វ្លាឌីមៀរ៍ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី

2021-01-25 13:22:34 / ដោយ៖ ផាត់ ម៉ឺន និង ឃឹម ស្រស់


វ្លាឌីមៀរ៍ ពូទីន៖ “ភារកិច្ចរដ្ឋមិនមែនត្រឹមតែចាក់ទឹកឃ្មុំឱ្យនោះទេ តែជួនកាលក៏ត្រូវមាននាទីផ្តល់ថ្នាំដ៏ល្វីងផងដែរ...”

លោក វ្លាឌីមៀរ៍ ពូទីន បានជាប់ឆ្នោះជាប្រធានាធិបតីសហព័ន្ធរុស្ស៊ី នាខែមីនា ឆ្នាំ២០០០។ ប្រទេសរុស្ស៊ីកាលសម័យនោះ កំពុងតែស្ថិតក្នុងភាពញាប់ញ័រ ព្រោះតែចំហាយនៃអតីតកាលកុម្មុយនិស្តរបស់ខ្លួន។ តែក្នុងរយៈពេលត្រឹមតែមួយទសវត្សរ៍ប៉ុណ្ណោះ លោក ពូទីន បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសរុស្ស៊ីរស់ឡើងវិញ ហើយក៏បានស្តារមុខមាត់ប្រទេសរុស្ស៊ី នៅលើឆាកអន្តរជាតិថែមទៀត។ តែទោះបីជាយ៉ាងណា លោក ពូទីន នៅតែជាឥស្សរជនដ៏ចម្រូងចម្រាសមួយរូបដដែល។

លោក វ្លាឌីមៀរ៍ ពូទីន កើតនៅឆ្នាំ១៩៥២ ក្នុងគ្រួសារវណ្ណៈកម្មករមួយ នាទីក្រុង ឡេនីនគ្រាត ដែលជាទីក្រុងនៃអតីតសហភាពសូវៀត សព្វថ្ងៃមានឈ្មោះ សេនភីថឺស្បឺក (Saint Petersburg) ស្ថិតនៅក្នុងទឹកដីរុស្ស៊ី។ លោក ពូទីន ជាអតីតនិសិត្សផ្នែកច្បាប់ នៅសកសវិទ្យាល័យ លេនីនគ្រាត ស្តេត (Leningrad State) ព្រមជាមួយភាពស្ទាត់ជំនាញ លើការប្រើប្រាស់ភាសាអាល្លឺម៉ង់។ បន្ទាប់ពីបញ្ចប់ការសិក្សាឆ្នាំ១៩៧៥ លោកបានចូលបម្រើការងារ ជាមន្រ្តីចារកិច្ចក្នុងជួរប៉ូលីសសម្ងាត់រុស្ស៊ី (KGB)។ លោកបានបំពេញការងារនៅក្នុងអង្គភាពនោះ ប្រមាណជា១០ឆ្នាំ ដោយទទួលបន្ទុកការងារផ្នែករដ្ឋបាល និងក្រោយមកត្រូវបានអង្គភាព បញ្ចូនឲ្យទៅបំពេញបេសកកម្មជាសម្ងាត់ ក្នុងរូបភាពជាអ្នកបកប្រែនៅទីក្រុង ដ្រេសដេន(Dresden) ទឹកដីអាល្លឺម៉ង់ខាងកើត។ 

   

ទទួលបានអំណាច

នៅឆ្នាំ១៩៩០ លោក ពូទីន បានវិលត្រឡប់មកកាន់ប្រទេសរុស្ស៊ីវិញ ព្រមទាំងទទួលបានតំណែង ជាជំនួយការរបស់លោក អាណាតូលី សុបឆាក់ (Anatoly Sobchak) ជាអភិបាលក្រុង សាំងពេទឺប៊ឺក ដែលលោកជាអតីតសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យដែលលោក ពូទីន ធ្លាប់រៀន។ ក្នុងខែមីនា ឆ្នាំ១៩៩៤  ពូទីនត្រូវបានតំឡើងឋានៈជាអនុប្រធានទីមួយនៃរដ្ឋាភិបាលក្រុង ភិតធើស្បើហ្គ (First Deputy Chairman of the Government St. Petersburg)។ ក្រោយពេលដែលលោក សុបឆាក់ បានទទួលបរាជ័យ ក្នុងការបោះឆ្នោតលើកទីពីរ លោក ពូទីន ក៏បានផ្លាស់ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីបម្រើការងារក្នុងការិយាល័យប្រធានាធិបតី របស់លោក បូរីស យេលត៍សីន (Boris Yeltsin)។ 

