សមត្ថភាពស្ថាប័នរដ្ឋ

2021-03-06 00:32:17 / ដោយ៖ យួង វិចិត្រ

Image souce: www.opendevelopmentcambodia.net


ដើម្បីមើលការអន់ខ្សោយ ឬរីកចម្រើនរបស់ជាតិមួយ គឺត្រូវមើលទៅលើសមត្ថភាពរបស់រដ្ឋនោះ ថាតើរដ្ឋនោះមានធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងស្ថាប័នរបស់ខ្លួនដែរ ឬយ៉ាងណា?

ក្នុងន័យសេដ្ឋកិច្ច ដើម្បីមើលថាប្រទេសមួយមានការរីកចម្រើនកម្រិតណា គឺគេមើលទៅលើកំណើនផលិតភាពសេដ្ឋកិច្ចនៃប្រទេសនោះ ថាតើផលិតផលក្នុងស្រុកសរុប (GDP) ធៀបនឹងចំនួនប្រជាជនសរុបនៃប្រទេសនោះមានចំនួនប៉ុន្មាន? ថាតើពលរដ្ឋម្នាក់ៗទទួលបានពីការបែងចែកចំណូលក្នុងស្រុកសរុប (GDP) ប៉ុន្មាន? យ៉ាងណាក៏ដោយ ការវាស់វែងបែបនេះ វាគ្រាន់តែអាចឲ្យគេដឹង អំពីសមត្ថភាពរបស់ប្រទេសនោះ ថាមានការរីកចម្រើនសេដ្ឋកិច្ចកម្រិតណា ហើយតើពលរដ្ឋម្នាក់ៗក្នុងសង្គមនោះ មានចំណូលប៉ុន្មានបើធៀបនឹងចំណូល ពីផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសនោះតាមបែបសេដ្ឋកិច្ចទូទៅប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើមើលត្រឹមតែការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏មិនប្រាកដថាពលរដ្ឋក្នុងប្រទេសនោះ រស់នៅក្នុងស្ថានភាពល្អប្រសើរ ហើយវាក៏មិនអាចបង្ហាញថាសង្គមនោះ មានសុខមាលភាពនោះដែរ ពីព្រោះសន្ទស្សន៍ដែលគេយកទៅវាស់ ការកើនឡើងនៃសេដ្ឋកិច្ចជាតិនីមួយៗ គឺគេវាស់ត្រឹមតែប្រាក់ចំណូលនៃផលិតផល ឬសេវាកម្មដែលផលិតសម្រេច ក្នុងមួយឆ្នាំៗនៃប្រទេសនោះ (GDP) ប៉ុណ្ណោះ។ ដូចនេះហើយ ទើបមានការសិក្សាមួយចំនួនបានបង្ហាញឲ្យឃើញថា GDP មិនអាចចាត់ទុកថាជាឧបករណ៍វាស់វែងត្រឹមត្រូវ ដើម្បីឲ្យដឹងពីសុខមាលភាពពលរដ្ឋ ឬសង្គមនៃប្រទេសមួយបានទេ។

មូលហេតុដែលមិនអាចយក GDP មកធ្វើជាឧបករណ៍វាស់វែងដ៏ត្រឹមត្រូវ គឺព្រោះតែ GDP មិនបានផ្ដោតទៅលើ ការរស់នៅដែលមានសុភមង្គល និងការរស់នៅដែលមានវិសមភាពប្រជាពលរដ្ឋទូទៅក្នុងសង្គមនីមួយៗ។ ជាពិសេសនោះ គឺគម្លាតដ៏ធំរវាងអ្នកមាន និងអ្នកក្រ និងបញ្ហាយេនឌ័រជាដើម មិនត្រូវបានរាប់បញ្ចូលក្នុងការគណនា GDP ឡើយ ទើបការគិតត្រឹមតែលើចំនួនតួលេខនៃផលិតផលសរុបក្នុងស្រុក (GDP) ត្រូវបានអ្នកសិក្សាមួយចំនួនមិនទទួលស្គាល់ ថាវាបានបង្ហាញពីការរស់នៅរបស់ពលរដ្ឋក្នុងសង្គមនោះ ថារស់នៅមានសុខមាលភាព។

