វ្លាឌីមៀរ៍ លេនីន (Vladimir Lenin)

2020-07-14 12:53:20 / KHEM Srors_ឃឹម ស្រស់

Portrait of Vladimir Lenin in disguise as factory worker K. P. Ivanov at Razliv station, August 1917. Photo by D. Leshchenko.


វ្លាឌីមៀរ៍ អ៊ិលឡិច អ៊ុលយ៉ាណាវ (Vladimir Ilich Ulyanov) បានចំណាយពេញមួយជីវិតរបស់លោក ក្នុងការធ្វើបដិវត្តិន៍។ លោក អ៊ុលយ៉ាណាវ បានប្តូរឈ្មោះរបស់ខ្លួនទៅជា លេនីន នាឆ្នាំ ១៩០១ គឺនៅពេលដែលរូបលោក បានចូលរួមក្នុងឆាកនយោបាយ។ កាលពីឆ្នាំ ១៩០៥ លេនីន បានបោះពុម្ពខិតប័ណ្ណ ស្តីពីរបៀបសម្លាប់មន្ត្រីប៉ូលីស និងបុគ្គលមានអំណាចផ្សេងទៀត។ ថ្វីបើបដិវត្តន៍រុស្ស៊ីនាឆ្នាំ ១៩០៥ បរាជ័យក៏ពិតមែន ហើយថ្វីបើស្តេច ស្សាហ៍ នីកូឡាស៍ទី២ (Czar Nicholas) បានអនុញ្ញាតឱ្យមានការធ្វើកំណែរទម្រង់ យ៉ាងណាក៏ដោយចុះ ក៏កំណែរទម្រង់ដែលព្រះអង្គបានដាក់ចេញនាបេលនោះ បង្កើតចេញជាលទ្ធផលផ្លែផ្កា ដែលមានការប្រែប្រួលខុសពីមុនតិចតួចតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតនោះស្ដេច ស្សាហ៍ ក៏បានធ្វើកំណែរទម្រង់មួយផ្នែកទៀត ដោយបង្កើតសភាឌូម៉ា (Duma)។ យ៉ាងណាក៏ដោយ ក៏ការបង្កើតសភាឌូម៉ា នៅតែជាលេសបិទបាំងដដែល។ បិទបាំងនៅត្រង់ថា សភានេះគឺគ្រាន់តែជាគ្រឿងយន្តមួយតែប៉ុណ្ណោះ ព្រោះរាល់ការសម្រេចការងារផ្សេងៗ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ស្តេច ស្សាហ៍ នីកូឡាស៍ ដដែលជាដដែល។ ចំណុចនេះហើយ ដែលធ្វើឱ្យលោក លេនីន ក៏ដូចជាជនបដិវត្តន៍ដទៃទៀតនាពេលនោះ មិនពេញចិត្ដ ថែមទាំងមិនចង់បានរដ្ឋាភិបាល ដែលមានទម្រង់បែបនោះ។

នៅកំឡុងសង្រ្គាមលោកលើកទី១ លេនីន នៅតែបន្តប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ដោយឥតស្រាកស្រាន្ត ដដែល បើទោះបីជាកាលនោះ រូបលោកកំពុងតែនិរទេសខ្លួនក៏ដោយ។ លុះពេលដែលរដ្ឋាភិបាលដែលដឹកនាំដោយស្តេច ស្សាហ៍ទី២ ដួលរំលំ លេនីន ក៏សម្លឹងឃើញឱកាស ក្នុងការដឹកនាំប្រទេសរុស្ស៊ី។ ដូច្នេះហើយទើប លេនីន រៀបចំគ្រោងការណ៍សម្ងាត់មួយ ដែលមានឈ្មោះថា ប៊ុលសេវិក (Bolshevik) ដើម្បីត្រៀមប្រឆាំងនឹងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលមិនមានសមត្ថភាពធ្វើការដោយឯករាជ្យ។

