លោកហ្រ្វែងគ្លីន ដឺ រ៉ូស្វែល (Franklin D. Roosevelt)

2020-07-31 08:28:20 / KHEM Srors

Photo from Britannica



លោក ហ្រ្វែងគ្លីន ដឺឡាណូ រ៉ូស្វែល គឺជាបុគ្គលដ៏ល្បីល្បាញមួយរូប។ លោកជាប្រ​​ធា​នាធិបតីអាមេរិកមួយរូ​ប ដែលបានជួយសហរដ្ឋអាមេរិក ឱ្យគេចផុតពីមហាវិបត្តិសេដ្ឋកិច្ចពិភពលោកនា​អំឡុងឆ្នាំ ១៩២៩ ក្រោ​មផែនការមួយដែលមានឈ្មោះថា ញូឌៀល(New Deal)។ ជាអ្នកច្បា​ប់ ជារដ្ឋបុ​រស និងជាអ្នកនយោបាយដ៏​កំពូ​ល​មួយរូបផងដែរនោះ តើលោក រ៉ូស្វែល មា​ន​គុ​ណសម្បត្តិអ្វីខ្លះ ក្នុងការជួយសង្គ្រោះសេដ្ឋកិច្ចអាមេរិក​នាពេលនោះ?

កើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ ១៨៨២ នៅតំបន់ Hyde Park រដ្ឋញ៉ូវយក សហរដ្ឋអាមេរិក។​ លោ​ក រ៉ូស្វែល ទទួលបានសញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យចំនួនពីរគឺ សាកលវិទ្យាល័យហាវើ​​ត (Harvard) និងសាកលវិទ្យាល័យកូឡុំប៊ី(Columbia)។ អំឡុងពេលដែលលោកបម្រើការជាមេធាវី លោ​​ក​បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ីលែណ័រ រ៉ូស្វែល (Eleanor Roosevelt)។ ឆ្នាំ ១៩១០ លោ​ក​​បានជាប់ឆ្នោត ជា​​សមាជិកព្រឹទ្ធសភាប្រចាំទីក្រុងញ៉ូយក ព្រមទាំងបានបម្រើការជាជំនួយការរដ្ឋមន្រ្តីនៅក្នុ​ងកងទា​ហា​ន​ជើ​ងទឹក នៃរដ្ឋបាលលោកប្រធានាធិបតី វូដ្រូ វីលសុន(Woodrow Wilson)ផងដែរ។

លោក រ៉ូស្វែល បានបរាជ័យក្នុងការចូលកាន់តំណែង ជាអនុប្រធានាធិបតីក្នុងឆ្នាំ១៩២០ ដោ​យ​​សារតែលោកមានជំងឺទន់សរសៃឆ្អឹងខ្នង(Polio)។ ប៉ុន្តែក្រោយមក លោកបានបង្ហាញឱ្យសាធារ​ណ​ជ​នឃើញថា លោកគ្មានបញ្ហាផ្នែកសុខភាពឡើយ តាមរយៈការខិតខំប្រឹងប្រែងធ្វើការ ជាអ្នកនយោបា​យ​ដ៏មា​នភាពអង់អាច និងមោះមុតម្នាក់ រហូតធ្វើឱ្យលោកបានជាប់ឆ្នោតជាអភិបាលរដ្ឋញ៉ូវយកនៅឆ្នាំ១៩២៩ និងបន្តកាន់ក្នុងតំណែងនេះរហូតចំនួនពីរអា​ណត្តិ​។

