សក្តានុពលចិន ការប្រឈម និងការប្រកួតប្រជែងក្នុងពិភពលោក

2020-02-09 22:54:12 / YUONG Vichet

ប្រភពរូប៖ The Sourcing Blog

 

បើយើងក្រឡេកមើលស្ថានភាពនយោបាយសេដ្ឋកិច្ចអន្តរជាតិ ហើយពិនិត្យមើលលើពាណិជ្ជកម្ម នៃការដោះដូរទំនិញលើទីផ្សារនានា ពិសេសពិនិត្យមើលលើស្លាកផលិតផល ដែលបិទនៅលើផលិតផលទាំងឡាយ ដែល​ដាក់លក់លើទីផ្សារនានាក្នុងពិភពលោក នោះយើងនឹងចាប់អារម្មណ៍ឃើញថា ផលិតផលលក់លើទីផ្សារបច្ចុប្បន្នភាគច្រើនជាផលិតផល ដែលផលិតនៅប្រទេសចិន (Made in China)។ ជាក់ស្ដែងសូម្បីតែផលិតផលម៉ាកល្បីៗ ដែលពីមុនៗមក មានផលិតតែនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយម្ចាស់ផលិតផលទាំងនោះ ជាជនជាតិដែលមកពីប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ ក៏បច្ចុប្បន្ននេះយើងឃើញផលិតផលម៉ាកល្បីៗទាំងនោះ ភាគច្រើនបានដាក់នៅលើស្លាកផលិតផលថា ផលិតនៅប្រទេសចិនដែរ។ នេះគឺជាសក្តានុពលនៃការប្រគួតប្រជែងពាណិជកម្មដ៏មានឥទ្ធិពលបំផុតរបស់ចិននៅក្នុងទីផ្សារសង្គ្រាមពាណិជ្ជកម្មអន្តរជាតិ។

 

ជាការពិតបច្ចុប្បន្ននេះចិន គឺជាមហាអំណាចពាណិជ្ជកម្មដ៏ធំមួយ ដោយប្រទេសចិនត្រូវបានចាត់ទុកថា ជាឃ្លាំងផ្គត់ផ្គង់ទំនិញពាណិជ្ជកម្មសម្រាប់ពិភពលោក (Martin, 2019)។​ មិនត្រឹមតែប៉ុណ្ណោះ ឥទ្ធិពលចិនពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជំនួញធំៗ ក្នុងសកលលោក។ នេះដោយសារតែអ្នកវិនិយោគ និងអ្នកជំនួញភាពច្រើនបានពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្ម ក៏ដូចជាធនធានមនុស្ស និងការអាស្រ័យលើអំណោយផលពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារក្នុងប្រទេសចិន។​ជាក់ស្ដែងក្នុងព្រិត្តិការណ៍ទាក់ទងនឹងការឆ្លងមេរោគណូវ៉ែលកូរ៉ូណាវីរុស (2019-nCov) បានធ្វើឱ្យមានការកត់សម្គាល់ជាខ្លាំងចំពោះការពឹងផ្អែករបស់ពិភពលោកទៅលើប្រទេសចិន។ ដោយគ្រាន់តែព្រឹត្តិការណ៍នេះធ្វើឱ្យអ្នកជំនួញជាច្រើនអាចមានវិបត្តហិរញ្ញវត្ថុ និងប្រទេសស្ទើរតែពេញពិភពលោកធ្វើការយ៉ាងប្រុងប្រយ័ត្នលើការការពារពីផលប៉ះពាល់មកពីប្រទេសចិន (The Straits times, 2020)។  ព្រោះឥទ្ធិពលទាំងនេះអាចធ្វើឱ្យមានការខាត់បង់ចំណូល និងមានបញ្ហាប្រឈមជាច្រើនសម្រាប់អាជីវករ អ្នកជំនួញ និងប្រទេសដែលពឹងផ្អែកលើជំនួយ ឬអ្នកវិនិយោគិន និងទេសចរមកពីចិនជាដើម។

 

តើមានចំណុចសំខាន់អ្វី ដែលថាចិនមានឥទ្ធិពលខ្លាំងលើពាណិជ្ជកម្មក្នុងពិភពលោក?


បើផ្អែកលើសណ្ឋានដី ចិន ជាប្រទេសដែលមានផ្ទៃដីធំជាងគេលំដាប់ទី៣  ហើយក៏ជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងលំដាប់ទី២ នៅក្នុងពិភពលោកផងដែរ។ ដោយការទទួលបានភាពជោគជ័យនៃការអភិវិឌ្ឍដោយមានភាពអនុគ្រោះពីកត្តាភូមិសាស្ត្រ និងការមានលើសលប់នៃកម្លាំងពលកម្ម បានធ្វើឱ្យចិនក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ហើយក៏មានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចក្នុងលោកជំនួសសហរដ្ឋអាមេរិកក្នុងរយៈពេលចន្លោះពី២០ទៅ៣០ឆ្នាំខាងមុខទៀត បើផ្អែកតាមអ្នកជំនាញ

 

ឥទ្ធិពលចិនបានធ្វើឱ្យសកលលោកមានការព្រួយបារម្មណ៍ជាងខ្លាំង ក៏ប៉ុន្តែចិនក៏បានបង្កើតឱកាសជាច្រើនផងដែរសម្រាប់សហគ្រិនទូទាំងសកលលោក។ ជាក់ស្ដែងសហគ្រិន និងអាជីវកម្មម៉ាល្បីៗជាច្រើនបានមកបោះទីតាំងធ្វើអាជីវកម្មរាប់រយ ពាន់កន្លែង។ ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ និងផលិតផលល្បីៗ មានដូចជាផលិតផល អាយហ្វូន (IPhone) ស្បែកជើង Nikes និង Addidas តុក្តតាតាំងទំនិញបាប៊ីឌល (Barbie Dolls) សំលៀកបំពាក់ខោប៊យលីវ៉ាយ (Levi’s Jeans) កុំព្យូទ័រម៉ាកឌែល (Dell Computer) និងផលិតផលជាច្រើនមុខទៀត ក៏សុទ្ធតែផលិតនៅប្រទេសចិនដែរ។ ចិនក៏ជាប្រទេសដែលផលិតរថយន្ដនាំចេញសម្រាប់ក្រុមហ៊ុនរថយន្តម៉ាល្បីៗ និងរថយន្តក្នុងស្រុករបស់ខ្លួនផងដែរ។ ចិនក្លាយជាប្រទេសនាំចេញ និងរកចំណូលបានច្រើនជាងបណ្តាប្រទេសនានាក្នុងទីផ្សារសកលលោក។ ជាក់ស្ដែងគ្រាន់តែផលិតផលស្បែកជើង និងរបស់របសម្រាប់ក្មេងលេង បានធ្វើឱ្យចិនទទួលបានប្រភពចំណូលរាប់លានដុល្លារ ពីការធ្វើពាណិជ្ជកម្មលើមុខទំនិញទាំងនេះ ជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបាននាំចូលស្បែកជើងសរុប ប្រមាណប្រហែលជាង ៧២% និងប្រដាប់ប្រដាក្មេងលេងប្រមាណជាង ៤៩% បាននាំចូលទៅក្នុងស្រុកអាមេរិក ដែលទំនិញទាំងនោះត្រូវបានដាក់ថា ផលិតនៅប្រទេសចិន (Made In China)

