កំពូលមេដឹកនាំផ្តាច់ការចូសេព ស្តាលីន (Joseph Stalin, 1878-1953)

2020-07-23 14:41:25 / KHEM Srors - ឃឹម ស្រស់

AliExpress

លោក ចូសេព ស្តាលីន គឺជាមេដឹកនាំដែលគ្មានមេត្តា និងគួរឲ្យខ្លាចមួយរូបក្នុងសតវត្សរ៍ទី២០។ គាត់កើតក្នុងគ្រួសារមួយដែលមានស្ថានភាពរកព្រឹកខ្វះល្ងាច ហើយក្រោយមកក៏បានក្លាយទៅជាមនុស្សដែលមានឥទ្ធិពល និងជាអ្នកដឹកនាំផ្តាច់ការបំផុតមួយរូបក្នុងលោក។ តើជីវិតរបស់បុរសម្នាក់នេះ មានដំណើររឿងបែបណាខ្លះ?

លោក ស្តាលីន ជាមេដឹកនាំរបស់សូវៀតមួយរូប ដែលបានធ្វើឱ្យប្រទេសមួយនេះ ក្លាយទៅជាចក្រភព ដែលកាលណោះ សហភាពសូវៀតមានផ្ទៃដីលាតសន្ធឹងរហូតដល់ប្រទេសលោកខាងលិចមួយចំនួន និងអាស៊ីកណ្តាល។ ស្ដាលីន ជាបុគ្គលដែលគួរឱ្យខ្លាចបំផុត និយាយចំពោះប្រជាជនសូវៀត។ បុគ្គលនោះគួរឲ្យខ្លាចនៅត្រង់ថា គាត់ជាមនុស្សផ្តាច់ការបំផុត ដោយគាត់បានចាប់ខ្លួនមនុស្ស ឬក្រុមណាមួយ ដែលប្រឆាំងនឹងរូបគាត់ យកទៅដាក់គុកទាំងអស់ ហើយជាងនេះនោះ គឺគាត់ឈានទៅដល់ការសម្លាប់អ្នកទាំងនោះចោលថែមទៀត។ ក៏ប៉ុន្តែ បើទោះបីជាលោកដឹកនាំប្រទេស បែបផ្តាច់ការនិយមក៏ពិតមែន តែអ្វីដែលមិនអាចមើលរំលងបាន គឺ ស្តាលីន បានក្រែប្រែមុខមាត់ និងធ្វើឱ្យសហភាពសូវៀត ចាកចេញពីប្រទេសដែលមានសេដ្ឋកិច្ចមិនរីកចម្រើន ទៅជាប្រទេសដែលមានខឿនឧស្សាហកម្ម និងកម្លាំងយោធាខ្លាំងក្លាមួយ។ ជារឿយៗ គេតែងតែរំលឹកដល់វីរភាពរបស់ កងទ័ពក្រហមរបស់ស្តាលីន។

សូមរំលឹកឡើងវិញត្រួសៗ ពីកុមារភាពរបស់ ស្តាលីន។ ស្តាលីន កើតនៅឆ្នាំ ១៨៧៩ ក្នុងតំបន់គួរី ក្នុងភូមិមួយនៅលើភ្នំក្នុង នៃតំបន់ ចចជៀ (Georgia) ដែលតំបន់នោះពីមុន ជាផ្នែកមួយនៃអាណាចក្ររុស្ស៊ី។ ឪពុករបស់លោក ជាជាងដេរស្បែកជើង និងម្តាយរបស់លោក ជាអ្នកសំអាតផ្ទះឲ្យគេ។ តាមពិតទៅឈ្មោះដើមពិតរបស់លោកគឺ អូសីហ្វ វីសារិនណូវិច ដូហ្គាសស្វីលី (Ioseph Vissarionovich Dzhugashvili) ហើយក្រោយមក លោកក៏បានប្រែឈ្មោះទៅជា ស្តាលីន វិញ និងជាផ្លូវការ ប្រជាជនរុស្ស៊ីបានប្រសិទ្ធនាមលោកថា “មនុស្សដែកថែប”។