អាស្រ័យហេតុនេះហើយ សង្រ្គាមស៊ីវិលក៏បានផ្ទុះឡើង រវាងក្រុម ម៉េនសេវិក (Mensheviks) ដែលដឹកនាំដោយលោក ជូលីស ម៉ាតូវ (Julius Martov) ជាមួយនិងក្រុម បុលសេវិក ដែលដឹកនាំដោយលោក លេនីន។ ជ័យជំនះបានធ្លាក់ទៅលោកលេនីន និងក្រុមបុលសេវិករបស់លោក។ ដើម្បីបង្រួបបង្រួម ក៏ដូចជាពង្រីងអំណាច និងបំបាត់សត្រូវរបស់ខ្លួន លេនីន បានអនុញ្ញាតឲ្យបង្កើតជាក្រុមភេរវកម្មក្រហម (The Red Terror)។ លោកក៏បានបញ្ជាឱ្យកសិករ សម្លាប់ម្ចាស់ដីរបស់ពួកគេ ចំណែកឯពួកកម្មករ បានសម្លាប់ពួកមូលធននិយម។ រីឯស្តេច ស្សាហ៍ទី២ និងវង្សត្រកូលរបស់ទ្រង់ ត្រូវបានកាត់ទោសប្រហារជីវិត។

នៅទីបំផុត លេនីន បានទទួលអំណាចពេញក្នុងដៃ ក្នុងការដឹកនាំប្រទេស ហើយលោកក៏ប្តូរឈ្មោះប្រទេសដែលហៅថា រុស្ស៊ី” ទៅជា “សាធារណរដ្ឋសង្គមនិយមសូវៀត” វិញ ដែលក្រោយមកត្រូវបានគេស្គាល់ថា សហភាពសូវៀត។ ដើម្បីស្តារប្រទេសឱ្យមានភាពល្អប្រសើរឡើងវិញ លេនីន ក៏បានបង្កើតគោលនយោបាយសេដ្ឋកិច្ចថ្មីមួយនៅឆ្នាំ ១៩២១ ដែលគោលនយោបាយថ្មីនោះ បានអនុញ្ញាតឱ្យកសិករ អាចលក់គ្រាប់ពូជរបស់ខ្លួន នៅលើទីផ្សារដោយបើកចំហបាន។

ទន្ទឹមនឹងរដ្ឋាភិបាលថ្មីរបស់សូវៀត ស្ថិតនៅក្នុងសភាពក្មេងខ្ចីនៅឡើយ ដោយត្រូវចំណាយពេលវេលាជាច្រើន ដើម្បីស្ដារប្រទេសឱ្យប្រសើរឡើង ទៅតាមគោលដៅ ក៏ដូចជាទស្សនវិស័យចម្បង ដែល លេនីន ត្រូវបន្តអនុវត្ត ស្រាប់តែលោកបែរជាធ្លាក់ខ្លួនមានជំងឹធ្ងន់ធ្ងរ គឺជំងឺដាច់សរសៃឈាមខួរក្បាល។ លេនីន បានបង្ហាញពីអារម្មណ៍របស់លោកផ្ទាល់ ចំពោះស្ថានភាពនយោបាយសហភាពសូវៀតនាពេលនោះថា លោកមិន សប្បាយចិត្ត នឹងរដ្ឋាភិបាលសូវៀតឡើយ ក្រោយពេលដែលលោកមិនអាចធ្វើអ្វីបានទាល់តែសោះ ហើយលោកក៏បានសម្តែង នូវការព្រួយបារម្ភជាខ្លាំង ចំពោះការឡើងកាន់អំណាចរបស់លោក ចូសេព ស្តាលីន (Joseph Stalin)។ មិនពេញចិត្តនោះគឺនៅត្រង់ថា ស្តាលីន ជាមនុស្សឃោរឃៅ និងផ្តាច់ការ ដែលឥរិយាបថ និងសកម្មភាពទាំងនោះ បានធ្វើឱ្យលោក លេនីន មិនអាចទទួលយកបាន។ លេនីន ធ្លាប់បានសរសេរសំបុទ្រមួយច្បាប់ ដើម្បីដាក់ជូនគណៈអចិន្រ្តៃយ៍មជ្ឈឹម ដែលក្នុងសំបុត្រនោះ គឺរិះគន់ចំពោះសកម្មភាពដឹកនាំរបស់ ស្តាលីន។ ក៏ប៉ុន្តែ អ្វីៗហួសពេលអស់ទៅហើយ ព្រោះ ស្តាលីន បានក្តោបក្តាប់អំណាចពេញដៃស្រេចទៅហើយ។ លេនីន បានទទួលមរណភាព នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ១២៤។