 

ក្នុងឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបាននាំចូលផលិតផលរបស់ចិន ដែលមានតម្លៃប្រមាណជាជាង ៤៧៩ ពាន់លានដុល្លារ ដែលធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងឈានមុខគេរបស់ចិន។ មិនតែប៉ុណ្ណោះ នៅទូទាំងពិភពលោក គ្រាន់តែឧស្សាហកម្មផលិតផលឆ័ត្រ និងឡេវ សម្លៀកបំពាក់របស់ចិន គឺមានប្រមាណរហូតដល់ទៅ ៧០% នៃផលិតផលឆ័ត្រ និងប្រមាណជា ៦០%នៃផលិតផលឡេវ បាន​នាំចេញទៅគ្របដណ្ដប់ស្ទើរតែពាសពេញពិភពលោក ក្រៅពីផលិតផលរាប់លានមុខផ្សេងទៀត។ នេះសរបញ្ជាក់ថា មានផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលសម្រាប់ឧស្សាហកម្ម អាជីវកម្មជាច្រើនដែលពិភពលោកចាយលុយទៅលើទំនិញទាំងនោះជារាងរាល់ថ្ងៃ ត្រូវពឹងផ្អែកជាខ្លាំងពីការផ្គត់ផ្គងមកពីប្រទេសចិន។ ហេតុនេះហើយទើបចិនបានក្លាយជាប្រទេសមានរោងចក្រឧស្សាហកម្ម ពាណិជ្ជកម្មសំខាន់ៗ និងការទាក់ទាញអ្នកវិនិយោគបរទេសធំៗជាច្រើន។

 

តើចិនអាចក្លាយទៅជារោងចក្រផលិតទំនិញពាណិជ្ជកម្ម សម្រាប់ផ្គត់ផ្គងឱ្យពិភពលោកបានយ៉ាងដូចម្តេច?


ចំពោះចម្ងល់ខាងលើ អ្នកដែលស្វែងយល់អំពីនយោបាយសេដ្ឋកិច្ចអន្តរជាតិ អាចមានហេតុផលអះអាងផ្សេងៗគ្នា ហើយចម្លើយក៏អាចថារាងស្មុគ្រស្មាញបន្តិចដែរ។​យ៉ាងណាក្នុងអត្ថបទនេះ យើងនឹងព្យាយាមលាតត្រដាង​រឿងពិតទាំងអស់គ្នា។ យើងនឹងសិក្សាស្វែងយល់ ថាតើចិនពង្រីកសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងដូចម្ដេច ទើបកំណើនសេដ្ឋកិច្ចរបស់មហាអំណាចមួយនេះ កើនឡើងបានលឿនត្រឹមតែក្នុងរយៈពេលមួយដ៏ខ្លី? ហើយហេតុអ្វីបានជាអ្នកវិនិយោគធំៗជាច្រើនរូប ចង់ទៅផលិតផលិតផលរបស់ខ្លួននៅប្រទេសចិន? ហើយថាតើចិនអាចនឹងមានបញ្ហាប្រឈមអ្វីខ្លះ នាពេលអនាគត?

 

. កំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន


ចិន គឺជាមហាអំណាចសេដ្ឋកិច្ចទីពីរក្នុងលោក ដោយប្រើពេលអភិវឌ្ឍប្រទេស ត្រឹមតែប្រមាណជា ៤០ ឆ្នាំ​ប៉ុណ្ណោះ​។ សមិទ្ធិផលដ៏ល្អបែបនេះ បានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំចិន ដែលចាប់ផ្ដើមធ្វើការកែទម្រង់ការដឹកនាំរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង(1893-1976)​។ ម៉ៅ សេទុង ត្រូវបានប្រជាជាតិចិនប្រសិទ្ធនាមថាជា វីរៈបុរសជាតិ។ ម៉ៅ សេទុង បានធ្វើទំនើបកម្មដំបូងឱ្យប្រទេសចិន និងជួយលើកកម្ពស់ប្រទេស ឱ្យទៅជាមហាអំណាចមួយក្នុងពិភពលោក ដោយការពង្រឹងលើការអប់រំ និងគាំទ្រឱ្យមានការគោរពសិទ្ធិស្រ្តី​រួមនឹងការប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យបានល្អ និងការដាក់ចុះនូវមូលដ្ឋានគ្រឹះសំខាន់ៗ សម្រាប់បង្កើនកំណើនសេដ្ឋកិច្ច តាមបែបឧស្សាហកម្មឱ្យកាន់តែច្រើនឡើង។

 