ស្តាលីន ជាសិស្សដ៏ពូកែម្នាក់ ហើយគាត់បានជាប់អាហារូបករណ៍ទៅសិក្សានៅទីក្រុង ទីបេលីហ្សី (Tbilisi) ដែលជារាជធានីរបស់ប្រទេស ចចជៀ (Georgia)។ សូមបញ្ជាក់ផងដែរថា អាហារូបករណ៍ដែល ស្តាលីន ទទួលបានពេលនោះគឺ ជំនាញសាសនាជាន់ខ្ពស់ក្នុងគ្រឹស្តសាសនា ហើយលោកក៏ជានិស្សិតម្នាក់ ដែលមានអាយុក្មេងជាងគេ ដែលបានទៅសិក្សាជំនាញនោះ ដើម្បីឱ្យក្លាយទៅជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំសាសនា។

សូមបញ្ជាក់ថា កាលលោកកំពុងសិក្សាលោកបានរៀន និងឈ្វេងយល់ អំពីទ្រឹស្តីក៏ដូចជាគតិរបស់លោក កាល់ម៉ាក្ស ដែលជាអ្នកប្រាជ្ញទស្សនវិជ្ជារបស់អាល្លឺម៉ង់។ ម៉ាក្ស បាននិយាយថាប្រជាពលរដ្ឋដែលធ្វើការគ្រប់ទីកន្លែង ត្រូវបានគាប់សង្គត់ និងគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ពួកគេ។ ក្រោយមកលោកក៏បានចូលរួម ក្នុងក្រុមម៉ាក្សស៊ីសសម្ងាត់មួយ ហើយលោកក៏ចាប់ផ្តើមទទួលយកនូវគំនិត ក៏ដូចជាទ្រឹស្តីរបស់កាល់ម៉ាក្ស តាមបែបជាអ្នកនយោបាយបែបទស្សនវិជ្ជាដែល ស្តាលីន បានឱ្យឈ្មោះថា សិល្បៈបែបកុម្មុយនិស្តនិយម។

ដោយការស្រលាញ់ទ្រឹស្តីរបស់ កាល់ម៉ាក្ស ស្របពេលដែលស្រុកទេសកំពុងតែមានបញ្ហាផងនោះ ស្តាលីន បានបោះបង់ការសិក្សាចោលនៅឆ្នាំ១៨៩៩ ហើយក៏បានក្លាយទៅជា ជនម៉ាក្សហ្សីសនិយមម្នាក់។ លោកបានលើកទឹកចិត្តឱ្យពួកពលករទាំងអស់ក្រោកឡើងដើម្បីផ្តួលរំលំរដ្ឋាភិបាលផ្តាច់ការរបស់រុស្ស៊ី ហើយត្រូវតែប្រកាន់យករបបកុម្មុយនិស្ត មកដឹកនាំប្រទេសវិញ។ ការក្រោកឡើងធ្វើការបេះបោរនោះបានធ្វើឱ្យរដ្ឋាភិបាលខឹងសំបារជាខ្លាំង ហើយក៏បានចាប់លោកដាក់គុកជាច្រើនលើកច្រើនសារ នៅចន្លោះឆ្នាំ១៩០២ និង១៩១៣។ ស្តាលីន ធ្លាប់និយាយថា “ការជាប់គុកជាបទពិសោធន៍មួយដែលបានបង្រៀនលោកឱ្យមានភាពខ្លាំងជាងមុនហើយចំណុចនេះផងដែរ ដែលលោកបានសម្រេចចិត្តប្តូរឈ្មោះដើម ទៅជាជនបដិវត្តន៍ ស្តាលីន នៅឆ្នាំ១៩១០។

ក្រោយមក លោកក៏បានចូលរួមក្នុងគណបក្សនយោបាយមួយ ដែលមានឈ្មោះថា គណបក្សបូលសេវិក (Bolshevik Party) ដែលមាន វ្លាដឺមៀរ លេនីន(Vladimir Lenin)ជាប្រធាន។ សូមបញ្ជាក់ថា គណបក្សបូលសេវិក ជាគណបក្សកុម្មុយនិសដ៏ធំមួយ ដែលបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្តួលរំលំរបបដឹកនាំផ្តាច់ការនៅរុស្ស៊ី។ នៅឆ្នាំ១៩១២ វ្លាដឺមៀរ លេនីន បានជ្រើសរើស ស្តាលីន ឱ្យចូលជាសមាជិកគណកម្មការកណ្តាលមជ្ឈឹមបក្ស ដែលជាការិយាល័យសម្រេចការងារធំៗរបស់បក្ស។

