សុខមាលភាពសង្គម - Social Welfare

2020-08-31 16:59:45 / YUONG Vichet

Photo from Unitarian Church of Montreal


សង្គមដែលរស់នៅប្រកបដោយសុខមាលភាព(Social Welfare)​ ក្នុងន័យសេដ្ឋកិច្ច គឺជាសង្គមមួយដែលបានផ្តល់ ឬបំពេញការងារឲ្យមនុស្សក្នុងសង្គមធ្វើគ្រប់គ្រាន់ មានសេវាសុខភាពល្អ និងមានជីវភាព និងរកចំណូលបានគ្រប់គ្រាន់ក្នុងការចិញ្ចឹមជីវិតសម្រាប់បុគ្គល និងគ្រួសារ។ ទាំងនេះផ្អែកលើទួនាទី និងគោលនយោបាយរបស់រដ្ឋាភិបាលដែលត្រូវរៀបចំដើម្បីការពារជីវិតពលរដ្ឋពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច និងអសន្តិសុខផ្សេងៗ។


លើសពីនេះមានអ្នកសិក្សាជាច្រើនបានលើកយកប្រធានបទនេះមកពិភាក្សាគ្នា​ ដោយមានហេតុផលផ្សេងៗគ្នា។ មានមតិខ្លះលើកឡើងថាសង្គមដែលមានសុខមាលភាព លុះត្រាតែសង្គមនោះមានសន្តិភាព និងសន្តិសុខសង្គមពេញលេញ។ មតិមួយចំនួនទៀតថា លុះត្រាតែសង្គមនោះផ្ដល់សេរីភាពឲ្យមនុស្សពេញលេញ ទើបជាសង្គមដែលមានសុខុមាលភាព ហើយក៏មានមតិខ្លះទៀតយល់ថា ការមានស្ថេរភាពនយោបាយ ទើបប្រទេសនោះមានសុខមាលភាព។


យើងអាចទាញជាន័យរួមដោយ សុខមាលភាពសង្គម ជាបែបផែនផ្សេងៗនៃការរៀបចំសង្គម ដើម្បីដោះ​ស្រា​យ​ប​ញ្ហា​ស​ង្គ​ម។​ យ៉ាងណា បញ្ហាសង្គម គឺតែងតែកើតមានដោយជៀសមិនរួច ទោះបីជាសង្គមនោះមានជីវភាពរស់នៅល្អហើយក៏ដោយ។ ដោយហេតុនេះ សុខមាលភាពសង្គម គឺមិនអាចវាសវែងត្រឹមការផ្តល់ការងារឲ្យមនុស្សធ្វើបានគ្រប់គ្រាន់ និងភាពរស់នៅល្អប្រសើរពីសង្គមដែលមានកំណើនសេដ្ឋកិច្ចខ្លាំងនោះទេ។


និយាយដល់សង្គមដែលមានសុខមាលភាព គឺយើងនិយាយដល់ការរស់នៅសុខស្រួលរបស់មនុស្សនៅក្នុងស​ង្គ​ម​នោះ ដោយពួកគេមិនមានសម្ពាធពីការអភិវឌ្ឃពីក្នុងសង្គម និងការប្រគួតប្រជែងពីក្រៅសង្គមឡើយ។ និយាយជារួម គឺជាសង្គមមួយដែលផ្ដល់ភា​ព​ងាយស្រួលដល់មនុស្សក្នុងសង្គមនោះ ទាំងផ្លូវកាយ និងផ្លូវចិត្ត ឬអាចហៅបានថាជាសង្គមថ្លៃថ្លូរ។


និយាយអំពីសង្គមថ្លៃថ្នូរ ត្រូវនិយាយដល់សង្គមមួយ ដែលមនុស្សក្នុងសង្គមនោះរស់នៅពោរពេញដោយភាពថ្លៃថ្នូរ ឬអាចហៅថាជាសង្គមសំបូរទៅដោយអ្នកយល់ដឹង។ តាមការសង្កេតឃើញថា ក្នុងប្រទេសអភិវឌ្ឍទើបសំបូរទៅដោយអ្នកយល់ដឹង។ ដោយហេ​តុ​នេះ ទើបគេហៅសង្គមទាំងនោះ គឺជាប្រទេសដែលមានកម្រិតជីវភាពរស់នៅល្អប្រសើរ។


