“បក្សបរាជ័យ” ពីបក្សជនម្នាក់ដែលបានប្រេះឆាពីបក្សកុម្មុយនីស្តចិន

2021-03-16 10:58:07 / អត្ថបទដោយ៖ PM ©

មហាសន្និបាតលើកទី១៩ របស់បក្សកុម្មុយនីស្តចិន នៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំ២០១៧ (រូបថត៖ Fred Dufour / AFP via Getty Images)


សំណេរ “បក្សបរាជ័យ” បានសរសេរជាភាសាចិនដោយលោកស្រី ឆាយ សៀ (CAI XIA)  ជាអតីតសាស្រ្តាចារ្យម្នាក់ នៅសាលាមជ្ឈិមបក្សកុម្មុយនីស្តចិនតាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១២ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីកិច្ចការបរទេស (​Foreign Affairs) នៅក្នុងអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២១ ។ តើ “បក្សបរាជ័យ” គឺជាអ្វី?


នាឆ្នាំ២០១២ នាងខ្ញុំមានក្តីសង្ឃឹមយ៉ាងខ្លាំងចំពោះប្រទេសចិន ត្បិតអីកាលនោះ លោក ស៊ី ជីនពីង បានឡើងកាន់អំណាច។ ក្នុងនាមជាសាស្រ្តាចារ្យម្នាក់នៅសាលារៀនដ៏មានកេរ្តិ៍ឈ្មោះមួយ ដែលផ្តល់ការអប់រំដល់ថ្នាក់ដឹកនាំកំពូលៗ នៅក្នុងបក្សកុម្មុយនិស្តចិន ដូច្នេះទើបរូបនាងខ្ញុំ មានការយល់ដឹងអំពីប្រវត្តិសាស្រ្តច្រើនគួរសម និងអាចធ្វើការសន្និដ្ឋានបានថា ប្រទេសចិននឹងត្រូវបើកទូលាយលើប្រព័ន្ធនយោបាយរបស់ខ្លួន ដែលនេះជាការណ៍មួយដែលបក្សគួរតែធ្វើតាំងតែពីអតីតកាលមកម៉្លេះ។ ក្រោយពីមានការជាប់គាំងមួយទសវត្សរ៍មក នេះជាពេលវេលាដ៏សមរម្យមួយ ដែលបក្សកុម្មុយនិស្តចិនត្រូវតែធ្វើការកែទម្រង់ជាងពេលណាៗទាំងអស់ ហើយលោក ស៊ី ក៏ធ្លាប់បានព្រលយពាក្យខ្លះជុំវិញបំណងរបស់ខ្លួនលើការធ្វើកំណែទម្រង់នេះដែរ។ ហេតុនេះ លោកជាបុគ្គលម្នាក់ដែលហាក់សក្ដិសមនឹងកាន់ចង្កូតដឹកនាំប្រទេសខ្លាំងណាស់។

កាលនោះ ខ្ញុំកំពុងប្រឈមនឹងកិច្ចការលំបាកមួយ ពោលគឺការសម្រិតសម្រាំងរុករកមនោគមន៍វិជ្ជាជាផ្លូវការមួយសម្រាប់ប្រទេស ដែលនេះជាដំណើរការការងារមួយ ដែលបានស៊ីពេលវេលាអស់រាប់ទសវត្សរ៍មកហើយ។ ខ្ញុំក៏ជាអ្នកទទួលបន្ទុកលើផ្នែកបំពាក់បំប៉នមនោគមន៍វិជ្ជា ដល់ក្រុមមន្រ្តីបក្សផងដែរ។ ខ្ញុំធ្លាប់ជាអ្នកប្រកាន់លទ្ធិម៉ាក្សនិយមជ្រុលម្នាក់ តែកាលនោះ ខ្ញុំក៏កំពុងតែដោះខ្លួនចែកផ្លូវជាមួយនឹងលទ្ធិនេះដែរ ដោយងាកទៅរកប្រព័ន្ធគំនិតបែបលោកខាងលិច ដើម្បីស្វែងរកចម្លើយចំពោះបញ្ហានានា ដែលកំពុងតែកើតមានក្នុងប្រទេស។ ខ្ញុំក៏ធ្លាប់ជាអ្នកផ្កាប់មុខការពារគោលនយោបាយរដ្ឋ តែក៏បានបំប្លែងខ្លួនជាសន្សឹមៗទៅរកការស្រលាញ់ចូលចិត្ត ប្រព័ន្ធសេរីភាវូបនីយកម្មជំនួសវិញ។ ខ្ញុំធ្លាប់ជាសមាជិកស្មោះសរនឹងបក្សម្នាក់ ក៏ស្រាប់តែក្លាយទៅជាបុគ្គលដែលមានមន្ទិលសង្ស័យ ចំពោះភាពត្រឹមត្រូវនៃមនោគមន៍វិជ្ជាបក្ស និងការប្តេជ្ញាចិត្តរបស់បក្សចំពោះប្រជាជនចិនទៅវិញ។

ដោយសារតែរឿងនេះ ខ្ញុំគ្មានការភ្ញាក់ផ្អើលទេពេលដែលខ្ញុំបានដឹងថា លោក ស៊ី ជិនពីង មិនមែនជាអ្នកកំណែទម្រង់ម្នាក់ដ៏ពិតប្រាកដ។ ក្រោមការគ្រប់គ្រងរបស់លោក របបកុម្មុយនិស្តចិនកាន់តែស្គាល់ភាពអន់ថយ ហើយប្រែក្លាយជាអប្បជនាធិបតេយ្យ (អំណាចរដ្ឋធ្លាក់ក្នុងកណ្តាប់ដៃជនមួយក្រុមតូច) ដែលងប់ងុលនឹងការប្រមូលផ្តុំអំណាច តាមរយៈមធ្យោបាយដ៏សាហាវ ព្រៃផ្សៃ និងគ្មានធម៌មេត្តា។ រូបភាពនៃការគាបសង្កត់ និងភាពផ្តាច់ការរបស់បក្ស កាន់តែមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ សព្វថ្ងៃវប្បធម៌លើកតម្កើងបុគ្គល កំពុងតែដុះដាលព័ទ្ធជុំវិញខ្លួនលោក ស៊ី ដែលជាបុគ្គលដែលក្រសោបអំណាចរបស់បក្សយ៉ាងតឹងណែន លើផ្នែកមនោគមន៍វិជ្ជាដែលខំលុបបាត់ចោល នូវពន្លកថ្មីថ្មោងនៃសេរីភាពនយោបាយ ព្រមទាំងចរន្តសង្គមស៊ីវិលនានា។

នារយៈពេល៨ឆ្នាំកន្លងមកនេះ មានអំពើឃោរឃៅឥតត្រាប្រណី និងសោកនាដកម្មលាក់កំបាំងជាច្រើន ដែលរបបនេះបានប្រព្រឹត្ត តែគេនឹងមិនអាចពាល់ត្រូវ ទំហំនៃទង្វើសាហាវនេះបានឡើយ ល្គឹកណាបុគ្គលនោះ ធ្លាប់បានរស់នៅក្នុងប្រទេសចិនដីគោក។ បន្ទាប់ពីបានតស៊ូមតិអំពីបញ្ហាប្រព័ន្ធរបស់បក្ស ខ្ញុំក៏ដឹងភ្លាមថា ខ្លួនមុខជានឹងរស់នៅក្នុងប្រទេសចិនលែងបានសុខតទៅទៀតហើយ។


ការអប់រំក្នុងរបបកុម្មុយនីស្ត

នាងខ្ញុំកើតក្នុងត្រកូលគ្រួសារយោធាកុម្មុយនីស្តចិនមួយ។ ក្នុងឆ្នាំ១៩២៨ ជាឆ្នាំផ្តើមសង្រ្គាមស៊ីវិលចិន ជីដូនរបស់ខ្ញុំបានចូលរួមជាមួយចលនាបះបោររបស់ពួកវណ្ណៈកសិករមួយ ដែលដឹកនាំដោយលោកប្រធាន ម៉ៅ សេទុង។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្រុមកុម្មុយនិស្ត និងអ្នកជាតិនិយមបានផ្អាកការប្រយុទ្ធគ្នា ដើម្បីដកឃ្លាទៅប្រឈមមុខនឹងសត្រូវឈ្លានពានរួម ពោលគឺកងទ័ពជប៉ុនវិញម្ដង។ ឪពុកម្តាយ និងគ្រួសារខ្ញុំភាគច្រើនសុទ្ធតែបានចូលរួមក្នុងជួរកងទ័ព ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននាកាលនោះ។

បន្ទាប់ពីក្រុមកុម្មុយនិស្តទទួលបានជ័យជម្នះនាឆ្នាំ ១៩៤៩ មក ស្ថានភាពជីវិតក៏អំណោយផលល្អនិយាយចំពោះគ្រួសារបដិវត្តដូចជាពួកយើង។ លោកឪពុកខ្ញុំជាមេបញ្ជាការម្នាក់ ក្នុងកងទ័ពរំដោះប្រជាជននៅតំបន់មួយក្បែរខេត្ដ ណានជីង។ ចំណែកអ្នកម្តាយវិញ ជាភ្នាក់ងាររបស់រដ្ឋនៅក្នុងតំបន់នោះដែរ។ ឪពុកម្តាយរបស់ខ្ញុំបានអប់រំហាមប្រាមដល់ខ្ញុំ និងបងប្អូនស្រីពីរនាក់ទៀត មិនឱ្យមានគំនិតអាងខ្សែអំណាចម៉ែឪឡើយ បើពុំនោះទេពួកខ្ញុំនឹងក្លាយជា “ស្រីមូលធនទំយើ( 资产阶级娇小姐)” ពុំខានឡើយ។ ត្បិតតែបែបនោះហើយ ទើបរថយន្តរដ្ឋដែលផ្តល់ឱ្យលោកឪពុកប្រើ បែរជាពួកខ្ញុំមិនត្រូវបានអនុញាតិឱ្យជិះសោះ  ហើយឆ្មាំសន្តិសុខរបស់គាត់ក៏មិនអាចយកមកបម្រើជាប្រយោជន៍គ្រួសារបានដែរ។

ថ្វីបើដូច្នេះក្ដី ខ្ញុំក៏នៅតែអាចទទួលបានប្រយោជន៍ខ្លះៗ ពីឋានៈតួនាទីរបស់ឪពុកម្តាយខ្ញុំបានដែរ លើសពីនេះ គឺពួកយើងមិនរងគ្រោះ ដោយសារតែភាពអត្តខាត់ខ្វះខាត ដូចគ្រួសារចិនឯទៀតៗជាច្រើនក្នុងសម័យប្រធាន ម៉ៅ។ ខ្ញុំក៏មិនទាំងដឹងផងថា មានមនុស្សរាប់សិបលាននាក់បានប្រឈមនឹងជីវិតអត់ឃ្លានរហូតដល់ស្លាប់ក្នុង “គោលនយោបាយមហាលោតផ្លោះ” កាលនោះ។

ភ្នែកខ្ញុំសម្លឹងឃើញត្រឹមតែម្យ៉ាងថា របបសង្គមនិយមនឹងមានអនាគតដ៏មហាភ្លឺស្វាងមួយ។ នៅក្នុងធ្នើរសៀវភៅផ្ទះខ្ញុំទៀតសោត ក៏ផ្ទុកទៅដោយសៀវភៅជាច្រើនចំណងជើងរបស់លទ្ធិម៉ាក្ស៍ ដូចជាកម្រងស្នាដៃស្តាលីន និងសំណៅសម្រាប់ឱ្យកម្មាភិបាលអានជាដើម។ខ្ញុំចាំបានថាកាលពីវ័យជំទង់ ខ្ញុំបានអានសៀវភៅទាំងនោះ សម្រាប់ជាជំនួយដល់ការសិក្សារបស់ខ្ញុំ។ ពេលបើកអានវាម្តងៗ អារម្មណ៍ខ្ញុំពោរពេញទៅដោយក្តីរំភើបស្រើបស្រាលក្នុងចិត្ត។ ថ្វីបើបើកាលនោះ ខ្ញុំមិនទាន់យល់នូវទឡ្ហីករណ៍ដ៏សែនស្មុគស្មាញ ក្នុងសំណេរទាំងនោះក៏ដោយចុះ ក៏ប៉ុន្ដែក្នុងដួងចិត្តខ្ញុំកាលនោះបានដឹងនូវបេសកកម្មរបស់ខ្លួនយ៉ាងច្បាស់លាស់ថា “ខ្ញុំត្រូវតែស្រឡាញ់មាតុភូមិ ត្រូវតែបន្តមរតកបដិវត្តរបស់ឪពុកម្តាយខ្ញុំ ដោយកសាងសង្គមកុម្មុយនិស្តមួយដែលគ្មានការគៀបសង្កត់ និងការកេងប្រវ័ញ្ចគ្នា” ។ កាលនោះ ខ្ញុំប្រកាន់ស៊ប់នូវជំនឿនេះយ៉ាងមុតមាំ។

ខ្ញុំក៏មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីលទ្ធិកុម្មុយនីស្ត បន្ទាប់ពីបានចូលបម្រើទ័ពក្នុងវ័យ១៧ ឆ្នាំ នាឆ្នាំ១៩៦៩ ។ កំសួលចិត្តចំពោះបដិវត្តវប្បធម៌ ក៏កាន់តែឆាប់ឆេះខ្លាំងឡើងៗ ដោយកាលនោះលោកប្រធាន ម៉ៅ បានតម្រូវឱ្យគ្រប់គ្នាអានស្នាដៃចំនួន ៦ របស់កាល់ម៉ាក្ស៍ (Karl Marx) និងហ្វ្រ៊ីឌ្រិច អង់ហ្គែល (Friedrich Engel) ដែលក្នុងនោះរួមមានសៀវភៅស្តីពី “គោលគំនិតនៃបក្សកុម្មុយនិស្ត” (Manifeste du parti communiste)។ មានកថាខណ្ឌមួយនៅក្នុងសៀវភៅនោះ ដែលវានៅតែដិតដាមក្នុងអារម្មណ៍របស់ខ្ញុំ ដោយវាបានពិពណ៌នាអំពីសង្គមដ៏ស្អាតស្អំមួយថា “ប្តូរពីសង្គមមូលធននិយមចាស់ដែលមានវណ្ណៈ និងការប្រកាន់វណ្ណៈ ហើយពួកយើងនឹងបង្កើតជាសហគមន៍មួយ ដែលការរីកចម្រើនរបស់បុគ្គលម្នាក់ ស្មើនឹងការរីកចម្រើនរបស់មនុស្សទាំងអស់គ្នា”។ ថ្វីបើខ្ញុំមិនយល់ច្បាស់ពីទស្សនាទាននៃសេរីភាពនាអំឡុងពេលនោះក្តី ក៏ពាក្យពេចន៍ទាំងនេះ វាអាចចាក់ស្រែះក្នុងក្បាលខ្ញុំបានយ៉ាងងាយ។