នៅឆ្នាំ ១៩១៧ គណបក្សនេះបានទទួលជោគជ័យ ក្នុងការធ្វើបដិវត្តន៍ និងបានផ្ដួលរំលំរដ្ឋាភិបាលផ្តាច់ការ ហើយបានដឹកនាំប្រទេសថែមទៀតផង។ លេនីន ក៏បានក្លាយទៅជាមេដឹកនាំផ្តាច់ការមួយរូប ហើយក៏បានប្តូរឈ្មោះ អាណាចក្រ រុស្ស៊ី ទៅជាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ឬហៅម្យ៉ាងទៀតថា សហភាពសូវៀត។ នៅពេលនោះ ស្តាលីន ក៏បានចូលបម្រើការងារក្នុងជួររដ្ឋាភិបាលរបស់ លេនីន ដែរ។

បន្ទាប់ពី លេនីន ទទួលមរណភាពនៅឆ្នាំ១៩២៤ ការប្រទាញប្រទង់គ្នាក្នុងតំណែងជាថ្នាក់ដឹកនាំកំពូលរបស់បក្ស ក៏មានភាពចម្រូងចម្រាស និងស្វិតស្វាញបំផុត ក្នុងការដណ្តើមឥទ្ធិពល ក៏ដូចជាប្រជាប្រិយភាពគ្នា ក្នុងការទទួលបានការគាំទ្រពីសមាជិកបក្ស។ ជាលទ្ធផល លោក ស្តាលីន ជាអ្នកដែលមានប្រជាប្រិយភាពខ្លាំងជាងក្នុងការប្រកួតប្រជែង ជាមួយនឹងលោក លីអូន ត្រូស្គី (Leon Trotsky)។ នៅឆ្នាំ ១៩២៩ ស្តាលីន ក៏បានក្លាយទៅជាមេដឹកនាំកំពូលរបស់សហភាពសូវៀត។ បន្ទាប់ពីមានអំណាចពេញក្នុងដៃហើយនោះ ស្តាលីនក៏បានចាប់អ្នកនយោបាយរូបណា ដែលប្រឆាំងនឹងការដឹកនាំរ​បស់លោកដាក់គុកទាំងអស់។

ដូចលោកអ្នកអាន ធ្លាប់បានជ្រាបខ្លះៗរួចមកហើយថា ស្តាលីន ជាមេដឹកនាំផ្តាច់ការម្នាក់នៅរស្ស៊ី បន្ទាប់ពី លេនីន។ នៅពេលចូលកាន់ការងារភ្លាម អ្វីដែលលោកចង់បាននោះ គឺចង់ឃើញរុស្ស៊ី ក្លាយទៅជាប្រទេសដែលមានរោងចក្រធំបំផុតមួយ និងមានកម្លាំងទ័ពខ្លាំងបំផុតមួយក្នុងពិភពលោក ។ ការណ៍នេះអាចធ្វើឱ្យរុស្ស៊ី ក្លាយជាប្រទេសមហាអំណាច។ លោកបានបង្កើតឱ្យមានកសិដ្ឋានធំៗ ដើម្បីផ្គត់ផ្គង់អាហារឲ្យបានទាន់ពេលវេលា និងបាននាំចេញទៅក្រៅប្រទេសផងដែរ។ លោកក៏បានដាក់ចេញ នូវផែនការទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចប្រាំឆ្នាំម្តង​ និងត្រូវបានពិនិត្យយ៉ាងល្អិតល្អន់ ក្នុងទិសដៅចង់ឃើញនូវការរីកចម្រើនមួយ តាមរយៈផែនការមេមួយនោះ។

