សង្រ្គាមនៅឧបទ្វីបកូរ៉េ (Korean War)

2021-02-27 10:44:19 / ដោយ៖ ឃឹម ស្រស់

រូបភាព៖ F4U-5 Corsairs provide close air support to U.S. Marines during Korean War


ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានចូលរួមប្រយុទ្ធក្នុងសង្គ្រាមកូរ៉េ ដោយមិនបានប្រកាសជាផ្លូវការ ពីការចូលរួមរបស់ខ្លួនឡើយ។ ជាលទ្ធផលសង្រ្គាមនោះ គឺមានមនុស្សប្រមាណជា៥លាននាក់ ដែលភាគច្រើនជាជនជាតិកូរ៉េ បានស្លាប់បាត់បង់ជីវិត។ ក្នុងជម្លោះរយៈពេល៣ឆ្នាំ និង១ខែ ជាលទ្ធផលគឺ គ្មានប្រទេសណាបានឈ្នះក្នុងសង្រ្គាមនោះឡើយ។ ផ្ទុយទៅវិញ គឺមានតែការខាតបង់ ទាំងផ្នែកសេដ្ឋកិច្ច ស្លាប់ទាហាន និងពលរដ្ឋស៊ីវិលតែប៉ុណ្ណោះ។


ពេលខ្លះសង្រ្គាមកូរ៉េ ក៏ត្រូវបានគេហៅថា សង្រ្គាមបំភ្លេចរបស់សហរដ្ឋអាមេរិកផងដែរ។ ប្រហែលជាដោយសារគ្មាននរណាម្នាក់ ចងចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តអាក្រក់នោះហើយមើលទៅ ទើបគេខំបំភ្លេចវាបែបនោះ។ ប៉ុន្តែគេនៅចាំថា បន្ទាប់ពីសង្រ្គាមកូរ៉េចាប់ផ្តើម គឺនៅ៤៨ម៉ោងក្រោយប៉ុណ្ណោះ សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់ទីតាំងពីរសំខាន់ គឺកូរ៉េ និងតៃវ៉ាន់។

បើយើងត្រឡប់ថយក្រោយបន្តិច ពោលគឺមុនសង្រ្គាមលោកលើកទី២ គឺថារឿងរ៉ាវជាប្រវត្តិសាស្រ្ត រវាងប្រទេសកូរ៉េ និងជប៉ុន ឃើញថាមានជាប់ទាក់ទងគ្នា ដោយពុំអាចប្រកែកបានឡើយ នោះគឺប្រទេសជប៉ុន ធ្លាប់ឈ្លានពានកូរ៉េក្នុងឆ្នាំ១៩១០។ ពេលនោះជប៉ុនបានគ្រប់គ្រងប្រទេសកូរ៉េ អស់រយៈពេល ៣៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥គឺរហូតដល់ចុងបញ្ចប់ នៃសង្គ្រាមលោកលើកទី២។

អធិរាជជប៉ុន ហ៊ីរ៉ូហីតុ បានប្រកាសចុះចាញ់សង្គ្រាមលោកលើកទី២ និងបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ យើងអាចនិយាយជារួមគឺថាឥទ្ធិពល នៃគំនិតវាទីនិយមរបស់ជប៉ុនគឺបានធ្លាក់ចុះយ៉ាងដូច្នេះដែរ។ ស្របពេលជាមួយគ្នានោះ សន្និសិទ្ធផតស្តាម (Potsdam Conference) ដែលបានរៀបចំឡើងដោយប្រទេសឈ្នះសង្រ្គាមក្នុងឆ្នាំ១៩៤៥ រួមមានសហរដ្ឋអាមេរិក និងសហភាពសូវៀត ក៏ឈានដល់ការបែងចែកប្រទេសកូរ៉េជាពីរចំណែក ត្រង់ចន្លោះខ្សែស្របទី៣៨ គឺបានបែងចែកទៅជា កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដោយពួកគេកាន់កាប់ម្ខាងម្នាក់រៀងៗខ្លួន ហើយការបែងចែកកូរ៉េទាំងពីរក៏បានចាប់ផ្តើមតាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ន។

ក្រោយពេលដែលប្រទេសកូរ៉េ ត្រូវបានបែងចែកជាពីរ គេសង្កេតឃើញថាមហាអំណាចធំពីរ ក៏បានបែងចែកចំណែកគ្រប់គ្រងរបស់ពួកគេ ទៅតាមនិន្នាការរបស់មេដឹកនាំខាងណាមួយនៃកូរ៉េទាំងពីរ ដែលមាននិន្នាការរេរមករកខ្លួន។ ពេលនោះកូរ៉េខាងត្បូង ត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក ចំណែកកូរ៉េខាងជើងបានទទួលគាំទ្រពីសហភាពសូវៀត។