ថ្វីបើក្នុងប្រទេសអ្នកមានទាំងនោះ ពលរដ្ឋគេមានជីវភាពរស់នៅល្អប្រសើរ មានការងារល្អ មានសេរីភាព ក៏ដោ​យ ក៏សង្គមទាំងនោះនៅតែមានបញ្ហាប្រឈមនានាជាច្រើនដែរ។ ជាក់ស្តែងយើងឃើញមានប្រទេស ដែលមានសេដ្ឋកិ​ច្ចរីកចម្រើនមួយចំនួន ដូចជាអាមេរិច ជប៉ុន និងបារាំងជាដើម ដែលសុទ្ធតែជាប្រទេសមហាអំណាចពិភពលោក ដែលគួរតែផ្ដល់ក្ដីសុខឲ្យមនុស្សក្នុងសង្គមទាំងនោះគ្រប់គ្រាន់ ផ្ទុយទៅវិញក្នុងស្ថានភាពជាក់ស្ដែង សង្គមទាំងនោះក៏កំពុងជួបបញ្ហាសង្គមច្រើនរាប់មិនអស់ ដែលមនុស្សដែលរស់នៅក្នុងសង្គមនោះបង្កឡើង។


បើយើងមើលភាពជាក់ស្ដែងក្នុងសង្គមអាមេរិច ដែលជាមហាអំណាចសេដ្ឋកិច្ចទីមួយក្នុងលោក ក៏ឃើញថាប្រទេសនេះក៏ប្រឈម នឹងបញ្ហានៃការរើសអើងពូជសាសន៍ គួរឲ្យកត់សម្គាល់ផងដែរ។ ដោយហេតុតែសង្គមអាមេរិក ជាសង្គមមួយដែលទំនើបស៊ីវីល័យ ទើបមានមនុស្សជាច្រើន មកពីគ្រប់ទីកន្លែងលើពិភពលោក ជាពិសេសមកពីប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍប៉ងទៅរស់នៅទីនោះ។ ហេតុនេះហើយទើបប្រទេសនេះ ត្រូវប្រឈមនឹងបញ្ហាជនអន្តោប្រវេសន៍មិនឈប់ឈរ ហើយក៏បណ្ដាលឲ្យមានការរើសអើងពូជសាសន៍កាន់តែច្រើនឡើងៗ។


ក្រលេកទៅមើលប្រទេ​ស​បារាំង ដែលជាប្រទេសអតីតនៃអំណាចអាណានិគមវិញ ឃើញថាប្រទេសនេះ ក៏បានប្រឈមជាខ្លាំង នឹងការមិនសុខចិត្តរបស់មនុស្សនៅក្នុងសង្គមនោះ ទៅលើប្រព័ន្ធពន្ធបច្ចុប្បន្ន។ បើទោះបីជារដ្ឋនៃប្រទេសមួយនេះ ពឹងផ្អែកលើពន្ធដើម្បីអភិវឌ្ឃសង្គមក៏ដោយ តែការគៀបសង្កត់ដោយយកពន្ធច្រើនលើសលប់ លើកំលាំងពលកម្មមនុស្សក្នុងប្រទេសនោះ ធ្វើឲ្យមានលេចចេញជាបញ្ហាជារឿយៗ។