ផែនការដែលបានដាក់ចេញលើកទីមួយនៅឆ្នាំ១៩២៩ បានធ្វើឱ្យផលិតផលចំណីអាហារ មានការកើនឡើងគួរជាទីមោទន ហើយអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់មួយដែរនោះគឺថាកសិករភាគច្រើនបានបោះបង់ចោល ការធ្វើការក្នុងកសិកដ្ឋានតូចៗ ហើយបែរមកធ្វើកសិដ្ឋានទ្រង់ទាយធំវិញម្តង ដោយមានការលើកទឹកចិត្តពីរដ្ឋាភិបាលរបស់ខ្លួន។ គោលនយោបាយនោះមានឈ្មោះថា គោលនយោបាយសមូហភាព មានន័យថា កសិដ្ឋានតូចៗត្រូវចូលរួម ចងក្រង ឬប្រែក្លាយទៅជាកសិកដ្ឋានធំមួយ ដោយបោះបង់នូវការធ្វើការតាមបែបធម្មជាតិ ​និងចាប់យកនូវរបៀបរបបនៃការធ្វើតាមបែបកសិកម្មទំនើបវិញម្តង។

ស្តាលីន បានព្រមានដល់កសិដ្ឋានទាំងឡាយណា ដែលទុកដីឱ្យនៅទំនេរ មិនព្រមធ្វើការដាំដុះ ថានឹងត្រូវមានទោស រួចបញ្ជូនពួកអ្នកទាំងនោះ ទៅជំរុំលត់ដំធ្ងន់ធ្ងរ ឬភាសារុស្ស៊ីហៅថា គួឡាក់ស៍ (Kulaks) ដែលមានចំនួនជាង៥០០កន្លែង (ជាកន្លែងធ្វើទារុណកម្មធ្ងន់ធ្ងរ ជាពិសេសចំពោះពួកអ្នកមានៗ)។ មូលហេតុដែលពួកអ្នកមានកសិដ្ឋានធំៗទាំងនោះមិនព្រមធ្វើការដាំដុះ ដោយសារតែពួកគេប្រឆាំងនឹងផែនការរបស់ស្តាលីនដែលបានដាក់ចេញ។ ការណ៍នោះបានធ្វើឱ្យ ស្តាលីន ខឹងសម្បារជាខ្លាំង ហើយបាននាំយកអ្នកប្រឆាំងរាប់ពាន់លាននាក់ ទៅកាន់តំបន់ដែលលំបាករស់នៅ ដូចជា ស៊ីបេរី ជាដើម ដែលជាកន្លែងត្រជាក់ខ្លាំងនៅរុស្ស៊ី។ មួយវិញទៀត ប្រជាជន​ប្រហែល​ជា ៣.៧ លាននាក់ ត្រូវបានស្តាលីបញ្ជូនឲ្យទៅធ្វើការ នៅជំរុំដែលមានការងារធ្ងន់ៗ ធ្វើឱ្យអ្នកទាំងនោះបាក់កម្លាំង និងបានស្លាប់អស់ជាច្រើននាក់។ លើសពីនេះក្នុងចំណោមនោះ មានមនុស្សចំនួនប្រមាណជា ៨ សែននាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែការបាញ់សម្លាប់។

ក្នុងអត្ថបទស្រាវជ្រាវរបស់ ដេវីដ ហូស្វ័ដ (David Hosford) ប៉ានីឡា កាជូរីន (Pamela Kachurin) និង ថូម៉ាស់ ឡាមុនត៍ (Thomas Lamont) ដែលមានចំណងជើងថា “ជំរំគុកនៅសម័យ សូវៀត និងកេរ្តិ៍ដំណែល​របស់​ពួក​គេ” បានសរសេរថា៖ “ក្នុងសវនាការ​មាន​ចៅក្រម ៣ រូប ដោយចៅក្រមទាំងនោះកាត់ក្តី គឺមើលតែភស្តុតាង​មួយ​មុខ​តែប៉ុណ្ណោះ ដោយពុំអាចយកអ្វីផ្សេង មកធ្វើជាទឡ្ហីករណ៍ ដើម្បីការពារខ្លួនបានឡើយ”។ អាចនិយាយ​ឱ្យ​ស្រួល​ស្តាប់គឺថា ដំណើរការរបស់តុលាការនោះ ធ្វើឡើងបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ក្នុងអត្ថបទមួយដដែលបានបង្ហាញ ពីសម្តីរបស់ស្រ្តីម្នាក់ ដែលប្តីរបស់លោកស្រី ត្រូវបានគេចាប់ខ្លួន រួចយកទៅជំនុំជំរះនោះ បានលើកឡើងថា “បើ​តុលាការយុត្តិធម៌ នោះប្តីគាត់នឹង​វិល​ត្រឡប់​មក​វិញ​ពុំខានឡើយ”។ ប៉ុន្តែពាក្យទាំងនោះ ជាការពោលឡើង ដើម្បី​តែ​បន្លប់​ចិត្ដខ្លួនឯងតែប៉ុណ្ណោះ ព្រោះថាភាគ​ច្រើន​អ្នក​ដែល​ត្រូវ​បានគេចាប់ខ្លួនទៅ កម្រ​នឹង​បាន​វិល​ត្រឡប់​មកវិញ ជួបជុំ​គ្រួសារ​សាច់ញាតិរបស់ពួកគេវិញណាស់។