ក្នុងឆ្នាំ ១៩៧០ គឺមួយឆ្នាំបន្ទាប់ពីការកាន់ដំណែងរបស់ ​ម៉ៅ សេទុង ចិននៅតែជាប្រទេសក្រីក្រមួយនៅឡើយ ដោយកាលនោះ ចិនស្ថិតនៅក្នុងស្ថានភាពវឹកវរទាំងផ្នែកនយោបាយ និងការគ្រប់គ្រងនយោ​បាយសេដ្ឋកិច្ចមិនទាន់មានភាពរឹងមាំ។ ក៏ប៉ុន្តែ បន្ទាប់ពីនោះត្រឹមតែរយៈពេល ៤០ ឆ្នាំតែប៉ុណ្ណោះ គេឃើញថាចិនសព្វថ្ងៃនេះ បានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំទី ២ លើពិភពលោក ហើយក៏ជាប្រទេសឧស្សាហកម្មផលិតផល និងពាណិជ្ជកម្មដ៏ធំជាងគេ ដែលមានវិនិយោគិនមានឥទ្ធិពលរបស់ចិនជាច្រើនរូប បានចេញទៅវិនិយោគនៅក្នុងបណ្ដាប្រទេសនានាជាច្រើននៅជុំវិញពិភពលោក។ ឥទ្ធិពលនៃអ្នកវិនិយោគិនរបស់ចិនទាំងនេះបានរងផលប៉ះពាល់ និងផលចំណេញយ៉ាងច្រើនជាមួយប្រទេសដៃគូរពាណិជ្ជកម្មនៅទូទាំងពិភពលោក។ បន្ថែមពីនេះឥទ្ធិពលទេសចរចិនក៏ជាផ្នែកដ៏សំខាន់មួយនៃចំណូលរបស់អ្នកជំនួញ និងប្រទេសមួយចំនួនផងដែរ។

 

បច្ចុប្បន្ន ចិនបានមកឈរលើទីតាំងទីមួយ ជំនួសឱ្យសហរដ្ឋអាមេរិក ដែលធ្លាប់តែជាប្រទេសដែលមានរោងចក្រផលិតផលិតផល ធំជាងគេក្នុងលោក។ លើសពីនេះ ចិនក៏កំពុងតែបោះជំហានយ៉ាងលឿន ហួសពីសក្តានុពលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅដណ្តើមយកតំណែងសេដ្ឋកិច្ចកំពូល ក្នុងពិភពលោកនាពេលខាងមុខថែមទៀត។ ជាក់ស្ដែងក្នុងឆ្នាំ ២០១៩ ប្រទេសចិនបានបញ្ជាក់ថា ខ្លួនគឺជាប្រទេសដែលមានរោងចក្រផលិតទំនិញ សម្រាប់ផ្គត់ផ្គងឱ្យពិភពលោកធំជាងគេមួយប្រាដកមែន។ ដោយយោងតាមទិន្ន័យនៃការនាំចេញរបស់ចិន គេឃើញថាមានប្រមាណជាង ៤៧% ចិនបាននាំទំនិញចេញទៅកាន់បណ្តាលប្រទេសនៅអាស៊ី ចំនួន ២២% នាំចេញទៅសហរដ្ឋអាមេរិក ១៩% នាំចេញទៅកាន់ទ្វីបអឺរ៉ុប និងប្រហែលជា ៤%ផ្សេងទៀត នាំចេញទៅកាន់អាហ្វ្រិក និងអាមេរិកឡាទីន។​


ងាកទៅមើលលទ្ធផល និងមហិច្ឆតាដ៏សម្បើមរបស់ចិន យើងឃើញថាការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់បែបនេះ គឺបានមកពីការកែទម្រង់ការគ្រប់គ្រងសេដ្ឋកិច្ចបានត្រឹមត្រូវ របស់រាជរដ្ឋាភិបាលលោក តេង ស៊ាវពីង(1904-1997)។ គេឃើញថាបន្ទាប់ពីរយៈពេលពីរឆ្នាំ នៃការស្លាប់របស់ ម៉ៅ សេទុង ក្នុងឆ្នាំ ១៩៧៨ តេង ស៊ាវ​ពីង បានក្លាយជាមេដឹកនាំដ៏សំខាន់ នៃរបបសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងយុគសម័យថ្មីនៃការដឹកនាំរបស់ខ្លួន តេង ស៊ាវពីង(1904-1997) បានធ្វើការកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយ ដោយបានធ្វើឱ្យប្រទេសចិន ស្ថិតនៅក្នុងទិសដៅថ្មីទាំងស្រុង ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងពិភពលោក (Kroeber, 2016)។ ការកែទម្រង់នេះ បានជួយផ្លាស់ប្តូរមុខមាត់ប្រទេសចិន ពីសង្គមដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលមានសេដ្ឋ​កិច្ចរីកចម្រើនខ្លាំង ដោយផ្តោតលើយុទ្ធសាស្ត្រសេដ្ឋកិច្ចទីផ្សារសំខាន់ៗ ជាពិសេសការបើកទីផ្សារពាណិជ្ជកម្មអន្តរជាតិ។


លើសពីនេះទៅទៀតនោះ គឺមានកំណែទម្រង់ដ៏សំខាន់បំផុតមួយទៀត គឺចិនបានអនុម័តច្បាប់ ស្តីពីការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនចិន និងបរទេស ដែលត្រូវបានអនុវត្តក្នុងឆ្នាំ ១៩៧៩ ។ ច្បាប់នេះបានបើកឱ្យមានការរវិនិយោគបរទេស និងអនុញ្ញាតឱ្យពលរដ្ឋដែលរស់នៅក្នុងប្រទេស ចាប់ផ្តើមបើកអាជីវកម្មគ្រប់គ្រងដោយខ្លួនឯង ដែលមិនមែនជាកម្មសិទ្ធិរបស់រដ្ឋ ដូចមុនទៀតឡើយ។​ ការបើកឱ្យមានលំហូរទីផ្សារសេរីបែបនេះ គឺជាការចាប់ផ្តើមយ៉ាងសំខាន់ នៃទំនាក់ទំនងពាណិជ្ជកម្មមួយចំនួន ជាមួយដៃគូពាណិជ្ជកម្មជាច្រើន ជាពិសេសជាមួយដៃគូពាណិជ្ជកម្មទីមួយក្នុងអនាគតរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

 