កងទ័ពរំដោះប្រជាជនបានប្រគល់នាទីដល់នាងខ្ញុំ ឱ្យទៅធ្វើការនៅសាលាពេទ្យយោធាមួយកន្លែង។ កាលនោះភារកិច្ចរបស់ខ្ញុំ គឺជាអ្នកគ្រប់គ្រងបណ្ណាល័យដែលនៅទីនោះជួនកាលខ្ញុំក៏ប្រទះឃើញ អត្ថបទដែលបកប្រែជាភាសាចិន ដែលជាស្នាដៃក្រុមប្រតិកិរិយា ពោលគឺជាអត្ថបទអក្សរសល្ប៍ និងទស្សនវិជ្ជានយោបាយរបស់ពួកប្រទេសលោកខាងលិច។ សៀវភៅប្រភេទនោះ ត្រូវបានគេធ្វើកំណត់សម្គាល់ ដោយមានគម្របពណ៌ប្រផេះ ហើយដែលបក្សរឹតត្បិតឱ្យមើលបាន តែចំពោះបក្សជនមួយចំនួន ក្នុងគោលដៅស្វែងយល់ ពីមនោគមវិជ្ជារបស់គូប្រជែងតែប៉ុណ្ណោះ។ ប៉ុន្តែ ខ្ញុំបានលួចអានវាខ្លះៗ។ ខ្ញុំមានការស្ងើចសរសើរបំផុត ចំពោះស្នាដៃមួយដែលដាក់ចំណងជើងថា “The Rise and Fall of the Third Reich” សរសេរដោយអ្នកកាសែតអាមេរិកាំងម្នាក់ឈ្មោះ វីលល្លៀម ស៊ីរឺ (William Shirer) និងកម្រងរឿងប្រលោមលោកសូវៀតមួយចំនួនទៀត។ ពេលនោះខ្ញុំផ្តើមដឹងខ្លះថា មានពិភពគំនិតយ៉ាងសម្បូរបែប ក្រៅពីសៀវភៅម៉ាក្សនិយម។ ប៉ុន្តែ ខ្ញុំក៏នៅតែបន្តមានជំនឿដដែលថា ទ្រឹស្តីម៉ាក្សនិយម គឺជាសច្ចភាពតែមួយគត់។

នៅឆ្នាំ១៩៧៨ ខ្ញុំបានចាកចេញពីផ្នែកកងទ័ព ដោយបានផ្លាស់ទៅកាន់សហជីពពាណិជ្ជកម្មរបស់បក្ស ដែលស្ថិតនៅរោងចក្រផលិតជីមួយកន្លែង ក្រោមការគ្រប់គ្រងរបស់រដ្ឋ នៅឯជាយក្រុង ស៊ូចូវ ។ ក្រោយមរណភាពរបស់ ម៉ៅ សេទុង និងការបិទបញ្ចប់ទៅនៃបដិវត្តវប្បធម៌ តេង ស៊ាវពីង ក៏បានក្លាយជា

អ្នកស្នងដំណែង។ តេង ក៏បានចាប់ផ្តើមសម័យកាលកំណែទម្រង់ និងបើកចំហរសេដ្ឋកិច្ច។ គាត់ខិតខំប្រឹងប្រែងចម្រាញ់យកកម្មាភិបាលជំនាន់ថ្មីណា ដែលមានគំនិតកែទម្រង់ និងដែលអាចមានសក្តានុពល អាចជាអ្នកស្នងតំណែងដឹកនាំបក្សនាពេលអនាគត។ អង្គភាពបក្សនៅតាមមូលដ្ឋាន ត្រូវតែសម្រិតសម្រាំងយកសមាជិកលេចធ្លោរបស់ខ្លួន ដើម្បីទៅបម្រើការក្នុងក្រុមថ្មីនេះ។ ហេតុនេះអង្គភាពមូលដ្ឋាននៅ ស៊ូចូវ បានជ្រើសរើសរូបនាងខ្ញុំ។ ខ្ញុំក៏ត្រូវបានបញ្ជូនទៅកាន់សាលាបក្សក្រុង ស៊ូចូវ ដើម្បីសិក្សារយៈពេល២ឆ្នាំ នូវទ្រឹស្តីម៉ាក្សនិយម និងប្រវត្តិរបស់បក្សកុម្មុយនីស្តចិន។ ពួកយើងក៏ទទួលបានការបណ្តុះបណ្តាលខ្លះៗ អំពីសង្គមចិនបុរាណ ដែលវាជាមុខវិជ្ជាដែលបានខកខានរៀន ដោយសារតែបដិវត្តវប្បធម៌។

ខ្ញុំបានអានសៀវភៅ “Das Kapital” ចំនួនពីរដង ដើម្បីស្វែងយល់ពីសេចក្តីលម្អិត ព្រមទាំងគោលគំនិតរបស់ទ្រឹស្តីម៉ាក្ស។  ចំណុចទាក់ចិត្តខ្ញុំបំផុតនៃទ្រឹស្តីម៉ាក្ស គឺអំពីកម្លាំងពលកម្ម និងតម្លៃ ដោយបង្ហាញពីការប្រមូលយកទ្រព្យសម្បត្តិ ដោយការកេងប្រវ័ញ្ចលើកម្មករ ពីសំណាក់ពួកមូលធនិក។ លើសពីនេះទៀត ខ្ញុំក៏ចាប់ចិត្ត ត្រង់វិធីសាស្រ្តនៃទ្រឹស្តីសម្ភារៈនិយមវិចារវិទ្យា (dialectical materialism)។ បើឈរលើជ្រុងទ្រឹស្តីនេះ គេអាចសម្លឹងឃើញថា រាល់ប្រព័ន្ធក្នុងរបបមូលធន មិនថាជានយោបាយ ច្បាប់ វប្បធម៌ និងសីលធម៌ឡើយ គឺសឹងសុទ្ធតែបង្កើតឡើងមក ឈរនៅលើគ្រឹះនៃការកេងប្រវ័ញ្ចខាងសេដ្ឋកិច្ចតែទាំងអស់។

ក្រោយបញ្ចប់ការសិក្សានៅឆ្នាំ១៩៨៦ ខ្ញុំត្រូវបានស្នើឱ្យបន្តស្នាក់នៅក្នុងសាលារៀន ដោយធ្វើជាសមាជិកម្នាក់នៅមហាវិទ្យាល័យ ព្រោះតែខ្វះបុគ្គលិកបម្រើការរយៈពេលខ្លី។ ខ្ញុំបានទទួលយកសំណើរនេះ តែវាបានធ្វើឱ្យថ្នាក់ដឹកនាំក្រុងមួយចំនួនខកចិត្ត ព្រោះពួកគាត់មានសុទិដ្ឋិនិយមថា នាងខ្ញុំនឹងមានអនាគតល្អ បើចូលធ្វើជាមន្រ្តីបក្សវិញ។ តែផ្ទុយទៅវិញ ការងារថ្មីនេះបាននាំនាងខ្ញុំឱ្យក្លាយជាអ្នកសិក្សាជាន់ខ្ពស់ម្នាក់ លើផ្នែកប្រព័ន្ធមនោគមន៍វិជ្ជារបស់បក្ស។


ពីសិស្សក្លាយខ្លួនទៅជាគ្រូបង្រៀន

នៅផ្នែកកំពូលនៃប្រព័ន្ធមនោគមន៍វិជ្ជានេះ គឺស្ថិតនៅសាលាមជ្ឈិមបក្សនាទីក្រុងប៉េកាំង។ ចាប់ពីឆ្នាំ១៩៣៣ មក សាលានេះបានបណ្តុះបណ្តាលកម្មាភិបាលបក្សជាច្រើនជំនាន់ ហើយពួកគេទាំងនោះក៏ជាមន្ត្រីជាន់ខ្ពស់ដែលគ្រប់គ្រងរដ្ឋបាលចិន ចាប់ពីថ្នាក់ក្រុងឡើងទៅ។ សាលានេះក៏មានទំនាក់ទំនងជិតស្និទ្ធ ជាមួយឥស្សរជនធំៗរបស់បក្ស ហើយក៏ស្ថិតក្រោមការគ្រប់គ្រង ពីសមាជិកការិយាល័យនយោបាយផងដែរ។ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១២ លោក ស៊ី ជានាយកគ្រប់គ្រងសាលានេះ។

នៅខែមិថុនា ឆ្នាំ១៩៨៩ រដ្ឋាភិបាលបានបង្ក្រាបក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅទីលានធានអានមែន ដោយសម្លាប់មនុស្សអស់រាប់រយនាក់។ ខ្ញុំមានអារម្មណ៍តក់ស្លុតក្នុងចិត្តណាស់ ពេលដែលប្រទះឃើញកងទ័ពរំដោះប្រជាជន កាន់អាវុធបាញ់ប្រហារក្រុមនិស្សិតមហាវិទ្យាល័យ ដែលជាទង្វើ

មួយផ្ទុយស្រឡះ ពីប្រព័ន្ធមនោគមន៍វិជ្ជាដែលខ្ញុំបានទទួលតាំងពីកុមារភាពមកនោះថា កងទ័ពប្រើសម្រាប់ការពារប្រជាជន សម្រាប់សម្លាប់តែខ្មាំងសត្រូវមាន “ពួកបិសាច” ជប៉ុន និងពួកប្រតិកិរិយាជាតិនិយមតែប៉ុណ្ណោះ។ ស្ថិតក្នុងភាពវក់វីត្បិតសន្ទុះហ្វូងបាតុករ ព្រមទាំងការដួលរលំនៃលទ្ធិកុម្មុយនីស្តនៅអឺរ៉ុបខាងកើតផងនោះ ថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនីស្ត បានសម្រេចថាខ្លួនត្រូវតែប្រឆាំងតប នឹងភាពធូររលុងផ្នែកមនោគមន៍វិជ្ជា។ គណៈកម្មាធិការមជ្ឈិមបក្ស បានបញ្ជាឱ្យរាល់សាលាបក្សនៅតាមមូលដ្ឋាន ត្រូវតែបញ្ជូនគ្រូរបស់ពួកគេទៅកាន់សាលាមជ្ឈិមបក្ស ដើម្បីដុសខាត់គំនិត និងពង្រឹងប្រព័ន្ធគំនិតរបស់បក្សឡើងវិញ។

សាលានៅ ស៊ូចូវ បានជ្រើសរើសនាងខ្ញុំ ឱ្យទៅចូលរួមនៅទីក្រុងប៉េកាំង។ ការស្នាក់នៅរយៈពេលខ្លីនៅឯសាលាមជ្ឈិមបក្ស បានធ្វើឱ្យខ្ញុំចង់សិក្សានៅទីនោះយូរបន្ថែមទៀត។ បន្ទាប់ពីចាយពេលមួយឆ្នាំ ដើម្បីរៀនត្រៀមប្រឡងចូលរួច ខ្ញុំត្រូវបានជ្រើសរើសឱ្យសិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់លើផ្នែកទ្រឹស្តីនៅទីនោះ។ ខ្ញុំមានការសាទរយ៉ាងខ្លាំងចំពោះខ្សែបន្ទាត់របស់បក្ស រហូតដល់មានមិត្តរួមថ្នាក់ខ្លះ ហ៊ាននិយាយលេងសើចដោយហៅខ្ញុំថា “លោកស្រីម៉ាក្សកញ្ចាស់” នៅពីខាងក្រោយខ្នងខ្ញុំទៀតផង។ នៅឆ្នាំ១៩៩៨ ខ្ញុំបានទទួលសញ្ញាប័ត្របណ្ឌិត និងបានចូលរួមជាមួយសាលាក្នុងនាមជាសាស្ត្រាចារ្យ។

និស្សិតរបស់ខ្ញុំខ្លះជាសិស្សបានបញ្ចប់ការសិក្សា ដែលធ្លាប់បានចូលរួមបណ្តុះបណ្តាលក្នុងកម្មវិធីសិក្សា លើផ្នែកទ្រឹស្តីនយោបាយម៉ាក្សនិយម និងប្រវត្តិរបស់បក្សផងដែរ។ ខ្លះទៀតជាមន្រ្តីថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ រួមមានទាំងមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំកម្រិត ខេត្ត ក្រុង និង រដ្ឋមន្រ្តីខុទ្ទកាល័យជាច្រើនរូប។ ជាងនោះទៅទៀត សិស្សខ្លះជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស ដែលជាស្ថាប័នមានក្រុមប្រតិភូរាប់រយនាក់ ស្ថិតជាថ្នាក់កំពូលនៃឋានានុក្រមបក្ស ដែលមានសិទ្ធិសម្រេចលើរឿងសំខាន់ៗ។

ការធ្វើជាគ្រូបង្រៀននៅសាលាមជ្ឈិមបក្ស មិនមែនជារឿងងាយស្រួលនោះទេ ដ្បិតថានៅក្នុងបន្ទប់រៀននីមួយៗ មានម៉ាស៊ីនថតវីដេអូ ផ្តិតយកគ្រប់សកម្មភាពបង្រៀនទាំងអស់។ កម្រងវីដេអូទាំងនោះ ត្រូវយកទៅអង្កេតត្រួតពិនិត្យដោយក្រុមថ្នាក់លើរបស់បក្ស។ នៅក្នុងថ្នាក់រៀន ត្រូវធ្វើយ៉ាងណាឱ្យប្រធានបទបង្រៀនមានលក្ខណៈរស់រវើក ដើម្បីឱ្យសិស្សកម្រិតខ្ពស់ ព្រមទាំងមានបទពិសោធន៍ទាំងនោះចាប់អារម្មណ៍ដោយមិនធ្វើការអធិប្បាយបកស្រាយលើខ្លឹមសារទ្រឹស្តីមនោគមន៍វិជ្ជារបស់បក្ស ឱ្យបត់បែនខ្លាំងជ្រុលពេក ឬថាទាញចំណាប់អារម្មណ៍សិស្ស ឱ្យផ្តោតលើចំណុចខ្សោយនៃទ្រឹស្តីឡើយ។ តែពួកយើងក៏ប្រទះនូវចម្លើយល្អៗ ពីសំណួរពិបាកៗដែលមន្រ្តីខ្លះបានចោទសួរក្នុងថ្នាក់ជាញឹកញាប់ដែរ ។

សំណួរភាគច្រើនរបស់ពួកគេ គឺជាប់ពាក់ព័ន្ធនឹងភាពមិនស៊ីចង្វាក់គ្នានៃមនោគមន៍វិជ្ជាបក្ស ដែលបង្កើតមកដើម្បីផ្តល់ការពន្យល់រកភាពសមហេតុផល ចំពោះគោលនយោបាយនានាដែលអនុវត្តដោយបក្ស។ ជាឧទាហរណ៍ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចិនឆ្នាំ២០០៤ បានចែងថា រដ្ឋាភិបាលជាអ្នកការពារសិទ្ធិមនុស្ស និងទ្រព្យសម្បត្តិឯកជន ប៉ុន្តែប្រព័ន្ធគំនិតរបស់ម៉ាក្សបានពន្យល់ថា ប្រព័ន្ធកុម្មុយនិស្តគួរតែលុបបំបាត់កម្មសិទ្ធិឯកជន។ តើវាមានន័យថាយ៉ាងដូចម្តេច ត្រង់ចំណុចខ្វែងគ្នានេះ? តេង ស៊ាវពីង ចង់ឱ្យប្រជាជនខ្លះមានបានជាមុនសិន ដើម្បីអាចលើកទឹកចិត្ត និងជំរុញពួកគេ ឱ្យបង្កើនផលិតភាព តែធ្វើបែបនេះគឺវាបញ្ច្រាស់នឹងគោលគំនិតម៉ាក្សដែលថា កុម្មុយនិស្តនឹងផ្តល់ឱ្យបុគ្គលម្នាក់ៗ ឱ្យតែស្របទៅតាមតម្រូវការតែប៉ុណ្ណោះ តើចំណុចនេះមានន័យថាយ៉ាងដូចម្តេច?