ក្នុងន័យនេះ ទាមទារឱ្យស្ថាប័នរដ្ឋនីមួយៗ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដំណើរការការងារ និងធានាឱ្យបានភាពល្អប្រសើរ ស្របតាមគោលការណ៍ពលរដ្ឋយល់ដឹង និងពលរដ្ឋថ្លៃថ្នូរសកល ដែលអង្គការសហប្រជាជាតិបានលើកឡើង ដើម្បីឱ្យមេដឹកនាំប្រទេសនីមួយៗ ចូលរួមលើកស្ទួយគុណភាពពលរដ្ឋ ជាពិសេសផ្ដោតលើ ការទទួលបានការអប់រំដោយស្មើភាពគ្នារបស់ពលរដ្ឋគ្រប់ៗរូប។

ភ្ជាប់ជាមួយនឹងតួនាទីរបស់ប្រទេសនីមួយៗ លើការអប់រំពលរដ្ឋសកល គឺកិច្ចការនេះ មានគោលបំណងលុបបំបាត់ភាពក្រីក្រ និងគ្រប់គ្រងវិសមភាពនៃគម្លាតរវាងអ្នកមាន និងអ្នកក្រ ក្នុងការទទួលបានផលប្រយោជន៍ ពីការរីកចម្រើនប្រទេសជាតិ។

ការគ្រប់គ្រងចន្លោះគម្លាត រវាងអ្នកមាន និងអ្នកក្រនៃប្រទេសមួយ គឺនិយាយពីសមត្ថភាពនៃរដ្ឋនោះ ក្នុងការផលិតធនធានមនុស្ស ដូចដែលបានលើកឡើងខាងលើ គឺបើនិយាយពីសមត្ថភាពស្ថាប័នរដ្ឋ គឺសំដៅដល់ធនធានមនុស្សក្នុងស្ថាប័ននោះ។ ចំណុចនេះអាចឆ្លុះបង្ហាញ ពីភាពអន់ខ្សោយ ឬការរីកចម្រើនរបស់ជាតិមួយបាន។ មានន័យថា បើរដ្ឋនោះមានសមត្ថភាពបណ្ដុះធនធានមនុស្សបានកាន់តែប្រសើរ ក្នុងចំនួនច្រើនប៉ុណ្ណា នោះរដ្ឋនោះនឹងមានការរីកចម្រើនខ្លាំងប៉ុណ្ណោះដែរ ពីព្រោះធនធានមនុស្សដែលមានគុណសម្បត្ដិបី (3Hs) ដូចដែលលោក លី ក្វាន់យូ អតីតនាយករដ្ឋមន្ដ្រីសឹង្ហបូរីធ្លាប់បានលើកឡើងគឺ ១) ខួរក្បាល (Heads) ២) បេះដូង (Hearts) និង ៣) កណ្ដាប់ដៃ (Hands) គឺជាគន្លឹះដែលនាំប្រទេសនោះ ឲ្យឈានទៅរកភាពថ្លៃថ្នូរ និងងើបចាកពីភាពក្រីក្របាន។ ជាទូទៅ ពលរដ្ឋដែលមានភាពថ្លៃថ្នូរបែបនោះទៅបាន គឺអាស្រ័យលើសមត្ថភាពនៃប្រព័ន្ធរដ្ឋ ដែលបានបង្កើតឡើង ក្រោមគោលដៅជាក់លាក់រយៈពេលវែង។