គួររំលឹកឡើងវិញថា សហភាពសូវៀត និងសហរដ្ឋអាមេរិក ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា នាសម័យសង្រ្គាមលោកលើកទី២ ដែលកាលណោះប្រទេសទាំងពីរនេះ ធ្លាប់បានរួមកម្លាំងគ្នាផ្តួលរំលំអាល្លឺម៉ង់ និង ជប៉ុន។ ប៉ុន្តែ បន្ទាប់ពីសង្គ្រាមលោកទីពីរបានបិទបញ្ចប់នាឆ្នាំ១៩៤៥ ពិភពលោកត្រូវប្រឈមនឹងសង្រ្គាមនោគមថ្មីមួយទៀត នោះគឺសង្រ្គាមត្រជាក់ (1945-1991) ដែលបណ្ដាលឲ្យមហាអំណាចទាំងពីរ ប្រែក្លាយទៅជាសត្រូវនិងគ្នាវិញម្ដង។

បើយើងក្រឡេកទៅមើលពីសុបិនរបស់កូរ៉េវិញគឺថា តាមការពិត ដើមឡើយប្រទេសកូរ៉េខាងជើង និងខាងត្បូង មិនប្រាថ្នាចង់ឃើញប្រទេសរបស់ខ្លួន ទទួលរងនូវការបែកបាក់គ្នាជាពីរដូចសព្វថ្ងៃនេះឡើយ។ ក៏ប៉ុន្តែ ប្រឈមនឹងសង្រ្គាមមួយ ដែលមានឥទ្ធិពលមហាអំណាចនៅពីក្រោយបែបនេះ ពិតជាមិនអាចបំពេញទៅតាមការចង់បាន របស់កូរ៉េទាំងសងខាងឡើយ។ បានសេចក្តីថាភាគីទាំងសងខាងមានតែទទួលរងនូវការខាតបង់ប៉ុណ្ណោះ។ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែ នៅត្រង់ចន្លោះខ្សែស្របទី៣៨ ដែលបានបែងចែកប្រទេសកូរ៉េជាពីរ  នឹងចុងក្រោយកូរ៉េខាងជើង ក៏អាចចូលលុកលុយកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០។

ទាហានកូរ៉េខាងជើងប្រមាណជា ២២៣,០០០នាក់ និងរថក្រោះចំនួន១៥០គ្រឿង ដឹកនាំដោយលោក គីម អ៊ីលស៊ុង (Kim Il Sung) បានវាយរុលទៅភាគខាងត្បូង រហូតអាចកាន់កាប់ទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែប៉ុណ្ណោះ ទាហានកូរ៉េខាងជើងថែមទាំងបានបណ្ដេញកងទ័ពអាមេរិក និងកូរ៉េខាងត្បូងឲ្យដកថយរហូតទៅដល់ចុងខាងត្បូង នៃឧបទ្វីបនេះថែមទៀត។

លុះដល់ចុងឆ្នាំ១៩៥០ កងទ័ពសហរដ្ឋអាមេរិក បានបើកការវាយលុកតាមផ្លូវសមុទ្រ ចូលទៅតាមផ្នែកដែលត្រូវបានកាន់កាប់ ដោយសត្រូវរបស់កូរ៉េខាងត្បូងវិញម្ដង។ បន្ទាប់មកទាហានសហរដ្ឋអាមេរិក ក៏បានវាយចូលទៅដល់ប្រទេសកូរ៉េខាងជើង។

ប្រទេសចិនដែលមានព្រំប្រទល់ ជាប់ជាមួយប្រទេសកូរ៉េខាងជើង និងជាមិត្តជិតខាងគ្នាដ៏មានឥទ្ធិពលផងនោះ មិនបានឱបដៃឈរមើលកូរ៉េខាងជើងចាញ់ឡើយ គឺចិនក៏បានបញ្ជូនកងទ័ពរបស់ខ្លួន មកបញ្ឈប់ការឈ្លានពានរបស់អាមេរិក ហើយក៏បានបង្ខំឱ្យទាហានសហរដ្ឋអាមេរិក ដកថយចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងវិញ។

នារដូវក្តៅឆ្នាំ១៩៥១ ភាគីទាំងសងខាង បានដើរតាមបន្ទាត់បែងចែកនៅត្រង់ខ្សែស្របទី ៣៨។ អស់រយៈពេល១៨ខែកងទ័ពទាំងសងខាង នៅតែបន្ដប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ការប្រយុទ្ធដែលមានការបង្ហូរឈាមយ៉ាងខ្លាំងក្លាបំផុតរវាងភាគីទាំងពីរនោះ ត្រូវបានគេហៅថា សង្រ្គាម Pork Chop Hill និងសង្រ្គាម Heartbreak Ridge។