ខ្ញុំនៅតែបន្តរក្សាភាពស្មោះត្រង់នឹងបក្ស តែក៏ចេះតែចោទសួរដេញដោល លើជំនឿខ្លួនឯងជានិច្ចដែរ។  នាទសវត្សរ៍ឆ្នាំ១៩៨០ នៅក្នុងរង្វង់ក្រុមអ្នកសិក្សាជាន់ខ្ពស់ចិន បានផ្តើមកិច្ចពិភាក្សាយ៉ាងសស្រាក់សស្រាំ លើគោលគំនិតម៉ាក្សនិយមត្រង់ចំណុចនៃពាក្យថា “មនុស្សនិយម” ដែលជាប្រព័ន្ធគំនិតសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍទូទៅនៃបុគ្គលិកលក្ខណៈមនុស្ស។ ឈានដល់ទសវត្សរ៍ឆ្នាំ១៩៩០ ក៏មានអ្នកសិក្សាជាន់ខ្ពស់ខ្លះ នៅតែបន្តជជែកលើប្រធានរឿងនេះ ថ្វីបើវិសាលភាពនៃកិច្ចពិភាក្សា ត្រូវបានបង្រួញឱ្យចង្អៀតតូចជាងមុនក៏ដោយចុះ។ ខ្ញុំបានសិក្សាលើសំណៅស្នាដៃឆ្នាំ១៨៤៤ ផ្នែកសេដ្ឋកិច្ច និងទស្សនវិជ្ជានានារបស់ម៉ាក្ស (Marx’s Economic and Philosophic Manuscripts of 1844) ដែលចរឹកយ៉ាងច្បាស់ថា សុបិន្តរួមរបស់សង្គមនិយម គឺការជួយរំដោះបុគ្គលឱ្យមានសេរីភាព។ ខ្ញុំសម្គាល់ឃើញថា ទស្សនវិទូម៉ាក្សនិយមដែលសង្កត់ធ្ងន់លើសេរីភាពច្រើនជាងគេនោះ គឺលោកអាន់ថូណ័រ ហ្រ្គាមស្គី (Antonio Gramsci) និងលោកហឺប៊ឺត ម៉ាកូស (Herbert Marcuse)។

នៅក្នុងកិច្ចការស្រាវជ្រាវថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ខ្ញុំក៏បានរិះគន់លើទស្សនៈថា ប្រជាជនគួរតែលះបង់ប្រយោជន៍ផ្ទាល់ខ្លួនជានិច្ចដើម្បីបម្រើបក្ស។ បន្ដមក ក្នុងនិក្ខេបបទថ្នាក់បណ្ឌិត ខ្ញុំក៏បានជំទាស់នឹងពាក្យស្លោកបុរាណចិនមួយឃ្លាដែលបាននិយាយថា “សេដ្ឋកិច្ចជាតិរីកចម្រើន គឺអាស្រ័យលើកម្លាំងយោធាខ្លាំងក្លា (富国强兵)” ដោយសំអាងថាប្រទេសចិននឹងរឹងមាំ ល្គឹកណាបក្សអនុញ្ញាតឱ្យពលរដ្ឋខ្លួនរីកចម្រើន។

កាលនោះខ្ញុំលើកជាទឡ្ហីករណ៍មួយចំណុចទៀត ទាំងក្នុងកិច្ចការស្រាវជ្រាវ និងកិច្ចពិភាក្សា។ ខ្ញុំបានស្នើឱ្យមានកំណែទម្រង់សហគ្រាសរដ្ឋ ដែលកាលនោះមានឥទ្ធិពលខ្លាំងជ្រុល នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់សហគ្រាសឯកជន ឱ្យអាចមានលទ្ធភាពចូលប្រកួតប្រជែងលើទីផ្សារបាន។ ខ្ញុំក៏បានសង្កត់ធ្ងន់លើអំពើពុករលួយផងដែរ ព្រោះបញ្ហានេះកើតចេញមកពីប្រព័ន្ធដឹកនាំ ដែលឱ្យរដ្ឋមានសិទ្ធិក្តោបក្តាប់អត្តនោម័តតែឯងក្នុងវិស័យសេដ្ឋកិច្ច មិនមែនបណ្តាលមកពីការធ្លាក់ចុះសីលធម៌របស់កម្មាភិបាលម្នាក់ៗនោះឡើយ។


ទ្រឹស្តី និងការអនុវត្ត

គំនិតនាងខ្ញុំស្របគ្នានឹងការគិតរបស់ លោក ចាង ហ្សឺមីន (Jiang Zemin ) ជាអ្នកស្នងដំណែងលោក តេង។ លោក ចាង ប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដោយព្យាយាមជំរុញការអភិវឌ្ឍសហគ្រាសឯកជន និងខិតខំនាំប្រទេសឱ្យក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក។ ប៉ុន្តែគោលនយោបាយទាំងនេះ វាផ្ទុយនឹងទ្រឹស្តីដែលបក្សបានប្រកាន់ខ្ជាប់ជាយូរមកហើយ ពោលគឺការឱ្យតម្លៃដល់ប្រព័ន្ធសេដ្ឋកិច្ចផែនការ និងស្វ័យធនភាពជាតិ។ ទ្រឹស្តីថ្មីនេះ មិនមែនទាំងជាគំនិតរបស់ ម៉ាក្ស-ម៉ៅ និង តេង ឡើយ។ ដូច្នេះវាពិតជាពិបាកនឹងរស់រានមានដង្ហើមណាស់។ ហេតុនេះលោក ចាង ត្រូវបង្ខំចិត្តដាក់ចេញនូវរឿងថ្មីផ្សេងមួយទៀត ក្រោមឈ្មោះថា “តំណាងបី”។

ទ្រឹស្តីថ្មីនេះ ខ្ញុំទើបបានឮជាលើកដំបូងដូចគេឯងដែរ ។ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០០០ ខ្ញុំបានមើលទូរទស្សន៍ CCTV ផ្សព្វផ្សាយពីរបាយការណ៍ស្តីពី “តំណាងបី”។ លោក ចាង បាននិយាយថា នៅក្នុងប្រទេសចិន បក្សត្រូវតែជាតំណាងឱ្យទិដ្ឋភាពចំនួន៣ពោលគឺ “ភាពចាំបាច់លើការអភិវឌ្ឍនៃកម្លាំងផលិតភាពឱ្យបានជឿនលឿន វឌ្ឍនភាពវប្បធម៌ និងផលប្រយោជន៍ប្រជាជាតិ”។ ក្នុងនាមជាសាស្រ្តាចារ្យនៅសាលាមជ្ឈិមបក្ស ខ្ញុំអាចយល់ភ្លាមថា ទ្រឹស្តីនេះនឹងធ្វើឱ្យផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុប្រព័ន្ធមនោគមន៍វិជ្ជាបក្ស។ ជាពិសេសទ្រឹស្តីតំណាងបីនេះ បង្កប់ន័យថាលោក ចាង កំពុងបោះបង់ចោលជំនឿលើម៉ាក្សនិយម ដែលថាពួកមូលធនិកគឺជាវណ្ណៈបឺតឈាមកេងប្រវ័ញ្ច។ ប៉ុន្តែលោក ចាង សម្រេចចិត្តផ្ទុយពីមុនមួយនេះ ហើយខ្ញុំក៏រីករាយស្វាគមន៍ការសម្រេចចិត្តនោះដែរ។

នាយកដ្ឋានឃោសនាការ ដែលជាស្ថាប័នទទួលបន្ទុកលើការងារមនោគមវិជ្ជារបស់បក្ស ជាអង្គភាពមួយដែលទទួលខុសត្រូវ ក្នុងការផ្សព្វផ្សាយលើកកម្ពស់ទ្រឹស្តីថ្មីនេះ។ ប៉ុន្តែពួកមន្ត្រីទាំងនោះត្រូវប្រឈមនឹងបញ្ហា ព្រោះតំណាងបីកំពុងតែរងការរិះគន់ ពីបណ្តាក្រុមឆ្វេងនិយមក្រោមហេតុផលថា ទ្រឹស្តីនេះយកចិត្តពួកនាយទុនសហគ្រិនឯកជនខ្លាំងជ្រុលពេក។ ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នានេះ នាយកដ្ឋានឃោសនាការបានបន្ថយការលើកតម្កើងទ្រឹស្តីនេះខ្លះមកវិញ។ កាសែតប្រចាំថ្ងៃរបស់ប្រជាជន (People’s Daily) បានចុះផ្សាយអត្ថបទពេញមួយទំព័រមួយ ពន្យល់បង្ហាញពីភាពត្រឹមត្រូវនៃទឹ្រស្តីតំណាងបីនេះ ព្រមទាំងបានដកស្រង់ឃ្លាយោងខ្លះៗពីក្នុងស្នាដៃ ម៉ាក្ស អង់ហ្គែល លេនីន ស្តាលីន ម៉ៅ និង តេងផងដែរ។

ខ្ញុំគិតថាទង្វើនេះវាមិនសមទំនងសោះ ដ្បិតថាតើបង្កើតទ្រឹស្តីថ្មីនេះមកធ្វើអ្វី បើវាគ្រាន់តែនិយាយសារឡើងវិញនូវទ្រឹស្តីចាស់ដែលមានស្រេចស្រាប់ហើយនោះ? ខ្ញុំមិនពេញចិត្តសោះលើវិធីសាស្ត្រក្លែងរបស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់បក្ស។ ខ្ញុំតាំងចិត្តថានឹងបើកបង្ហាញពីអត្ថន័យពិតនៃ “តំណាងបី” ដែលជាទ្រឹស្តីមួយដែលអាចចាត់ថា នឹងនាំមកនូវនវានុវត្តដល់ប្រទេសចិន។  តែទង្វើនេះក៏បានធ្វើឱ្យខ្ញុំ ត្រូវប្រឈមតតាំងជាមួយប្រព័ន្ធការិយាធិបតេយ្យដុះស្នឹមរបស់បក្សដែរ។


មន្ត្រីមិនរៀនសូត្រ

នាដើមឆ្នាំ២០០១ ឱកាសលើការលើកកម្ពស់ការយល់ដឹងឱ្យបានត្រឹមត្រូវនៃទ្រឹស្តីតំណាងបីបានធ្លាក់មកក្នុងកណ្តាប់ដៃរបស់ខ្ញុំ ព្រោះតែខាងទូរទស្សន៍ CCTV បានលេចឮពីមិត្តរួមការងារម្នាក់របស់ខ្ញុំ ថាខ្ញុំជាមនុស្សម្នាក់ដែលមានការចាប់អារម្មណ៍ខ្លាំងលើទ្រឹស្តីថ្មីរបស់លោក ចាង។

ខាងស្ថានីយ៍ទូរទស្សន៍បានមកអញ្ជើញខ្ញុំ ឱ្យសរសេរកម្មវិធីផ្សាយប្រធានរឿង “តំណាងបី” នេះ។  ខ្ញុំបានចំណាយពេលវេលាអស់៦ខែ ដើម្បីស្រាវជ្រាវ និងសរសេរពន្យល់ជាឯកសារ និងមានការពិភាក្សាលម្អិត ជាមួយអ្នកផលិតកម្មវិធីផងដែរ។  នៅក្នុងពង្រាងបទអត្ថាធិប្បាយ ខ្ញុំបានសង្កត់ធ្ងន់លើភាពចាំបាច់

ក្នុងការច្នៃប្រឌិតគោលនយោបាយថ្មីៗ សម្រាប់ត្រៀមឆ្លើយតបនឹងឧបសគ្គនៃយុគសម័យថ្មី។ អ្វីដែលខ្ញុំបានគូសបញ្ជាក់ ដូចគ្នាទៅនឹងការថ្លែងការណ៍របស់លោក ចាងដែរ ដូចជាក្នុងកាលៈទេសៈនេះ  រដ្ឋត្រូវតែកាត់បន្ថយអន្តរាគមន៍របស់ខ្លួនទៅក្នុងវិស័យសេដ្ឋកិច្ច ហើយរឿងដែលបក្សគួរធ្វើ គឺត្រូវតែឈប់បង្ករអរិភាព និងហិង្សា ប្រឆាំងនឹងពួកមូលធនិក ដែលខ្លួនហៅថាជាអ្នកកេងចំណេញទាំងនោះ តែគួរតែលើកទឹកចិត្តពួកគេ ឱ្យខិតខំបង្កើតទ្រព្យសម្បត្តិ និងជួយធ្វើឱ្យមានតុល្យភាព លើផលប្រយោជន៍របស់ក្រុមនីមួយៗក្នុងសង្គម។

នៅរសៀលថ្ងៃទី១៦ ខែមិថុនា នាយករងស្ថានីយ៍ទូរទស្សន៍៤រូប បានមកកាន់ស្ទូឌីយោ ដែលស្ថិតនៅទីស្នាក់ការកណ្តាល។ អនុប្រធានជាន់ខ្ពស់បានមក ក្នុងគោលដៅពិនិត្យខ្សែភាពយន្តឯកសាររយៈពេល៣០នាទី ដែលខ្ញុំបានផលិតនោះ។ គ្រាន់តែខ្សែវីឌីអូផ្តើមចាក់បញ្ចាំងភ្លាម ទឹកមុខរបស់ពួកនោះឡើងក្រញ៉ូវភ្លែត ហើយគ្រាន់តែវគ្គមួយបានបញ្ចប់ភ្លាម ក៏មានមនុស្សម្នាក់ក្នុងចំណោមនោះស្រែកថា “បិទចោលទៅៗ”។

អាគាត់នោះបានស្រែកសួរខ្ញុំថា “សាស្ត្រាចារ្យសៀ! មានដឹងថាហេតុអ្វីបានជាគេហៅឱ្យមកផលិតកម្មវិធី “តំណាងបី” នេះឬអត់? ខ្ញុំបានឆ្លើយតបថា “បក្សបានដាក់ចេញនូវទ្រឹស្តីមនោគមន៍វិជ្ជាថ្មី ហេតុនេះត្រូវផ្សព្វផ្សាយឱ្យពលរដ្ឋបានជ្រាប”។

ទឹកមុខមន្ត្រីម្នាក់នោះឡើងមាំ ព្រមទាំងបោះពាក្យមកកាន់ខ្ញុំថា “ការស្រាវជ្រាវ និងនវនុវត្តស្អីទាំងអប្បាលមាណរបស់អ្នកឯង អាចនិយាយនៅក្នុងសាលាមជ្ឃិមបក្សបាន តែមិនមែនជាការល្អទេ ដែលយកទៅផ្សព្វផ្សាយលើកញ្ជក់ទូរទស្សន៍បែបនេះនោះ។”