ជាឧទាហរណ៍ ប្រទេសដែលរីកចម្រើនលឿន និងប្រទេសដែលងើបពីសង្រ្គាម ហើយមានការរីកចម្រើនលឿនខ្លាំងក្នុងពិភពលោក ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ជាដើម សុទ្ធតែជាប្រទេសដែលចាញ់សង្រ្គាមធំចុងក្រោយប្រចាំពិភពលោក គឺសង្គ្រាមលោកលើកទី២(1939-1945) ក៏ប៉ុន្តែប្រទេសទាំងនោះ បែរជាអាចរីកចម្រើនលូតឡើងលឿន ត្រឹមតែក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។ ក្នុងន័យនេះផងដែរ ប្រទេសចិន ឥណ្ឌា និងវៀតណាមជាដើម ជាប្រទេសដែលអាចងើបចេញពីភាពក្រីក្រ ដោយចំណាយពេលក្នុងការអភិវឌ្ឍមិនដល់១០ឆ្នាំផង ក៏បានប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ឲ្យមានភាពប្រសើរឡើងបាន។

បើយើងមើលពីដំណើរនៃការអភិវឌ្ឍប្រទេសទាំងនោះ ឃើញថាពួកគេទៅណាមិនឆ្ងាយឡើយ ពីការពង្រឹងស្ថាប័នរដ្ឋ និងពន្លឿនល្បឿនក្នុងការផលិតធនធានមនុស្ស ដែលប្រកបដោយសក្កានុពល។ ស្ថាប័នរដ្ឋដែលល្អច្បាស់ជាផ្ដោតជាចម្បង លើការផលិតធនធានមនុស្សល្អក្នុងចំនួនដ៏ច្រើន ដែលមានសមត្ថភាពចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងប្រទេសឲ្យបានរីកចម្រើន ព្រមទាំងប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះហើយ ដែលយើងឃើញបទពិសោធន៍នៃប្រទេសមួយចំនួន ដែលស្ថាប័នរដ្ឋរបស់គេមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតធនធានមនុស្សដែលពេញដោយលក្ខណៈសម្បត្ដិ រដ្ឋាភិបាលរបស់គេបានខ្នះខ្នែងគិតគូរបញ្ជូនពលរដ្ឋរបស់គេ ពិសេសយុវជន ឲ្យចេញទៅរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ពីប្រទេសអភិវឌ្ឍដទៃ។

ជាឧទាហរណ៍ ប្រទេសជប៉ុនបន្ទាប់ពីសង្រ្គាមលោកលើកទី២មានទស្សនវិស័យមុតស្រួច និងវែងឆ្ងាយ ក្នុងការបណ្ដុះធនធានមនុស្ស ដោយគេបានបញ្ជូនសិស្សនិស្សិតវ័យក្មេងរបស់គេ ទៅបន្ដការសិក្សា ក្នុងប្រទេសអភិវឌ្ឍនានាពាសពេញពិភពលោក។ លើសពីនេះ ដើម្បីឲ្យជំនាន់ក្រោយរបស់គេ កាន់តែមានភាពងាយស្រួល ក្នុងការសិក្សាស្វែងយល់ពីដំណើរវិវត្ដនៃពិភពលោក ជប៉ុនបានប្រឹងប្រែង រៀបចំបកប្រែឯកសារបច្ចេកទេសដែលមានប្រយោជន៍ទាំងឡាយជាភាសាបរទេស មកជាភាសាជាតិគេ ព្រមទាំងបានជួលសាស្រ្តាចារ្យជំនាញៗ មកបង្រៀនដល់យុវជនជប៉ុន ឲ្យបានយល់កាន់តែច្បាស់ ពីខ្លឹមសារនៃឯកសារទាំងនោះថែមទៀត។

ចំណែកឯប្រទេសចិនបច្ចុប្បន្នវិញ ឃើញថាមាននិសិត្សចិនជាច្រើននាក់ កំពុងតែរៀននៅតាមបណ្ដាសាលា    ល្បីៗជាច្រើនក្នុងពិភពលោក។ សកលវិទ្យាល័យនានាក្នុងប្រទេសចិនទៀតសោត ក៏កំពុងតែលោតទៅឈរ នៅលើលំដាប់ជាសាលាដែលមានគុណភាពអប់រំល្អ ក្នុងពិភពលោកផងដែរ។

