វិវេចនា (Book Review) លើសៀវភៅ “សម្រស់នៃសេចក្ដីស្លាប់” ពីមិត្តអ្នកអាន

2020-02-10 14:57:33 / ពីមិត្តអ្នកអានសុំមិនបញ្ចេញឈ្មោះ

The Beauty of Death


តើនៅមាននរណាហ៊ានចេញមកនិយាយថា ឲ្យតែនិយាយដល់រឿងស្លាប់ និយាយដល់រឿងមរណៈ សុទ្ធតែជារឿងអពមង្គល ជារឿងសោកសៅ ជារឿងទឹកភ្នែកទឹកសំបោរទៀតទេពេលនេះ? តាមមើល បើមើលត្រឹមតែចំណងជើង នោះប្រហែលជាអាចមានលោកអ្នកខ្លះ ទំនងជាខ្លាច មិនចូលចិត្ដ ឬទើសចិត្ដនឹងចំណងជើងសៀវភៅ «សម្រស់នៃសេចក្ដីស្លាប់» នេះមិនលែង។ ពេលនេះជាពេលល្អ ក្នុងការពិនិត្យមើលលើរាល់គំនិតដែលកើតឡើងហើយ។ ការមើលលើគំនិតដែលគិត វាលើសពីរឿងឲ្យរៀនចេះគិតត្រិះរិះពិចារណា រៀនគិតឲ្យត្រឹមត្រូវ រៀនគិតវិជ្ជមានជាដើម ក្នុងន័យជៀសវាងកុំទៅវាយតម្លៃគេខុស តែគឺជារឿងទៅមើលលើគំនិត ដែលទៅត្រិះរិះពិចារណានោះតែម្ដង។


«សម្រស់នៃសេចក្ដីស្លាប់» របស់អ្នកនិពន្ធឆោម ច័ន្ទឆាយា នឹងបើកភ្នែកអ្នកអាន មិនត្រឹមតែឲ្យចេះមើលមកសេចក្ដីស្លាប់សារជាថ្មីទេ តែថែមទាំងបើកភ្នែកបើកត្រចៀកយើង ឲ្យចេះមើលលើគំនិត របស់យើងទាំងអស់ គ្រប់រឿងសារជាថ្មីថែមទៀត។ តាមរយៈវណ្ណកម្មនេះ អ្នកនឹងប្ដូរទស្សនៈ ដែលធ្លាប់តែមានចំពោះសេចក្ដីស្លាប់មិនខាន។ មិនតែប៉ុណ្ណោះ គឺប្ដូរទស្សនៈ និងរបៀបសម្លឹងមកខ្លួនឯង តាមរបៀបនៅពីលើគំនិត ដែលគិតពេលសម្លឹងមើលនោះថែមទៀត។


មិនលែងឡើយដែលមនុស្សទូទៅ តែងតែរន្ធត់ញ័រចម្រប់ពេលនឹកដល់ការស្លាប់របស់ខ្លួន ឬពេលទទួលដំណឹងមរណៈភាពរបស់មនុស្សដែលខ្លួនស្រលាញ់។ ក្នុងចិត្ដយើងគឺពេលឮរឿងនេះភ្លាម គឺដឹងតែពីភ័យខ្លាចថា ឱ! បែកហើយៗ។ ដោយសារតែបែបនេះ ទើបយើងចេះតែពីនាំគ្នារត់គេចចេញពីសេចក្ដីស្លាប់។ ឆាយាបានហៅការត្រង់នេះ ថាជាការពង្រត់បង្រាស់សេចក្ដីស្លាប់ចេញពីជីវិត! ជាការរត់ពួនសេចក្ដីស្លាប់ ដោយទៅពួនក្នុងគំនិតរបស់ខ្លួន។ នោះជាការដែលមនុស្សមិនរស់នៅក្នុងខណៈឥឡូវ តែនោះគឺគ្រាន់តែជាការរម្លឹកការចងចាំពីអតីតកាល ឬគ្រាន់តែជាការស្រមៃច្នៃដោយចិត្ដ ទៅបង្កើតរូបភាពអនាគត ដែលជារូបភាពបំភ័ន្ដតាមតែគំនិតរបស់ខ្លួនប៉ុណ្ណោះ។


