ

ពេលនោះលោកស្រី ជែកឃីក៏បានឆ្លើយតបទៅវិញថា ទេ! វាពិតជាមិនអាចមែនគឺលោកស្រីចង់បញ្ជាក់ថា មិនគួរឲ្យជឿថាពិតជាមានមនុស្ស មកស្វាគមន៍ក្បួនប្រធានាធិបតីច្រើនកុះករបែបនេះមែន​។ លោកស្រីបាននិយាយបែបនេះ នៅមុនពេលដែលបុរសជាឃាតករឈ្មោះ លី ហាវី អូស្វ័លដ៍(Lee Harvey Oswald) អតីតកងទាហានម៉ារីន បាញ់សម្លាប់លោកប្រធានាធិបតី។ ក្រោយឃាតកម្ម លោកប្រ​ធា​នាធិបតីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មិនដល់ ១០ នាទីផង លោកប្រធានាធិបតីបានផុតដង្ហើម ដោ​យមានឈាមហូរចេញពីខួរក្បាលជាច្រើន។

នៅឯមន្ទីរពេទ្យវិញ គេបានស្នើសុំឲ្យលោកស្រីផ្លាស់ប្តូរសម្លៀកបំពាក់ពណ៌ផ្កាឈូក រួមជាមួយមួករ​ប​ស់លោកស្រីចេញ។ ភ្លាមនោះលោកស្រីបាននិយាយថា ខ្ញុំចង់ឲ្យពួកគេឃើញ នូវអ្វីដែលគេបានធ្វើមកលើខ្ញុំ។ អ្នកដែលបានរៀបគម្រោងសម្លាប់ស្វាមីរបស់លោកស្រី ពួកគេនឹងសប្បាយចិត្តបែបណា ពេលឃើ​ញ​គេព្រាត់ប្រាស់គ្រួសារសាច់ញាតិបែបនេះ។

ចាប់តាំងពីថ្ងៃនោះមក មនុស្សម្នាលែងបានស្តាប់ និងលែងបានឭការនិយាយ ក៏ដូចជាការថ្លែងសុ​ន្ទ​រកថារបស់លោកប្រធានាធិបតីទៀតហើយ។ ក៏ប៉ុន្តែ មានរឿងរ៉ាវជាច្រើន ដែលលោកបានបន្សល់ទុកក្នុ​ងឆា​កជីវិត ក៏ដូចជាអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក (១៩៦១-១៩៦៣)។ មានប្រយោគដ៏មានប្រជាប្រិយភាពមួយរបស់លោក ដែលធ្វើឲ្យគេនៅចងចាំមិនភ្លេចនោះគឺ អ្នកសូមកុំសួរថាតើប្រទេសរបស់អ្នកអាចជួយអ្វីអ្នកបាន តែអ្នកត្រូវសួរខ្លួនឯងវិញថា តើអ្នកបានធ្វើអ្វីខ្លះសម្រាប់សង្គ​ម​របស់អ្នក?”