. យុទ្ធសាស្ត្រទំនាក់ទំនងពាណិជ្ជកម្មរបស់ចិន


ចាប់ផ្ដើមពីការគិតគូរ រឿងពាណិជ្ជកម្មសេរីជាចម្បង ជាមួយសហរដ្ឋអាមេរិកមក បានធ្វើឱ្យទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក ចាប់ផ្តើមមានភាពប្រសើរឡើងជាលំដាប់។ ក្នុងឆ្នាំ ១៩៧២ សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិន ក្នុងទំហំទឹកប្រាក់ប្រមាណត្រឹមតែ ៤.៧ លានដុល្លារតែប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ ១៩៨៤ សហរដ្ឋអាមេរិក បានក្លាយជាដៃគូពាណិជ្ជកម្មធំទី ៣ របស់ចិន។ ការនាំចូលទំនិញរបស់ប្រទេសចិន ចូលទៅសហរដ្ឋអាមេរិកវិញក្នុងកំឡុងពេលនោះ នៅមានចំនួនតិចតួចនៅឡើយ គឺតិចជាង ២%នៃការនាំចូលទំនិញសរុបទាំងអស់របស់សហរដ្ឋអាមេរិក។

 

មូលហេតុដែលចិនបានក្លាយ ទៅជាដៃគូពាណិជ្ជកម្មសំខាន់មួយរបស់សហរដ្ឋអាមេរិក គឺកាលពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ រដ្ឋាភិបាលចិនបានចាប់ផ្តើមផ្តល់ឱ្យក្រុមហ៊ុននានា ដែលធ្វើអាជីវកម្មនៅក្នុងប្រទេសខ្លួន មានសេរីភាពកាន់តែច្រើន ដោយការបន្ធូរបន្ថយការរឹតបន្តឹង លើការកំណត់តម្លៃ និងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះ អាចរក្សាប្រាក់ចំណេញរបស់ខ្លួន ជាពិសេសពួកគេអាចកំណត់ប្រាក់ឈ្នួលរបស់ពួកគេ ដោយខ្លួនឯងបានថែមទៀត។ បន្ថែមពីលើនោះទៀត រដ្ឋាភិបាលចិនក៏បានផ្តល់ការលើកទឹកចិត្តពន្ធ ដល់វិនិយោគិនក្នុងស្រុក និងបរទេសផងដែរ។ កំណែទម្រង់ទាំងអស់នោះ បានចូលរួមយ៉ាងសំខាន់ ក្នុងការជួយឱ្យប្រទេសចិន ក្លាយជាប្រទេសនាំចេញទំនិញក្នុងពិភពលោកដ៏ធំមួយ។

 

ចាប់តាំងពីឆ្នាំ ១៩៨៥ មក ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយចិន បានបន្តកើនឡើងជាលំដាប់ គឺកើនឡើងជាង ៧.០%ជាក់ស្តែងនៅឆ្នាំ ២០១៥ ចិនបានប្រជែងជាមួយនឹងប្រទេសកាណាដា ដោយបានធ្វើឱ្យចិនខ្លួនឯងក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហរដ្ឋអាមេរិកថែមទៀត។

 

ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន និងសហរដ្ឋអាមេរិក គឺជាប្រធានបទដ៏ក្តៅគគុក នៅក្នុងសារព័ត៌មាននានានៅក្នុងប៉ុន្មានទសវត្សចុងក្រោយនៃរដ្ឋាភិបាលលោក ស៊ី ជីនពីង (2012-បច្ចុប្បន្ន)។ ដូចជាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើឱ្យគេមើលឃើញអំណាច និងមហិច្ឆតាចិនកាន់តែច្បាស់។ ព្រឹត្តិការណ៍ទាំងនោះ គឺជាផ្នែកដ៏សំខាន់មួយ នៃការជំរុញឱ្យប្រទេសចិន​អាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច នាពេលខាងមុខដ៏ខ្លី។ ក៏ប៉ុន្តែការលេចធ្លោនេះ គ្រាន់តែជាកត្តាមួយក្នុងចំណោម​កត្តាផ្សេងៗជាច្រើនទៀត ដែលបានជួយធ្វើឱ្យប្រទេសចិន ក្លាយជាទីតាំងរោងចក្រផលិតទំនិញ ផ្គត់ផ្គងពិភពលោក ដោយមិនអាចប្រកែកបាន (Boulter, 2019)

 

យោងតាមការសង្កេត និងសិក្សាមួយចំនួនទៀត ឃើញថានៅមានកត្តាមួយចំនួនទៀត ដែលធ្វើឱ្យចិន ក្លាយ​ទៅជាទីតាំងរោងចក្រ ផលិតទំនិញរបស់ពិភពលោក រួមមាន


ចិនមានកម្លាំងពលកម្មច្រើន និងមានកម្រិតប្រាក់ឈ្នួលទាប បើធៀបជាមួយប្រទេសនានាប៉ែកខាងអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអាស៊ីមួយចំនួន


ចិន ជាប្រទេសដែលមានកម្លាំងពលកម្ម ធំជាងគេនៅលើពិភពលោក ដែលមានប្រជាជនសកម្មប្រមាណជា ៧៧៥ លាននាក់នៃចំនួនប្រជាជនសរុប ១.៤ ពាន់លាននាក់ កំពុងតែធ្វើការយ៉ាងសកម្ម។ ភាពសម្បូរបែបនៃកម្លាំងកម្មករ ដែលមានការប្រកួតប្រជែងគ្នា នៅក្នុងវិស័យការងាររោងចក្របែបនេះ បានធ្វើឱ្យក្រុមហ៊ុនភាគច្រើននៅក្នុងប្រទេសចិន មានឱកាសអាចរក្សាប្រាក់ឈ្នួលបានទាប។

 

ទោះបីជាយ៉ាងណាក៏ដោយ បើមើលទៅលើក្រុមអាយុ នៃអ្នកធ្វើការក្នុងរោងចក្រ ក្នុងប្រទេសចិនបច្ចុប្បន្ន ឃើញថាចិនមានការលំបាកជាខ្លាំង ក្នុងការទាក់ទាញកម្លាំងកម្មករជំនាញ ឱ្យមកធ្វើការងារនៅក្នុងរោងចក្រ។ ដោយហេតុតែក្មេងៗជំនាន់ក្រោយរបស់ចិន បានចាប់ផ្ដើមងាកទៅរកការងារណា ដែលជឿនលឿន ​និងល្អ ដែលមិនតម្រូវឱ្យពួកគេប្រើកម្លាំងពលកម្មខ្លាំង និងធ្វើការច្រើនម៉ោង នៅក្នុងរោងចក្រផលិតកម្មសំខាន់ៗទាំងនោះដូចមុនទៀត។ ម្យ៉ាងវិញទៀត ចំណុចដែលប្រជាជនចិនជំនាន់ក្រោយ មានការអភិវឌ្ឍ និងចេញទៅស្វែងរកការងារល្អៗដោយប្រើជំនាញ និងចំណេះដឹងបែបនេះ បានធ្វើឱ្យចិនអាចជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួលថេរ ដល់កម្មករទូទៅផងដែរ។