យេលត៍សីន ជាអ្នកគាំទ្រ និងចាប់អារម្មណ៍លើសមត្ថភាពរបស់ ពូទីន ដោយនៅក្នុង ឆ្នាំ១៩៩៨ លោក យេលត៍សីន បានតែងតាំងលោក ពូទីន ជាប្រធានអង្គភាពកិច្ចការសម្ងាត់រុស្ស៊ី (FSB) បន្ទាប់មកធ្វើជានាយករដ្ឋមន្ត្រីស្តីទី រួចក៏ក្លាយជាអ្នកស្នងតំណែងរបស់គាត់ ជាប្រធានាធិបតីស្តីទីតែម្ដង។ នៅពេលលោក យេលត៍សីន បានលាលែងពីតំណែងក្នុងឆ្នាំ១៩៩៩ លោក ពូទីន បានប្រើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ដើម្បីបង្ហាញប្រាប់ដល់ពលរដ្ឋរុស្ស៊ី អំពីសមត្ថភាពរបស់លោក នឹងថែមទាំងបានសន្យាថា ខ្លួនអាចនាំប្រទេសនេះចេញពីសភាពដុនដាប ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។ 

ដូចការរំពឹងទុកមែន លោក ពូទីន បានជាប់ឆ្នោះជាប្រធានាធិបតីរុស្ស៊ី ក្នុងអាណត្តិឆ្នាំ២០០០។


ការបង្ហាញសមត្ថភាព

ពូទីន ផ្តើមរៀបចំធ្វើកំណែទម្រង់សេដ្ឋកិច្ចរុស្ស៊ីយ៉ាងឆាប់រហ័ស ដូចជាកាត់បន្ថយពន្ធលើសាជីវកម្ម និងបង្កើតប្រព័ន្ធពន្ធដារថ្មីជាដើម។ ផលិតភាពឧស្សាហកម្មរុស្ស៊ី ក៏ផ្តើមងើបក្បាលឡើង ហើយការនាំចេញប្រេង និងឧស្ម័ន ក៏កើនឡើងយ៉ាងលឿនរហ័សផងដែរ។ ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ រុស្ស៊ីរបស់លោក ពូទីន អាចសងបំណុលបរទេសបានចំនួនរហូតដល់ទៅ៧០ពាន់លានដុល្លារ ដល់ម្ចាស់បំណុលអន្តរជាតិ ដែលរុស្ស៊ីជំពាក់កាលសម័យសហភាពសូវៀត។ កំណែទម្រង់សេដ្ឋកិច្ចរបស់ ពូទីន បានជួយស្រោចស្រង់កម្រិតជីវភាពប្រជាជាតិរុស្ស៊ី ឲ្យមានភាពល្អប្រសើរឡើង ដោយបានតម្លើងប្រាក់ឈ្នួល  ហើយផលិតផលក្នុងស្រុក ក៏កាន់តែមានភាពសម្បូរបែបឡើង។ គិតត្រឹមទសវត្សរ៍ឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៤ ផលទុនជាតិសរុប (GDP) របស់ប្រទេសមួយនេះ បានកើនពី ៧៦៤ ពាន់លានដុល្លារ រហូតដល់ទៅ ២,០៩៦.៨ពាន់លានដុល្លារអាមេរិក។ ជារួម គិតដល់ត្រឹមឆ្នាំ២០១៩ សេដ្ឋកិច្ចរុស្ស៊ី បានឈរនៅលំដាប់ថ្នាក់លេខប្រាំមួយ ពីក្រោយប្រទេសអាល្លឺម៉ង់។

ប្រជាប្រិយភាពរបស់ ពូទីន ហាក់ស្ទុះឡើងសន្ធឹកតែម្ដង ព្រោះតែសមត្ថភាពក្នុងការលើកស្ទួយប្រទេសរុស្ស៊ីចេញពីភាពដុនដាប ហើយលោកក៏បានឈរឈ្មោះបោះឆ្នោតជាថ្មីក្នុងឆ្នាំ២០០៤។ លទ្ធផលកាលណោះក៏នៅតែបានជាទីគាប់ចិត្តទៀត ដោយមានសម្លេងឆ្នោតគាំទ្ររូបលោក រហូតដល់ទៅ៧៣,៩% នៅទូទាំង៦៦ខេត្ត ដែលមានចំនួន ១,២០០ មណ្ឌលបោះឆ្នោត។ 