នាពេលនោះ គ្មាននរណាម្នាក់អាចដឹងច្បាស់ថាតើអ្វីជា តំណាងបី? និងថាតើត្រូវបកស្រាយអត្ថន័យវាយ៉ាងម៉េចនោះទេ?  មន្ត្រីម្នាក់នោះព្រួយចិត្តថា សេចក្តីអត្ថាធិប្បាយរបស់ខ្ញុំ អាចនឹងមិនស្របជាមួយនឹងទស្សនៈរបស់នាយកដ្ឋានឃោសនាការ ព្រោះបើមានភាពផ្ទុយគ្នាកន្លែងណាមួយកើតឡើង នោះវាអាចនឹងជះផលប៉ះពាល់ធំធេងណាស់។

អ្នកគ្រប់គ្រងស្ថានីយ៍ម្នាក់ទៀតបានបន្ទោសខ្ញុំថា “ឆ្នាំនេះជាខួបលើកទី៨០ នៃគណបក្សកុម្មុយនីស្តចិនផង!”។ ខួបបក្សបែបនេះ មិនគួរណានិយាយពីបញ្ហាប្រឈមរបស់បក្សនោះទេ តែគួរប្រារព្ធសាទរដល់ជ័យជំនះបក្សវិញទៅ។ រំពេចនោះ ខ្ញុំក៏ដឹងខ្លួនភ្លាមថា ស្ថានីយ៍ទូរទស្សន៍មិនចង់ឮពីផលជាក់ស្តែងនៃមនោគមន៍វិជ្ជានេះទេ។ ពួកគេគ្រាន់តែចង់ធ្វើឱ្យរូបភាពបក្សមើលទៅល្អផូរផង់ ដើម្បីអាចយកចិត្តថ្នាក់លើតែប៉ុណ្ណោះ។

អស់ពេល១០ថ្ងៃ ពួកយើងត្រូវខំផលិតខ្សែភាពយន្តឯកសារនោះឡើងវិញ។ ពួកយើងត្រូវធ្វើការទាំងយប់ថ្ងៃ ដើម្បីកាត់តសម្រួលពាក្យពេចន៍ និងឃ្លាឃ្លោងណារសើបៗចេញ ហើយរាល់សេចក្តីអត្ថាធិប្បាយដែលខ្ញុំបានសរសេរ ត្រូវតែឆ្លងកាត់ក្រុមមន្រ្តីធំៗនៅក្នុងបក្ស ត្រួតពិនិត្យឡើងវិញទាំងអស់។ ទីបំផុតទៅមានមន្រ្តីជាច្រើននាក់បានមកប្រមូលផ្តុំគ្នា ដើម្បីសង្កេតពិនិត្យជាចុងក្រោយ ប៉ុន្តែលើកនេះខ្ញុំបានដឹងច្បាស់ ពីភាពពុតត្បុតរបស់បក្ស។

ពេលនោះមានមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីគណៈកម្មាធិការត្រួតពិនិត្យ បាននិយាយពីត្រង់ចំណុចមួយនៃវគ្គទីពីរ ដែលខ្ញុំបានបញ្ចូលសម្រង់សម្ដីដ៏ល្បីល្បាញពីរឃ្លារបស់ តេង ស៊ាវពីង ដែលគេឧស្សាហ៍ប្រើរួមភ្ជាប់គ្នាថា “ភាពក្រីក្រមិនមែនជាសង្គមនិយម ហេតុនេះការអភិវឌ្ឍជាសច្ច:ភាពដែលមិនអាចប្រកែកបាន”។

មន្ត្រីនោះបានសួរដោយក្តីមន្ទិលថា “តើភាពក្រីក្រមិនមែនជាសង្គមនិយមមែនឬ?” “បើដូច្នេះ តើអ្វីទៅជាសង្គមនិយម?” លោកម្នាក់នោះបានបន្ទោសខ្ញុំកាន់តែខ្លាំងទៀតថា “តើការអភិវឌ្ឍជាសច្ចភាពមិនអាចប្រកែកបានមែនឬ?” “តើប្រយោគទាំងពីរនេះ ទាក់ទងគ្នាយ៉ាងដូចម្តេច?” “ប្រាប់ខ្ញុំមក!”

ខ្ញុំពិតជាចម្លែកចិត្តជាខ្លាំង ដ្បិតថាសម្រង់សម្ដីទាំងនេះ គឺពិតជាពាក្យពេចន៍ដើមរបស់លោក តេង ស៊ាវ ពីង។ តែចុះហេតុអ្វីក៏អស់លោកមន្ត្រីជាន់ខ្ពស់ទាំងនេះ មានខ្លះជានាយកប៉ុស្តិ៍រដ្ឋ មិនថាជា វិទ្យុ ខ្សែភាពយន្ត និងទូរទស្សន៍ ដែលជាភ្នាក់ងារដ៏មានឥទ្ធិពល មើលការខុសត្រូវត្រួតពិនិត្យ លើចរន្តផ្សព្វផ្សាយទាំងអស់ តែបែរជាមិនធ្លាប់បានឮឃ្លាទាំងនេះអ៊ីចឹង? រំពេចនោះ ខ្ញុំក៏នឹកដល់សម្ដីរបស់ ម៉ៅ សេទុង ដែលលោកធ្លាប់និយាយរិះគន់ទៅកាន់ពួកការិយាធិបតេយ្យ ក្នុងអំឡុងពេលបដិវត្តវប្បធម៌ថា “មន្ត្រីមិនអានសៀវភៅ មិនអានកាសែត”។


មនោគមន៍វិជ្ជាឥតខ្លឹមសារ

ក្នុងកំឡុងឆ្នាំ២០០១ ដើម្បីឃោសនាទ្រឹស្តីរបស់លោក ចាង មន្ទីរឃោសនាការមជ្ឈិម បានផ្ដួចផ្តើមគម្រោងបង្រៀន ផ្សព្វផ្សាយលើប្រព័ន្ធគំនិត “តំណាងបី” នេះ ដោយធ្វើការសង្ខេបជាគោលគំនិត សម្រាប់ធ្វើជាឯកសាររបស់គណៈមជ្ឈិមបក្ស ដើម្បីឱ្យបក្សជនទាំងអស់បានអាន និងអនុវត្តតាម។ កាលនោះបក្សក៏បានហៅខ្ញុំ ឱ្យទៅជួយកិច្ចការងារនោះដែរ ត្បិតថាប្រធានរឿងតំណាងបីនេះ ជាអ្វីដែលនាងខ្ញុំធ្លាប់បានធ្វើនៅកម្មវិធីទូរទស្សន៍ ព្រមទាំងធ្លាប់ថ្លែងសុន្ទរថានៅសិក្ខាសាលាមួយផងដែរ។

នាយកដ្ឋានឃោសនាការមជ្ឈិមបក្ស បានបញ្ជូនអ្នកស្រាវជ្រាវ  មន្ត្រីឃោសនាការ និងរូបនាងខ្ញុំសរុបចំនួន១៨នាក់ ឱ្យទៅកាន់មជ្ឈមណ្ឌលបណ្តុះបណ្តាលមួយកន្លែង ជិតតំបន់ ស៊ីសាន ក្នុងទីក្រុងប៉េកាំង។ នាយកដ្ឋានបានកំណត់ក្របខណ្ឌទូទៅនៃគ្រោងសរសេរ ដោយឱ្យពួកយើងគ្រាន់តែបំពេញទៅតាមមាតិកានីមួយៗ ដែលកំណត់ស្រេចស្រាប់តែប៉ុណ្ណោះ។ ភារកិច្ចរបស់នាងខ្ញុំ គឺគេតម្រូវឱ្យសរសេរមាតិកាមួយ ស្តីអំពីការកសាងបក្ស។ ដំណើរការចងក្រងឯកសារសម្រាប់គណៈកម្មាធិការមជ្ឈិម ជាការងារសម្ងាត់បំផុត។ ហេតុនេះ មិនថាជារូបខ្ញុំ ឬសហសវិករួមការងារនោះទេ គឺហាមឃាត់មិនឱ្យចាកចេញពីកន្លែងដែលខ្លួនសរសេរ ឬទទួលជួបភ្ញៀវណាឡើយ។

ក្នុងពេលប្រជុំ បើមិនត្រូវបានហៅឱ្យសួរ ឬថាឱ្យបញ្ចេញយោបល់ ពីសំណាក់នាយកដ្ឋានឃោសនាមជ្ឈិមទេ នោះគ្រប់គ្នាគ្មានសិទ្ធិហារមាត់ថ្លាថ្លែងអ្វីឡើយ។ ពួកយើងជាស្មេរ អាចត្រឹមតែបរិភោគ និងដើរជុំគ្នា តែហាមផ្តាច់ការជជែកពិភាក្សា លើប្រធានបទដែលខ្លួនកំពុងតែសរសេរ។ នៅក្នុងក្រុមការងារមានតែខ្ញុំម្នាក់គត់ដែលជាស្រី ហេតុនេះពេលបាយល្ងាចម្តងៗ ពួកប្រុសៗនាំគ្នាជជែកលេងសើចលក្ខណៈបុរសៗ។ ខ្ញុំសង្កេតឃើញថា កិច្ចសន្ទនាអំឡុងពេលបាយរបស់ពួកគេ ជាពាក្យរោយរាយឥតប្រយោជន៍សោះ។ មានម្នាក់ដើរចូលមករកខ្ញុំព្រមទាំងពន្យល់ខ្ញុំថា សន្ទនារឿងកិច្ចការនឹងនាំទុក្ខដាក់ខ្លួន ដូច្នេះដើម្បីស្រណុកចិត្ត មានតែបង្វិលប្រធានបទ ទៅជជែករឿងចំអាសចំអូងបែបប្រុសៗតែប៉ុណ្ណោះ។

ការចូលរួមសរសេរគម្រោងមេរៀន ជាកិច្ចការតែងនិពន្ធដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ ទាស់ត្រង់តែម្យ៉ាងថាភារកិច្ចខ្ញុំកាលនោះ ត្រឹមតែជារឿងគួរឱ្យអស់សំណើចមួយតែប៉ុណ្ណោះ។ ត្បិតអីខ្ញុំគ្រាន់តែអង្គុយអានសំណៅឯកសារជាច្រើនគំនរ ដែលជាបណ្តុំគំនិតរបស់លោក ចាង ដូចជាសុន្ទរកថា និងលិខិតសម្ងាត់ខ្លះៗ ដែលបក្សប្រើប្រាស់ជាឯកសារផ្ទៃក្នុងជាដើម។ បន្ទាប់ពីអានរួច ខ្ញុំគ្រាន់តែដកស្រង់សម្រង់ឃ្លាណាដែលមើលទៅពាក់ព័ន្ធ យកទៅដាក់នៅខាងក្រោមចំណងជើងរង និងប្រាប់ពីប្រភពយោង។ តែខ្ញុំមិនអាចបន្ថែមបន្ថយអ្វីផ្សេង ក្រៅតែពីប្តូរសញ្ញាខណ្ឌទៅជាកណ្ដក់សញ្ញា (ក្បៀស) ឬថាតភ្ជាប់ឃ្លាសម្រង់គំនិតមួយទៅគំនិតមួយទៀតប៉ុណ្ណោះ។ ខ្ញុំចម្លែកចិត្តណាស់ពេលសង្កេតឃើញថា ឃ្លាពន្យល់បកស្រាយជាផ្លូវការមួយ នៃយុទ្ធនាការមនោគមន៍វិជ្ជាសំខាន់បំផុតរបស់បក្ស ក្រោយសករាជលោកប្រធាន ម៉ៅ ត្រឹមតែជាការដកស្រង់សម្ដី និងចម្លងតាមបែបនេះ។

សម្រាប់ខ្ញុំកិច្ចការនេះវាងាយស្រួលណាស់ រហូតទាល់តែខ្ញុំអង្គុយទំនេរឡើងធុញទ្រាន់ ត្បិតអីត្រូវរង់ចាំកិច្ចការដែលខ្លួនធ្វើរួចហើយនោះ សម្រេចពីក្រុមត្រួតពិនិត្យមកវិញ។ ថ្ងៃមួយខ្ញុំធ្លោយមាត់ទៅកាន់សហសេវិកម្នាក់ ដែលជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យរេនមីន (Renmin) នៃប្រទេសចិនថា “តើពួកយើងមិនមែនកំពុងតែអង្គុយបង្កើតកំណែទម្រង់ថ្មី នៃសម្រង់សម្ដីរបស់ប្រធានម៉ៅទេឬ?” ខ្ញុំចង់សំដៅដល់កូនសៀវភៅក្រហម ដែលគេនិយមមើលក្នុងអំឡុងសម័យបដិវត្តវប្បធម៌។ គាត់មើលឆ្វេងស្ដាំសើចញឹមៗ និយាយបកមកកាន់ខ្ញុំថា “កុំខ្វល់ពេក! យើងកំពុងរស់នៅកន្លែងប្រណិត មានអាហារឆ្ងាញ់ នឹងអាចដើរគយគន់ទេសភាព។ តើចង់ទៅរកកន្លែងណា ឱ្យវាសុខស្រួលជាងនេះទៀតទៅ? យកសៀវភៅមួយក្បាលអានលេងទៅ។ គ្រាន់តែថាធ្វើយ៉ាងម៉េចកុំឱ្យអវត្តមានពេលគេកោះហៅទៅប្រជុំបានហើយ”។

នាខែមិថុនា ឆ្នាំ២០០៣ មានសន្និសីទសារព័ត៌ជាន់ខ្ពស់មួយ ធ្វើឡើងនៅវិមានប្រជាជន ក្នុងទីក្រុងប៉េកាំង ដើម្បីបង្ហាញពីគម្រោងសិក្សានេះ ហើយក្រុមពួកយើងដែលជាអ្នកតាក់តែង ក៏ត្រូវមានវត្តមាននៅទីនោះដែរ។ លោក លីវ យុនសាន (Liu Yunshan) ជាសមាជិកម្នាក់នៃការិយាល័យនយោបាយបក្ស និងជាប្រធាននាយកដ្ឋានឃោសនាការផងនោះ បានឡើងធ្វើបទបង្ហាញពីរបាយការណ៍នោះ។ ខណៈគាត់ ព្រមទាំងមន្ត្រីឯទៀតឡើងលើឆាកវេទិការ ខ្ញុំមានអារម្មណ៍ស្រងាកចិត្តណាស់ ព្រោះថាខ្ញុំយល់ថាតំណាងបីជាធាតុចម្បងនៃមនោគមន៍វិជ្ជារបស់បក្ស តែបែរជាគេដកខ្លឹមចេញពីវា ហើយជំនួសដោយរឿងអត់ន័យទៅវិញ។ ពេលនឹកគិតដល់ពាក្យពេចន៍រោយរាយ ដែលគេនិយាយគ្នានារាល់ពេលបាយល្ងាចម្តង ខ្ញុំក៏ហាក់ផ្តើមកើតកូនចិត្តមួយឡើងថា ប្រព័ន្ធមួយដែលខ្លួនតែងតែគិតថាពិសិដ្ឋល្អល្អាស់ជាយូរមកហើយនោះ គឺគ្រាន់តែជាគំនិតភ្លីភ្លើគ្មានហេតុផលមួយតែប៉ុណ្ណោះ។