 

លើសពីនេះ ចំពោះអ្នកដែលមានឆន្ទៈក្នុងការធ្វើការ ពួកគេបានដឹងយ៉ាងច្បាស់ អំពីតម្លៃខ្លួនរបស់ពួកគេក្នុងទីផ្សារការងារ។ ចំណែកឯនិយោជកវិញ ក៏ត្រូវតែសម្រេចចិត្តយ៉ាងយកចិត្តទុកដាក់ ក្នុងការបង់តម្លៃនៃប្រាក់ខែ ឱ្យទៅបុគ្គលិករបស់ខ្លួន ស្របទៅតាមសមត្ថភាពផ្ទាល់របស់បុគ្គលិកម្នាក់ៗ ដោយផ្អែកទៅលើអត្រានៃការប្រកួតប្រជែងលើទីផ្សារការងារ បូករួមនឹងការជៀសវាង និងការការពារទៅលើហានិភ័យផ្សេងៗ ពេលដែលកម្លាំងកម្មករជំនាញទាំងនោះ សម្រេចចិត្តចាកចេញពីកន្លែងការងាររបស់ខ្លួន ដែលនោះជាហេតុផលដ៏សំខាន់មួយ ធ្វើឱ្យដំណើរការផលិតកម្មរបស់ក្រុមហ៊ុនថយចុះ។ ដោយហេតុនេះធ្វើឱ្យវិនិយោគិនចិនមួយចំនួនបានសម្រេចចិត្តបំបែកទីតាំងអាជីវកម្មរបស់ខ្លួនទៅប្រទេសដែលមានកម្លាំងពលកម្មទាបជាងខ្លួន ហើយយកផលិតផលដែលមិនទាន់ផលិតសម្រេចពីប្រទេសក្រីក្រទាំងនោះមកផលិតជាទំនិញសម្រេចនៅក្នុងប្រទេសរបស់ខ្លួនដើម្បីនាំចេញ និងទទួលបានឈ្មោះជាប្រទេសនាំចេញលើសគេក្នុងលោក និងជាប្រទេសដែលមានផលិតផលដាក់ស្លាថា ផលិតនៅចិន Made in China ច្រើនជាងគេនៅក្នុងទីផ្សារសាកល

 

ដោយយោងទៅលើតម្រូវការកម្លាំងពលកម្មខ្ពស់​និងមានកម្មករជំនាញដែលមានប្រាក់ឈ្នួលច្រើន សេដ្ឋកិច្ចចិនបានបន្ដឡើងខ្ពស់ជាបន្តបន្ទាប់។ តាមទិន្ន័យគេឃើញថា ទីក្រុងពីរដែលប្រាក់ឈ្នួល ឡើងខ្ពស់បំផុតនៅក្នុងប្រទេសចិន គឺទីក្រុងប៉េកាំង និងសៀងហៃ ដែលជាទីប្រជុំនៃសួនឧស្សាហកម្ម និងជាទីក្រុងដែលមានការអភិវឌ្ឍជឿនលឿនជាងគេក្នុងប្រទេសចិន។ ក៏ប៉ុន្តែប្រាក់ឈ្នួលក្នុងទីក្រុងទាំងពីរនេះ​ក៏នៅតែមានតម្លៃទាបនៅឡើយសម្រាប់កម្មករ បើធៀបជាមួយប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍមួយចំនួន។ កម្មករនៅក្នុងទីក្រុងទាំងពីរនេះ អាចរកបានប្រាក់ឈ្នួល ត្រឹមតែតិចជាង ៣.៥ ដុល្លាតែប៉ុណ្ណោះក្នុងមួយម៉ោង។

 

ចំណែកប្រាក់ឈ្នួលនៅទីក្រុង និងតំបន់ផ្សេងទៀតក្នុងប្រទេសចិនវិញ ទទួលបានត្រឹមតែ ១១១.៦យ័ន ស្មើនឹងប្រហែល ១.៦៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយម៉ោង។ ដោយសារតែគំលាតប្រាក់ឈ្នួលដ៏ធំ និងផ្សេងពីគ្នាបែបនេះ​ គេអាចកំណត់បានថា ចិននៅមានកម្រិតប្រាក់ឈ្នួលទាបនៅឡើយ និយាយជារួម។ ការបង់ប្រាក់ឈ្នួលតិច បានជួយឱ្យអ្នកវិនិយោគ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនេះគឺជាមូលហេតុចម្បងមួយ នាំឱ្យក្រុមហ៊ុនធំៗជាច្រើន បានចាប់យកឱកាសល្អនេះ ទៅវិនិយោគនៅប្រទេសចិន ដើម្បីផលិតផលិតផលតាមតម្រូវការផលិតកម្មរបស់ពួកគេ ថែមទាំងចិនគឺជាទីតាំងមួយ ដែលមានប្រជាជនច្រើនជាងគេទីពីរក្នុងលោក ហើយមិនត្រឹមតែប៉ុណ្ណោះ ចិនថែមទាំងមានព្រំប្រទល់ជិតប្រទេសឥណ្ឌា ដែលមានចំនួនប្រជាជនដ៏ច្រើនជាងគេបំផុតក្នុងលោកថែមទៀត។

 

