សីលធម៌នៃការរិះគន់

2020-02-07 13:20:44 / PANG Vanthown

ប្រភពរូប៖​ Boardeffect


ការរិះគន់ជាទម្រង់នៃការបង្ហាញនូវការមិនយល់ស្រប មិនពេញចិត្ដ ទៅលើកំហុស និងកង្វះខាតរបស់មនុស្ស​ណាម្នាក់ ឬស្នាដៃណាមួយ។ និយាយយ៉ាងងាយបំផុត ការរិះគន់ជាការទើសនឹងនរណាម្នាក់ ឬអ្វីមួយ ហើយនៅស្ងៀមមិនបាន ក៏សម្ដែងវាចេញមកក្រៅ។ ការរិះគន់អាចកើតឡើងចំពោះគ្រប់រឿងរ៉ាវតាមទម្រង់ខុសៗគ្នា។

គេច្រើននិយាយថារិះគន់ដើម្បីកែលម្អ រិះគន់ដើម្បីស្ថាបនា ក្នុងន័យរិះគន់ដើម្បីឲ្យរីកចម្រើន។ យ៉ាងណាក៏ដោយ ខ្មែរមិនសូវផ្ដល់តម្លៃលើការរិះគន់ឡើយ ព្រោះយើងមិនស្គាល់ការរិះគន់ គឺមិនស្គាល់ទាំងអ្នកទៅរិះគន់គេ ក៏ដូចជាអ្នកត្រូវបានគេរិះគន់។ ជាទូទៅគេរិះគន់នរណាម្នាក់ ពេលដែលគេមិនចូលចិត្ដ ឬស្អប់គ្នាប៉ុណ្ណោះ។ ហេតុនេះគេច្រើនតែប្រើការរិះគន់ដើម្បីចាប់កំហុសគ្នា និងបំបាក់មុខគ្នា។ បើបែបនោះ តើជាការស្ថាបនាកើតដែរទេ?

តាមពិតទៅការរិះគន់ត្រឹមត្រូវមានហេតុផលមានផលល្អរបស់វា ពិសេសក្នុងការងារស្រាវជ្រាវ គឺដើម្បី​បង្កើនតម្លៃនៃស្នាដៃឲ្យកាន់តែប្រសើរឡើង។ ចំណែកឯអ្នករិះគន់គេវិញ នឹងបង្កើនសមត្ថភាពត្រិះរិះពិចារ​ណា ស្គាល់ច្បាស់រឿងដែលខ្លួនចូលមករិះគន់ ដោយមិនមែនចេះតែពីរិះគន់ពេបជ្រាយគេ ទៅតាមសន្ទុះចិត្ដខឹងស្អប់ ដោយប្រើការកាច់មួលជាមធ្យោបាយនោះឡើយ។ ក៏ប៉ុន្ដែ យើងឃើញជាទូទៅគេការយកការរិះគន់ជាឈ្នាន់បម្រើចិត្ដឈ្នានីស ជាការវាយប្រហារ រិះគន់បង្អាក់បន្ទុច រិះគន់ជាន់ពន្លិចគ្នា ឲ្យងើបមុខមិនរួចទៅវិញ។ ដូច្នេះពេលមានការរិះគន់ យើងច្រើនតែឃើញមានទំនាស់ ដោយហេតុថាមកពីអ្នករិះគន់គេជាប្រភេទមនុស្សបែបលោកព្រះមិនចេះខុស គឺអង្គុយតែទើសគេ តែខ្លួនមិនបានធ្វើអ្វីសោះ ទើបធ្វើឲ្យអ្នកដែលត្រូវបានគេរិះគន់តបតវិញ ដែលជារឿយៗបង្កជាទំនាស់។ ជាទូទៅទៅហើយចំពោះមនុស្សសម្ដីរយ មនុស្សដែលមិនគោរពសម្ដីខ្លួន គេតែងតែជាប្រភេទមនុស្សដែលមិនឃើញធ្វើអ្វីឲ្យចេញជាសាច់ការឡើយ តែនិយាយពីសម្ដីរិះគន់គេវិញ ដូចសម្បើមណាស់។ គេច្រើនជាមនុស្សដែលកំហុសខ្លួនប៉ុនភ្នំ តែកិច្ចកែឲ្យវានៅសល់ប៉ុនគ្រាប់ល្អ ឯកំហុសគេតូចសោតសល់រមិលយល់ប៉ុនទាំងភ្នំ។ មនុស្សខ្លះលើកដៃចង្អុលកំហុសគេតែម្រាមមួយប៉ុណ្ណោះ។ ប៉ុន្ដែម្រាម៤ទៀតរបស់គេចង្អុលទៅរកខ្លួនឯង។ គេមានមាត់ចេះតែនិយាយ គេនិយាយដូចអត់បានមានប្រសាសន៍ គេនិយាយរោយរាយឥតបានការ និយាយរបៀបដែលគេច្រើននិយាយលេងតបវិញថា តើកញ្ចប់មាត់ពាក់ស្បែកជើងលេខប៉ុន្មាន?