គំនិតសម្រាប់តាំងលក់

បន្ទាប់ពីឆ្លងកាត់បទពិសោធលើកិច្ចការតាក់តែងគ្រោងការណ៍សិក្សានេះមក ខ្ញុំទទួលអារម្មណ៍ថា រាល់គំនិតដែលបក្សខំឃោសនាទាំងអស់ តាមពិតទៅវាគ្រាន់តែជាឧបករណ៍បម្រើបក្ស ដែលបក្សយកទៅផ្សព្វផ្សាយបោកបញ្ឆោតប្រជាជនខ្លួនតែប៉ុណ្ណោះ។ មិនយូរប៉ុន្មានខ្ញុំបានដឹងទៀតថា គំនិតទាំងនោះ គឺជាវិធីរកលុយម្យ៉ាង។ មានមន្រ្តីម្នាក់ដែលខ្ញុំបានស្គាល់ នៅអគ្គនាយកដ្ឋានព័ត៌មាន និងបោះពុម្ព ដែលមានសិទ្ធិចាត់ចែងក្នុងការបោះពុម្ពផ្សាយសៀវភៅ និងទស្សនាវដ្តី បានប្រាប់ខ្ញុំពីរឿងរ៉ាវស្មោកគ្រោក ដែលពាក់ព័ន្ធនឹងការដណ្តើមគ្នាសាងប្រាក់ចំណូល លើការបោះពុម្ពផ្សាយនៅក្នុងបក្ស។

អស់ជាច្រើនឆ្នាំ គ្រឹះស្ថានទង់ក្រហម (Red Flag) ជារោងពុម្ពមួយ ក្នុងចំណោមរោងពុម្ព៣ផ្សេងទៀត ដែលទទួលខុសត្រូវលើការបោះពុម្ពផ្សាយសៀវភៅអប់រំនានាក្នុងបក្សកុម្មុយនីស្តចិន។ នៅឆ្នាំ ២០០៥ រោងពុម្ពនេះ កំពុងដំណើរការបោះពុម្ភសៀវភៅអានមួយក្បាលរបស់បក្ស តែគ្រានោះក៏លេចមានមន្រ្តីម្នាក់ មកពីនាយកដ្ឋានអង្គភាពមជ្ឈិម ដែលគេនោះមានអំណាចខ្លាំង ព្រោះជាអ្នកទទួលបន្ទុកលើការសម្រេចចិត្តចាត់តាំងមន្ត្រីបក្ស។ គេបានកកូរទាមទារថា មានតែនាយកដ្ឋានរបស់គេតែប៉ុណ្ណោះ ដែលមានសិទ្ធិបោះពុម្ពផ្សាយសៀវភៅបែបនេះ។ គេនោះក៏ព្យាយាមធ្វើគ្រប់មធ្យោបាយ ដើម្បីឱ្យអគ្គនាយកដ្ឋានព័ត៌មាន និងបោះពុម្ព ជួយបញ្ឈប់នូវដំណើរការបោះពុម្ភសៀវភៅនោះ។ ទោះបីជាយ៉ាងណា នាទីចម្បងរបស់គ្រឹះស្ថានទង់ក្រហម   បានចែងរួចទៅហើយថាខ្លួនទទួលបន្ទុកលើការបោះផ្សាយ ផ្នែកមនោគមន៍វិជ្ជាបក្ស។ ដើម្បីរកលេសធ្វើស៊ីឱ្យបាន ក្រោយពីសៀវភៅបោះពុម្ភរួច ភ្នាក់ងារទាំងនោះ ក៏ខំត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដោយសង្ឃឹមថានឹងស្វែងរកឃើញកំហុសបច្ចេកទេសណាមួយ ដែលនឹងអាចយកមកធ្វើជាលេសសមរម្យ ដើម្បីហាមឃាត់រោងពុម្ពទង់ក្រហម។ ជាអកុសល ពួកគេស្វែងរកមិនឃើញកំហុសសោះឡើយ។

ហេតុអ្វីបានជានាយកដ្ឋានចាត់តាំង ចង់កាត់មុខយកភារកិច្ចបោះពុម្ពសៀវភៅបែបនេះ? ចម្លើយ ក៏ព្រោះតែលុយ។ នាយកដ្ឋានជាច្រើន មានមូលនិធិសម្ងាត់ខាងនយោបាយ ដែលប្រើសម្រាប់ឱ្យពួកមន្រ្តីជាន់ខ្ពស់ អាចចាយកំសាន្តសប្បាយមិនសំចៃ និងអាចបែងចែកក្នុងចំណោមបុគ្គលិកក្រោមរូបភាពជា “ប្រាក់ឧបត្ថម្ភសុខុមាលភាព”។ របៀបងាយស្រួលបំផុតមួយ ដើម្បីបំពេញបន្ថែមមូលនិធិទាំងនោះ គឺតាមរយៈការបោះពុម្ពផ្សាយសៀវភៅនេះឯង។ កាលនោះបក្ស មានក្រុមមូលដ្ឋានចំនួនជាង ៣,៦ លាននាក់ នៅក្នុងប្រទេសចិន ហើយមួយក្រុមៗរំពឹងថានឹងទិញសៀវភៅច្បាប់ចម្លងថ្មី។ បើកំណត់តម្លៃ១០យ័នក្នុងមួយក្បាល នោះមានន័យថា គេអាចរកប្រាក់ចំណូលពីការលក់ បានយ៉ាងតិច៣៦លានយ័ន ដែលវាស្មើនឹងជាង៥លានដុល្លារអាមេរិកនាពេលបច្ចុប្បន្ននេះ។ លុយនេះយកមកពីកញ្ចប់ថវិការបស់សាខាបក្ស ដូចនេះផែនការនេះ ងាយនឹងបង្ខំឱ្យអង្គភាពសាធារណៈមួយ ផ្ទេរប្រាក់ទៅកាន់អង្គភាពមួយផ្សេងទៀត។

គ្មានរឿងអ្វីត្រូវចម្លែកទេ ការដែលនាយកដ្ឋានចាត់តាំង តែងតែចេញផ្សាយប្រធានបទអប់រំនយោបាយថ្មីមួយជារៀងរាល់ឆ្នាំ។ គ្មានអ្វីត្រូវភ្ញាក់ផ្អើលទេ ពេលឃើញថាស្ទើរតែគ្រប់ស្ថាប័នទាំងអស់នៅក្នុងបក្សកុម្មុយនីស្តចិន មានសាខាបោះពុម្ពផ្សាយផ្ទាល់ខ្លួន។ ស្ទើរតែគ្រប់នាយកដ្ឋានទៅហើយ ដែលខំរិះរកវិធីថ្មីដើម្បីរកលុយ ហេតុនេះអំពើពុករលួយ បានជ្រាបចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងបក្ស។

ថ្វីបើបន្តមានមន្ទិល ព្រមទាំងក្តីអាក់អន់ចិត្តក្ដី ក៏ខ្ញុំមិនមែនជំទាស់បដិសេធបក្សទាំងស្រុងនោះដែរ ព្រោះថានៅមានអ្នកសិក្សាជាន់ខ្ពស់ (scholar) ជាច្រើនរូបនៅក្នុងបក្ស ហេតុនេះខ្ញុំនៅតែមានក្តីរំពឹងទុក

ថា បក្សអាចនឹងរើសយកការកែទម្រង់ និងបោះជំហាន ឆ្ពោះទៅរកទិសដៅណាមួយបែបប្រជាធិបតេយ្យមិនខាន។ នៅប៉ុន្មានឆ្នាំចុងក្រោយនៃការគ្រប់គ្រងរបស់ លោក ចាង បក្សបានផ្តើមប្រកាន់ជំហរអត់ធ្មត់ខ្លះ លើកិច្ចពិភាក្សាទាក់ទងនឹងបញ្ហារសើបមួយចំនួននៅក្នុងផ្ទៃក្នុងបក្ស តែមិនបើកទូលាយផ្សព្វផ្សាយជាសាធារណៈឡើយ។  នៅសាលាមជ្ឈិមបក្សឯណោះវិញ ខ្ញុំ និងមិត្តសាស្រ្តាចារ្យមានអារម្មណ៍ថា មានសេរីភាពជាងមុនខ្លះ ក្នុងការលើជជែកនូវបញ្ហាស៊ីរូងខ្លះ ក្នុងប្រព័ន្ធនយោបាយរបស់បក្ស។

ពួកយើងបានពិភាក្សាលើរឿងកាត់បន្ថយតួនាទីរបស់ពួកមន្ត្រីបក្ស លើការសម្រេចចិត្តកិច្ចការរដ្ឋបាលនានា ដ្បិតថាបើទុកភារកិច្ចនេះ ឱ្យពួកមន្រ្តីស៊ីវិលធ្វើ នោះវាអាចនឹងមានប្រសិទ្ធភាពជាង។ ពួកយើងបានបន្តជជែកលើរឿងឯករាជ្យភាពរបស់តុលាការផងដែរ ព្រោះថាមានចារក្នុងរដ្ឋធម្មនុញ្ញស្រាប់ ដោយគ្រាន់តែថាមិនយកមកអនុវត្តតែប៉ុណ្ណោះ។

ការដែលធ្វើឱ្យពួកយើងរីករាយនោះ គឺពេលដែលបក្សល្បងធ្វើពិសោធលទ្ធិប្រជាធិបតេយ្យទាំងនៅក្នុងប្រតិបត្តិការ និងនៅក្នុងថ្នាក់មូលដ្ឋាន។ ខ្ញុំយល់ឃើញថា ការនេះគឺជាសញ្ញានៃការរីកចម្រើន។  ប៉ុន្តែក៏នៅតែមានព្រឹត្តិការណ៍ ដែលនាំឱ្យខ្ញុំស្រងាកចិត្តជាបន្តបន្ទាប់ដែរ។


វិធីសាស្ត្រមួយទៀត

នាឆ្នាំ២០០៨ មានរបត់ដ៏សំខាន់មួយបានកើតឡើង។ កាលនោះខ្ញុំមានសំណាងបានធ្វើដំណើរទស្សនកិច្ចខ្លីមួយ ទៅកាន់ប្រទេសអេស៉្បាញ។ ក្នុងគោលដៅធ្វើកម្មសិក្សាផ្តោះប្តូរបទពិសោធន៍លើកនោះ  នាងខ្ញុំបានសិក្សាស្វែងយល់ពីរបៀបដែលអេស្ប៉ាញបំប្លែងខ្លួន ពីរបបអត្ថាធិបតេយ្យ (ផ្ដាច់ការ) ទៅរកលទ្ធិប្រជាធិបតេយ្យ ក្រោយមរណភាពរបស់មេដឹកនាំផ្តាច់ការ ហ្វ្រានស៊ីស្កូ ហ្វ្រង់កូ (Francisco Franco) ក្នុងឆ្នាំ១៩៧៥ ។ ខ្ញុំសង្កេតប្រៀបធៀបបទពិសោធន៍រវាង អេស្បាញ និងចិន ឃើញថាខុសគ្នាឆ្ងាយណាស់ ត្បិតអីប្រធាន ម៉ៅ ស្លាប់ក្រោយ ហ្វ្រង់កូ ត្រឹមតែដប់ខែទេ តែរវាងប្រទេសពីរនេះ បានឆ្លងកាត់របត់ផ្លាស់ប្តូរខ្លាំង ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ អេស្ប៉ាញ បានផ្លាស់ប្តូរប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយសន្តិភាព ទៅរកលទ្វិប្រជាធិបតេយ្យ ព្រមជាមួយនឹងស្ថេរភាពសង្គម និងវិបុលភាពសេដ្ឋកិច្ច ស្របពេលដែលប្រទេសចិន ផ្លាស់ប្តូរបានត្រឹមតែផ្នែកខ្លះប៉ុណ្ណោះ ដូចជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការ ទៅកាន់សេដ្ឋកិច្ចចម្រុះ តែមិនមានសេរីកម្មនយោបាយនោះឡើយ។ តើប្រទេសអេស្ប៉ាញ អាចបង្រៀនអ្វីខ្លះដល់ប្រទេសចិន?

ខ្ញុំបានសន្និដ្ឋានដោយទុទិដ្ឋិនិយមថា បក្សទំនងជាមិនធ្វើកំណែទម្រង់លើប្រព័ន្ធនយោបាយទេ។   ម៉្យាងវិញទៀតក្រោយមរណភាព ហ្វ្រង់ កម្លាំងលើចរន្តផ្លាស់ប្តូររបស់អេស្ប៉ាញ ត្រូវបានផ្តួចផ្តើមចេញពីក្រុមអ្នកកែទម្រង់ នៅក្នុងចង្កោមរបបនោះតែម្តង ដូចជាមាន ស្តេច ជូន ខាឡូសទី ១ (Juan Carlos I) ទ្រង់អង្គនេះហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ជាតិ ។ តែករណីបក្សកុម្មុយនីស្តចិនវិញ បានអំណាចក្នុងដៃនាឆ្នាំ១៩៤៩ ក្រោមរូបភាពហិង្សា ហេតុនេះបក្សមានផ្នត់គំនិតថា អំណាចនយោបាយត្រូវតែស្ថិតក្រោមដៃបក្សផ្តាច់មុខជាអចិន្រ្តៃយ៍។ បើបកទៅមើលលើប្រវត្តិចំណាត់ការរបស់បក្ស ដូចជាការបង្ក្រាបយ៉ាងកម្រោលទៅលើហ្វូងបាតុករនៅទីលាន ធានអានមេន ជាដើម វាសឹងសុទ្ធតែជាតឹងតាងបង្ហាញច្បាស់ថា បក្សនឹងមិនប្រលែងនូវអំណាចផ្តាច់មុខនេះដោយសន្តិវិធីនោះឡើយ។ លើសពីនោះទៀត ក្រោយសករាជ តេង ស៊ាវពីង គ្មានថ្នាក់ដឹកនាំណាមានភាពក្លាហានជំរុញការកែទម្រង់នយោបាយឡើយ ដោយម្នាក់ៗចង់ទុកអំរែកនេះឱ្យអ្នកដឹកនាំក្រោយៗ។

ខ្ញុំក៏បានស្វែងយល់ទៀតថា បន្ទាប់ពីមរណភាព ហ្វ្រង់កូ ប្រទេសអេស្ប៉ាញបានបង្កើតបរិយាកាសអំណោយផលយ៉ាងឆាប់រហ័ស ដល់កំណែទម្រង់បង្រួបបង្រួមឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងពង្រីកសេរីភាពសារព័ត៌មានផងដែរ។ អេស្ប៉ាញ ថែមទាំងបានបញ្ចូលកម្លាំងក្រុមប្រឆាំង នៅក្នុងដំណើរការផ្លាស់ប្តូររបស់ខ្លួនទៀតផង។ ផ្ទុយពីនេះ បក្សកុម្មុយនីស្តចិន បែរជាចាត់ទុកសម្រែកទាមទារយុត្តិធម៌លើរឿងសង្គម និងសេដ្ឋកិច្ច ថាជាការគំរាមកំហែងដល់អំណាចខ្លួនទៅវិញ។ ហេតុនេះទើបបក្សប្រើរូបមន្តគាបសង្កត់ដល់សង្គមស៊ីវិល និងរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាជន។ អស់រយៈពេលជាច្រើនទសវត្សរ៍ របបកុម្មុយនិស្តចិន និងប្រជាជន ស្ថិតក្នុងការប្រឈមមុខគ្នា។ នេះជាការណ៍មួយ ដែលពិបាកនឹងស្រមៃពីលទ្ធភាពនៃការផ្សះផ្សាជាតិណាស់។