ការឈានទៅរកការបិទបញ្ចប់នៃសង្រ្គាមកូរ៉េ គឺគេនៅចាំថា កាលពីឆ្នាំ១៩៥០ អង្គការសហប្រជាជាតិធ្លាប់បរាជ័យម្តងរួចមកហើយ ក្នុងការស្វែងរកសន្តិភាព និងបញ្ចប់វិបត្តិនៃសង្រ្គាមឧបទ្ធីបកូរ៉េ។ គេត្រូវរង់ចាំរហូតដល់ទៅ៣ឆ្នាំក្រោយ ពោគឺនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ តាមរយៈការអន្តរាគមន៍ ពីសំណាក់អង្គការសហប្រជាជាតិដដែល ទើបធ្វើឱ្យកូរ៉េខាងជើង និងប្រទេសចិន យល់ព្រមបញ្ឈប់ការប្រយុទ្ធតទៅទៀត។ យ៉ាងណាក៏ដោយ កូរ៉េខាងត្បូងបែរជាមិនបានយល់ព្រម នឹងកិច្ចអន្តរាគមន៍នោះឡើយ។ តំបន់អព្យាក្រឹតដែលមានទទឹងប្រវែង ២,៥ ម៉ៃល៍ (ឬស្មើនឹង៤ គីឡូម៉ែត្រ) ត្រូវបានបង្កើតឡើងនៅតាមបណ្តោយខ្សែស្របទី ៣៨។ ក្រុមទាហានជាច្រើន បានប្រឈមមុខដាក់គ្នានៅសងខាងតំបន់អព្យាក្រឹតនោះ។

ការផ្ទុះឡើងនៃសង្រ្គាមនៅឧបទ្វីបកូរ៉េអាចកើតមានបាន។ មូលហេតុគឺដោយសារតែកូរ៉េខាងត្បូង បដិសេធមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នា ទើបកូរ៉េទាំងពីរនៅតែមានលទ្ធភាពក្នុងការផ្ទុះសង្រ្គាមដោយជៀសមិនរួចឡើយ។ ពោលគឺភាពផុយស្រួយនៃសង្រ្គាមកូរ៉េ ងាយនឹងកើតមានជាថ្មីទៀតនាពេលណាមួយ។ ម្យ៉ាងទៀត បើយើងក្រឡេកទៅមើលបន្ទាត់បែងចែកនៅត្រង់ខ្សែស្របទី ៣៨ ហៅថាតំបន់គ្មានយោធា (Demilitarized Zone) មានទំហំផ្ទៃដីប្រមាណតែត្រឹម ១៥០ ម៉ាយតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បែរជាមាននាយទាហានប្រមាណជាជិតមួយលាននាក់ មកពីកូរ៉េទាំងពីរបានឈរយាមនៅទីនោះ។

ជារួមក្នុងជម្លោះដែលអូសបន្លាយអស់រយៈពេល ៣ឆ្នាំ និង១ខែនោះ ជាលទ្ធផលចំណេញឃើញថា គ្មាននរណាម្នាក់ ឬប្រទេសណាមួយ បានឈ្នះសង្រ្គាមនោះឡើយ។ ផ្ទុយទៅវិញ គឺមានតែការខាតបង់ ទាំងផ្នែកសេដ្ឋកិច្ច និងបណ្ដាលឲ្យស្លាប់ប្រជាជននៃប្រទេសដែលពាក់ព័ន្ធ អស់ជាច្រើននាក់តែប៉ុណ្ណោះ។

ជាក់ស្តែងក្នុងសង្រ្គាមកូរ៉េពេលនោះ សហរដ្ឋអាមេរិកបានចំណាយប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារ ឬស្មើនឹងរហូតដល់ទៅប្រមាណជា ៣៨៩.៨១ពាន់លានដុល្លារឯណោះ បើគិតតាមនៃអត្រាប្តូរប្រាក់ក្នុងឆ្នាំ២០១៩។ ចំណែកឯទាហានអាមេរិកប្រមាណជាជិត ២លាននាក់ បានមកបម្រើការនៅប្រទេសកូរ៉េខាងត្បូង និងក្នុងនោះមានចំនួន ៣៦,៥៧៤នាក់ បានពលីជីវិត។

ផ្អែកតាមប្រភពឯកសារខ្លះទៀតបង្ហាញថា មានទាហានអាមេរិក រហូតដល់ទៅចំនួន៣៧,០០០នាក់ បានស្លាប់ និងរបួសប្រមាណជា ១០០,០០០នាក់។ រីឯទាហានកូរ៉េខាងជើង និងខាងត្បូងវិញ បានបាត់បង់អាយុជីវិតប្រហែលជា ៦២០,០០០នាក់ ហើយពលរដ្ឋកូរ៉េរហូតដល់ទៅប្រមាណជា៤លាននាក់ ប្រហែលជាបានស្លាប់បាត់បង់ជីវិត ក្នុងពេលប្រយុទ្ធគ្នានាកាលណោះ។ បែរទៅប្រទេសចិនដែលនៅជិតខាងកូរ៉េខាងជើងវិញ បានបាត់បង់អាយុជីវិតប្រជាជនខ្លួន អស់ប្រហែលជា ៩២០,០០០នាក់។

ជារួម សង្គ្រាមកូរ៉េ ជាសង្រ្គាមដែលគ្មាននរណាម្នាក់ ឬប្រទេសណាមួយឈ្នះសោះឡើយ តែវាគឺជាសង្គ្រាមមួយ ដែលបំផ្លិចបំផ្លាញខ្លាំងបំផុត ប្រចាំសតវត្សរ៍ទី២០៕