ដើម្បីជាប្រយោជន៍ ដើម្បីបញ្ជៀសជម្លោះ អ្នកដែលត្រូវបានគេរិះគន់ ត្រូវបើកចិត្ដទទួលយកការរិះគន់នោះ មកពិនិត្យមើលសកម្មភាពខ្លួនត្រង់ចំណុចដែលគេរិះគន់ ដោយមិនលម្អៀងកាន់ជើងខ្លួនឯង។ បើឃើញថាគេរិះគន់ត្រូវចំចំណុចដែលខ្លួនពិតជាខ្វះខាតពិតជាខុសមែន នោះមានតែសាទរនឹងការរិះគន់នោះ ហើយតម្រង់កែប្រែសកម្មភាពខ្លួនជៀសវាងបន្ដប្រព្រឹត្ដនូវកំហុសដដែលៗ។

ការរិះគន់គួរតែភ្ជាប់មកជាមួយ នូវការចង្អុលបង្ហាញពីចំណុចខ្វះខាត ឬកំហុស។ មិនមែនចេះតែពីកោកៗទើសគេ ដោយមិនបានចង្អុលបង្ហាញគេថាគេខុសត្រង់ណា​ គួរកែត្រង់ណា គួរតែកែដូចម្ដេចនោះទេ។ ការរិះគន់ទៀត​សោត ក៏គួរតែដឹងថាអ្វីជាកង្វះខាតដែលអ្នកធ្វើគួរតែបំពេញបន្ថែម។ អ្វីជាកំហុសដែលគួរតែទម្លាក់ចោល ហើយ​កែប្រែ។ មិនមែនគិតតែពីជាន់ពន្លិចគ្នាឡើយ។ ផ្ទុយទៅវិញបើអ្នករិះគន់ ខឹងស្អប់មនុស្សណាម្នាក់ ឬក្រុមណាមួយ ហើយគិតតែពីប្រើចិត្ដមិនស្អាតរបស់ខ្លួន ប៉ាតគេប៉ាតឯងទទឹងទិស នោះសម្ដីរបស់គេគ្មានសល់តម្លៃនឹងយកចិត្ដទុកដាក់ឡើយ។

រិះគន់មនុស្សណាម្នាក់ចំពោះសកម្មភាពណាមួយ គួរតែរិះគន់ចំពោះបុគ្គលនោះត្រង់ៗ ជាជាងបូកឡូកអតីតកាលរបស់គេ ឬពាំត្រណោតបញ្ចូលអ្នកនេះជាមួយអ្នកនោះ ដោយធ្វើអនុមានរួមទាំងទទឹងទិស។ ជាឧទាហរណ៍ ខ្លួនស្អប់បុគ្គល “ក” ទើបមិនថាបុគ្គលណាក៏ដោយ ដែលចូលមកមានទំនាក់ទំនងនឹងបុគ្គល “ក” គឺគេអនុមានរួមយកតែម្ដងថាក៏គួរតែជាមនុស្សដែលខ្លួនគួរតែស្អប់ដែរ។ លើសពីនេះការនិយាយ​រឿងកំហុស ឬកង្វះខាតរបស់នរណាម្នាក់ជាមួយអ្នកដទៃ ដោយមិននិយាយចំទៅអ្នកប្រព្រឹត្ដកំហុស ដើម្បីអាចកែខ្លួនបាន ច្រើនតែចូលក្នុងទម្រង់ជាការនិយាយដើមគេ។ ការធ្វើបែបនោះ មិនបានជួយកែប្រែអ្វីឡើយ ផ្ទុយទៅវិញច្រើនតែបង្កជាជម្លោះប៉ុណ្ណោះ។ គេអាចធ្វើបែបនោះបាន គឺមកពីគេបានទាត់បុគ្គលនោះចេញពីរង្វង់បេះដូងគេបាត់ទៅហើយ។​ផ្ទុយទៅវិញ ដោយចិត្ដសណ្ដោសប្រណីយោគយល់ប្រកបដោយមេត្ដា តែងតែកែកំហុស ឬកង្វះខាតអ្នកជុំវិញដោយស្មោះស ដោយមិនមើលបំណាំ ដោយមិនជាន់ពន្លិច។