ការយល់ដឹងថ្មីៗ អំពីការផ្លាស់ប្តូរបែបប្រជាធិបតេយ្យនៅអេស្ប៉ាញ រួមជាមួយនឹងចំណេះដឹងខ្លះៗពីរឿងរ៉ាងស្រដៀងគ្នានេះ នៅប្លុកប្រទេសអតីតសហភាពសូវៀត នាំឱ្យនាងខ្ញុំថ្លើមធំហ៊ានបោះចោលនូវមនោគមន៍វិជ្ជាម៉ាក្សនិយម ដែលខ្លួនធ្លាប់មានជំនឿជឿជាក់យ៉ាងប្តូរផ្តាច់ មកជាយូរលង់ណាស់មកហើយនោះ។

ខ្ញុំស្រាប់តែយល់ថា ទ្រឹស្តីដែលម៉ាក្សផ្សព្វផ្សាយចេញនៅសតវត្សរ៍ទី១៩ នោះ មានដែនកំណត់ ត្បិតបញ្ញាបាធីរបស់លោកផ្ទាល់ ព្រមជាមួយនឹងបរិយាកាសប្រវត្តិសាស្រ្តនាសម័យកាលនោះ។ លើសពីនេះទៀត ខ្ញុំក៏ដឹងដែរថា ម៉ាក្សនិយម ដែលជាទម្រង់ជិះជាន់ និងប្រមូលផ្តុំអំណាចដែលបក្សកំពុងតែគាំទ្រប្រកាន់យកនោះ គឺយកតាមបែបបទ/របៀបរបបរបស់ ស្តាលីន ជាជាងរបស់ កាល់ម៉ាក្ស។ ខ្ញុំក៏បន្តកត់សម្គាល់ឃើញទៀតថា នេះជាមនោគមន៍វិជ្ជាដែលបង្កើតមក ដើម្បីរក្សារបបផ្តាច់ការតែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំចាប់ផ្តើមនិយាយ/សរសេរ ទាំងនៅក្នុងអត្ថបទស្រាវជ្រាវ និងការបង្រៀនថា ម៉ាក្សនិយមមិនគួរចាត់ទុកថាជាការពិតដាច់ខាតនោះឡើយ ហើយប្រទេសចិនត្រូវតែបើកផ្លូវទៅកាន់លទ្ធិប្រជាធិបតេយ្យ។ នៅឆ្នាំ២០១០ មានអ្នកសិក្សាជាន់ខ្ពស់សេរីនិយមមួយក្រុម បានចេញផ្សាយនូវកម្រងកិច្ចការស្រាវជ្រាវមួយ ក្រោមចំណងជើងថា “ជំហានទៅរករដ្ឋធម្មនុញ្ញនិយម”។ ខ្ញុំក៏បានចូលរួមសរសេរអត្ថបទមួយដែរ ដោយលើកពីបទពិសោធន៍របស់អេស្ប៉ាញមកបង្ហាញ។

ចក្ខុវិស័យរបស់ខ្ញុំ រួមជាមួយអ្នកសិក្សាជាន់ខ្ពស់សេរីនិយមទាំងនោះ គឺឈរលើទស្សនៈថា ប្រទេសចិនគួរតែចាប់ផ្តើមអនុវត្តលទ្ធិប្រជាធិបតេយ្យខាងក្នុងបក្ស ហើយទីបំផុតទៅ ការនេះអាចនឹងឈានទៅរករបបរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យ។ ប្រទេសចិនគួរមានសភាមួយ ដែលមានសម្លេងបក្សប្រឆាំងពិតប្រាកដ។  ខ្ញុំមានការព្រួយបារម្ភថា បក្សអាចនឹងប្រឆាំងយ៉ាងខ្លាំងក្លា លើគោលគំនិតនៃផ្លាស់ប្តូរនេះ ប៉ុន្តែខ្ញុំតែងតែទុកការព្រួយបារម្ភនៅតែក្នុងចិត្ត។ ផ្ទុយទៅវិញ ពេលនិយាយជាមួយមិត្តរួមការងារ និងនិស្សិត ខ្ញុំតែងសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និងបក្សខ្លួនឯងផ្ទាល់។ បក្សមុខជាអាចបង្រួមធម្មានុរូប(ភាពស្របច្បាប់) របស់ខ្លួនបាន តាមរយៈការធ្វើឱ្យខ្លួនមានទំនោរខុសត្រូវចំពោះប្រជាជន។ ក្រុមមន្រ្តីជាច្រើននាក់ដែលខ្ញុំបានបង្រៀន ក៏បានទទួលស្គាល់នូវបញ្ហាដែលបក្សកំពុងតែប្រឈមនោះដែរ ប៉ុន្តែមិនហ៊ានលើកយកមកនិយាយ។ តែពួកគេក៏បានជំរុញឱ្យខ្ញុំ យករឿងនេះទៅបញ្ចុះបញ្ចូលដល់ថ្នាក់លើ។


ក្តីខកចិត្តជាមួយ ស៊ី ជីនពីង

បញ្ហាផ្តើមកើតមាន ត្បិតថាអ្នកស្នងដំណែងរបស់ ចាង គឺលោក ហ៊ូ ជីនតាវ (Hu Jintao) បានដើរផ្ទុយពីទិសដៅដែលធ្លាប់មាន។ ក្នុងឆ្នាំ២០០៣ ជាឆ្នាំស្ថិតក្នុងដំណើរការក្រសោបអំណាច ហ៊ូ ជីនតាវ បានដាក់ចេញនូវ “ទស្សនាទានវិទ្យាសាស្ត្រចំពោះការអភិវឌ្ឍន៍” ជាគោលគំនិតថ្មី ដើម្បីជំនួយទ្រឹស្តី “តំណាងបី” របស់ ចាង។ ទស្សនាទាននេះជាគោលគំនិតថ្មីផ្សេងមួយទៀត ដែលព្យាយាមរកលេសសមស្របណាមួយ លើការយកម៉ូឌែលអភិវឌ្ឍន៍ចម្រុះរបស់ចិន ទៅកកូរលាយឡំនឹងមនោគមន៍វិជ្ជាម៉ាក្សនិយម ព្រមទាំងបញ្ចៀសមិនលើកពីបញ្ហាចម្បងនានា ដែលចិនកំពុងតែប្រឈម។

ការពន្លឿនការរអភិវឌ្ឍន៍ ដោយមិនខ្វល់ពីហានិភ័យបែបនេះ បានបង្កអរិភាពជាច្រើនក្នុងសង្គម តួយ៉ាងការប្រមូលរឹបអូសយកដីស្រែរបស់ប្រជាកសិករ ទៅឱ្យរោងចក្រធំៗដើម្បីអភិវឌ្ឍ ហើយរោងចក្រទាំងនោះ ក៏បន្តសង្កត់សង្កិនកម្មករ ដើម្បីគាបរកប្រាក់ចំណេញបន្ថែមទៀត។  ចំនួនអ្នកដាក់ញត្តិស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល មានការកើនឡើងយ៉ាងខ្លាំងទូទាំងប្រទេស ហើយបាតុកម្មទៀតសោតក៏រីកសាយភាយរហូតដល់ទៅជាង១០ម៉ឺនករណីជារៀងរាល់ឆ្នាំ។ តាមគំនិតនាងខ្ញុំ ការមិនពេញចិត្តទាំងនេះបានបង្ហាញថា បើគ្មានសេរីភាវូបនីយកម្មនយោបាយទេ នោះប្រទេសចិនអាចនឹងជួបភាពលំបាកកាន់តែខ្លាំង លើការអភិវឌ្ឍសេដ្ឋកិច្ច។

ថ្វីបើដូច្នេះក៏ដោយ ហ៊ូ ជីនតាវ មិនគិតអ៊ីចឹងទេ! “មិនបោះបង់” នេះជាសម្ដីដែលលោកបាននិយាយកាលពីឆ្នាំ២០០៨ នៅក្នុងពិធីអបអរសាទរខួបលើកទី ៣០ នៃនយោបាយកែទម្រង់ និងការបើកចំហរ។ ខ្ញុំយល់ថាបែបនេះមានន័យថា រាល់កំណែទម្រង់សេដ្ឋកិច្ច នយោបាយ និងមនោគមន៍វិជ្ជា ដែលបក្សបានធ្វើកន្លងមកនោះ គឺត្រូវតែបន្ត ប៉ុន្តែមិនចាំបាច់ពន្លឿនខ្លាំងពេកនោះឡើយ។ លោក ហ៊ូ ជីនតាវ កំពុងការពារខ្លួន ដើម្បីចៀសវាងពីការចោទប្រកាន់ពីភាគីពីរ៖ ១) ក្រុមអ្នកអភិរក្ស ដែលយល់ឃើញថាកំណែទម្រង់បានដំណើរការខ្លាំងជ្រុល និង ២) ក្រុមសេរី ដែលជឿថាការកែទម្រង់នេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ។  ហេតុដូច្នេះ ប្រទេសចិនក្រោមការគ្រប់គ្រងរបស់លោក ហ៊ូ បានឈានចូលដល់ដំណាក់កាលនៃការជាប់គាំងនយោបាយ។ នេះជាដំណើរការនៃការធ្លាក់ចុះ ដែលវាស្រដៀងទៅនឹងអ្វីដែលសហភាពសូវៀតធ្លាប់បានឆ្លងកាត់ ក្រោមការដឹកនាំរបស់លោក លីអូនីដ ប្រេស្នេវ (Leonid Brezhnev) ដូច្នោះដែរ។

ដូច្នេះ ទើបខ្ញុំកាលនោះមើលទៅកាន់ លោក ស៊ី ជីនពីង ក្នុងផ្លូវសុទិដ្ឋិនិយម ពេលលោកឈានទៅកាន់កាប់អំណាចដំបូង។ គេបានធ្វើកំណែទម្រង់លេងៗរយៈពេល៣០ឆ្នាំមកហើយ ហេតុនេះដល់ពេលត្រូវធ្វើអ្វីដែលហៅថា ហ្មត់ចត់ វិញម្តងហើយ។ បើគិតពីកិត្ដិសព្ទរបស់ឪពុកលោក ស៊ី ជីនពីង ដែលជា អតីតថ្នាក់ដឹកនាំបក្ស ដែលមាននិន្នាការទៅរកសេរីនិយម ហើយរបៀបដឹកនាំ មានលក្ខណៈបត់បែនដែលលោក ស៊ី ផ្ទាល់ធ្លាប់បានបង្ហាញក្នុងមុខតំណែងមុនៗ។ ការណ៍នេះនាំឱ្យខ្ញុំ និងអ្នកផ្សេងទៀត ដែលផ្តល់តម្លៃដល់ការធ្វើកំណែទម្រង់ និងមានក្តីសង្ឃឹមថាថ្នាក់ដឹកនាំថ្មីម្នាក់នេះ មុខជាមានក្តីក្លាហានក្នុងការគ្រប់គ្រង ព្រមទាំងអាចធ្វើកំណែទម្រង់យ៉ាងខ្លាំងក្លា ក្នុងប្រព័ន្ធនយោបាយចិនមិនខាន។ ប៉ុន្តែ មិនមែនថាគ្រប់គ្នាសុទ្ធតែមានទំនុកចិត្តបែបនេះចំពោះលោក ស៊ី នោះទេ។ ក្តីមន្ទិលសង្ស័យរបស់ខ្ញុំ មានចែកជាពីរប្រភេទ ហើយចំណុចទាំងពីរនោះ ក៏បានលេចជាតម្រុយខ្លះៗហើយ។

ក្តីមន្ទិលសង្ស័យទីមួយ គឺនៅលើរឿងខ្សែស្រឡាយរបស់ស្ថាបនិកបក្ស។ លោក ស៊ី ជាខ្សែស្រឡាយម្នាក់ ដូចគ្នានឹងលោក បូ ស៊ី ឡៃ (Bo Xilai) ដែលជាលេខាធិការគណៈកម្មាធិការបក្សដ៏ស្វាហាប់ម្នាក់នៅខេត្ត ឆុងឈីង (Chongqing) ដែរ។ ស្ទើរតែក្នុងពេលតែមួយ លោក ស៊ី និងលោក បូ  អាចឡើងកាន់តំណែងជាថ្នាក់ដឹកនាំថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រី។ បុគ្គលទាំងពីររូបនេះត្រូវគេរំពឹងថា នឹងក្លាយទៅជាសមាជិកនៃស្ថាប័នកំពូលរបស់បក្ស គឺគណៈកម្មាធិការអចិន្ត្រៃយ៍បក្សកុម្មុយនិស្តចិន និងត្រូវបានគេចាត់ទុកថាជាគូប្រជែងគ្នាយ៉ាងខ្លាំងក្លា លើតំណែងជាមេដឹកនាំកំពូលផងដែរ។ ថ្វីបើដូច្នេះ លោក បូ បានដកខ្លួនចេញពីការប្រកួតប្រជែងយកតំណែងនេះ នៅដើមឆ្នាំ២០១២ ព្រោះតែលោក និងភរិយា ត្រូវជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើពាណិជ្ជករអង់គ្លេសម្នាក់។ ហេតុនេះក្រុមអ្នកនយោបាយជាន់ខ្ពស់របស់បក្ស ក៏ងាកទៅគាំទ្រលោក ស៊ី ជាស្វ័យប្រវត្តិ។ ដោយឃើញពីភាពសាហាវឃោរឃៅរបស់លោក ស៊ី ជិនពីង កាលនោះ ខ្ញុំអាចព្យាករណ៍ដឹងច្បាស់ភ្លាមថា ការប្រកួតប្រជែងនឹងមិនបញ្ចប់នៅត្រឹមតែប៉ុណ្ណឹងនោះឡើយ។

ដូចការរំពឹងទុកមែន។ ក្រោយពីលោក ស៊ី ជីនពីង បានកាន់អំណាចភ្លាម លោក បូ ត្រូវបានផ្តន្ទាទោសពីបទពុករលួយ ហើយត្រូវបានគេដកហូតទ្រព្យសម្បត្តិទាំងអស់ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ការសង្ស័យមួយទៀតនោះ គឺលើការតែងតាំងក្រុមអ្នកសិក្សាជាន់ខ្ពស់។ ជាងមួយខែមុនពេសមាជជាតិលើកទី១៨ នៃបក្សកុម្មុយនិស្តចិន ដែលត្រូវបានប្រារព្ធធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ជាពេលដែលលោក ស៊ី ជិនពីង ជិតនឹងក្លាយជាអគ្គលេខាធិការនៃបក្សកុម្មុយនិស្តចិន។ កាលនោះខ្ញុំបានជួបជជែកជាមួយបុគ្គលពីររូប ដែលម្នាក់ជាអ្នកយកព័ត៌មានជើងចាស់ នៅគ្រឹះស្ថានទស្សនាវដ្តីចិនមួយកន្លែង និងម្នាក់ទៀតនៅសាលារបស់ខ្ញុំ ដែលគាត់គឺជាសាស្រ្តាចារ្យដ៏លេចធ្លោម្នាក់ ដែលបានធ្វើការសិក្សាស្រាវជ្រាវ លើអាជីពរបស់លោក ស៊ី អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនោះ។ បុគ្គលទាំងពីររូបនោះ បានផ្តល់បទសម្ភាសន៍ជាមួយខ្ញុំ ហើយមុននឹងបញ្ចប់ អ្នកព័ត៌មានជើងចាស់ម្នាក់នោះ បានលើកជាសំណួរមួយឡើងថា៖ “ខ្ញុំបានឮថាលោក ស៊ី ជិនពីង ធ្លាប់រស់នៅក្នុងបរិវេណសាលាមជ្ឈិមបក្ស អស់មួយរយៈពេលដែរ។ បច្ចុប្បន្នគាត់កំពុងតែឈានទៅរកតំណែងកំពូល ជាអគ្គលេខាធិការបក្ស។ តើអ្នកយល់យ៉ាងម៉េចចំពោះគាត់?”