នៅទសវត្សរ៍ឆ្នាំ ១៩៣០ សេដ្ឋកិច្ចសហភាពសូវៀត មានការរីកចម្រើនយ៉ាងលឿនរហ័ស ព្រមទាំងមានរោងចក្រសហគ្រា​សជាច្រើនរីកឡើងដូចផ្សិត។ ប៉ុន្តែអ្វីដែលឱ្យកត់សម្គាល់នោះគឺថា សមិទ្ធផលដែលកើតឡើងទាំងនោះ ក៏ដោយសារតែប្រជាជនសូវៀត ដែលកាលណោះ ពួកគេទទួលរងនូវការឈឺចាប់ជាខ្លាំង ក្រោមវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់ស្តាលីន។

ប្រាំបួនឆ្នាំក្រោយមកគឺនៅឆ្នាំ ១៩៣៩ ជាពេលវេលាដែលភ្លើងសង្រ្គាមសកលចាប់ផ្តើមបង្កាត់ នោះគឺការចាប់ផ្តើមនៃសង្រ្គាមលោកលើកទីពីរ។ សតវត្សរ៍ទី ២០ ជាសតវត្សរ៍ដែលមានជម្លោះតានតឹងជាទីបំផុត។ មុនពេលសង្រ្គាមចាប់ផ្តើម ស្តាលីនបានចាប់ខ្លួនមេទាហានជាច្រើនរបស់ខ្លួន ដោយខ្លាចថាពួកគេធ្វើរដ្ឋប្រហារទម្លាក់ខ្លួនចេញពីតំណែង និងថែមទាំងបានសម្លាប់ពួកគេចោលថែមទៀតផង។ ប៉ុន្តែ ដោយខ្វះបទពិសោធន៍ និងការស៊ើបការណ៍ច្បាស់លាស់ ការពិតទៅពួកគេគ្មានចេតនាក្បត់ស្តាលីនឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ ការចាប់ខ្លួន និងសម្លាប់មេទាហានទាំងនោះ បានធ្វើឱ្យទាហានដែលជាកូនចៅរបស់ពួកគេបាក់ទឹកចិត្ត និងមានការភ័យខ្លាចជាខ្លាំង។

សង្រ្គាមបានចាប់ផ្តើមអស់រយៈពេលពីរឆ្នាំកន្លងផុតទៅ គឺនៅឆ្នាំ១៩៤១ អាល្លឹម៉ង់បានឈ្លានពានចូលវាយលុករុស្ស៊ី ដោយសំដៅទៅកម្ទេច និងប្រាថ្នាចង់កាន់កាប់ទីក្រុងម៉ូស្តូតែម្តង។ ដោយមើលឃើញពីការឈ្លានពាន ពីសំណាក់​បច្ចាមិត្តដោយគឃ្លើនបែបនេះ ស្តាលីនបានប្រាប់ទៅពលរដ្ឋខ្លួនថា អ្នកត្រូវតែរក្សា មាតុភូមិរបស់អ្នកឲ្យ​បាន ក្នុងពេលជាមួយគ្នានោះដែរ ស្លាលីនបានបញ្ជាទៅកងទ័ពរបស់ខ្លួន ដោយប្រកាសថា បើទោះបីស្លាប់ក៏ដោយ ក៏​យើងត្រូវតែប្រយុទ្ធដែរ វាប្រសើរជាជាងចាំទៅដេកស្លាប់នៅក្នុងគុក