ងាកទៅមើលប្រទេសជប៉ុន ដែលពីមុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ ដែលទើបតែធ្លាក់មកលំដាប់លេខរៀងទីបី ដោយសារតែមហាយក្សចិនប្រជែងវិញ ឃើញថាប្រទេសនេះ ក៏ប្រឈមមុខនឹងបញ្ហាធំមួយ គឺកង្វះកំលាំងពលកម្ម ដែលនោះជាកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចនៅថ្ងៃខាងមុខ។ ប្រទេសនេះបានផ្ដល់នូវភាពសុខសាន្ដដល់មនុស្ស ដែលជៀសមិនរួចបណ្ដាលឲ្យមនុស្សក្នុងសង្គមនោះ ប្រែជារស់នៅកាន់តែសុខស្រួល ក៏ប៉ុន្ដែក្នុងសភាពបែបជាបុគ្គលនិយម ដែលម្នាក់ៗប្រែទៅជាលែងសូវរវល់យកចិត្ដទុកដាក់នឹងមនុស្សដទៃ ដោយគេគិតលើខ្លួនគេជាធំ ដោយគិតថាគេមិនទាក់ទង និងមិនចាំបាច់ពឹងពាក់អ្នកដទៃដើម្បីរស់។ ដោយសារតែបែបនេះហើយ ទើបគំនិតបែបសហគមន៍ ដែលចេះជួយឈឺឆ្អាលគ្នា យកចិត្ដទុកដាក់គ្នាកាន់តែថយចុះ។ ស្ត្រីចាប់ផ្ដើមគិតថាគេអាចរស់នៅដោយខ្លួនងបានយ៉ាងប្រសើរ ដោយមិនចាំបាច់ពឹងពាក់លើមនុស្សប្រុសដូចពីមុន។ មនុស្សចាប់ផ្ដើមរស់នៅជាមួយគ្នា ដើម្បីតែបំពេញតម្រូវការភេទ ដោយមិនឈានដល់ការបង្កើតជាគ្រួសារ ដែលមានតួអង្គប្ដី ប្រពន្ធ និងកូនដូចកាលពីមុន។  


បញ្ហាចំបងរបស់ប្រទេសនេះ គឺការធ្លាក់ចុះនៃកំណើនប្រជាជន ដោយអត្រាមនុស្សចាស់កើនឡើង ទន្ទឹមនឹងអត្រាកំណើតធ្លាក់ចុះជាខ្លាំង ព្រោះតែគេបាត់លក្ខណៈជាគ្រួសារដូចបានបង្ហាញពីខាងលើ ដែលនោះជាហេតុធ្វើឲ្យប្រទេសនេះប្រឈមនឹងកង្វះខាតកំលាំងពលកម្មសកម្មយ៉ាងច្រើននាអនាគតដ៏ខ្លី។ យ៉ាងណាមិញ ប្រទេសនេះមើលទៅហាក់ដូចជា មានកំណើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង និងឆាប់រហ័សបន្ទាប់ពីប្រទេសនេះបានចុះចាញ់សង្គ្រាមលោកលើកទីពីរ តែការកើនឡើងនោះ ហាក់ដូចជាមិនមានគោលនយោបាយច្បាស់លាស់មួយ ដើម្បីរក្សាស្ថេរភាពនៃកំណើនឲ្យមាននិរន្តរភាពឡើយ ក្រៅតែពីការផ្ដោតលើកំណើនសេដ្ឋកិច្ចតែម្យ៉ាង តួយ៉ាងករណីនៃការកើនឡើងនៃចំនួនមនុស្សចាស់ និងការធ្លាក់ចុះនៃអត្រាកំណើតនេះជាដើម។


បើយើងមើលពិភពលោកពីគ្រប់ជ្រុង ទើបយើងឃើញថា សុខមាលភាពនៃសង្គមមួយ មិនពឹងផ្អែកលើអ្នកដឹកនាំសង្គមនោះ បានធ្វើការផ្លាស់ប្ដូរ នោះទេ។ ពិតណាស់អ្នកដែលមានជីវភាពខ្ពស់ មុខជានិយាយថាគេរស់នៅបានសុខហើយក្នុងសង្គមនោះ។ ក៏ប៉ុន្ដែបើយើងមើលទៅមួយជ្រុងទៀតនៃសង្គមនោះ យើងប្រាកដជាឃើញមានអ្នកស្រែកថ្អូញថ្អែរ ថាសង្គមនោះមានភាពអយុត្តិធម៌ជាមិនខាន។ ដូចបានលើកបង្ហាញពីខាងលើរួចមកហើយ ថាសង្គមថ្លៃថ្នូរ គឺសង្គមដែលសំបូរទៅដោយអ្នកយល់ដឹង ព្រោះជាទូទៅពួកគេគឺជាមនុស្សដែលចេះចែករំលែក និងផ្ដល់ក្ដីសុខឲ្យអ្នកដទៃ ឲ្យមានក្ដីសុខដូចខ្លួនដែរ។