លោកសាស្រ្តាចារ្យបាននិយាយតបដោយការមិនឱ្យតម្លៃលោក ស៊ី ជិនពីង ថា “ចំណេះដឹងមិនគ្រប់គ្រាន់”។ អ្នកព័ត៌មានម្នាក់នោះ និងខ្ញុំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចម្លើយត្រង់ៗបែបនោះ។

ទោះបីជាមានមតិអវិជ្ជមានទាំងនេះក្តី ក៏ខ្ញុំនៅតែពន្យារការសង្ស័យរបស់ខ្លួន ដោយបន្តមានក្តីសង្ឃឹមលើលោក ស៊ី ជិនពីង ដដែល។ ប៉ុន្តែភ្លាមៗបន្ទាប់ពីលោក ស៊ី ចូលកាន់តំណែង ខ្ញុំក៏ចាប់ផ្តើមមាន មន្ទិល។ នៅក្នុងសុន្ទរកថាមួយក្នុងខែធ្នូ ឆ្នាំ២០១២ លោកបានថ្លែងពីការកែទម្រង់ និងចិត្តគំនិតលើការអភិវឌ្ឍ ប៉ុន្តែមានឃ្លាផ្សេងទៀត បានពន្លយពីការថយក្រោយទៅរកយុគសម័យមុនការកែទម្រង់។ តើលោកស៊ី ងាកទៅខាងឆ្វេង ឬស្តាំ? កាលនោះ ខ្ញុំទើបតែចូលនិវត្តន៍ឈប់ពីសាលាមជ្ឈិមបក្ស តែក៏នៅតែរក្សាទំនាក់ទំនង ជាមួយអតីតមិត្តរួមការងាររបស់ខ្ញុំដដែល។

ពេលមួយខ្ញុំបានជជែក ពីគម្រោងផែនការរបស់លោក ស៊ី ជាមួយនឹងពួកគេ ហើយក៏មានមិត្តម្នាក់បាននិយាយថា “រឿងថាងាកឆ្វេង ឬស្តាំមិនមែនជាបញ្ហាទេ តែបញ្ហាត្រង់ថា គាត់ខ្វះការវិនិច្ឆ័យជាមូលដ្ឋាន ហើយគ្មានភាពឡូហ្សិក ឬភាពសមហេតុផល ក្នុងសុន្ទរកថារបស់គាត់នោះឯង”។ គ្រប់គ្នាក៏នៅស្ងៀម តែខ្ញុំហាក់កំពុងតែព្រឺឆ្អឹងខ្នង។ បើលោក ស៊ី មានចំណុចខ្វះខាតដូចបានលើកឡើងខាងលើមែន តើយើងអាចរំពឹងថា គាត់នឹងដឹកនាំកំណែទម្រង់នយោបាយយ៉ាងដូចម្តេចកើត?

ខ្ញុំបានធ្វើក្តីសន្និដ្ឋានភ្លាមថា ប្រហែលជាយើងមិនអាចពឹងផ្អែកទៅលើគាត់បានទេ។ ក្រោយពីលោក ស៊ី បានចេញផ្សាយនូវផែនការកំណែទម្រង់ដ៏ស៊ីជម្រៅមួយ នាចុងឆ្នាំ២០១៣ មជ្ឈដ្ឋានធុរកិច្ច និងក្រុមអ្នកសិក្សាបានព្យាករណ៍ថា លោកនឹងជំរុញកំណែទម្រង់យ៉ាងស៊ីជម្រៅ។ តែខ្ញុំមានអារម្មណ៍ផ្ទុយពីនេះថា ត្បិតថាផែនការនេះបានបញ្ចៀសរាល់បញ្ហាសំខាន់ៗនៃកំណែទម្រង់នយោបាយក្ដី ក៏ប្រទេសចិនមានបញ្ហាចាក់ឬសជាយូរមក រួមមានអំពើពុករលួយ បំណុលហួសប្រមាណ និងការខាតបង់របស់សហគ្រាសរដ្ឋ ដែលការណ៍ទាំងនេះ មានឬសគល់មកពីមន្ត្រីបក្ស មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងការសម្រេចចិត្តខាងសេដ្ឋកិច្ចដោយគ្មានការត្រួតពិនិត្យជាសាធារណៈ។ ការចង់ធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ច តែបែរជាទន្ទឹមគ្នា គេខំរឹតបន្តឹងការគ្រប់គ្រងនយោបាយ នោះជារឿងមិនស៊ីសង្វាក់គ្នាសោះតែម្ដង។

តែលោក ស៊ី បានចាប់ផ្តើមយុទ្ធនាការមនោគមន៍វិជ្ជាដ៏ក្លៀវក្លាមួយ ដែលមិនធ្លាប់មានតាំងតែពីមរណភាពរបស់ ម៉ៅ មកម្លេះ គឺធ្វើឱ្យរស់ឡើងវិញនូវទ្រឹស្តីម៉ៅនិយម។ ផែនការនេះជំរុញពង្រឹងឱ្យកាន់តែខ្លាំង លើការឃ្លាំមើលលើចរន្តសង្គម និងការគៀបសង្កត់លើការបញ្ចេញមតិដោយសេរី ដូចជាការហាមឃាត់លើការជជែកពិភាក្សាពីប្រជាធិបតេយ្យ រដ្ឋធម្មនុញ្ញ និងគុណតម្លៃសកលជាដើម ក្រោមលេសថា “អភិបាលកិច្ច ការគ្រប់គ្រង សេវាកម្ម និងច្បាប់”។

និន្នាការបែបនេះកើតជាបណ្តើរៗ ដោយផ្តើមពីកំណែទម្រង់ច្បាប់មួយសំណុំ ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៤។ ការនេះបានស្តែងចេញនូវចេតនារបស់បក្ស ប្រើប្រាស់ច្បាប់ជាឧបករណ៍ សម្រាប់រក្សាអំណាចផ្តាច់ការរបស់ខ្លួន។ ពេលនោះនិន្នាការរឹងទទឹងរបស់ ស៊ី និងការដើរថយក្រោយផ្នែកនយោបាយរបស់បក្ស បានលេចចេញមកកាន់តែច្បាស់។ ថ្វីបើខ្ញុំធ្លាប់មានក្តីសង្ឃឹមមិនប្រាកដប្រជាខ្លះក្តី ក៏ការបំភាន់ភ្នែកទាំងនោះ បានបើកបង្ហាញដែរនាដំណាក់កាលនោះ  ។

ពេលនិយាយដល់ការកែទម្រង់ ព្រឹត្តិការណ៍ជាបន្តបន្ទាប់អាចគូសបញ្ជាក់បានថា លោក ស៊ី បានរុញច្រានប្រទេសចិនដែលនៅទ្រឹងស្រាប់ ឱ្យបែរក្បាលថយក្រោយ។ ក្នុងឆ្នាំ២០១៥ បក្សបានចាប់ខ្លួនមេធាវីសិទ្ធិមនុស្សរាប់រយនាក់។ នៅឆ្នាំបន្ទាប់ បក្សបានចាប់ផ្តើមយុទ្ធនាការមួយ ដោយយករបៀបតាមបដិវត្តវប្បធម៌ ដើម្បីប្រឆាំងពួកឧកញ៉ាអចលនទ្រព្យ ដែលហ៊ាននិយាយរិះគន់ខ្លួន។ កាលនោះ ខ្ញុំនាំទុក្ខដាក់ខ្លួន ព្រោះតែហ៊ានធ្វើការប្រតិកម្មជុំវិញរឿងនេះ។

ជម្លោះរវាងឧកញ៉ា យិន ជឺឈែង (Ren Zhiqiang) និងលោក ស៊ី ជិនពីង (Xi Jinping) កាន់តែខ្លាំងឡើងៗ ដោយឧកញ៉ាម្នាក់នោះបានរិះគន់លោក ស៊ី ជិនពីង លើរឿងត្រួតពិនិត្យរិតត្បិត ប្រព័ន្ធផ្សព្វផ្សាយចិន។ នៅខែកុម្ភៈឆ្នាំ២០១៦ មានគេហទំព័រមួយរបស់បក្ស បានហៅលោក យិន ថាជា “ខ្មាំងបក្ស”។ ខ្ញុំមិនស្គាល់លោក យិន ដោយផ្ទាល់នោះទេ ប៉ុន្តែករណីរបស់គាត់ គឺគួរឱ្យខ្ញុំតាមដានណាស់ ពីព្រោះថាអស់រយៈពេលជាយូរមកហើយ ខ្ញុំជឿលើគោលការណ៍មួយថា  នៅក្នុងបក្ស គ្រប់គ្នាអាចអនុញ្ញាត ហើយថែមទាំងលើកទឹកចិត្តផងដែរ ឱ្យហ៊ាននិយាយដោយសេរី ដើម្បីជួយកែកំហុសរបស់បក្ស។ តែនេះសមាជិកដ៏ចំណាស់ម្នាក់របស់បក្ស កំពុងតែលាបពណ៌គេ ថាគេជា បិសាច ព្រោះតែរឿងគេចង់កែលម្អបក្សទៅវិញ។

ការឆ្លងកាត់ជីវិតក្នុងបដិវត្តវប្បធម៌ អាចធ្វើឱ្យខ្ញុំដឹងថា រាល់មនុស្សដែលគេដាក់ស្លាកថា “ខ្មាំងសត្រូវនឹងបក្ស” នឹងប្រឈមការដកហូតសិទ្ធិ ហើយទទួលរងនូវការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងផងដែរ។ ចាប់តាំងពីពេលនេះមក អត្ថបទការពារលោក យិន មិនត្រូវបានអនុញ្ញាតឱ្យផ្សព្វផ្សាយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ។ ខ្ញុំបានផ្ញើអត្ថបទមួយចូលទៅក្នុងក្រុមវីឆាត (WeChat) ដោយសង្ឃឹមថាមិត្តរបស់ខ្ញុំនឹងចែករំលែក។ មែន! អត្ថបទនោះក៏បានរីកសាយភាយយ៉ាងឆាប់រហ័សមែន។

ទោះបីខ្លឹមសារអត្ថបទរបស់ខ្ញុំនោះ ភាគច្រើនដកស្រង់ចេញពីរដ្ឋធម្មនុញ្ញ និងក្រមសីលធម៌របស់គណបក្សក៏ដោយចុះ ក៏គណៈកម្មាធិការវិន័យរបស់សាលាមជ្ឈិមបក្ស បានចោទប្រកាន់ខ្ញុំដោយបទល្មើសដ៏ធ្ងន់ធ្ងរ។ ខ្ញុំត្រូវប្រឈមមុខនឹងការសម្ភាសន៍ដ៏គួរឱ្យខ្លាចជាច្រើន ដោយអ្នកសាកសួរបានដាក់សម្ពាធផ្លូវចិត្ត និងប្រើល្បិចអន្ទាក់ពាក្យសម្ដី ដោយធ្វើយ៉ាងណាជំរុញឱ្យខ្ញុំសារភាព នូវអ្វីដែលពួកគេហៅថា ការធ្វើខុស នោះ។ វាមិនស្រួលពេលទេ ប៉ុន្តែខ្ញុំដឹងថានេះជាដំណើរការលើការប្រជែងចិត្តសាស្រ្តមួយ ត្បិតថាប្រសិនបើខ្ញុំមិនខ្លាចពួកគេទេ ពួកគេមុខជានឹងចាញ់នៅពាក់កណ្ដាលទីក្ដី។

ដូច្នេះរឿងរ៉ាវនេះបានឈានដល់ភាពជាប់គាំង ព្រោះថាខ្ញុំនៅតែបន្តចុះផ្សាយអត្ថបទ ហើយអាជ្ញាធរនៅតែបន្តហៅខ្ញុំទៅសាកសួរ។ មិនយូរប៉ុន្មាន ខ្ញុំបានធ្វើការសន្និដ្ឋានថា ទីភ្នាក់ងារសន្តិសុខកំពុងឈ្លបយកការណ៍ លើខ្សែទូរសព្ទរបស់ខ្ញុំ ក៏ដូចជាចូលអានសារទំនាក់ទំនង តាមដានកន្លែងដែលខ្ញុំធ្វើដំណើរទៅ និងបុគ្គលដែលខ្ញុំបានជួប។ ជាគោលការណ៍ សាស្រ្តាចារ្យចូលនិវត្តន៍ពីសាលាមជ្ឈិម ជាធម្មតាត្រូវការអនុញ្ញាតពីសាលា ដើម្បីធ្វើដំណើរទៅហុងកុង ឬទៅបរទេស ប៉ុន្តែឥឡូវនេះសាលាបានណែនាំថា ខ្ញុំត្រូវតែមានការយល់ព្រម ពីទីភ្នាក់ងារសន្តិសុខជាតិជាមុនសិន បើចង់ធ្វើដំណើរទៅណាមកណា។

នៅខែមេសា ឆ្នាំ២០១៦ មានរឿងមួយកើតឡើង គឺសុន្ទរកថារបស់ខ្ញុំនៅសាកលវិទ្យាល័យស៊ីងហួ កាលពីប៉ុន្មានខែមុន ដែលក្នុងនោះខ្ញុំបានអះអាងថា ប្រសិនបើមនោគមន៍វិជ្ជារំលោភលើសុភវិនិច្ឆ័យមែន នោះវានឹងធ្លាក់ចូលទៅជាពាក្យកុហកបោកប្រាស់មិនខាន។ ទេសកាលអីអត្ថបទនោះត្រូវបានគេផ្សព្វផ្សាយ នៅលើគេហទំព័រដ៏មានឥទ្ធិពលមួយនៅហុងកុង។

ការណ៍នោះស្របពេលដែល លោក ស៊ី ជិនពីង ទើបតែប្រកាសពីការធ្វើអង្កេតមួយ នៅក្នុងសាលាមជ្ឈិមបក្ស ព្រមទាំងត្រួតពិនិត្យយ៉ាងតឹងរឹងលើសាស្រ្តាចារ្យបន្ថែមទៀត។ ជាលទ្ធផលនៅដើមខែឧសភាគណៈកម្មាធិការវិន័យសាលា បានហៅខ្ញុំទៅសាកសួរម្តងទៀត ហើយចោទប្រកាន់ថា ខ្ញុំមានគំនិតប្រឆាំងនឹងលោក ស៊ី ជីនពីង។ ចាប់តាំងពីពេលនោះមក បក្ស បានហាមឃាត់រាល់អត្ថបទរបស់ខ្ញុំមិនឱ្យផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយចិន មិនថាជាការបោះពុម្ព តាមអ៊ិនធឺណែត ឬទូរទស្សន៍ឡើយ។ សូម្បីតែឈ្មោះរបស់ខ្ញុំ ក៏ត្រូវបានរារាំងមិនឱ្យផ្សាយដែរ។

នៅរាត្រីមួយនាខែកក្កដា ខ្ញុំត្រូវបានកោះហៅម្តងទៀតទៅសាលាមជ្ឈិមបក្ស។ នៅទីនោះមានសមាជិកគណៈកម្មាធិការវិន័យម្នាក់បានពន្លារចេញ នូវសំណុំឯកសារដែលមានកម្ពស់ប្រហែលជា៣០ សង់ទីម៉ែត្រ នៅលើតុចំពីមុខខ្ញុំ។ គាត់នោះបាននិយាយថា “មានភស្ដុតាងច្រើនណាស់! គិតមើលទៅ!”

