2020-08-10 13:34:18 / KHEM Srors
បុព្វបុរសខ្មែរយើងបានបន្សល់ទុកនូវពាក្យទំនៀម ជាកាព្យសុភាសិត និងពាក្យសំរាយជាច្រើន ទុកឲ្យកូនចៅជំនាន់ក្រោយ អាចលើកយកមកធ្វើការពិភាក្សាវែកញែក ដែលវាអាចប្រើសម្រាប់ដាស់ស្មារតីកូនចៅជំនាន់ក្រោយផង និងសម្រាប់បង្ហាញនូវបទពិសោធន៍របស់មនុស្សជំនាន់មុន ដែលមនុស្សជំនាន់ក្រោយ អាចលើកយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានផង។ យើងអាចស្វែងរកពាក្យទំនៀមបុរាណខ្មែរនានា ចេញពីរឿងល្បើក ពីច្បាប់ទូន្មាននានាដូចជាច្បាប់ស្រី ច្បាប់ប្រុស ពីរឿងប្រលោមលោកនានា និងពីសុភាសិតជាដើម។ ជាក់ស្តែងមានសុភាសិតមួយបានលើកឡើងថា “សំណាបយោងដី ស្រីយោងប្រុស” ។ អត្ថបទខ្លីនេះ សូមលើកយកត្រឹម ”ស្រីយោងប្រុស” មកពិភាក្សាវែកញែកត្រឹមជ្រុងតូចមួយតែប៉ុណ្ណោះ។
ស្រ្តី គឺជាកាតាលីករដ៏សំខាន់ក្នុងការកសាងជាតិ ដែលយើងមិនត្រូវមើលរំលង។
ស្រី្ដ បានបំពេញតួនាទីជាភរិយា និងជាម្ដាយពេញលេញម្នាក់ តាមរយៈការបំពេញការងារមួយចំនួនដូចជា
ធ្វើកិច្ចការក្នុងផ្ទះ ថែរក្សា ការពារ ផ្ដល់ឲ្យ បណ្ដុះនូវក្តីអាណិតស្រឡាញ់ដល់កូនៗ
និងប្រៀនប្រដៅឲ្យកូនៗរៀនចេះទទួលខុសត្រូវ និងឲ្យវៀរចាកអំពើអាក្រក់ទាំងពួង ព្រមទាំងពង្រឹងនូវសីលធម៌រស់នៅរបស់កូនៗ
ក្នុងគោលបំណងប្រែក្លាយពួកគេ ឲ្យក្លាយទៅជាកូនល្អក្នុងគ្រួសារ និងជាពលរដ្ឋល្អនៅក្នុងសង្គមជាតិ។
ចំណែកឯការងារផ្នែកបដិសណ្ឋារកិច្ច ប្រកបដោយសម្ដីទន់ភ្លន់សុភាពរាបសា គឺសុទ្ធតែជាកិច្ចការដែលស្រី្តអាចធ្វើបានយ៉ាងងាយ
និងបានយ៉ាងល្អ។
ទន្ទឹមនឹងនេះ
មានពាក្យទំនៀមខ្មែរជាច្រើន ដែលបានចារឹកដោយផ្តល់គុណតម្លៃដល់ស្រ្តីផងដែរ រួមមាន
“សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយា”, “ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក
ផ្ទះធំស្រណុកត្បិតភរិយា”, ”សូវស្លាប់បាកុំឲ្យស្លាប់មេ សូវលិចទូកកណ្តាលទន្លេកុំឲ្យភ្លើងឆេះផ្ទះ”
ជាដើម។ ក្នុងន័យនេះ យើងអាចមើលឃើញថាមូលដ្ឋាននៃសុភមង្គលគ្រួសារខ្មែរ
អាស្រ័យលើការរួមចំណែកមួយផងដែររបស់ស្រី្ដ ដែលជាកូនស្រីល្អ ភរិយាល្អ និងម្ដាយល្អ
នៅក្នុងគ្រួសារនោះ។
ជាមួយគ្នានេះផងដែរ បច្ចុប្បន្នស្រ្តីបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដូចបុរសដែរ។
ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៤៥ វាក្យខ័ណ្ឌទី ៣ បានចែងថា