នៅឆ្នាំ១៩៤២ កងទ័ពក្រហមរបស់រុស្ស៊ី បានធ្វើការវាយបកទប់ទល់នឹងកងទ័ពរបស់អាល្លឺម៉ង់។ តាមរយៈការវាយបកនោះ ស្តាលីន បានប្រើយុទ្ធសាស្រ្តល្អៗដែលធ្វើឱ្យការទប់ទល់ជាមួយនឹងកងទ័ពសត្រូវទទួលបានជ័យជំនះជាលំដាប់ រហូតដល់ខែកុម្ភៈ ឆ្នាំ១៩៤៣ កងទ័ពរុស្ស៊ីបានវាយចូលដល់ទីក្រុងប៊ែកឡាំងរបស់អាល្លឺម៉ង ដោយទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត។

បន្ទាប់ពីសង្រ្គាមលោកលើកទីពីរបញ្ចប់ ទាហានរបស់រុស្ស៊ីបានទន្រ្ទាន ឈ្លានពានទៅកាន់ប្រទេសលោកខាងលិចមួយចំនួន បូកបញ្ចូលទាំងប្រទេសប៉ូឡូញ ឆេកូស្លូវ៉ាគី ហុងគ្រី រ៉ូម៉ានី និងអាល្លឺម៉ង់ខាងកើតជាដើម និងបានដាក់ពង្រាយកងទ័ពរបស់ខ្លួន ក្នុងប្រទេសទាំងនោះថែមទៀត។ លើសពីនេះ ស្តាលីន បានបង្កើតឱ្យមានប្រព័ន្ធដឹកនាំប្រទេស តាមបែបកុម្មុយនិស្តថែមទៀត។

ក្រោយសង្រ្គាមបិទបញ្ចប់ មេដឹកនាំក្នុងពិភពលោកមួយចំនួន ជាពិសេសប្រទេសឈ្នះសង្រ្គាម ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេសជាដើម ភ័យខ្លាច ស្តាលីន ពង្រីកលទ្ធិកុម្មុយនិស្តនិយម ទៅកាន់ប្រទេសដទៃជាច្រើនទៀត​។ ហេតុនេះហើយ បានជានាំឱ្យមានភាពតានតឹង និងប្រឈមមុខដាក់គ្នា ដោយមើលមុខគ្នាមិនចំ រហូតធ្វើឱ្យកើតមានសង្រ្គាមត្រជាក់(១៩៤៥-១៩៩១) ដែលមានប៉ូលពីរសំខាន់ នោះគឺប៉ូលខាងលោកសេរី មានសហរដ្ឋអាមេរិក រីឯប៉ូលខាងកុម្មុយនិស្តមានរុស្ស៊ីជាមេក្លោង។

ស្តាលីន បានទទួលមរណភាពនៅឆ្នាំ ១៩៥៣។ ក្រោមការដឹកនាំរបស់ ស្តាលីន បានធ្វើឱ្យប្រជាជនរបស់ខ្លួន មានការភិតភ័យជាខ្លាំង និងសម្បូរទៅដោយមនុស្សដែលមានរោគចិត្តជាច្រើននាក់។ ក្រោយការស្លាប់របស់ ស្តាលីន បីឆ្នាំ មេដឹកនាំថ្មីបន្ទាប់របស់រុស្ស៊ី គឺលោក នីគីតា គ្រូស៍ឆូវ (Nikita Khrushchev,1894-1971) បានប្រឆាំងនឹងការដឹកនាំ ក៏ដូចជាប្រព័ន្ធនៃការដឹកនាំកន្លងមករបស់ ស្ដាលីន ដែលធ្លាប់តែធ្វើទុក្ខបុកម្នេញ ចំពោះ​​មនុស្ស​ដែល​ប្រឆាំងនឹងខ្លួន និងសម្រេចលុបចោលនូវរបបដឹកនាំបែបឃោរឃៅនោះ និងបង្កើតឱ្យមានប្រព័ន្ធថ្មី ដែលប្រកបដោយភាពស្មើភាពគ្នា ក្នុងសង្គមរុស្ស៊ីវិញម្ដង។