ការដាក់កម្រិតច្បាប់បញ្ញត្តិតិចតួច ទៅលើការធ្វើអាជីវកម្មក្នុងប្រទេសចិន


ការរីកដុះដាលនៃវិស័យរោងចក្រ ឧស្សាហកម្មផលិតផលនានាក្នុងប្រទេសចិន​ មានការរីកចម្រើនខ្លាំងឡើងៗ ដោយសារតែមានការបន្ធូរបន្ថយការរឹតបន្តឹង និងការដាក់បទប្បញ្ញត្តិតិចតួចបំផុត លើការធ្វើអាជីវកម្មក្នុងស្រុក។ គេមើលឃើញថា ការលេចធ្លោនៃពាណិជ្ជកម្មរបស់ចិន គឺដោយការបើកសេរីក្នុងទីផ្សារ និងការកែប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីរបស់ខ្លួន ដល់អ្នកវិនិយោគទូទៅឱ្យដូចអ្វីដែលបណ្ដាប្រទេសលោកខាងលិចបានធ្វើរួចមកហើយ។ ក៏ប៉ុន្ដែ គេក៏មិនត្រូវមើលរំលងដែរថា ដោយសារតែការបន្ធូរបន្ថយបទប្បញ្ញត្តិទាំងនេះហើយ ជាកត្ដាធ្វើឱ្យចិនបានក្លាយជាប្រទេសមួយដែលនាំចេញទំនិញទៅផ្គត់ផ្គងលើពិភពលោក។ ការបន្ធូរបន្ថយបទប្បញ្ញត្តិទាំងនោះមានទាក់ទងជាមួយនឹងផលប៉ះពាល់ដល់ការមានស្តង់ដារធូររលុង ការប្រើកម្លាំងពលកម្មកុមារ ការខ្វះខាតការការពារសុខភាព និងសុវត្ថិភាពកម្មករ បញ្ហានៃការការពារបរិស្ថាន និងភាពធូរលុងនៃច្បាប់ដែលបានចែងពីប្រាក់ឈ្នួល និងម៉ោងធ្វើការជាដើម។

 

ការដែលមិនផ្តោតលើផលប៉ះពាល់ពីបទប្បញ្ញត្តិទាំងប៉ុន្មានខាងលើ បានជួយឱ្យអ្នកវិនិយោគនៅចិន ចំណាយថ្លៃដើមផលិតទាប ហើយក៏ជាការជួយជំរុញជាមូលដ្ឋានមួយ ធ្វើឱ្យចិនរីកចម្រើនដល់ថ្ងៃនេះផងដែរ។ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក៏ដោយ ការធូរលុងទាំងនោះ បានធ្វើឱ្យចិនដើរមកអស់រយៈពេលជាច្រើនឆ្នាំ ការប្រឹងប្រែងរបស់កម្មកររោងចក្រ រួមទាំងកុមារផងដែរ តម្រូវឱ្យពួកគេធ្វើការរហូតដល់ ១៦ ម៉ោង ឬច្រើនជាងនេះក្នុងមួយថ្ងៃៗ។ ជាពិសេសភាគច្រើនពួកគេធ្វើការរហូតដល់ ២៨ ថ្ងៃក្នុងមួយខែ នៅក្នុងស្ថានភាពការងារដែលគ្មានសុវត្ថិភាព។ នៅមានរឿងដែលលំបាកដល់កម្មករទាំងនោះផ្សេងទៀត គឺនិយោជកខ្លះថែមទាំងមិនបើកប្រាក់ខែឱ្យពួកគេ រហូតដល់ដំណាច់ឆ្នាំឯណោះ។ និយោជកទាំងនោះធ្វើយ៉ាងនេះ គឺដើម្បីធានាថាកម្មករទាំងនោះ នឹងមិនអាចឈប់ធ្វើការពីកន្លែងរបស់ខ្លួនឡើយ

 

បន្ថែមពីនេះទៀត ការបើកឱ្យមានបទប្បញ្ញត្តិធូរលុង បែបនេះ វាក៏បណ្ដាលឲ្យមាន ផលប៉ះពាល់អវិជ្ជមានខ្លាំងដល់បរិស្ថានផងដែរ។ នេះបើគិតត្រឹមឆ្នាំ ២០១៨ ទីក្រុងចំនួន ២២ ក្នុងចំណោមទីក្រុងដែលមានការបំពុលបរិស្ថានខ្លាំងជាងគេទាំង ៥០ ក្នុងពិភពលោក គឺមានទីតាំងនៅក្នុងប្រទេសចិន។  ដោយការគិតគូពីបញ្ហាបរិស្ថាន និងសិទ្ធលើកម្លាំងពលកម្មកុមារ ប្រទេសចិនបានចាត់វិធានការក្ដៅសំខាន់ៗជាច្រើន ក្នុងការបង្កើននូវបទប្បញ្ញត្តិចាំបាច់ ដូចជាការហាមឃាត់ការប្រើកម្លាំងពលកម្មកុមារ ដែលមានអាយុក្រោម ១៥ ឆ្នាំជាដើម

 

ក៏ប៉ុន្តែការអនុវត្តបទប្បញ្ញត្តិទាំងនោះ មិនមានភាពស៊ីចង្វាក់នឹងការដាក់បទប្បញ្ញត្តិថ្មីទាំងនេះនោះទេ។ មានន័យថា ក្រុមហ៊ុនជាច្រើននៅតែអាចទទួលបានផលប្រយោជន៍ ពីការចំណាយដើមទុនតិចដដែល។ ទាំងនេះគឺគ្រាន់តែជាបញ្ហាប្រឈមមួយចំនួន ក្នុងចំណោមបញ្ហាប្រឈមជាច្រើនទៀត ដែលប្រទេសចិននឹងជួបក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ។

 

៣. បញ្ហាប្រឈមនាថ្ងៃអនាគតរបស់ចិន


ស្ថានភាពនៃឧស្សាហកម្មផលិតរបស់ចិន ឃើញថាជិតឈានដល់នូវចំណុចចុងក្រោយមួយ ដោយ​សារ​តែការរួមបញ្ចូលគ្នានៃកត្តាផ្សេងៗ។ ដូចអ្វីដែលយើងបានលើកឡើងពីខាងលើរួចហើយ ថាប្រាក់ឈ្នួល​លើកម្លាំងពលកម្មកម្មករ កំពុងតែកើនឡើង ដែលបណ្តាលឱ្យក្រុមហ៊ុនជាច្រើន ស្វែងរកជម្រើស និងឱកាសថ្មី ដែលមានតម្លៃពលកម្មទាប នៅឯតំបន់ផ្សេងក្រៅពីប្រទេសចិន មានដូចជានៅប្រទេសស្រីលង្កាជាដើម ដែលតម្លៃកម្លាំងពលកម្មរបស់ប្រទេសនោះ ជាមធ្យមត្រឹមតែ ៥០ សេនតែប៉ុណ្ណោះក្នុងមួយម៉ោង។ ជាពិសេសជាងនេះ គេយល់ថាប្រទេសឥណ្ឌាអាចជាប្រទេសមួយដែលឈានមុខគេក្នុងការប្រគួតប្រជែងជាមួយចិន និងសហរដ្ឋអាមេរិក ហើយក៏អាចក្លាយជាមហាសេដ្ឋកិច្ចដ៏ធំមួយផងដែរ​ (Ahluwalia, 2019)។