រឿងលោកិយចិត្ដ រឿងលោកុត្ដរចិត្ដ ក៏ត្រូវបានលើកយកមកបកស្រាយ យ៉ាងអស់អាថ៌សេចក្ដីក្នុងសៀវភៅនេះផងដែរ។ យើងគ្រប់គ្នាចេះតែដើរតាមប្រព័ន្ធគំនិតណាមួយតែរហូត ទាំងខ្លះដឹងខ្លួន និងខ្លះដោយមិនដឹងខ្លួន ដែលវាបង្កើតជាច្រវាក់ទាក់កយើង ឲ្យវិលវល់វង្វេងក្នុងរឿងវង្វេង។ តែយើងបែរជាច្រឡំថាខ្លួនគ្រាន់តែរស់លើការពិតបណ្ដោះអាសន្ន (សម្មតិសច្ចៈ) សិន ហើយសឹមឈានទៅរកការពិតពិតប្រាកដ (បរមត្ថសច្ចៈ) ជាក្រោយ។ តាមរយៈសៀវភៅនេះ លោកអ្នកនឹងបានដឹងថា គ្មានផ្លូវមិនពិតណាមួយ អាចនាំយើងឈានទៅរកការពិតពិតប្រាកដបានឡើយ។ ផ្លូវទៅរកការពិត គឺការពិតនុងឯង។ ផ្លូវទៅរកសច្ចៈ មិនមានអ្វីដទៃក្រៅពីសច្ចៈនុងឯង។ ការដែលលើកឡើងថា ជាសច្ចៈគឺពេលនេះខ្លួនឈរលើសច្ចៈថាកំពុងវង្វេង ជាការភ័ន្ដច្រឡំថាខ្លួនចេះឈរលើសច្ចៈប៉ុណ្ណោះ។ នេះគ្រាន់តែជាសំនួនវោហារ ដែលឈរលើភាពឡូស៊ិកប៉ុណ្ណោះ។


ចម្លែក! ធានាបានថាមិនទាន់មានជនជាតិខ្មែរណាម្នាក់ ធ្លាប់និយាយរឿងមរណៈក្នុងទម្រង់បែបនេះពីមុនមកទេ។ ធ្លាប់មានបរទេសនិយាយ និងសរសេរពីរឿងកុំចាញ់បោកគំនិតនេះដែរពីមុន។ តែគេមិនបានបង្ហាញ ថាតើត្រូវចាកចេញពីគំនិតបែបណាឡើយ គឺត្រឹមតែឲ្យប្រយ័ត្នគំនិត កុំចាញ់បោកគំនិត ត្រឡប់មកឈរលើប្រាជ្ញាខ្លួនវិញតែប៉ុណ្ណោះ។ តើវាមានអីក្រៅពីនៅតែគិតដដែល? រឿងពេលវេលា រឿងគំនិត រឿងជីវិត ដែលអ្នកនិពន្ធរូបនេះសរសេរ សុទ្ធតែមិនស្ថិតនៅក្នុងលំនាំនៃប្រព័ន្ធគំនិតណាមួយឡើយ។ សៀវភៅនេះ មិនមែនសរសេរចេញពីប្រាជ្ញាវាងវៃសោះឡើយ។ ក៏រឹតតែមិនមែនសរសេរដោយមានអ្នកប្រាជ្ញណា ទស្សនវិទូណា អ្នកវិទ្យាសាស្ដ្រណា ឬព្រះដ៏អស្ចារ្យអង្គណា មកយោង មកសំអាងគំនិតនោះក៏ទេដែរ។


កាលសម័យរៀននៅវិទ្យាល័យ និយមន័យមួយនៃទស្សនវិជ្ជាគឺ «ស្នេហាគតិបណ្ឌិត» ហើយវាត្រូវបានបកប្រែបន្ដពីភាសាខ្មែរមកជាភាសាខ្មែរថា ជាការស្រលាញ់ចំណេះដឹង។ មិនថាតែកាលពីជិត៣០ឆ្នាំមុននោះទេដែលខ្ញុំគិតថា និយមន័យនេះគ្រាន់តែជាការក្លែមពាក្យ ពីពាក្យថាស្រលាញ់ទៅជាពាក្យស្នេហា ពីចំណេះដឹងទៅជាគតិបណ្ឌិតប៉ុណ្ណោះ។ មកទល់នឹងបានជំពើបនឹងវណ្ណកម្មមួយនេះ គំនិតនេះនៅមិនទាន់រសាយបាត់នៅឡើយទេ។ មែនទែនទៅ បើថាឲ្យភ័យខ្លាចស្លាប់ក៏ទេ តែមិនមែនមិនខ្លាចមកពីពាល់ត្រូវស្លាប់នោះទេ តែវាគ្រាន់តែជាចិត្ដប្រមាថថាវានឹងមិនទាន់ស្លាប់ (មិនទាន់ដាច់ខ្យល់ឥឡូវ) តែប៉ុណ្ណោះ។ នោះជាការទាញពេលវេលារស់របស់ខ្លួន ឲ្យយារស្ដាកដែលក្នុងចិត្ដគិតថាហោចណាស់ក៏ប្រហែលជា២០ ទៅ៣០ឆ្នាំអីទៀតដែរទើបស្លាប់។ អ៊ីចឹងរឿងអីដែលត្រូវមកភ័យព្រួយពីឥឡូវនាំតែហត់ឥតអំពើធ្វើអី? ខ្លាចគឺមកពីគំនិតបង្កើតរូបារម្មណ៍នៃសេចក្ដីស្លាប់ ក្នុងរូបភាពមួយដែលមនុស្សទូទៅថតយកតាមគ្នា ក្នុងន័យស្លាប់គឺដាច់ខ្យល់លាលោកនេះ។ ឯមិនខ្លាចវិញក៏ដោយសារតែគំនិតគិតចេញជាហេតុផល ថាមិនខ្លាចប៉ុណ្ណោះ។ តែទាំងខ្លាច និងមិនខ្លាចស្លាប់នោះ គ្មានមួយណាគ្រាន់បើជាងមួយណាឡើយ។ វាសុទ្ធតែមានគំនិតជាម្ដាយដូចគ្នា។