តែទោះជាយ៉ាងណា ក៏ប្រជាប្រិយភាពរបស់លោកពូទីនខាងក្នុងប្រទេសហាក់មិនបានរីកសុសសាយគ្រប់ទិសទីនោះទេ ព្រោះនៅឆ្នាំ ២០០៧ នៅទូទាំងប្រទេសរុស្ស៊ី គេឃើញមានការប្រមូលផ្តុំគ្នា នៅតាមទីក្រុងជាច្រើន ដើម្បីប្រឆាំងការដឹកនាំរបស់លោក។ ក្នុងរវាងឆ្នាំ២០១១ និង២០១៣ គេឃើញមានបាតុកម្មតវ៉ា ជាទ្រង់ទ្រាយធំៗទូទាំងប្រទេស ដោយចោទប្រកាន់រូបលោក រឿងលួចបន្លំសន្លឹកឆ្នោត។ បែរទៅកេរ្តិ៍ឈ្មោះលោក ពូទីន លើឆាកអន្តរជាតិវិញ ក៏ហាក់មានការធ្លាក់ចុះ ដោយមានការថ្កោលទោស និងការដាក់ទណ្ឌកម្មនានា ពីបណ្តាប្រទេសលោកខាងលិច លើសំណុំរឿងសង្ស័យ ថារុស្ស៊ីមានការពាក់ព័ន្ធ នឹងករណីឃាតកម្ម លើអតីតអ្នកស៊ើបការណ៍បរទេស ការក្រសោបយកឧបទ្វីបគ្រីមមៀរ៍របស់អ៊ុយក្រែន មកធ្វើជាតំបន់មួយរបស់រុស្ស៊ីក្នុងឆ្នាំ២០១៤ និងអន្តរាគមន៍របស់រុស្ស៊ី ទៅក្នុងសង្គ្រាមនៅប្រទេសស៊ីរី។ ការណ៍នេះផងដែរ ក៏បានធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ឬហៅកាត់ថា G8 ដែលរួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងកាណាដា បានសម្រេចបញ្ចប់តួនាទីរុស្ស៊ី ជាសមាជិកភាពនៃ G8 ។ 

ក្រៅពីនេះ នៅមានបញ្ហាប្រឈមផ្សេងៗទៀត គឺលោក ពូទីន ត្រូវបានសង្ស័យថាជាអ្នកនៅពីក្រោយ ការធ្វើទុក្ខបុកម្នេញទៅលើមេដឹកនាំបក្សប្រឆាំងលោក ណាវ៉ាលនី  (Navalny) និងអតីតចារកិច្ច     រុស្ស៊ី គឺលោក សែកហ្គីយ ស្គ្រីប៉ាល់ (Sergei Skripal) អាយុ ៦៦ឆ្នាំ និងកូនស្រីលោក អាយុ៣៣ឆ្នាំ តាមរយៈការដាក់ថ្នាំបំពុលម្យ៉ាងឈ្មោះ នូវីឆុក (Novichok) ផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និង១៩៨០ សម័យសហភាពសូវៀត។ 

ក៏ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ មានសំឡេងគាំទ្រ ៧៧.៩២% គាំទ្រលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកំណែទម្រង់សេដ្ឋកិច្ច និងសង្គម ការកំណត់អត្តសញ្ញាណជាតិ ព្រមទាំងកំណែទម្រង់អំណាច ពោលគឺអនុញាតិឱ្យលោក ពូទីន អាចក្រសោបអំណាចបន្ដ រហូតដល់ឆ្នាំ២០៣៦ឯណោះ។ នេះជាសញ្ញាណដ៏ច្បាស់លាស់មួយបង្ហាញថា ពលរដ្ឋរុស្ស៊ីភាគច្រើន នៅតែមានទំនុកចិត្តលើរូបលោក ពូទីន និងបន្តគាំទ្រលោក បើទោះបីជាលោក ពូទីន បានក្តោបក្តាប់អំណាចអស់ពេលប្រហែល២០ឆ្នាំមកហើយក្តី។ លោក ពូទីន ត្រូវបានគេចាត់ទុកថាជាមេដឹកនាំទី១៤ នៃបញ្ជីចំណាត់ថ្នាក់មេដឹកនាំ ដែលកាន់អំណាចយូរជាងគេក្នុងពិភពលោក។ យោងតាមគេហទំព័រដ៏ល្បីឈ្មោះ businessinsider.com បានចុះផ្សាយថា លោក ពូទីន មានទ្រព្យសម្បត្ដិ ប្រមាណពី៧០ទៅ ២០០ពាន់លានដុល្លារអាមេរិក៕

ស្ដាប់អត្ថបទទាំងស្រុងជាសំឡេង៖ សូមចុចទីនេះ