 

យ៉ាងណាម្ចាស់សហគ្រាសរោងចក្រមួយចំនួននៅចិន ក៏កំពុងតែប៉ះប៉ូវ និងផ្តល់ជាសំណងដល់ការបាត់បង់ការងារ របស់កម្មករជំនាញ និងជំនួសមកវិញ ដោយម៉ាស៊ីនស្វ័យប្រវត្តិកម្ម តាមអ្វីដែលពួកគេអាចធ្វើទៅបាន។ នេះមានន័យថា ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Robots) កំពុងតែមកធ្វើការជំនួស កម្លាំងកម្មកររោងចក្រទូទៅនៅចិន ដែលពេលនេះវាកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនហាក់ដូចជាមានការខិតខំប្រឹងប្រែងតិចតួច ក្នុងការបង្រៀនកម្មករទាំងនោះ នូវជំនាញថ្មីៗផ្សេងទៀត ដែល​អាចមានតម្លៃ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ។ កត្តាទាំងនេះបានធ្វើឱ្យ មានអ្នកជំនាញជាច្រើនលើកឡើងថា ភាពឥតការងារធ្វើក្នុងប្រទេសចិន នឹងក្លាយជាបញ្ហាប្រឈមគួរឱ្យកត់សម្គាល់មួយ នៅនាប៉ុន្មានឆ្នាំខាងមុខទៀតនេះ ហើយទីក្រុងធំៗជាច្រើន នឹងត្រូវរងគ្រោះខ្លាំងជាងគេ ដោយសារតែបញ្ហានៃភាពអត់ការងារធ្វើ ដោយហេតុថាម៉ាស៊ីនស្វ័យប្រវត្តិកម្ម នឹងមកជំនួសកម្លាំងមនុស្សវិញម្ដង។

 

៤. ការត្រៀមខ្លួនរបស់ចិន


យើងឃើញថាត្រឹមឆ្នាំ ២០១០ ប្រទេសចិនបានក្លាយទៅជាប្រទេស ដែលមានសេដ្ឋកិច្ចធំទី ២ នៅលើពិភព​លោក បន្ទាប់ពីសហរដ្ឋអាមេរិក។ ចំពោះសហរដ្ឋអាមេរិកបានព្យាយាម និងប្រឹងប្រែងអភិវឌ្ឍប្រទេស រហូតបានមកឈរនៅលើ លំដាប់កំពូលទាំងសេដ្ឋកិច្ច និងនយោបាយ គឺសហរដ្ឋអាមេរិកបានព្យាយាម តាំងពីឆ្នាំ ១៨៧១ មកម្ល៉េះ។ គេកំពុងតែចាប់អារម្មណ៍ទៅលើសេដ្ឋកិច្ចចិន ដែលកំពុងតែរីកលូតលាស់ឥតឈប់ឈរក្នុងល្បឿនលឿនជាងប្រហែលជា ៣ ដង បើធៀបនឹងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។​

 

ក្នុងឆ្នាំ ២០១៨ ចិនជាប្រទេស ដែលនាំចេញទំនិញធំជាងគេនៅលើពិភពលោក​ ដែលមានតម្លៃផលិតផលប្រមាណជា ២.៣ សែនកោដិដុល្លារ ដែលទំនិញទាំងនោះ ត្រូវបានបញ្ជូនទៅពាសពេញពិភពលោក។ ក៏ប៉ុន្តែ បើទោះបីជាកំពុងតែរីកចម្រើនខ្លាំងយ៉ាងណាក៏ដោយ ក៏មានសញ្ញាបង្ហាញថា និន្នាការរីកចម្រើនរបស់ចិន អាចនឹងមិនបន្តកើនឡើងខ្លាំងលើសគេ ដូចដែលគេបានគិតទុកនោះទេ។ ដោយគេយល់ថាប្រមាណជា ៣០ ឆ្នាំទៅមុខទៀត គេនឹងអាចមើលឃើញប្រទេសឥណ្ឌា លេចធ្លោជាងចិនមិនខាន ដោយផ្អែកទៅលើការសិក្សា អំពីនយោបាយសេដ្ឋកិច្ចអន្តរជាតិ  (Ahluwalia, 2019 & Martin, 2019)។

 

យ៉ាងណាមិញ ប្រទេសចិនហាក់ដូចជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនានាក្នុងពេលអនាគត។ ដោយមហិច្ឆតា និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់ចិន គឺចិនអាចបន្តកែប្រែជាចាំបាច់ ដើម្បីរក្សាឋានៈរបស់ខ្លួន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងលោក។ ជាពិសេសនោះ ចិននៅតែអាចទប់សេដ្ឋកិច្ចរបស់ខ្លួនឲ្យបន្ដរីកចម្រើន ដោយគ្រប់គ្រងភាពអត់ការងារធ្វើ និងអត្រាតម្លៃកម្លាំងពលកម្មទាបបានល្អប្រសើរដដែល ដែលកត្ដានេះនឹងធ្វើឱ្យអ្នកវិនិយោគ នៅតែចំណាយដើមទុនតិច ហើយនេះក៏ជាកត្តា ដែលបង្កើនប្រាក់ចំណេញ ដល់រដ្ឋាភិបាលចិនផងដែរ។

 

យោងលើហេតុផលទាំងនេះ និងហេតុផលដទៃទៀតជាច្រើន ប្រទេសចិនកំពុងតែចាប់ផ្តើមចាត់វិធានការឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្អែកលើសេវាកម្ម ហើយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង លើពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) និងបច្ចេកវិទ្យា។ នៅឆ្នាំ ២០១៨ មានប្រមាណជា ៥២.% នៃផលិតផលសរុបក្នុងស្រុករបស់ចិន បានមកពីវិស័យសេវាកម្ម ខណៈដែលមានត្រឹមតែប្រមាណជា ៤០.% បានមកពីវិស័យឧស្សាហកម្ម (Boulter, 2019)