អ្នកយល់ដឹងនៅក្នុងសង្គមថ្លៃថ្នូរ គេចែករំលែកការយល់ដឹងរបស់គេឲ្យមនុស្សនៅក្នុងសង្គមនោះធ្វើការស្វែងយល់អំពីបញ្ហាជីវិតក្នុងសង្គម ក្រមសីលធម៍ក្នុងសង្គម និងចំណេះដឹងនយោបាយ។ ពីព្រោះតែសុខមាលភាពសង្គម មិនអាចវាសបានត្រឹមសង្គមមានកំណើនសេដ្ឋកិច្ចខ្លាំង។ ផ្ទុយទៅវិញ សង្គមប្រកបដោយសុខមាលភាព គឺជាសង្គមមួយដែលមនុស្សរស់នៅគ្មានការគៀបសង្កត់ពីការផ្លាស់ប្តូរបរិបទសេដ្ឋកិច្ច និងនយោបាយសង្គម។ និយាយជារួមសុខមាលភាពសង្គម គឺជាសេចក្ដីសុខរបស់បុគ្គលម្នាក់ៗដែលរស់នៅដោយមានការទទួលខុសត្រូវក្នុងសង្គម។ ក្នុងសង្គមមួយ ពិតណាស់ថាមិនអាចមានភាពសុខស្រួលស្មើៗគ្នាបាននោះទេ តែយ៉ាងហោចណាស់ បើសង្គមនោះសំបូរទៅដោយមនុស្សដែលមានការយល់ដឹងពីបញ្ហាជីវិត នោះសង្គមនោះអាចផ្ដល់ភាពស្មើភាពគ្នាដល់មនុស្សទាំងអស់ក្នុងសង្គមនោះ ក្នុងការរីកចម្រើនលូតលាស់បាន។


ដូចនេះ ការយល់ដឹងរបស់មនុស្សក្នុងសង្គមអំពីការផ្លាស់ប្តូរជីវិតក្នុងបរិបទសង្គម ក្រមសីលធម៍ក្នុងការរស់នៅក្នុងសង្គម និងការផ្លាស់ប្តូរនយោបាយសង្គមក៏ដូចជាពិភពលោក គឺជាចំណេះដឹងពិតប្រាកដសម្រាប់មនុស្សក្នុងសង្គមថ្លៃថ្នូរ ដែលអាចជៀសផុតពីការប្រគួតប្រជែញ និងសម្ពាធមកលើជីវិតរស់នៅ ជាហេតុបណ្ដាលឲ្យបាត់បងសុខមាលភាពសង្គមពិតប្រាកដ។


សេចក្ដីសុខរបស់មនុស្សក្នុងសង្គមមួយ កើតពីការកំណត់ដោយបុគ្គលម្នាក់ៗ មិនមែនកំណត់ដោយអ្នកដឹកនាំប្រទេសនោះៗទេ។ គេអាចប្រកាសថាប្រទេសគេផ្ដល់ក្ដីសុខដល់ប្រជាពលរដ្ឋរបស់គេបាន ប៉ុន្ដែគឺប្រជាពលរដ្ឋម្នាក់ៗក្នុងសង្គមនោះទៅវិញទេ ដែលអាចកំណត់ថាតើខ្លួនមានក្ដីសុខក្នុងការរស់នៅហើយឬនៅ។ យ៉ាងណាក៏ដោយ បើទោះបីជាមនុស្សម្នាក់ៗមានតម្រូវការ និងភាព គ្រប់គ្រាន់ខុសៗគ្នាក៏ពិតមែន  ក៏ប៉ុន្ដែយ៉ាងហោចណាស់ ក៏សង្គមថ្លៃថ្នូរបានបំពេញនូវសេចក្ដីត្រូវការទូទៅរបស់មនុស្សក្នុងសង្គមនោះ និងបានផ្ដល់នូវបរិស្ថានរស់នៅដ៏ល្អមួយ ដល់មនុស្សក្នុងសង្គមជាទូទៅបាន។ លើកលែងតែគេផ្ដោតតែទៅលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចតែម្យ៉ាង ហើយបំភ្លេចចោលនូវសេចក្ដីសុខផ្លូវចិត្ដរបស់មនុស្ស។