“បុរស និងស្រ្តីមានសិទ្ធិស្មើគ្នាលើគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ” ។ លើសពីនេះយើងមានអនុសញ្ញាអន្តរជាតិ
ស្តីពីការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្រ្តីភេទ ដែលបានចូលជាធរមានកាលពីថ្ងៃទី៣
ខែកញ្ញា ឆ្នាំ ១៩៨១។ មិនត្រឹមតែប៉ុណ្ណោះ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី៨
ខែមីនា ជារៀងរាល់ឆ្នាំជា “ទិវានារីអន្ដរជាតិ” ដែលវត្ថុបំណងនៃទិវានោះ
គឺសង្កត់ធ្ងន់លើការបោះបង់ចោលនូវការបំបិទសិទ្ធិស្រ្តី។
តាំងតែពីដើមរៀងមក ស្រ្តីគឺជាកម្លាំងចលករដ៏សំខាន់មួយ ដែលដើរតួនាទីពុំអាចខ្វះបាន ទាំងនៅក្នុងសង្គមគ្រួសារ និងនៅក្នុងសង្គមជាតិទាំងមូល ។ តាមការកត់សម្គាល់ឃើញថា
ជាទូទៅគ្រួសារណាដែលមានភរិយាជាមនុស្សហ្មត់ចត់ការងារ ចេះដឹងខុសដឹងត្រូវ ចេះចាត់ចែងកិច្ចការផ្ទះសម្បែង ចេះមើលថែកូនចៅផៅសន្ដាន នោះនាងមុខជាអាចនាំក្រុមគ្រួសារនោះឲ្យមានសុភមង្គលនិយាយដោយឡែក។ អាស្រ័យហេតុនេះហើយទើបចាស់បូរាណបានពោលថា
“ស្រីយោងប្រុស”គឺក្នុងន័យជួយគ្នាទៅវិញទៅមកក្នុងស្ថាន ភាពដៃគូជីវិតនិយាយជារួម។
ក្នុងដំណើរនៃខ្សែជីវិតរបស់មេដឹកនាំភាគច្រើន ត្រូវបានកត់សម្គាល់ឃើញថានៅពីក្រោយភាពជោគជ័យរបស់បុរសជាស្វាមី គេតែងតែរកឃើញនូវវត្តមានរបស់ស្រ្ដី ដែលជាភរិយាបុរសនោះជានិច្ច។ ព្រះបាទជ័យវរ្ម័នទី៧ ជាវីរៈក្សត្រខ្មែរដ៏ខ្លាំងពូកែមួយអង្គ ក៏មានចំណែកនៃការចូលរួមជួយជ្រោមជ្រែងរបស់ព្រះនាងឥន្ទ្រទេវី ដែលជាព្រះមហេសីដែរ។ ព្រះនាងបានផ្តល់ព្រះរាជតម្រិះឲ្យស្វាមីគោរពបូជាព្រះពុទ្ធសាសនា ហើយព្រះនាងក៏បានបំផុសឲ្យមាន នូវចលនាពង្រឹងវិស័យអប់រំសម័យនោះ ដោយបង្កើតឲ្យមានជាសាកលវិទ្យាល័យ ដែលនោះគឺជាគ្រឹះដ៏សំខាន់ សម្រាប់ការរីកចម្រើននៃសង្គមជាតិនាសម័យនោះ។
ចំណែកនៅក្នុងពិភពលោកវិញ ក៏ឃើញមានឧទាហរណ៍ជាច្រើនអំពីរឿងនេះដែរ។ នៅពីក្រោយភាពជោគជ័យនៃបដិវត្តន៍ខែតុលា
ឆ្នាំ១៩១៧ នៅរុស្ស៊ីរបស់លោក វ្លាឌីមៀ អេឡិច អ៊ុលយ៉ាណូវ ឬលេនីន (Vladimir Ilyich Ulyanov) គេឃើញវត្តមាននៃដៃគូរជីវិតរបស់លោក
គឺលោកស្រី ន.ក គ្រូពស្កាយ៉ា (Nadezhda
Konstantinovna Krupskaya) ដែលលោកស្រីបានរួមចំណែកយ៉ាងសកម្ម ជាមួយលេនីន។
លោកស្រីបានឈរនៅពីក្រោយនៃសកម្មភាពនោះ
ដោយកាលនោះលោកស្រីជាអ្នកកាន់ចលនាយុវជនរុស្ស៊ីដ៏មានឥទ្ធិពលម្នាក់ ក្នុងការរុញច្រានឱ្យចលនាដឹកនាំរបស់ស្វាមីលោកស្រីទទួលបានជោគជ័យ។