ឆ្នាំ១៩២៩ ជាពិសេសនៅក្នុងខែតុលា ទីផ្សាមូលប័ត្រអាមេរិកបានដាំក្បាលចុះ ហើយការនេះក៏ជាបានក្លាយជាចំណុចចាប់ផ្តើមនៃមហាវិបត្តិសេដ្ឋកិច្ចផងដែរ។ កាលនោះពលរដ្ឋអាមេរិកចង់ឃើ​ញ​កា​រផ្លាស់ប្តូរ​ជា​​វិជ្ជមានមួយ ហើយលោក រ៉ូស្វែល ក៏ត្រូវបានពលរដ្ឋអាមេរិក បោះឆ្នោតឱ្យ​ធ្វើ​ជាប្រ​ធានាធិ​បតីទី ៣២ក្នុ​ង​​ឆ្នាំ១៩៣២បន្ទាប់ពីលោក ហើប៊ើត ហូវើ(Herbert Hoover)។ ពលរដ្ឋអាមេរិកាំងដែលបានបោះឆ្នោតគាំទ្រផ្អែកលើគោលនយោបាយពេល រ៉ូស្វែល ឃោសនាបោះឆ្នោតពួកគេសង្ឃឹមថាប្រធានាធិបតីថ្មីរូបនេះ នឹ​ង​ធ្វើការដោះ​ស្រា​យ​វិ​ប​ត្តិដ៏សែនអាក្រក់នាពេលនោះបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។

ជាដំបូងលោកបានធ្វើសមាជមួយដែលមិនធ្លាប់មានពីមុនមក ដោយកំណត់ត្រឹមតែរយៈពេល ១០០ ថ្ងៃតែប៉ុណ្ណោះ ក្នុងការដោះស្រាយវិបត្តិនាពេលនោះ ឱ្យមានភាពល្អប្រសើរបនិ្តចម្តងៗឡើងវិញ តា​ម​រយៈផែ​ន​ការញូឌៀល ដែលប្រមូលផ្តុំទៅដោយអ្នកជំនាញ ដើម្បីស្វែងរកដំណោះស្រាយជាប​ន្ទា​ន់ និងមា​នប្រ​សិទ្ធភាព ដោយកែសម្រួលរបៀបរបបចាស់ខ្លះៗឡើងវិញ។ វិធានការកំណែទម្រង់សំខាន់​ៗ រួមមា​នកំណែទម្រង់ច្បាប់ខាងកសិកម្ម ឱ្យកាន់តែល្អប្រសើរជូនកសិករ​។ វិធានកា​រផ្នែ​ក​ឧស្សាហកម្ម ដោ​យ​លើកស្ទួយឱ្យមានការប្រកួតប្រជែង ក្នុងការលក់ដូរផលិតផលក្នុងស្រុ​ក​​ជាដើម។

ក្នុងអំឡុងពេលអនុវត្តផែនការកែទម្រង់របស់ខ្លួន គេក៏កត់សម្គាល់ឃើញថា លោកប្រធា​នា​ធិ​បតីរូ​ប​នេះ បា​នប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយស្ទើរតែមិនលោះពេល ដើម្បីលើកទឹកចិត្តពលរដ្ឋអាមេរិកាំង កុំឱ្យមា​ន​កា​រព្រួ​យបារម្ភ ចំពោះបញ្ហាវិបត្ដិសេដ្ឋកិច្ចដែលកំពុងតែប្រឈម។ កាលនោះលទ្ធផលវិជ្ជមានជាច្រើន ទ​ទួ​​ល​បានការស្វាគមន៍ពីពលរដ្ឋអាមេរិក ហើយធ្វើឲ្យគេអាចសន្និដ្ឋានបានថា ផែនការនោះទទួ​ល​បានជោ​​គ​ជ័យគួរជាទីគាប់ចិត្ត។ នៅដំណាក់កាលបន្ទាប់ លោកបានធ្វើការប្រឆាំងជាមួយនឹងតុលាការកំពូលអា​មេ​រិក ដែលបានចោទប្រកាន់រូបលោក ថាបានអនុវត្តផែនការមួយចំនួនក្នុងកម្មវិធីញូឌៀល ផ្ទុយនឹ​ងរដ្ឋធម្មនុញ្ញអាមេរិក។