គំនិតធ្វើទេសចរណ៍ពីទីនេះទៅទៅនោះ ពីអ្នកនេះទៅអ្នកនោះ ដែលការពិត «គ្មាននរណា» ធ្វើដំណើរពីទីណាទៅទីណាមួយទៀតសោះ វាមានតែគំនិតហិចពីនេះទៅនោះ ហិចពីអ្នកនេះទៅអ្នកនោះប៉ុណ្ណោះ។ នោះជាអ្វីដែលអ្នកនិពន្ធសៀវភៅនេះលើកជាឧទាហរណ៍អំពីទឹក ថាទឹកកកយល់ថាខ្លួនវាពាល់ត្រូវសភាពទឹកហើយ ដែលតាមពិតគឺខ្លួនវាមិនបានទៅពាល់ត្រូវអ្វី ក្រៅតែអំពីសភាពខ្លួនវាតែប៉ុណ្ណោះ គ្រាន់តែពីមុនវាវង្វេងថាខ្លួនកករឹងនោះ គ្រាន់បើជាងទឹក។ ក្នុងន័យនេះហើយ ដែលអ្នកនិពន្ធរូបនេះទាត់ចោលគំនិតដែលយល់ថា ខ្លួនឈរលើសម្មតិសច្ចៈថាខ្លួនកំពុងវង្វេងសិន រួចទើបឈានចេញពីវង្វេងទៅឈប់វង្វេងជាក្រោយ។ នេះហើយជាគម្លាត ដែលមានពីនេះទៅនោះ។ មានគម្លាតគឺមានពេលវេលា ក្នុងការឈានពីនេះទៅនោះៗឯង។ ការពិតគ្មានគម្លាតបែបនេះទេ។ បើដឹងថាខ្លួនវង្វេងថាវាជាទឹកកកទេ នោះវាលែងនៅប្រកាន់ថាវាខុសពីទឹកហើយ។ ទឹកកកដឹងថាខ្លួនវង្វេងជាទឹកកក ពេលដែលវារលាយទឹកកកនោះអស់ប៉ុណ្ណោះ។ ខណៈដែលដឹងខ្លួន វាអត់ត្រូវការពេលវេលា មកដើរពីមិនពិតទៅពិតសោះឡើយ។ 


គេមិនអាចមានការពិតសន្មតសិន មិនអាចឈរក្នុងវង្វេងសិន ហើយទៅហិតដឹងក្លិនមិនវង្វេងនោះទេ។ គេក៏មិនអាចថាភ្ញាក់ដឹងខ្លួន ថាមុននេះខ្លួនគ្រាន់តែយល់សប្ដិ ទើបគេចូលទៅដេកវិញ ដើម្បីទៅដាស់អ្នកផ្សេងក្នុងយល់សប្ដិ ឲ្យភ្ញាក់ដូចខ្លួនដែរនោះឡើយ។ ផ្លូវទៅរកការពិត មានតែការពិតខ្លួនវាប៉ុណ្ណោះ។ ក្នុងន័យនេះ គេមិនអាចកោកៗថាខ្លួនអស់អញ ពេលដែលគេនៅតែបែងចែកថាមានអ្នកដទៃនោះឡើយ។ កាលណាមានគេមានឯង នោះគឺមានគម្លាតហើយ។ នៅត្រង់ចន្លោះនៃគម្លាត គ្មានសេចក្ដីស្នេហាណាមួយពួនត្រង់នោះបានឡើយ។ ក្នុងវង្វេង គ្មានសេចក្ដីស្នេហាឡើយ។