គេបានបែងចែកការរិះគន់ជាច្រើនប្រភេទដូចខាងក្រោម៖

- ការរិះគន់បែបតក្ក ច្រើនជាការរិះគន់ដោយការធ្វើការសន្និដ្ឋាន ទៅលើគំនិត សកម្ម​ភាព ឬស្ថានភាពណាមួយដោយគ្មានហេតុផលសមរម្យ តែគេប្រើតែភាពឡូស៊ិកដើម្បីវាយប្រហារ 

- ការរិះគន់បែបវិជ្ជមាន ជាទូទៅមនុស្សច្រើនតែផ្ដោតលើរឿងអវិជ្ជមាន ផ្ដោតលើកំហុស ទើបការរិះគន់បែបវិជ្ជមាន ផ្ដោតលើចំណុចល្អនានា ដែលច្រើនត្រូវបានគេបំភ្លេចចោល។ ។ គេច្រើនប្រើវាជាការការពារខ្លួនពីការវាយប្រហារផ្សេងៗ

- ការរិះគន់បែបអវិជ្ជមាន ជាការរិះគន់ដែលផ្ដោតលើការបង្ហាញកំហុស ឬចំណុចខ្វះខាតជាដើម។ ជាទូទៅវាជាការបង្ហាញពីការមិនស្របនឹងអ្វីមួយ។ គេច្រើនប្រើវាជាការវាយប្រហារគ្នា បើទោះជាពេលខ្លះដោយអចេតនាក៏ដោយ

- ការរិះគន់បែបស្ថាបនា ជាការរិះគន់បង្ហាញនូវបំណង ថាមានជម្រើសដទៃដែលល្អជាងជម្រើសដែលមានស្រាប់។ ការរិះគន់បែបនេះគួរតែទទួលបាននូវការស្វាគមន៍

- ការរិះគន់បែបប្រឆាំង ជាការរិះគន់ដែលចូលទៅដល់ឫសគល់នៃបញ្ហា

- ការរិះគន់បែបបដិវត្ដ ជាការរិះគន់ដែលច្រើនតែត្រឡប់ ឬក៏គ្រវាត់ចោលគំនិតចាស់តែម្ដង។ ការរិះគន់ប្រភេទនេះចំពោះរឿងអ្វីមួយ ត្រូវតែជារឿងថ្មីដែលមិនធ្លាប់កើតមាន។ វាច្រើនតែកើតមានដោយក្រុមយុវជន ប្រឆាំងនឹងទង្វើមនុស្សជំនាន់មុន

- ការរិះគន់បែបអភិរក្ស ច្រើនតែជាប់ទាក់ទងនឹងរឿងគោលការណ៍ ឬក្បួនច្បាប់ដែលមានស្រាប់ ជាប្រពៃណី ឬជាមរតកចាស់

- ការរិះគន់បែបសេរីភាព ច្រើនតែទាក់ទងនឹងរឿងសិទ្ធិមនុស្ស សេរីភាព រឿងព្រំដែននៃការអត់ធ្មត់ជាដើម