លោក រ៉ូស្វែល កាន់តំណែងអាណត្តិទី២ ក្នុងពេលដែលភ្លើងសង្រ្គាមលោកលើកទី២ កំពុងតែ​​ឆា​ប​ឆេះ។ នៅពេលដែល ហ៊ីត្លែរ(Hitler)បានឈ្លានពានប្រទេសប៉ូឡូញ នៅឆ្នាំ១៩៣៩ លោក រ៉ូស្វែល បា​​​ន​បោះបង់ចោលភាពឯកោនិយម ដែលអាមេរិកធ្លាប់តែប្រកាន់យក ដោយលោកបានជម្រុញ​ឱ្យសភាអ​នុម័​តច្បាប់ដើម្បីលូកដៃជួយចក្រភពអង់គ្លេស និងបារាំង ហើយលោកបានប្រឆាំងនឹងជប៉ុន ដែ​លបានវា​យ​ប្រ​ហារបន្ទាយកងទ័ពអាមេរិកនាកំពង់ផែផៀល(Pearl Harbor)កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៤១ ថែ​​ម​​ទៀត។

ពេលនោះ សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាពីរគឺ៖ ទី១ គឺអាមេរិកត្រូវជួយសម្ព័ន្ធមិត្តរបស់ខ្លួ​ន រួមមានបារាំង និងអង់គ្លេស និងទី២ អាមេរិកមិនចង់ឱ្យជប៉ុន មានសិទ្ធិផ្តាច់មុខនៅអាស៊ីនោះទេ។ ហេតុដូ​​ច្នេះ​ហើយពេលនោះអាមេរិក ត្រូវតែបង្ខំចិត្តសហការគ្នាយ៉ាងជិតស្និទ្នជាមួយអង់គ្លេស និងសហភាពសូវៀ​ត រហូតអាចផ្តួលអាល្លឺម៉ង់ និងជប៉ុនឱ្យចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ។

លោក រ៉ូស្វែល គឺជាបុគ្គលដ៏ល្បីមួយរូប។ លោកបានធ្វើការតស៊ូមតិជាមួយសភា និងតុលាការអាមេ​រិក ដែលបានចោទប្រកាន់រូបលោ​ក ថាយុទ្ធសាស្រ្តមួយចំនួនដែលលោកប្រធានាធិបតីបានអនុវត្ត ក្នុងក​ម្មវិធីកំណែទម្រង់សេដ្ឋកិច្ច តា​ម​រយៈផែនការញូឌៀល ថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកមិនខ្វល់នោះឡើយ។ បើទោះបីវាផ្ទុយនឹ​ង​រដ្ឋធ​ម្មនុញ្ញមែនក៏ដោយចុះ ប៉ុន្តែលទ្ធផលនៃសកម្មភាពកាលនោះ គឺមាន​ភា​ពល្អប្រសើរ ដែលជាផលប្រយោជន៍រួមរបស់ពលរដ្ឋអាមេរិកាំ​ង​គ្រ​​ប់រូបប្រាថា្នចង់បាន។

ក្នុងនាមជាអ្នកដឹកនាំប្រទេសម្នាក់ ពេលដែលសង្គមត្រូវប្រឈមមុខនឹងបញ្ហាមួយ ដែលគួរតែដោះស្រា​យ​ដោ​យ​ប្រើវិធានការមួយ ដែលមិ​នស្របច្បា​ប់​ដូចដែលលោ​​ក រ៉ូស្វែល បានធ្វើ តែវិធានការនោះអាចជួយស​​ង្គ្រោះជី​វិតមនុស្សបានរាប់លា​ន​នាក់។ តើការគេចចេញពី​ការអនុវត្ដវិធានការនោះ ព្រោះតែខ្លាចថាខ្លួននឹងត្រូ​វជា​ប់ទោ​ស​ពេលក្រោយ ឬក៏បណ្ដោយឲ្យវិ​ប​ត្ដិ​សេដ្ឋកិច្ចដែលដោះស្រាយមិនចេញនោះវាញ៉ាំញី

និងធ្វើឱ្យប៉ះពាល់ដល់អា​យុ​​ជីវិ​តមនុ​ស្ស​រាប់លាននាក់តទៅទៀត ឬយ៉ាងណា? តើសកម្មភាពមួយណាដែលគួរតែជ្រើសរើសយក?តើមួយណាជាជម្រើ​សដែ​លប្រ​​សើ​រ​?