បើនៅក្បែរខ្លួនបុរសនោះ មានស្រ្តីជាភរិយាដ៏ល្អម្នាក់នៅចាំជួយមើលថែ និងផ្ដល់ជាកម្លាំងចិត្ដដល់គេ នោះភាពជោគជ័យរបស់បុរសនោះ នឹងប្រែជានៅជិតបង្កើយ។
ហេតុនេះហើយទើបមានការលើកឡើងថា “នៅពីក្រោយខ្នងបុរសជោគជ័យទាំងឡាយ តែងតែមានស្រ្តីឈ្លាសវៃជានិច្ច”។ ជាក់ស្តែង នៅពេលដែលលោកហ្វ្រែងគ្លីន ដេឡាណូ រ៉ូស្វែល (Franklin
Delano. Roosevelt, 1933-1945) អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៣២ បានទទួលបរាជ័យក្នុងឋានៈជាអនុប្រធានាធិបតីកាលពីឆ្នាំ១៩២០
លោកមានជំងឺបាក់ទឹកចិត្តជាខ្លាំង និងបញ្ហាសុខភាពផ្ទាល់ខ្លួន ក៏ប៉ុន្តែកាលនោះលោកស្រី
អ៊ីលីណ័រ រ៉ូស្វែលត៍ (Eleanor
Roosevelt) ដែលជាភរិយារបស់លោក នៅចាំជួយលើកទឹកចិត្តស្វាមីកុំឲ្យអស់សង្ឃឹម បើទោះបីជាសុខភាពរបស់ស្វាមីពុំសូវមាំទាំក៏ដោយ។
បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលដ៏លំបាកនាពេលនោះហើយ លោកស្រីបានជួយជ្រោមជ្រែងរហូតលោក ហ្វ្រែងគ្លីន បានកាន់តំណែងជាអភិបាលក្រុងញូវយ៉កចំនួនពីរអាណត្តិ
ហើយឈានដល់ការចូលកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៣២ ថែមទៀត។ ក្នុងន័យនេះផងដែរ
លោក B. R. Ambedkar ក៏បានលើកឡើងថា “ទំនាក់ទំនងរវាងស្វាមី និងភរិយាប្រៀបបាននឹងមិត្តដ៏ជិតស្និទ្ធិបំផុត”។
ជារួមយើងឃើញថាស្រី្តពិតជាមានតម្លៃដ៏ធំធេងចំពោះគ្រួសារ សហគមន៍
សង្គមជាតិ និងពិភពលោកទាំងមូល។ ស្រ្តីមានសិទ្ធិសើ្មបុរសតាំងពីកំណើតមកម៉្លេះ ប៉ុន្តែមនុស្សជំនាន់មុនខ្លះ
បែរជាចាត់ទុកស្រ្តីថាជាភេទអន់ថយ(តាមកត្តាជីវសាស្រ្ត) រង់ចាំតែបង្កើតឱ្យកូន
មើលថែទាំតែផ្ទះសម្បែង ឋានទាបថោកជាងបុរសទៅវិញ។ តាមពិតទៅពាក្យថាលើកស្ទួយស្រ្តី
ឲ្យមានឱកាស ឬមានសិទ្ធិស្មើនឹងបុរស ក៏គួរតែត្រូវលុបបំបាត់ចោលតែម្តង ពីព្រោះថាតម្លៃនៃសិទ្ធិស្មើគ្នាពីធម្មជាតិ
គឺមានចំពោះមនុស្សគ្រប់គ្នា ទាំងស្រ្តីទាំងបុរស ដោយពុំមានការបែងចែកអ្វីទាល់តែសោះស្រាប់ទៅហើយ
ដូច្នេះវាមិនមែនជារឿងលើក ឬមិនលើកនោះទេ។ គ្មានបុគ្គលណាទាបថោកពីកំណើតដោយសារភេទរបស់គេឡើយ។
ពេលដែលយើងទាំងអស់គ្នាទាំងស្រ្ដី និងបុរស បានយល់ដឹងច្បាស់អំពីតម្លៃ
សិទ្ធិ និងកាតព្វកិច្ចរបស់យើងក្នុងនាមជាពលរដ្ឋហើយ នោះស្រ្ដីមុខជាមិនត្រូវបានបុរសមើលរំលង ហើយដាក់ស្រ្តីឲ្យនៅឆ្ងាយពីសកម្មភាពនៃការអភិវឌ្ឍបន្ដទៀតឡើយ៕