- ការរិះគន់បែបបំផ្លាញ គោលបំណងដើម្បីបំផ្លាញគោលដៅនៃការរិះគន់

- ការរិះគន់បែបអនុវត្ដ គឺជាការរិះគន់ដែលជំទាស់ថាអ្វីមួយអនុវត្ដកើត ឬមិនកើតក្នុងការអនុវត្ដជាក់ស្ដែង ដោយឈរលើហេតុផលណាមួយ

- ការរិះគន់បែបទ្រឹស្ដី ទាក់ទងនឹងរឿងអត្ថន័យនៃគំនិត ឬទ្រឹស្ដីណាមួយ ដោយឈរលើការអនុវត្ដជាគោល

- ការរិះគន់បែបសាសនា ទាក់ទងនឹងការកាត់សេចក្ដីសកម្មភាព ឬគំនិតណាមួយ ដោយផ្អែកលើថាតើព្រះចាត់ទុករឿងនោះថាល្អ ឬអាក្រក់

- ការិះគន់បែបបញ្ញវន្ដ ត្រូវតែស្របតាមស្ដង់ដាររបស់បញ្ញវន្ដ ដែលតម្រូវឲ្យចូលជ្រៅដល់បញ្ហា ដោយមើលគ្រប់ជ្រុងជ្រោយ ប្រកបដោយហេតុផលជាក់លាក់ ពិសេសត្រូវតែផ្អែកលើប្រភពនៃគំនិតដែលខ្លួនបានលើកឡើងជាក់លាក់

- ការរិះគន់បែបគិតពិចារណា ជាការរិះគន់ល្អិតល្អន់ ដែលបានប្រយោជន៍ដល់អ្នកដែលត្រូវបានគេរិះគន់

- ការរិះគន់បែបប្រថុយប្រថាន ផ្ដោតលើថាអ្វីមួយថាអាចនឹង ឬគួរតែយ៉ាងណាៗ។ វាផ្ដោតលទ្ធផលនៃអ្វីមួយថាអាចនឹង ឬគួរតែយ៉ាងណាៗ ដែលវាមិនជាក់លាក់

- ការរិះគន់បែបឆោតល្ងង់ អ្នករិះគន់តែងតែវង្វេងមិនដឹងពីគោលដែលខ្លួនចូលមករិះគន់គេ ដែលវាច្រើនតែរិះគន់គេខុសរឿង

- ការរិះគន់បែបជំនាញវិជ្ជាជីវៈ អាចជាការរិះគន់ដោយអ្នកជំនាញ ដែលអាចធ្វើវាដោយជាក់លាក់សឹងតែរកកន្លែងជំទាស់គ្មាន

- ការរិះគន់ខ្លួនឯង ទាក់ទងនឹងការវាយតម្លៃបុគ្គល។ ការរិះគន់ប្រភេទនេះ បើប្រើក្នុងចិត្ដវិទ្យាជាការសិក្សា និងពិភាក្សាបែបរុករកចំណុចអវិជ្ជមានរបស់បុគ្គលណាម្នាក់ដោយក្នុងការពិភាក្សានោះ មានការចូលរួមពីបុគ្គលនោះ

-  ការរិះគន់បែបសោភ័ណវិទ្យា ទាក់ទងនឹងការវាយតម្លៃទៅលើសោភ័ណ និងរសជាតិជាដើម ដែលវារួមបញ្ចូលសិល្បៈ វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា ក្នុងការបង្កើតនូវភាពរីករាយដល់មនុស្ស