ជាក់ស្តែងណាស់ ពួកនោះចង់ព្រមានខ្ញុំឱ្យនៅស្ងៀម ហើយប្រសិនបើខ្ញុំហ៊ាននិយាយអ្វីតាមអ៊ិនធឺណែតបន្ដទៀត នោះខ្ញុំនឹងទទួលបានការពិន័យ រួមទាំងការកាត់បន្ថយអត្ថប្រយោជន៍ចូលនិវត្តន៍របស់ខ្ញុំមិនខាន។ ខ្ញុំខឹងណាស់ដែលខ្លួនត្រូវបានគេធ្វើបែបនេះមកលើ ទោះបីជាដឹងថាបើករណីនេះកើតឡើងលើអ្នកផ្សេង ក៏មុខជាវាអាចធ្ងន់ធ្ងរជាងនេះក៏ដោយចុះ។

អស់រយៈពេលប៉ុន្មានឆ្នាំ ក្នុងនាមជាសមាជិកនៃបក្សកុម្មុយនិស្តចិន ខ្ញុំមិនដែលរំលោភច្បាប់ ឬវិន័យបក្សណាមួយឡើយ ហើយខ្ញុំក៏មិនដែលត្រូវបានស្តីបន្ទោសបែបនេះដែរ។ ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវបានហៅទៅសាកសួរជាញឹកញាប់ ពីសំណាក់ពួកមន្រ្តីបក្ស។ គណៈកម្មាធិការវិន័យនៃសាលាមជ្ឈិមបក្ស បានគំរាមខ្ញុំ  ម្តងហើយម្តងទៀត ដោយលើកឡើងថា វាអាចឈានដល់ការកោះហៅប្រជុំទ្រង់ទ្រាយធំ និងប្រកាសពីទណ្ឌកម្មចំពោះរូបខ្ញុំជាផ្លូវការ។ រាល់ចុងបញ្ចប់នៃការសន្ទនា ពួកគេបានស្នើសុំខ្ញុំឱ្យរក្សាការសម្ងាត់។ រាល់រឿងទាំងអស់ត្រូវបន្តខ្ទប់លាក់លៀម គ្មានថ្ងៃអាចបញ្ចេញមកក្រៅបានទេ។

បន្ទាប់មក ការប្រេះឆាចុងក្រោយរបស់ខ្ញុំជាមួយលោក ស៊ី ជិនពីង និងបក្ស គឺនៅពេលដែលមានការលាតត្រលាងមួយ អំពីអំពើឃោរឃៅរបស់ពួកប៉ូលីស។ នៅដើមខែឧសភាឆ្នាំ២០១៦ អ្នកវិទ្យាសាស្ត្រ បរិស្ថានម្នាក់ គឺលោក ឡី យ៉ាង (Lei Yang) បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានដើម្បីទទួលម្តាយក្មេកគាត់។ តែគាត់ត្រូវបានប៉ូលីសឃាត់ខ្លួន និងបានស្លាប់ក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុងប៉េកាំង។ ដើម្បីចៀសវាងកុំឱ្យគេចាប់កំហុសលើរឿងនេះ ប៉ូលីសបានចោទប្រកាន់លោក ឡី ពីបទពេស្យាចារ។ អតីតនិស្សិតសាកលវិទ្យាល័យរបស់គាត់ មានការខឹងសម្បារនឹងពាក្យបង្កាច់បង្ខូចនេះជាពន់ពេក។ ហេតុនេះពួកគេបានរៀបចំគ្នីគ្នា ដើម្បីជួយដល់ក្រុមគ្រួសាររបស់លោក ឡី លើដំណើរការស្វែងរកយុត្តិធម៌។ ដើម្បីរម្ងាប់កំហឹងនេះ ថ្នាក់ដឹកនាំកំពូលនៃបក្សកុម្មុយនីស្តចិន បានបញ្ជាឱ្យមានការស៊ើបអង្កេត។ ព្រះរាជអាជ្ញាក៏បានយល់ព្រមធ្វើកោសល្យវិច្ច័យជាឯករាជ្យមួយ និងគ្រោងជំនុំជម្រះក្តីនៅតុលាការ។

មានរឿងចម្លែកមួយបានកើតឡើង ដោយក្រុមគ្រួសារលោក ឡី ត្រូវបានបង្ខាំងឱ្យនៅក្នុងផ្ទះ ហើយអាជ្ញាធរមូលដ្ឋានបានផ្តល់សំណងយ៉ាងច្រើន គឺប្រមាណជា១លានដុល្លារ បើពួកគេព្រមបោះបង់ចោល ការស្វែងរកការពិតនោះ។ នៅពេលក្រុមគ្រួសាររបស់ ឡី បដិសេធ សំណងក៏ត្រូវបានតម្លើងរហូតដល់ ៣លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ ថ្វីបើក្រោយមកត្រូវបានបន្ថែម ដោយផ្ទះមួយខ្នងដែលមានតម្លៃប្រមាណជាជាង ៣លានដុល្លារអាមេរិកក៏ដោយចុះ ក៏ភរិយារបស់លោក ឡីនៅតែទទូចឱ្យមានការដោះស្រាយលើករណីប្តីអ្នកស្រីដដែល។ បន្ទាប់មករដ្ឋាភិបាលបានដាក់សម្ពាធលើឪពុកម្តាយរបស់លោក ឡី ឱ្យពួកគាត់លុតជង្គង់នៅចំពោះមុខកូនប្រសារស្រី ដោយអង្វរលោកស្រីឡី ឱ្យបោះបង់រឿងនេះចោល។

នៅក្នុងខែធ្នូឆ្នាំនោះដដែល ព្រះរាជអាជ្ញាបានប្រកាសថា ពួកគេនឹងមិនកាត់ទោសនរណាម្នាក់ ចំពោះការស្លាប់របស់លោក ឡី យ៉ាង ឡើយ ហើយមេធាវីគ្រួសាររបស់លោក ឡី យ៉ាង ក៏បានសារភាពថា គាត់ត្រូវបានគេបង្ខំឱ្យលាលែងឈប់ពីតួនាទី ព្រោះតែការពារសំណុំរឿងនេះ។

នៅពេលបានឮពីលទ្ធផលនេះ ខ្ញុំអង្គុយពេញមួយយប់ទាំងក្តីឈឺចាប់ និងកំហឹង។  ជាក់ស្តែងណាស់ថា ការស្លាប់របស់លោក ឡី គឺបណ្តាលមកពីកំហុសរបស់ប៉ូលីស។ ជំនួសដោយការដាក់ទោសទណ្ឌទៅលើបុគ្គលបង្ករហេតុ តែនេះថ្នាក់លើបែរទៅជាយកលុយ ដែលបានមកពីការប្រមូលពន្ធដ៏ច្រើនពីប្រជាជន យកទៅស្វែងរកការផ្សះផ្សាក្រៅប្រព័ន្ធតុលាការទៅវិញ។ មន្ត្រីមិនបម្រើប្រជាជន តែទទួលបានការតែងតាំង។ ខ្ញុំបានសួរខ្លួនឯងថា ប្រសិនបើមន្រ្តីបក្សហ៊ានធ្វើសកម្មភាពគួរឱ្យស្អប់ខ្ពើមបែបនេះ តើនរណាទៅដែលនៅតែអាចជឿជាក់លើបក្សទៀតបាន? សំណួរសំខាន់បំផុតនោះគឺ តើខ្ញុំអាចបន្តនៅជាមួយរបបនេះបានទៀតទេ?

អស់រយៈពេល ២០ឆ្នាំនៃការស្ទាក់ស្ទើរ ភាពច្របូកច្របល់ និងការឈឺចាប់ ចុងក្រោយខ្ញុំបានសម្រេចចិត្តដើរចេញពីភាពងងឹត ហើយឈានដល់ការបែកបាក់ជាមួយបក្សទាំងស្រុង។ ជំហានថយក្រោយដ៏មហិមារបស់ ស៊ី បានធ្វើឱ្យខ្ញុំលែងមានជម្រើសបន្តទៀត។ លោក ស៊ី បានលុបចោលប្រព័ន្ធកំណត់អាណត្តិប្រធានាធិបតី នៅឆ្នាំ២០១៨ ដែលវាកាន់តែធ្វើឱ្យខ្ញុំចោទសួរខ្លួនឯងកាន់តែខ្លាំងថា តើខ្ញុំគួរតែរស់ក្នុងរបបស្តាលីនបែបថ្មីនេះទៀត ឬយ៉ាងណា?

នៅរដូវក្តៅមួយ ខ្ញុំអាចធ្វើដំណើរទៅសហរដ្ឋអាមេរិក តាមរយៈទិដ្ឋាការទេសចរណ៍។ នៅទីនោះខ្ញុំបានទទួលសារពីមិត្តម្នាក់ប្រាប់ខ្ញុំថា អាជ្ញាធរចិនបានចោទប្រកាន់ខ្ញុំ ថាបានចូលរួមសកម្មភាពប្រឆាំងនឹងចិន ប្រសិនបើខ្ញុំត្រឡប់ទៅទីក្រុងប៉េកាំងវិញ ខ្ញុំមុខជានឹងត្រូវចាប់ខ្លួនជាមិនខាន។ ខ្ញុំបានសម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ចរបស់ខ្ញុំ រហូតដល់អ្វីៗទាំងអស់ស្ងប់រម្ងាប់។ បន្ទាប់ពីជម្ងឺរាតត្បាតកូវិដ១៩ បានផ្ទុះឡើង ជើងយន្តហោះហើរទៅកាន់ប្រទេសចិនត្រូវបានលុបចោល ដូច្នេះខ្ញុំត្រូវរង់ចាំបន្ដទៀត។ ស្របពេលជាមួយគ្នានេះ ខ្ញុំក៏មិនពេញចិត្តនឹងចំណាត់ការមិនត្រឹមត្រូវរបស់លោក ស៊ី លើការទប់ស្តាត់ការរីករាលដាលនៃជំងឺនេះដែរ។ ហេតុនេះខ្ញុំក៏បានចុះហត្ថលេខា លើញត្តិគាំទ្រលោកវេជ្ជបណ្ឌិត លី វិនល៉ាំង (Li Wenliang) ដែលគាត់ត្រូវបានប៉ូលីសយាយីព្រមានធ្វើបាប ព្រោះតែគាត់បាននិយាយពីលទ្ធភាព នៃការមានហានិភ័យដោយមេរោគថ្មី ហើយចុងក្រោយទៅគាត់ស្លាប់ដោយសារជំងឺនេះ។ ខ្ញុំក៏បានទទួលការកោះហៅជាបន្ទាន់ ពីនាយកដ្ឋានពាក់ព័ន្ធនៃសាលាមជ្ឈិមបក្ស ស្នើសុំឱ្យខ្ញុំត្រឡប់ទៅផ្ទះវិញជាបន្ទាន់។

បរិយាកាសនៅក្នុងប្រទេសចិន កាន់តែងងឹតទៅៗ។ លោក យិន ជឺឈែង ដែលជាមហាសេដ្ឋីអចលនទ្រព្យ ដែលប្រកាន់ជំហរប្រឆាំងនយោបាយចិន បានបាត់ខ្លួនកាលពីខែមីនា និងត្រូវបានបណ្តេញចេញពីបក្សភ្លាមៗ ព្រមទាំងត្រូវបានកាត់ទោសឱ្យជាប់គុក១៨ឆ្នាំថែមទៀត។ ទន្ទឹមនឹងនេះ ទំនាក់ទំនងខ្ញុំ និងអាជ្ញាធរ កាន់តែយ៉ាប់យ៉ឺនថែមទៀត ព្រោះតែរាល់សំឡេងនៃកិច្ចសន្ទនាឯកជន រវាងខ្ញុំ និងមិត្តភក្តិមួយក្រុមតូចបានបែកធ្លាយ ព្រមទាំងផ្សព្វផ្សាយតាមអ៊ិនធឺណែត ដោយគ្មានការយល់ព្រមពីខ្ញុំសោះ។ នៅក្នុងការសន្ទនាជាឯកជននោះ ខ្ញុំបានហៅបក្សថាជា “ក្រុមនយោបាយខ្មោចឆៅ”  ព្រមទាំងបន្តទៀតថា  លោក ស៊ី ជីនពីង គួរតែចុះចេញពីតំណែង។ កាន់តែវិកវរថែមទៀតនោះ គឺអត្ថបទខ្លីមួយទៀត ក៏បានបែកធ្លាយដែរ ដែលវាជាអត្ថបទខ្លីមួយដែលខ្ញុំធ្លាប់សរសេរផ្ញើទៅមិត្តរបស់ខ្ញុំ ដែលក្នុងសំណេរនោះ ខ្ញុំបានថ្កោលទោសការអនុវត្តច្បាប់សន្តិសុខជាតិថ្មីរបស់លោក ស៊ី ជិនពីង នៅហុងកុង។

ខ្ញុំដឹងថាខ្ញុំកំពុងមានបញ្ហាហើយ។ មិនយូរមិនឆាប់ ខ្ញុំមុខជានឹងត្រូវបានគេបណ្តេញចេញពីបក្ស ហើយសាលារៀននឹងបំបិទអត្ថប្រយោជន៍ចូលនិវត្តន៍របស់ខ្ញុំ ហើយលុយខ្លះក្នុងគណនីធនាគាររបស់ខ្ញុំមុខជានឹងត្រូវបង្កកមិនខាន។ ខ្ញុំបានស្នើសុំឱ្យអាជ្ញាធរសាលាមជ្ឈិមបក្ស ធានានូវសុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំបន្ទាប់ពីវិលត្រឡប់ទៅប្រទេសចិនវិញ។ ប៉ុន្តែមន្ត្រីទាំងនោះបានបញ្ចៀសពីការឆ្លើយសំណួរខាងលើតាមទូរស័ព្ទ តែផ្ទុយទៅវិញ ពួកគេបានធ្វើការគំរាមគំហែងដល់សុវត្ថិភាពកូនស្រី និងកូនប្រុសតូចរបស់ខ្ញុំនៅឯប្រទេសចិន។ នៅពេលនេះ ខ្ញុំត្រូវបានបង្ខំឱ្យទទួលយកការពិតដ៏ឃោរឃៅមួយថា ខ្ញុំគ្មានផ្លូវត្រឡប់ទៅផ្ទះវិញបានទៀតទេ៕