ជារួម ការរីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៃប្រទេសមួយ មិនអាចយកមកធ្វើជាខ្នាតវាស់វែង ថាប្រទេសនោះបានផ្តល់សុខមាលភាពពេញលេញ ដល់មនុស្សដែលរស់នៅក្នុងប្រទេសនោះឡើយ។ នោះក៏ដោយសារតែសុខមាលភាពរបស់មនុស្សក្នុងសង្គម គឺសំដៅដល់ការរស់នៅប្រកបដោយសុភមង្គល ពលរដ្ឋទូទៅមានចំណូលចិញ្ចឹមជីវិតគ្រប់គ្រាន់ មានសន្តិសុខសង្គមល្អ និងពលរដ្ឋរស់នៅទទួលបានសេវាកម្មសុខភាព និងសេវាកម្មសាធារណៈល្អពីរដ្ឋរបស់ខ្លួនជាដើម។ ជាពិសេសនោះ នៅមានសន្ទស្សន៍សុភមង្គល (Happiness index) ដែលជាសម្មតិកម្មដ៏សំខាន់មួយទៀត សម្រាប់បញ្ជាក់ថាពលរដ្ឋ ឬប្រទេសនោះ មានការរីចម្រើនពិតប្រាកដ ទាំងសេដ្ឋកិច្ច និងសុខមាលភាពសង្គម។

សរុបមក ស្ថាប័នរដ្ឋដែលមានគោលនយោបាយល្អត្រឹមត្រូវ ប្រកបដោយទស្សនវិស័យ ជាស្ថាប័នដែលមានសមត្ថភាពយល់ដឹង ពីបរិបទ និងការវិវឌ្ឍសង្គម ដែលអាចរកវិធីដោះស្រាយបញ្ហានានាក្នុងសង្គម ប្រកបដោយភាពត្រឹមត្រូវ តាមរយៈយុទ្ធសាស្រ្តដ៏ជាក់លាក់។ ក្នុងនោះ ការបណ្ដុះបណ្តាល និងការផលិតធនធានមនុស្សដែលមានជំនាញ ចំណេះដឹង និងមានភាពថ្លៃថ្នូរ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ។ ការមានធនធានមនុស្សល្អ ធ្វើការងារក្នុងស្ថាប័នរដ្ឋដែលមានគោលនយោបាយល្អ នឹងអាចជួយដោះស្រាយបញ្ហាប្រឈមរួមជាច្រើន ជាពិសេសរាល់ឧបសគ្គនានា ដែលរារាំងដល់ការអភិវឌ្ឍប្រទេសជាតិ។

ដោយហេតុថាសង្គមមនុស្ស គឺជាបណ្ដុំបញ្ហាដ៏ស្មុគស្មាញមួយ ទាំងទំនៀមទម្លាប់ ជំនឿសាសនា និងចំណេះដឹងផ្សេងៗគ្នាចម្រុះ ដែលតាមបទពិសោធន៍នៃប្រទេសអភិវឌ្ឍធ្លាប់ឆ្លងកាត់ បញ្ហានៃភាពខុសៗគ្នាទាំងនេះ គឺជាឧបសគ្គក្នុងការអភិវឌ្ឍប្រទេស។ ហេតុនេះ ស្ថាប័នដែលមានប្រព័ន្ធគោលនយោបាយល្អ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការកែប្រែសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ពលរដ្ឋក្នុងសង្គមបានល្អ។ ជាពិសេសធនធានមនុស្សល្អ ជាក្បាលម៉ាស៊ីនក្នុងការផ្ដល់ឲ្យសង្គមមួយរីកចម្រើន ប្រកបដោយនិរន្តរភាព និងសន្តិភាពពេញលេញ៕