គុណសម្បត្តិសំខាន់មួយចំនួន របស់លោក លេនីន ដែលត្រូវបានគេចាត់ទុក ថាជាមេដឹកនាំល្បីល្បាញ ក្នុងចំណោមកំពូលមេដឹកនាំដទៃទៀតលើពិភពលោក នៅត្រង់ លេនីន បានដឹកនាំប្រជាជនរុស្ស៊ី ដែលកំពុងតែស្ថិតនៅក្រោមការ គ្រប់គ្រងយ៉ាងផ្តាច់ការរបស់ពួមូលធននិយម ដោយបានធ្វើបដិវត្ដរើបំរាស់ ​ចេញពីការគាបសង្កត់នោះ រហូតអាចរំដោះប្រទេសបាន ហើយបានក្លាយខ្លួន ជាអ្នកដឹកនាំរុស្ស៊ីតែម្ដង។ ទោះបីជា លេនីន កើតក្រោយ កាល់ម៉ាក្ស (Karl Max) ក្ដី តែ លេនីន បានសិក្សាពីទ្រីស្តីរបស់កាល់ម៉ាក្សយ៉ាងស៊ីជម្រៅ រហូតធ្វើឱ្យ លេនីន យល់ជ្រួតជ្រាបពីគំនិត នៃការធ្វើបដិវត្តិន៍របស់ កាល់ម៉ាក្ស តាមរយៈការយកទ្រឹស្តីទាំងនោះ មកផ្សព្វផ្សាយពង្រីកឥទ្ធិពលលិទ្ធិកុម្មុយនីស្ត នៅទូទាំងសកលលោក។ ភាពខ្លាំងមួយទៀតរបស់ លេនីន គឺលោកបានឈរជាគម្រូនៃគំនិតតស៊ូ ប្រឆាំងទល់នឹងពួកមូលធន់និយមនៅជុំវិញពិភពលោក។

បដិវត្តន៍នៅរុស្ស៊ីឆ្នាំ ១៩១៧ ពុំមែនជារឿងចៃដន្យនោះទេ ហើយក៏ពុំមែនដោយសារតែភាពលេចធ្លោរបស់លេនីន ឬក៏ដោយសារតែឥទ្ធិពលនៃទ្រឹស្តីសង្គមនិយម របស់ កាល់ម៉ាក្ស នោះដែរ។ ក៏ប៉ុន្តែ ភាពជោគជ័យនោះកើតឡើងព្រោះតែ មានធាតុសំខាន់យ៉ាងតិចបី។ ធាតុសំខាន់ទី១ ទ្រីស្តីបើកផ្លូវបង្ហាញរបស់កាល់ម៉ាក្ស ទី២ ទ្រីស្តីនោះបានត្រួសត្រាយផ្លូវបន្ដឲ្យកាន់តែជាក់លាក់ដោយ លេនីន និងទី៣ គឺការចូលរួមក្នុងការធ្វើបដិវត្ដ ពីសំណាក់ពលរដ្ឋរុស្ស៊ីផ្ទាល់តែម្តង។

គម្រូបដិវត្តន៍រុស្ស៊ី បានបង្ហាញយ៉ាងច្បាស់ថា ការផ្លាស់ប្តូរពីរុស្ស៊ីទៅជាសហភាពសូវៀត បានកើតឡើងដោយសារផ្នត់គំនិត ដែលចង់ធ្វើការផ្លាស់ប្តូរដ៏ប្រសើរមួយ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នោះហើយ ទើបធ្វើឱ្យសហភាពសូវៀត ចាប់ប្រកាន់យកនិន្នាការកុម្មុយនីស្ត តាំពីពេលនោះមក៕