 

ឆ្នាំ ២០១១ គឺជាឆ្នាំដំបូង ដែលវិស័យឧស្សាហកម្មសេវាកម្ម បានកើនឡើងលឿនលើសវិស័យឧស្សាហកម្មផលិតកម្ម ក្នុងលក្ខខណ្ឌផលិតផលក្នុងស្រុកសរុប ហើយភាគរយនៃកំណើន បានកើនឡើងបន្តិចម្តងៗ។ ក៏ប៉ុន្តែការកើនឡើងនោះ បានរក្សាស្ថេរភាពកំណើនជាលំដាប់ជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក។ ចំពោះបញ្ហានេះគេយល់ថា​ប្រសិនបើនិន្នាការខាងលើនេះ ត្រូវបានគាំទ្រដោយរដ្ឋាភិបាល ដោយផ្ដល់ឱ្យមានការបណ្តុះបណ្តាលដល់កម្លាំងពលកម្ម និងរៀបចំគោលនយោបាយរដ្ឋាភិបាល អំពីរឿងនេះបានល្អប្រសើរ ស្របទៅតាមការផ្លាស់ប្ដូរជឿនលឿននៃបច្ចេកវិទ្យា នោះសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងនៅតែបន្តកើនឡើងជានិច្ច បើទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ។

 

ជារួម មូលហេតុដែលប្រទេសចិនសម្រេចបាន នូវកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មាន ក្នុងរយៈពេលត្រឹមតែ ៤០ឆ្នាំកន្លងមក ហើយបានប្រែក្លាយប្រទេសរបស់ខ្លួន ឲ្យទៅជារោងចក្រផ្គត់ផ្គងរបស់ពិភពលោក​ដោយមិនអាចប្រកែកបាននេះ គឺដោយសារតែការធ្វើកំណែទម្រង់សេដ្ឋកិច្ច របស់រដ្ឋាភិបាលចិនទៅលើចំណុចមួយចំនួន ដូចជាការកំណត់លើបទប្បញ្ញត្តិ និងច្បាប់ពាណិជ្ជកម្មលើទីផ្សារ ការប្រកួតប្រជែងការងារ និងមានប្រាក់ឈ្នួលពលកម្មទាប ការមានកម្លាំងពលកម្មដ៏ច្រើនលើសលុប រួមនឹងការមានយុទ្ធសាស្ដ្រទំនាក់ទំនងផ្នែកពាណិជ្ជកម្មល្អជាមួយពិភពលោក។

ឥទ្ធិពលចិនពិតជាមានផលប៉ះពាល់ និងផលចំណេញដល់ពិភពលោកពិប្រាកដមែន បើយោងលើព្រឹត្តិការណ៍នានា។ នេះបង្ហាញថាចិនកំពុងតែឈានទៅរកចំណុចកំពូលមួយទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ លើសពីការពង្រឹងលើគោលនយោបាយទាំងប៉ុន្មានចំណុចខាងលើដើម្បីសេដ្ឋកិច្ចកាន់តែបោះជំហានទៅមុខ ចិនពិតជាបានត្រៀមខ្លួនយ៉ាងច្បាស់លាស់លើបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងផ្នែកវិស្វកម្ម ព្រមទាំងគណិតសាស្រ្ត ដើម្បីសម្របខ្លួននៃការប្រគួតប្រជែងក្នុងពិភពលោកនៃបច្ចេកវិទ្យាជឿនលឿននេះ។

 

ជាងនេះឥទ្ធិពលវិនិយោគិន និងទេសចរចិនបានដើរតួរយ៉ាងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរ។ ដោយលំហូរមិនឈប់ឈររបស់ទេសចរចិន និងអ្នកវិនយោគិនចិនបាននាំឱ្យពាណិជកម្មចិនឈានមុខគេផងដែរក្នុងប្រទេសទាំងនោះ។ រឹតតែសំខាន់នោះគឺអាជីវកម្មធំៗ និងអ្នកវិនិយោគធំៗបានបោះទីតាំងយ៉ាងរឹងមាំក្នុងប្រទេសចិន ដោយពឹងលើការប្រើប្រាស់ទីផ្សាចិន ក៏ដូចជាប្រទេសជិតខានចិន ដូចជាឥណ្ឌា និងវៀតណាមជាដើម។ ហេតុផលទាំងនេះបានបំប៉ោងឥទ្ធពលចិនលើផលប៉ះពាល់ និងផលចំណេញពីហានិភ័យផ្សេងៗដែលចេញពីចិន។

 

ជាការពិតក្រុមហ៊ុនធំៗដែលបានបោះទីតាំងនៅចិនបានបិទទ្វា និងប្រឈមនូវវិបត្តហិរញ្ញវត្ថុផងដែរនៃវិបត្តឆ្ងងវីរុសកូរ៉ូណាថ្មី (2019-NCov)។ ដូច្នេះហើយបើសិនជាអ្នកអាជីវកម្ម ឬប្រទេសនានាមិនធ្វើការគ្រប់គ្រងស្ថានការឱ្យប្រុងប្រយ័ត្នជាមួយព្រឹត្តិការណ៍ទាក់ទងនឹងចិន នោះអ្នកអាជីវកម្ម ពលរដ្ឋ និងប្រទេសទាំងនោះក៏គេចមិនផុតពីផលប៉ះពាល់ទាំងនោះផងដែរ។ ជាពិសេសផលប៉ះពាល់នៃទំនាក់ទំនងពាណិជកម្ម និងសេដ្ឋកិច្ចដែលបណ្ដាលឱ្យមានការថយចុះចំណូលសេច្ចកិច្ចជាតិនៃប្រទេសទាំងនោះ។ ព្រឹត្តិការណ៍ទាំងនេះបានបង្រៀនយើងអំពីភាពរឹងមាំផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ដើម្បីការពារផលប៉ះពាល់ពីខាងក្រៅ។ អ្វីដែលសំខាន់នោះគឺការពង្រឹងធនធានខាងក្នុងស្រុក ក៏ដូចជាធនធានមនុស្សដើម្បីឱ្យដើរទាន់ពិភពលោកនៃបច្ចេកវិទ្យាថ្មី។