រយៈពេលពីរទសវត្សរ៍ដែល ស្តាលីន បានដឹកនាំរុស្ស៊ី បានធ្វើឱ្យប្រទេសយក្សមួយនេះ ក្លាយទៅជាប្រទេស ដែលមានឧស្សាហកម្មខ្លាំងក្លាមួយ។ ចំណុចល្អមួយទៀត គឺលោកបានចូលរួមជាមួយប្រទេស អង់គ្លេស សហរដ្ឋអាមេរិក ពន្លត់ភ្លើងសង្រ្គាមលោកលើកទីពីរ និងចំណុចជាប្រវត្តិសាស្រ្តដ៏សំខាន់មួយដែរនោះ គឺមានតែកងទ័ពរុស្ស៊ីតែមួយប៉ុណ្ណោះ និងដំបូងគេបង្អស់ ដែលបានវាយលុក ចូលដល់ទីក្រុងប៊ែកឡាំងរបស់អាល្លឺម៉ង់។ ប៉ុន្តែ បើ​ទោះ​ជា​បែបណាក្តី ស្តាលីន ត្រូវបានគេចាត់ទុក ថាជាមេដឹកនាំក៏ឃោរឃៅ និងផ្តាច់ការបំផុតមួយរូប ក្នុងប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ។

មានរបាយការណ៍ជាច្រើន បានធ្វើការប៉ាន់ស្មាន អំពីចំនួនមនុស្សដែលបានស្លាប់បាត់បង់ជីវិត នៅក្រោម​ការ​ដឹក​នាំរបស់លោក ថាអាចមានចំនួន ពីចន្លោះ ២០ ទៅ ៣៥ លាននាក់ឯណោះ។  តាមការស្រាវជ្រាវក្រោយៗមកទៀត បានបង្ហាញថា មានមនុស្សចំនួន ៤៩ ទៅ ៥៦ និងអាចរហូតដល់ទៅ ៦២ លាននាក់ ដែលបានបាត់បង់ជីវិតនាពេលនោះ។ ក្នុងអត្ថបទស្រាវជ្រាវ និងសៀវភៅទាំងនោះ សុទ្ធតែបានបង្ហាញ​ហេតុ​ផលផ្សេងៗពីគ្នា ដូចជាមានការលើកឡើងថា ការស្លាប់ភាគច្រើន មានរូបភាពជា​ខ្សែ​បណ្តាញ​យ៉ាង​ស្មុគ​ស្មាញ​បំផុត ហើយអ្នកដែលនៅពីក្រោយការសម្លាប់ទាំងនោះ គឺ ស្តាលីន នេះតែម្តង។

និយាយចំពោះមេដឹកនាំម្នាក់ មិនមែនឱ្យតែគំនិតរបស់អ្នកដទៃ លើកឡើងផ្ទុយពីខ្លួន គឺគេត្រូវចាត់ទុកគេ ថាសុទ្ធតែជាសត្រូវរបស់ខ្លួននោះទេ។ អ្វីដែលយើងត្រូវគិតនោះគឺ ហេតុអ្វីបានគេយល់ខុសពីយើងបែបនោះ? តើគេត្រូវ ឬយើងខុស? ដូច្នេះគេគួរតែចេះថ្លឹងថ្លែងមើល ថាហេតុអ្វីបាននាំឱ្យគេមិនស្របនឹងយើង។ ជាក់ស្តែង​ក្នុង​អត្ថបទ​ខាង​លើ បានបើកបង្ហាញឱ្យឃើញថា ធ្វើជាមនុស្សជាពិសេសធ្វើជាមេដឹកនាំគេ ត្រូវចេះទទួលយកមតិរិះគន់ ដើម្បីកែលម្អអ្វីដែលយើងកំពុងធ្វើឲ្យវាប្រសើរជាងមុន។ មិនមែនប៉ះជើងទាត់ជើង ប៉ះដៃវ៉ៃដៃ (ប៉ះដៃយកដៃ ប៉ះជើងយកជើង) នោះទេ។ ចំណែកឯអ្នករិះគន់ ក៏ត្រូវធ្វើឡើងក្នុងគោលបំណងដើម្បីប្រយោជន៍រួម។ បើផ្ទុយពីនេះ នោះអ្នកដែលត្រូវទទួលរងគ្រោះថ្នាក់គ្មាននរណាក្រៅពីយើង និងអ្នកនៅជុំវិញយើងនោះឡើយ៕