ឃើញថាមានការរិះគន់ច្រើនប្រភេទណាស់។ ក៏ប៉ុន្ដែ មិនថាគេថាការរិះគន់មានប៉ុន្មានប្រភេទនោះឡើយ ចំណុចតែមួយគត់ដែលគួរតែធ្វើ ពេលដែលមានចិត្ដចង់រិះគន់អ្វីមួយកើតឡើង គឺសម្លឹងមើលចិត្ដដែលហក់មករិះគន់គេនោះ ថាជាសភាពចិត្ដបែបណា? តើមានគំនិតអ្វីខ្លះដែលពួនលាក់ ពីក្រោយការទៅរិះគន់គេនោះ? តើការរិះគន់នោះនឹងត្រូវចាត់ចូលក្នុងប្រភេទមួយណា វាមិនសំខាន់អ្វីបន្ដិចជាងការផ្ដោតទៅលើប្រភេទចិត្ដរបស់អ្នករិះគន់គេឡើយ​។ បើអ្នករិះគន់គេដោយចិត្ដ ខឹង ស្អប់ គំនុំ ច្រណែន សងសឹក នោះមិនថាអ្នកប្រើប្រភេទនៃការរិះគន់មួយណាឡើយ ក៏វាគ្មានតម្លៃអ្វីទាំងអស់។ ព្រោះអ្នកមុខជានឹងប្រើការរិះគន់នោះ ជាឈ្នាន់បម្រើចិត្ដកខ្វក់របស់អ្នកប៉ុណ្ណោះ​។ ដូច្នេះរឿងដែលត្រូវធ្វើគឺ ពិនិត្យមើលស្ថានភាពចិត្ដខ្លួនដែលទៅរិះគន់គេ តើវាទើសនឹងអ្វីឲ្យប្រាកដ? ជាទូទៅគេច្រើនតែរិះគន់នឹងអ្វីដែលវាទើសនឹងចិត្ដរបស់គេ។

និយាយចំពោះអ្នកដែលត្រូវបានគេរិះគន់វិញ ពេលទទួលបានការរិះគន់ណាមួយ រឿងតែមួយគត់ដែលត្រូវធ្វើ គឺសម្លឹងមើលចិត្ដរបស់ខ្លួន ថាតើវាគិតយ៉ាងមេចពេលកំពុងទទួលការរិះគន់របស់គេ? ថាតើវាមានចំហទទួលយកការរិះគន់របស់គេពិតដែរឬទេ? ឬមួយក៏វាគិតតែឱបការពារខ្លួន ទាំងមិនបានមើលដល់ចិត្ដរបស់ខ្លួន ដែលលោតចេញមកការពារខ្លួនទាំងទទឹងទិស លោតមករុញចេញរាល់ការរិះគន់?

បើទាំងសងខាងជាចិត្ដសល្អស្អាត នោះមិនចាំបាច់ប្រាប់គេផងទេ ថាខ្លួនរិះគន់ដើម្បីស្ថាបនាកែលម្អ តែអ្នកដែលទទួលបានការរិះគន់នឹងពាល់បេះដូងអ្នកដែលមករិះគន់ត្រូវ។ រិះគន់គេហើយ គេអាចរកផ្លូវត្រូវផ្លូវប្រសើរឃើញ មិនមែនបែបជាន់សម្លាប់។ ផ្ទុយទៅវិញ អ្នកដែលទទួលបាននូវការរិះគន់ពិតប្រាកដ គេមានតែចិត្ដអរគុណ ដែលបានមកជួយតម្រែតម្រង់គេ។ បែបនោះទំនាស់មិនកើតឡើងឡើយ តែមានតែមិត្ដភាព និងសាមគ្គីភាព។

យ៉ាងណាក៏ដោយសូមចងចាំថា មិនថាយើងខំប្រឹងរិះគន់គេថាគេអាក្រក់ ថាគេមិនល្អ ថាគេខុសប៉ុណ្ណាឡើយ ក៏គេមិនបានអាក្រក់ មិនល្អ និងខុសទៅតាមមាត់យើង ដែលទៅរិះគន់គេឡើយ។ ផ្ទុយទៅវិញ ការរិះគន់របស់នរណាម្នាក់ចំពោះរឿងអ្វីមួយ​ វាឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នករិះគន់នោះតែម្ដង។ ក្នុងន័យនេះ បើគេមិនបានខុស តែយើង​គិតតែពីទើសគេរិះគន់គេ នោះវាបង្ហាញថាយើងជាមនុស្សមិនថ្លៃ ជាមនុស្សសម្ដីរយ។ ឯរឿងការរិះគន់នោះ អ្នកត្រូវបានគេរិះគន់ប្រើបានជាប្រយោជន៍ ក្នុងការកែខ្លួនយ៉ាងណាៗ នោះជារឿងរបស់អ្នកទទួលបានការរិះគន់នោះ៕