ជារួម សង្គមមួយដែលប្រកបដោយសុខមាលភាព ជាសង្គមមួយដែលផ្ដល់ឲ្យមនុស្សរស់ចាកផុតពីភាពក្រីក្រ ដោយមិនមានសម្ពាធពីការផ្លាស់ប្តូសង្គម និងសេដ្ឋកិច្ចតាមសាកលភាវូបនីយកម្ម។ យើងអាចនិយាយបានថា ជាសង្គមមួយដែលមនុស្សយល់ដឹងអំពីការផ្លាស់ប្តូរក្នុងសង្គម និងពិភពលោកដោយគ្មានផលប៉ះពាល់ ឬសម្ពាពពីការផ្លាស់ប្ដូរនោះដល់ការរស់នៅរបស់បុគ្គលម្នាក់ៗ។


យ៉ាងណា! ដូចដែលបាននិយាយខាងលើ សង្គមមួយមានសុខមាលភាព គឺអាស្រ័យលើការកំណត់ដោយបុគ្គលម្នាក់ៗ មិនមែនកំណត់ដោយអ្នកដឹកនាំប្រទេសនោះៗទេ។ ប៉ុន្តែដើម្បីឱ្យសមភាពរវៀងបុគ្គល និងរដ្ឋាភិបាលលុះត្រាតែសង្គមនោះ មានគោលនយោបាយត្រឹមត្រូវមួយ ជាពិសេសមានស្ថាប័នរដ្ឋដែលមានគោលនយោបាយល្អត្រឹមត្រូវប្រកបដោយទស្សនវិស័យ ដែលជាស្ថាប័នដែលមានសមត្ថភាពយល់ដឹង ពីបរិបទ និងការវិវឌ្ឍសង្គម ដែលអាចរកវិធីដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ តាមរយៈយុទ្ធសាស្រ្តដ៏ជាក់លាក់។​ តម្រូវការស្ថាប័នរដ្ឋដែលមានសម្ថភាពទាំងនេះ គឺដើម្បីគ្រប់គ្រង និងកែតម្រូវទំលាបអាក្រក់ និងជំនឿរខុសឆ្គងមួយចំនួនរបស់មនុស្សក្នុងសង្គមនោះ ក៏ដូចជាប្រព័ន្ធនយោបាយដែលមានភាពចាស់គំរិលមិនផ្ដល់ឲ្យមនុស្សមានទំលាប់គិតដើម្បីផ្លាស់ប្តូរឲ្យល្អប្រសើរផងដែរ។


ជាក់ស្តែងការអភិវឌ្ឃ គឺពិតជាមានបញ្ហាទាក់ទងធំៗជាចំបងជាមួយ ទំលាប ឬជំនឿររបស់មនុស្សក្នុងសង្គមនីមួយៗ និងប្រព័ន្ធនយោបាយរបស់ប្រទេសនោះដែលធ្វើឪ្យមនុស្សមានដែនកំណត់ក្នុងការគិត។ ដូចនេះហើយ គោលនយោបាយដ៏ត្រឹមត្រូវពីរដ្ឋាភិបាលក៏ដូចជាពលរដ្ឋយល់ដឹងក្នុងសង្គមនោះ ពិតជាមានសារៈសំខាន់ក្នុងការផ្តល់ឲ្យនូវសុខមាលភាពសង្គមដ៏ពិតប្រាកដមួយ។