សៀវភៅនេះមិនជាងាយអានពេកទេ និយាយចំពោះមនុស្សដែលបិទខ្លួនឯង មនុស្សអញធំ មនុស្សដែលយល់ថាខ្លួនពាល់ត្រូវសច្ចៈរួចហើយ មនុស្សដែលជាប់នឹងចំណេះដឹង ជាប់នឹងមុខមាត់ជាដើម។ យើងទម្លាប់តែថាអានសៀវភៅ ឬស្ដាប់នរណាម្នាក់និយាយ គឺដើម្បីទទួលបានចំណេះដឹងថ្មី។ ហេតុនេះហើយពេលអាន ឬស្ដាប់ យើងចេះតែថាយើងបើកចិត្ដចាំទទួលគំនិតថ្មី យកមកផ្ទៀងនឹងចំណេះដឹងចាស់ ផ្ទៀងនឹងខ្មោចទិន្នន័យនានាដែលខ្លួនមាន ដើម្បិវិនិច្ឆ័យការសរសេរ ឬការនិយាយរបស់គេ។ គំនរខ្មោចទិន្នន័យដែលយើងហៅថាចំណេះដឹង កាន់តែឲ្យយើងវង្វេងប៉ុណ្ណោះ។ ក៏មានដែរការលើកឡើងថា អ្នកដែលប្រើតែខួរក្បាល មិនអាចស្ដាប់ ឬអានយល់ភាសាបេះដូងឡើយ។ តាមរយៈសៀវភៅនេះ អ្នកក៏នឹងរកឃើញថា ការយល់បែបនេះក៏ជាការវង្វេងដែរ។ 


យើងមិនដឹងទេថា យើងតែងពួននៅក្នុងគំនិតរបស់ខ្លួន ចាំមើល ចាំស្ដាប់គេនិយាយ។ ឲ្យតែស្ដាប់ឮ ឬអានចំកន្លែងណាដែលរ៉ាដាខ្លួនឲ្យសញ្ញាថាផ្ទុយនឹងខ្មោចទិន្នន័យ ដែលខ្លូនពួនពីក្រោយនោះភ្លាម ប្រតិកម្មក៏កើតឡើងភ្លាម។ ជាការពិត ខ្ញុំមិនដែលអាន ឬស្ដាប់អ្វីមួយ ដោយមិនពួនពីក្រោយគំនិតរបស់ខ្លួនឡើយ។ ហេតុអ្វី? នោះមកពី “ខ្ញុំធ្វើខ្លួន” ជាអ្នកគិតជួសខួរក្បាល។ នេះជាការឈ្លានពាន ជាការមើលងាយខួរក្បាលខ្លួនឯង។ ការមិនទៅរុកគួន មិនទៅឈ្លានពានតួនាទីរបស់ខួរក្បាល ដោយទៅគិតជួសខួរក្បាល ផ្ទុយទៅវិញបណ្ដោយឲ្យខួរក្បាលដើរតួនាទីគិតរបស់ខ្លួនដោយសេរី ជាអ្វីដែលអ្នកនិពន្ធរូបនេះសង្កត់ធ្ងន់។


ថ្វីបើសម្រស់នៃសេចក្ដីស្លាប់ស្រស់ស្អាតគួរអោយបេតីយ៉ាងនេះក្ដី តែប្រសិនណាជាអ្នកកើតចិត្ដប៉ងចង់ស្លាប់ ដើម្បីបានក្រេបរសវាភ្លាម នោះវានឹងភ្លាមលែងស្រស់ស្អាតភ្លាមមួយរំពេច!

សូមសាកល្បងភ្លក់រសជាតិថ្មី ពីសៀវភៅ «សម្រស់នៃសេចក្ដីស្លាប់» នេះសាកលមើល នោះអ្នកនឹងសើចៗៗមិនខាន។ បើអ្នកពិតជាបានអានវាយ៉ាងពិតប្រាកដ នោះអ្នកនឹងធ្លាយសើចមកក្រៅ ហើយលាន់មាត់ថា អូហ៍! ការពិតវាចឹងទេអី? ការពិតយើងវង្វេងក្នុងគំនិតខ្លួនឯង វ៉ល់ក្នុងប្រព័ន្ធគំនិតទេតើ ជាក់ជាមិនខាន៕